ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នានូវវីដេអូគ្រោះថ្នាក់ចរាចរណ៍ ឡានបុកក្មេងហូរឈាមជោកថ្នល់ ខណៈពេលដែលពិធីករ និងតារាសម្តែងលោក វី យ៉ារ៉ូ កំពុងដើរ Live វីដេអូតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គម។

ស្របពេលដែលហេតុការណ៍នេះ បន្សល់នូវមន្ទិលសង្ស័យជាច្រើន ថាវាជារឿងពិត ឬក៏ជាការថតសម្តែងក្នុងខ្សែភាពយន្តណាមួយនោះ ក៏ស្រាប់តែមិនយូរប៉ុន្មានមានការលេចធ្លាយវីដេអូកាមេរ៉ាសុវត្ថិភាព នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញនូវទិដ្ឋភាពទាំងស្រុង ដែលមាននៅក្នុងហេតុការណ៍នោះយ៉ាងច្បាស់ក្រឡែត ជាហេតុធ្វើឲ្យអ្នកទស្សនាពិបាកវិនិច្ឆ័យ ព្រោះតែឃើញស្តែងៗពេក។

ទោះជាយ៉ាងណា រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ឡានបុកក្មេង ដែលអ្នកទស្សនា និងអ្នកគាំទ្រជាច្រើនហាក់ដូចជាមិនអស់ចិត្ត និងនៅតែមានមតិយោបល់ផ្សេងៗគ្នានោះ ត្រូវបានលាតត្រដាងហើយ។ ការពិតវាគ្រាន់តែជាការសម្តែងមួយដែលផលិត និងដឹកនាំការថតដោយលោក វី យ៉ារ៉ូ ក្រោមការគាំទ្រពីក្លឹបនៃក្តីស្រលាញ់ (The Love Club) ក្នុងគោលបំណង ដើម្បីលើកកម្ពស់យុទ្ធនាការបរិច្ចាគឈាមឲ្យបានខ្លាំងក្លាថែមទៀតនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

លោក វី យ៉ារ៉ូ ក៏បានបង្ហើបឲ្យដឹងផងដែរថា សម្រាប់ការផលិតវីដេអូមួយនេះ លោកពិតជាជួបការលំបាកខ្លាំង ដោយសារលោកត្រូវដឹកនាំការថតផង និងសម្តែងខ្លួនឯងផង។ ម្យ៉ាង ការថតនេះ ធ្វើនៅក្រោមកម្តៅថ្ងៃ ហើយក្មេងៗពិបាកទ្រាំ និងខ្លាចឈាមទៀត ធ្វើឲ្យការថតខុសច្រើនដង។ អ្វីដែលពិសេសជាងនេះទៅទៀត គឺថតនៅលើផ្លូវសាធារណៈ ដែលចាំបាច់ត្រូវប្រយ័ត្នប្រយែងខ្ពស់ ដើម្បីកុំឲ្យមានការបែកធ្លាយរូបភាពចេញមកក្រៅមុននឹងវីដេអូត្រូវបានផ្សព្វផ្សាយ។

គួរបញ្ជាក់ថា ក្លឹបនៃក្តីស្រលាញ់ គឺជាក្លឹបបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងទៀងទាត់មួយនៅក្នុងប្រទេសកម្ពុជា។ ក្លឹបនៃក្តីស្រលាញ់ មានចក្ខុវិស័យ និងបេសកកម្ម ក្នុងការលើកកម្ពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ដើម្បីសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ក៏ដូចជាការជំរុញយុវជន និងមហាជនគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងគាំទ្រគោលដៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត១០០% របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម៕

សូមទស្សនាវីដេអូចុងក្រោយ នៅខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ