អាមេរិក៖ រដ្ឋបាលទីក្រុង Las Vegas បានដាក់ឲ្យប្រើប្រាស់មធ្យោបាយដឹកអ្នកដំណើរដ៏ថ្មីមួយ គឺអនុញ្ញាតិឲ្យអ្នកដំណើរទាំងឡាយ អាចជិះរថយន្តក្រុងទំនើបគ្មានអ្នកបើកបរដោយឥតគិតថ្លៃ។

រថយន្តក្រុងទំនើប រចនាដោយក្រុមហ៊ុន Navya

ទោះយ៉ាងណាក៏ដោយ រយៈពេលពីរម៉ោងក្រោយដាក់ឲ្យប្រើប្រាស់រថយន្តក្រុងទំនើប ស្រាប់តែកើតមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅតាមបណ្តោយផ្លូវ Freemont Street ស្ថិតនៅទីក្រុង Las Vegas រដ្ឋ Nevada បង្កដោយរថយន្តកាម្ញុងមួយគ្រឿង បុកចំពីមុខឡានក្រុងទំនើបនេះតែម្តង។ តែសំណាងល្អគ្មានអ្នកដំណើរណាម្នាក់ត្រូវគេរាយការណ៍ថា បានគ្រោះថ្នាក់នោះទេ ហើយក៏គ្មានការខូចខាតអ្វីធំដុំដែរ។

គួរឲ្យដឹងថា រថយន្តក្រុងទំនើបមួយគ្រឿងនេះ មាន១២កៅអីសម្រាប់អ្នកដំណើរ ប្រតិបត្តិការតាមរយៈប្រព័ន្ធកំព្យូទ័រ និងមិនមានចង្កូត ឬហ្រ្វាំងជាន់ធម្មតា ដូចរថយន្តដទៃនោះទេ។ វាស្វ័យបើកបរទៅបាន គឺអាស្រ័យលើប្រព័ន្ធ GPS ក៏ដូចជាប្រដាប់ប្រដារ​អេឡិចត្រូនិកម៉្យាង (electronic kerb sensors) សម្រាប់ចាប់សញ្ញា។ 

រថយន្តក្រុងទំនើប រចនាដោយក្រុមហ៊ុន Navya

បើតាមការរៀបរាប់របស់អ្នកនាំពាក្យម្នាក់ របស់រដ្ឋបាលក្រុង Las Vegas បានបញ្ជាក់ថា ការកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្កឡើងដោយអ្នកបើកបររថយន្តកាម្ញុង  ជ្រុលចង្កូតដោយខ្លួនឯងប៉ុណ្ណោះ គ្មានអ្វីពាក់ព័ន្ធនឹងកំហុសបច្ចេកទេសរបស់រថយន្តក្រុងរបស់ខ្លួនឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]