លើលោកយើងនេះ មិនថាប្រុស ឬស្រី តែងមានតម្រូវការស្នេហា ចង់បានក្តីស្រលាញ់ ក៏ដូចជាចង់ក្លាយជាមនុស្សម្នាក់ ដែលសំខាន់ជាពិសេស សម្រាប់ដៃគូជីវិតរបស់ពួកគេរៀងៗខ្លួន។ ដូច្នេះហើយយើងម្នាក់ៗក៏ទាមទារឲ្យគូ​ស្នេហ៍ ចេះថ្នាក់ថ្នម បីបមប្រលែង ធ្វើយ៉ាងណាឲ្យចំណងស្នេហ៍ មានភាពរីករាយ និងល្អប្រសើរ។

សម្រាប់បុរសជាស្វាមីវិញ គប្បីយកចិត្តទុកដាក់ និងអនុវត្តគន្លឹះដូចខាងក្រោម ដើម្បីតម្រូវចិត្តភរិយាជាទីស្រលាញ់ ក៏ដូចជាធ្វើឲ្យស្នេហារបស់អ្នក នៅគង់វង្សឋិតឋេរជាស្នេហ៍អមតៈ។ តាមដានខាងក្រោម៖

១. ប្រាប់នាងថា “បងស្រលាញ់អូន”

ពិតណាស់ នារីៗតែងតែចង់ឲ្យដៃគូរបស់ខ្លួនបញ្ជាក់ប្រាប់ពីស្នេហ៍ស្មោះអស់ពីចិត្ត។ ពួកគេចង់ឮពាក្យបួនម៉ាត់ថា “បងស្រលាញ់អូន” ជួយឲ្យនាងមានអារម្មណ៍ស្រស់​ស្រាយ ពោពេញដោយភាពកក់ក្តៅ។ បុរសៗក៏អាច សារភាពស្នេហ៍ពិតស្មោះស្ម័គ្ររបស់គេ តាមរយៈសកម្មភាពប្រយោលផងដែរ មានដូចជាការអោប ថើប ឬកាន់ដៃបណ្តើរគ្នាដើរលេងជាដើម។ 

រូបតំណាង

២. ការយោគយល់ និងអធ្យាស្រ័យ

ដោយចៀសមិនផុត គូស្នេហ៍ជាស្ត្រីប្រាកដនឹងកសាងកំហុស ដោយប្រការណាមួយជាក់ជាពុំខាន ព្រោះគ្មាននរណាម្នាក់លើផែនដីនេះល្អគ្រប់ដប់ទេ។ ដូច្នេះ គឺមានតែការយោគយល់ និងអធ្យាស្រ័យគ្នាប៉ុណ្ណោះទេ ធ្វើឲ្យចំណងស្នេហ៍បន្តដំណើរទៅមុខទៀត។

ចំណុចសំខាន់មិនគួរកើតមាន៖ ការសើចចំអក ឬស្តីបន្ទោស ជះឥទ្ធិពលអាក្រក់ ដល់ផ្លូវចិត្ត ឬសតិអារម្មណ៍របស់នាង។ 

រូបតំណាង

៣. ការសន្ទនា

ការនិយាយសន្ទនា ជាមួយដៃគូ ជារឿងសំខាន់មួយ យើងមិនគួរមើលរំលង។ មានប្រធានបទជាច្រើនដែលអ្នកអាចពិភាក្សា ដូចជា អំពីកូនៗរបស់អ្នក ឬដំណើរការជីវិតការងារប្រចាំថ្ងៃ សុទ្ធតែចាំបាច់ ដើម្បីធ្វើឲ្យចំណងស្នេហ៍ ឬចំណងអាពាហ៍ពិពាហ៍ រវាងអ្នក និងស្រ្តីជាដៃគូ មានភាពស្អិតរមួត នៅឋិតឋេរ គង់វង្ស យូរអង្វែង។ 

រូបតំណាង

៤. មានពេលវេលាឲ្យនាង

បុរសៗទាំងឡាយ គួរគប្បីឆ្លៀតពេលដែលធ្វើទៅបាន ទុកគ្រាន់សម្រាប់ផ្តល់ភាពកក់ក្តៅ និងស្នាមញញឹម របស់ប្រពន្ធកូន តាមរយៈការរៀបចំគម្រោងនានា ក៏ដូចជាសកម្មភាពដទៃផ្សេងទៀត។ គួរចងចាំថា នាងមិនត្រឹមជា ម្តាយកូនៗរបស់អ្នកប៉ុណ្ណោះទេ តែជាភរិយា ដែលសក្តិសមទទួលនូវពេលវេលាមើលថែរបស់អ្នកអស់ពីចិត្តពីថ្លើម។ 

រូបតំណាង

៥. ឆ្លើយថា “Yes” ជាជាងឆ្លើយថា “No”

យើងជាបុរស គួរណាស់បំបាត់ចោលឲ្យអស់ទៅ នូវភាពតឹងតែងក្នុងចិត្ត ក៏ដូចជាការឆ្លើយតប ជាអវិជ្ជមាន ចំពោះការស្នើសុំ ពីសំណាក់កូនៗ និងភរិយា។ គួរគប្បីគិតពិចារណាឲ្យបានល្អិតល្អន់ សឹមបដិសេធពួកគេ។ ឆ្លើយថា “Yes” ដែលអាចធ្វើទៅបាន ធ្វើឲ្យប្រពន្ធកូន មានអារម្មណ៍កក់ក្តៅចង់នៅក្បែរខ្លួនអ្នក មិនចង់ទៅណាឆ្ងាយឡើយ។ 

រូបតំណាង

៦. ប្រឹងស្តាប់

រាល់ពេលណាក៏ដោយ ដែលនាងកំពុងនិយាយ អ្នកគួរស្តាប់ដោយការយកចិត្តទុក​ដាក់ មិនមែនលំៗ ចូលត្រចៀកម្ខាង ចេញទៅវិញនោះទេ។ គួរគប្បីយកបេះដូង​មក​ស្តាប់ ពេលដែលនាងបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួន ឬគំនិតនានាដែលនាងមានក្នុងចិត្ត។ បើផ្អែកលើការសិក្សាស្រាវជ្រាវមួយមួយ បានបង្ហាញឲ្យដឹងថា បុរសទាំង​ឡាយ​ណា ដែលគោរព ក៏ដូចជាទទួលយកគំនិតរបស់ភរិយា ជានិច្ចកាល តែងតែមានចំណងស្នេហាមួយ ដែលពោរពេញដោយសេចក្តីរីករាយ និងភាពកក់ក្តៅ។ ​​

រូបតំណាង

៧. ភាពរមទម្យ

តើអ្នកជាស្វាមី ធ្លាប់បាននិយាយពាក្យ “អរគុណ” ទៅកាន់ដៃគូ របស់អ្នកដែរឬទេ? គួរឲ្យដឹងថា ទោះអ្នកឈានពីគូសង្សារ ចូលដល់ជីវិតជាប្តីប្រពន្ធស្របច្បាប់យ៉ាង​ណាក៏ដោយ ពាក្យ ឬកាយវិការរមទម្យដាក់គ្នាប្រកបដោយក្តីស្រលាញ់ ជាគន្លឹះយ៉ាងសំខាន់ ដែលនាំស្នេហារបស់អ្នកទៅរកភាពជោគជ័យត្រចះត្រចង់។ 

រូបតំណាង

៨. ចេះជួយការងារគ្នា

សូមកុំមើលមើលបំណាំគ្នា ឬទម្លាក់បន្ទុកការងារកំបុិកកំបុកក្នុងផ្ទះ រួមមានការមើលថែទុកដាក់កូនៗ ទុកឲ្យភរិយាជាអ្នករ៉ាប់រងឲ្យសោះ។ អ្នកជាសុភាពបុរស គួរគប្បីជួយធ្វើការកិច្ចការទាំងអស់នេះ។ ដូច្នេះ អ្នកនឹងក្លាយជា វីរបុរស ដ៏អស្ចារ្យម្នាក់ ក្នុងកែវភ្នែករបស់នាងផងដែរ។ 

រូបតំណាង

៩. ទុកពេលឲ្យនាងបានសម្រាកខ្លះ

ស្ត្រីទាំងឡាយ ប្រាកដណាស់តែងមមាញឹករ៉ាប់រងការងារក្នុងផ្ទះ ក៏ដូចជាមើលថែអ្នកជាស្វាមី និងកូនៗ ដោយសឹងគ្មានពេលសម្រាកបានគ្រប់គ្រាន់។ ដូច្នេះ កុំចង្អៀតចិត្តអី! ទុកពេលឲ្យនាងសម្រាកខ្លះពីការនឿយហត់ ជម្រុញឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាងមានភាពល្អប្រសើរ។  

រូបតំណាង

១០. កុំភ្លេចបារម្ភពីខ្លួនឯងផង

ស្របពេលអ្នកបារម្ភពីនាង គួរគប្បីចងចាំថាសុខភាពរបស់ខ្លួនអ្នកផ្ទាល់ក៏ជារឿងសំខាន់ផងដែរ។ ចងចាំទៀតថា នាងជាភរិយារបស់អ្នក មិនមែនជាអ្នកម្តាយដែលរង់​ចាំតែមើលថែសុខទុក្ខរបស់អ្នករៀងរាល់វេលា ឥតមានចន្លោះនោះទេ។ នេះមាន​ន័យ​ថា ចាប់ពីពេលនេះតទៅ បុរសៗទាំងឡាយ គួរមានទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង ជាពិសេសគឺបញ្ហាសុខភាព តែម្តង៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]