រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រលប់​មក​ពី​ ផឹកស៊ី​ស្រវឹង​រករឿង​កូន​ប្រពន្ធ ហើយ​ស្ទុះ​ទៅ​វាយ​ប្រពន្ធ​បាន​មួយ​ដៃ បម្រុង​វាយ​ទៀត ប្រពន្ធ​បាន​យក​កន្ត្រៃ​រង​ការពារ​ខ្លួន ចាក់​ចំ​ប្តី​២​កន្លែង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា នៅផ្ទះ​ជួល​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ស៊ុន សុខ​ហៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជំនួយការ​អគ្គិសនី​ដើរ​កត់​ទឹក​ភ្លើង និង​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុកកំណើត​នៅ​កំពង់សោម ចំណែក​ជន​ដៃដល់​ជា​ប្រពន្ធ​មានឈ្មោះ សុខ សុ​គ​ន្ធា ហៅ​មុំ ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​ចាប់ហួយ និង​ប្រហិត​ចៀន រស់នៅ​ភូមិ​កើតហេតុ មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំ​ង ខេត្តតាកែវ ។

តាម​សម្តី​ជា​ប្រពន្ធ​ ដែល​ជា​ជន​ដៃដល់​បាន​ឲ្យ​ដឹង​ថា គាត់​មាន​ប្តី​មុន​បានកូន​៤​នាក់ តែ​បាន​លែងលះ​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ និង​បាន​ស្គាល់គ្នា​ជាមួយ​ប្តី​ក្រោយ​រយៈ​ប្រមាណ​១០​ឆ្នាំ​មក​ហើយ​ដែរ បង្កើត​បានកូន​៣​នាក់​ទៀត ប៉ុន្តែ​បច្ចុប្បន្ន​កូន​គាត់​ប្តី​មុន​៤​នាក់ បាន​ទៅ​ជួល​ផ្ទះ​ស្នាក់​នៅ​បែក​ពី​គាត់​អស់ហើយ ដោយ​គាត់​រស់នៅ​តែ​ជាមួយ​ប្តី​ក្រោយ និង​កូន​៣​នាក់ តែ​ប៉ុណ្ណោះ គឺ​កូន​បង​អាយុ​១០​ឆ្នាំ និង​កូនពៅ​មាន​អាយុ​៣​ឆ្នាំ ។

ប្រភព​ដដែល​បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​លក់​ប្រហិត​នៅ​មុខ​ផ្ទះ​ជួល បន្ទាប់​មក​បានឃើញ​ប្តី​មក​ពី​រត់​ឌុ​ប​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​មក​ផឹក​បន្ត​នៅ​មុខ​ផ្ទះ​ជួល​ជាមួយ​មិត្តភក្តិ​មាន​គ្នា​២​នាក់​ទៀត ស្រាប់តែ​មាន​អ្នក​ជិត​ខាងគេ​មក​ជឿ​អីវ៉ាន់​ជា​ញឹកញាប់​កន្លង​មក​សរុប​ទាំងអស់​ចំនួន​៧​ម៉ឺន​រៀល ពេល​ប្តី​គាត់​បានឮ​ថា​គេ​ជឿ​ដល់​ទៅ​៧​ម៉ឺន​រៀល ក៏​បាន​ជេរ​ដៀល​គាត់​ថា មី​ថោក ងែ​ង​ឲ្យ​គេ​ជឿ​ច្រើន​ម្ល៉េះ មី​ថោក មី​ឆ្កួត ងែ​ង​មាន​ដើម​អី​ទិញ​ទៀត រួច​ហើយ​ប្តី​របស់​គាត់​បាន​ចូល​ទៅ​សម្រាក ហើយ​បាន​គំរាម​កូនស្រី​រក​វាយ ធ្វើ​ឲ្យ​កូន​ភ័យ​ស្ងាត់​រៀង​ៗ​ខ្លួន ។

បន្ទាប់​មក​ទៀត គាត់​កំពុង​តែ​យក​កន្ត្រៃ​កាត់​ថង់​ពោត​លីង​ហូប​លេង ស្រាប់តែ​ប្តី​បាន​ស្ទុះ​ទៅ​វាយ​ទៅ​លើ​គាត់ ត្រូវ​មួយ​ដៃ​ចំ​ក្បាល ហើយ​ស្ទុះ​មក​វាយ​ម្តងទៀត ក៏​ត្រូវ​គាត់​យក​កន្ត្រៃ​ដែល​កាន់​ជាប់​នឹង​ដៃ រង​ការពារ​ខ្លួន ដោយ​មិន​បានដឹង​ថា​ត្រូវ​ប្តី​២​កន្លែង​ទេ គឺ​ចំ​លើ​ដោះ និង​ក្រោម​ដោះ ។

ពេល​កើតហេតុ​ភ្លាម​ៗ​នោះ អ្នក​ជិតខាង​បាន​មក​ជួយ ដោយ​ស្មានថា​ប្តី​វាយ​ប្រពន្ធ ស្រាប់តែ​ឃើញ​បុរស​ជា​ប្តី​មាន​ឈាម​ហូរ ហើយ​កូនស្រី​ប្រុស និង​អ្នកស្រុក​បាន​នាំ​ជន​រង​គ្រោះ​ខាងលើ​ដឹក​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង តែ​បុរស​ជា​ប្តី​មាន​ឈាម​ហូរ​ច្រើន​ពេក គ្រូពេទ្យ​បាន​ដេរ​បិទ​របួស ហើយ​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ បាន​បន្តិច ប្តី​របស់​គាត់​បាន​ដាច់ខ្យល់​ស្លាប់ ។

បើ​តាម​សម្តី​របស់​អ្នក​នៅ​ក្បែរ​ប្តី​ប្រពន្ធ​ខាងលើ​នេះ បាន​បញ្ចា​ក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា គ្រួសារ​ខាងលើ តែង​មានការ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ តែ​មិន​ដែល​វាយ​ធ្ងន់​ធ្ងន់​ទេ គឺ​ឈ្លោះ​គ្នា​មួយសន្ទុះ ត្រូវ​គ្នា​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ដែល​ដឹង​ថា ប្តី​ស្លាប់​ហើយ គាត់​បាន​ជិះ​ម៉ូតូ​ទៅ​សារភាព​កំហុស​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​ដឹក​យក​ទៅ​វត្ត​ពោធិ៍​ចិន​តុង ដើម្បី​ឲ្យ​ជំនាញ​ធ្វើការ​ពិនិត្យ ប្រគល់​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

សព​ជន​រង​គ្រោះ​មានឈ្មោះ ស៊ុន សុខ​ហៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ
សព​ជន​រង​គ្រោះ​មានឈ្មោះ ស៊ុន សុខ​ហៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ
ជន​ដៃដល់​ជា​ប្រពន្ធ​មានឈ្មោះ សុខ សុ​គ​ន្ធា ហៅ​មុំ ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​ចាប់ហួយ
សព​ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​ដឹក​យក​ទៅ​វត្ត​ពោធិ៍​ចិន​តុង ដើម្បី​ឲ្យ​ជំនាញ​ធ្វើការ​ពិនិត្យ ប្រគល់​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]