កំពង់ចាមៈ បុរសម្នាក់ ដែលមានជំងឺលើសឈាម ប្រចាំកាយផងនោះ បានស្លាប់ភ្លាមៗ បន្ទាប់ពីគ្រូពេទ្យភូមិម្នាក់ បានចាក់ថ្នាំ១ម្ជុល កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅភូមិជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្ត កំពង់ចាម។

បុរសរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ជិន ថុន អាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។

បើតាមអ្នកស្រី ស៊្រន ស៊ីណេន អាយុ ៤៨ឆ្នាំ ត្រូវជាភរិយាបុរសរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឲ្យដឹងថា នៅមុនពេលកើតហេតុដូចខាងលើ ប្តីរបស់គាត់ ឈ្មោះ ជិន ថុន មានអាការៈណែនដើមទ្រូង។ បន្ទាប់ពីឃើញអាការៈប្តីគាត់ដូច្នោះ អ្នកស្រី បានទូរស័ព្ទហៅគ្រូពេទ្យមូលដ្ឋានម្នាក់ ឈ្មោះ ម៉ង់ ប៊ុណ្ណា អាយុ៣២ ឆ្នាំ មកពិនិត្យអាការៈជំងឺប្តីរបស់គាត់ ហើយក្នុងពេលពិនិត្យនោះ គ្រូពេទ្យបានវាស់ឈាម រួចប្រាប់ថា ប្តីគាត់ឡើង ឈាម១៤កន្លះ។

អ្នកស្រីបានបន្តទៀតថា បន្ទាប់ពីដឹងថា ប្តីគាត់ឡើងឈាមដូច្នោះ គាត់បានពិគ្រោះជាមួយគ្រូពេទ្យដែរ គឺមិនចង់ ឲ្យគ្រូពេទ្យចាក់ថ្នាំទេ ប៉ុន្តែខាងគ្រូពេទ្យបានប្រាប់ គាត់ថា «ចាក់ថ្នាំឲ្យគាត់១ម្ជុលទៅ គាត់នឹងបានធូរ ដើម្បីបញ្ជូន គាត់ទៅមន្ទីរពេទ្យបន្តទៀត»។ ក្រោយពេលគ្រូពេទ្យបានចាក់ថ្នាំឲ្យប្តីគាត់ បានប្រហែល១០នាទី ប្តីគាត់ក៏ប្រកាច់ បែកពពុះមាត់ ហើយដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

អ្នកស្រី ស៊ី ណេន បានឲ្យដឹងផងដែរថា បន្ទាប់ពីហេតុការណ៍នោះ គាត់បានជម្រាបទៅអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចនគរបាលផងដែរ ប៉ុន្តែគាត់មិទាន់បាន ដាក់ពាក្យបណ្តឹងទេ ដោយជាប់រវល់គិតគូរធ្វើបុណ្យសពឲ្យប្តីរបស់គាត់។

ទាក់ទិននិងករណីខាងលើនោះ អធិការនគរបាលស្រុកក្រូចឆ្មារ លោក សាំ ហេង បានប្រាប់ឲ្យដឹងផងដែរថា ក្នុង ហេតុការណ៍ខាងលើ បន្ទាប់ពីទទួលបាន ព័ត៌មានពីគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងចុះដល់ផ្ទះរបស់គ្រូពេទ្យឈ្មោះ ម៉ង់ បុណ្ណា នៅភូមិម្នង់ ឃុំកោះពីរដែរ ដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្តែនៅពេល សមត្ថកិច្ចទៅដល់ផ្ទះ គ្រូពេទ្យឈ្មោះ ប៊ុណ្ណា នោះ បានរត់គេចខ្លួនបាត់ទៅហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវ ជ្រាវបន្ត ដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]