ឈាមច្រមុះ គឺបណ្តាលមកពីសរសៃឈាមតូចៗ ដែលជាភ្នាសនៅក្នុងរន្ធច្រមុះបានដាច់រលាត់ ធ្វើឱ្យរន្ធច្រមុះម្ខាងហូរឈាម ឬរន្ធទាំងពីរហូរឈាមក៏មានដែរ ដោយជាទូទៅគឺវាច្រើនកើតទៅលើកុមារជាញឹកញាប់។

ក្រៅពីនេះក៏មានបុព្វហេតុផ្សេងៗទៀតដែរ ដែលអាចនឹងធ្វើឱ្យឈាមហូរបន្តិចៗ ហើយក៏ឈប់ទៅវិញដោយខ្លួនឯងផងដែរ។ ទាំងនេះវាអាចបណ្តាលមកពីមូលហេតុដូចខាងក្រោមនេះ៖

-ការមុត ឬរងរបួសច្រមុះ៖ កើតពីការកេះច្រមុះ ការផ្លាស់ប្តូរសម្ពាធខ្យល់យ៉ាងឆាប់រហ័សដូចជាក្នុងអំឡុងពេលជិះយន្តហោះ ឬមុជទឹកជាដើម។ វាអាចបណ្តាលឱ្យមានការហូរឈាមដោយបណ្តាលមកពីឧប្បត្តិហេតុនៅក្បាល ឬនៅលើមុខផងដែរ ដែលសុទ្ធតែអាចបង្កឱ្យមានឈាមច្រមុះបានជានិច្ច។

-ការរលាកច្រមុះ៖ អាចជាជំងឺរលាកផ្លូវដង្ហើម ទើបបណ្តាលឱ្យមានឈាមនៅក្នុងច្រមុះ និងហូរចេញមកតាមច្រមុះ។

-ការខូចទ្រង់ទ្រាយនៃជញ្ជាំងច្រមុះ៖ អាចបណ្តាលឱ្យច្រមុះមានខ្ទុះ ហើយនៅពេលដែលកេះច្រមុះអាចបណ្តាលឱ្យឈាមហូរចេញតាមច្រមុះបានយ៉ាងងាយ។

-កើតមហារីកច្រមុះ ឬដុះសាច់ច្រមុះ៖ មានទាំងប្រភេទសាហាវ និងប្រភេទធម្មតា ដោយវាក៏អាចបណ្តាលឱ្យច្រមុះចេញឈាមបានផងដែរ។

ទន្ទឹមនឹងនេះ ក៏មានឱសថបុរាណមួយចំនួនដូចខាងក្រោមនេះដែលអាចព្យាបាល និងទប់ស្កាត់ការហូរឈាមតាមច្រមុះបានដោយងាយ រួមមានដូចជា៖

១) ស្លឹកម្លូ៖ យកស្លឹកម្លូ១សន្លឹក មកមូលឱ្យដូចជាបារី ទំហំសមនឹងច្រមុះ ហើយញីចុងម្ខាងវាឱ្យខ្ទេចៗបន្តិចញាត់ចូលទៅក្នុងរន្ធច្រមុះ ដែលមានឈាមហូរទុកចោល ប្រហែល ១ម៉ោងនោះឈាមនឹងបញ្ឈប់ការហូរយ៉ាងល្អ។ 

ស្លឹកម្លូ

២) ទឹកក្រូចឆ្មារ៖ យកផ្លែក្រូចឆ្មារពាក់កណ្តាលផ្លែមកច្របាច់យកទឹកដាក់ក្នុងទឹកក្តៅ១ពែង បន្ថែមអំបិល១ស្លាបព្រាកាហ្វេ ស្ករសពាក់កណ្តាលស្លាបព្រាបាយ ឆុងផឹកមួយកែវក្នុងមួយថ្ងៃមុនពេលញ៉ាំអាហារ។ ធ្វើដូចនេះវីតាមីនស៊ី ដែលមានយ៉ាងច្រើននៅក្នុងទឹកក្រូចឆ្មារនឹងជួយកែឈាមហូរតាមអញ្ចាញធ្មេញ និងច្រមុះបានល្អជាមិនខាន។

៣) ឫសដើមស្រូវ៖ យកឫសស្រូវដែលច្រួតរួច (ទាំងឫសទាំងដើមជាប់គ្នា) ប្រមាណ១ចំអាម ទៅលាងទឹកឱ្យស្អាត ហើយដាំជាមួយទឹក១លីត្រ ទុកឱ្យរំពុះ ហើយត្រងយកកាកចោល ទុកផឹកមួយកែវ ក្នុងមួយថ្ងៃ មុនអាហារពេលព្រឹក-ល្ងាច នោះវានឹងជួយឃាត់ឈាមច្រមុះមិនឱ្យហូរបានយ៉ាងមានប្រសិទ្ធភាព។

៤) ឫសត្របែក៖ យកឫសត្របែក១ក្តាប់ដៃ លាងឱ្យស្អាតស្ងោរជាមួយទឹក១លីត្រ ហើយត្រងយកតែទឹកផឹកមួយកែវ មុនអាហារពេលព្រឹក-ល្ងាច។

៥) ឫសមើមឆៃថាវ៖ យកឫសឆៃថាវ១៥ក្រាម លាងឱ្យស្អាត ដំ ឬច្របាច់យកតែទឹក មកបន្តក់រន្ធច្រមុះ ១ ទៅ ២ ដំណក់ ព្រោះឆៃថាវមានលក្ខណៈសម្បត្តិអាចជួយព្យាបាល និងឃាត់ឈាមកុំឱ្យហូរបានយ៉ាងល្អ។ 

មើមឆៃថាវ

៦) ឫសពន្លៃ៖ យកឫសពន្លៃ ៧ ឫស មកលាងទឹកឱ្យស្អាត បុកឱ្យហ្មត់ បន្ទាប់មកចាក់ទឹកចូលទៅក្នុងនោះដំណក់៣ដំណក់ កូរចូលគ្នា ត្រងយកតែទឹកបន្តក់ចូលក្នុងរន្ធច្រមុះដែលមានឈាមដើម្បីជួយដល់ឃាត់ឈាមច្រមុះ និងសម្លាប់មេរោគបានយ៉ាងល្អផងដែរ។

ពន្លៃ

លើសពីនេះទៀតតាមរូបមន្តបែបប្រពៃណីមួយ ក៏បានប្រាប់ថា យើងអាចប្រើរមៀត៧មើម អំបិលគ្រោះ៣គ្រាប់ ខ្ទឹមស៣កំពិស បុកបញ្ចូលគ្នា ហើយនាំយកមកផ្សំជាមួយប្រេងធញ្ញជាតិកន្លះលីត្រ។ ទុករហូតដល់ខ្ទឹមសលាយបានល្អ ហើយត្រងយកតែទឹក មកលាយជាមួយស្រា៣ ដំណក់ទៀត សឹមយករក្សាទុកនៅក្នុងកែវស្អាតមួយ។ ហើយនៅពេលហូរឈាមច្រមុះ ឱ្យគេងងើយហើយយកសំលីត្បារត្រចៀក មកជ្រលក់ទឹកនោះបន្តក់ចូលនៅក្នុងរន្ធច្រមុះ។ ធ្វើបែបនេះមួយថ្ងៃម្តង ឬពេលមានឈាមហូរ។

គ្រាន់តែប៉ុណ្ណេះ អ្នកដែលធ្លាប់ភ័យស្លន់ស្លោពេលឈាមហូរចេញពីច្រមុះនឹងអស់បារម្ភហើយ ប៉ុន្តែប្រសិនបើអ្នកធ្វើតាមវិធីទាំងនេះហើយ ឈាមនៅតែមិនឈប់ហូរ ណែនាំឱ្យទៅជួបគ្រូពេទ្យនៅក្បែរផ្ទះជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាបានភ្លាមៗ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]