រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានហៅម៉ូតូឌុបជិះចេញពីខាងត្បូងមន្ទីរពេទ្យ ព្រះកុសុមៈ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ទៅច្រមុះជ្រូកស្ទឹងមានជ័យ យកទៅធ្វើស៊ី តែគ្មានឱកាសនឹងធ្វើស៊ី ក៏ដូរទីតាំងពីរបីកន្លែងទៀត រហូតអ្នករត់ម៉ូតូឌុបដឹងខ្លួន ក៏បើកម៉ូតូ រត់ចូលប្តឹងប៉ូលិសយាមប៉ុស្តិ៍២៤ម៉ោង នៅគល់ស្ពាន ស្ទឹងមានជ័យ តាមបណ្តោយមហាវិថីព្រះមុនីរ៉េត កែងផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជួយអន្តរាគមន៍ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ វិច្ឆិកា ២០១២ ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបឈ្មោះខៀវ ភក្តី អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិចុងកោះ ស្រុកកោះធំ ខេត្តកណ្តាល បានឱ្យដឹងថា គាត់មានម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿងសម្រាប់រត់ម៉ូតូឌុបជារៀងរាល់ថ្ងៃ នៅយប់កើតហេតុវេលាម៉ោង៦និង១០នាទីយប់មានជនសង្ស័យម្នាក់បានហៅ ម៉ូតូរបស់គាត់ឱ្យឌុបពីខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ ទៅច្រមុះជ្រូកស្ទឹងមានជ័យ ពេលទៅដល់ស្រាប់តែប្រាប់ថា ទៅម្តុំលូ៥វិញ ។ លុះពេលទៅដល់លូ៥ហើយនៅតែគ្មានឱកាសធ្វើស៊ីម៉ូតូរបស់គាត់ ទៀត ក៏ឱ្យគាត់ឈប់ម៉ូតូចូលទិញកាតទូរស័ព្ទរួចទូរស័ព្ទទៅណាមិនដឹង បានបន្តិចប្រាប់ថា ទៅចំការមនវិញ ខណៈជិះម៉ូតូចេញបានបន្តិច ស្រាប់តែមានយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងបើកវ៉ាគាត់ទៅមុខជនសង្ស័យប្រាប់ថា ឱ្យជិះតាមម៉ូតូមួយគ្រឿងនោះ តែគាត់ដឹងសភាពការណ៍មិនស្រួលដោយសារជិះតាំងពីវេលាម៉ោង៦និង១០ នាទីរហូតដល់វេលាម៉ោង៩យប់នៅតែរកគោលដៅមិនទាន់ពិតប្រាកដបែប នេះ ទើបគាត់មិនជិះម៉ូតូដេញតាម បានជិះឆ្ពោះទៅប៉ុស្តិ៍យាម២៤ម៉ោងនៅគល់ស្ពានស្ទឹងមានជ័យ ចូលប្តឹងប៉ូលិសជួយអន្តរាគមន៍ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]