ចិត្តមនុស្សស្រីមួយចំនួនធំ នៅពេលដែលស្រលាញ់បុរសណាម្នាក់ហើយ គឺស្រលាញ់ផ្កាប់មុខស្រលាញ់យកស្លាប់រស់តែម្តង ដោយមិនងាយគិតថានឹងក្បត់ចិត្តគូស្នេហ៍ ឬស្វាមីនោះទេ។ ប៉ុន្តែពេលខ្លះនារីៗក៏បាន ក្បត់ ឬចាកចោលពីគូស្នេហ៍របស់ខ្លួន ទោះបីជានៅស្រលាញ់គេពេញបេះដូងខ្លាំងយ៉ាងណាក៏ដោយ។ នេះក៏ព្រោះតែមូលហេតុចម្បងៗដូចខាងក្រោម៖

១) គ្មានទំនុកចិត្តនៅក្នុងសម្ព័ន្ធភាពរបស់ខ្លួន៖ មនុស្សស្រីមួយចំនួនគឺមិនស្គាល់ពីទំនាក់ទំនងរបស់ខ្លួន និងដៃគូច្បាស់លាស់នោះទេ។ យូរៗទៅវានឹងបង្កទៅជាភាពស្មុគស្មាញ បែងចែកមិនដាច់ស្រេចថាជាស្នេហាពិត ឬក៏ត្រឹមតែជាការលេងសើច កំដរអារម្មណ៍អផ្សុករបស់ខ្លួន។ ទីបំផុតបង្កទៅជាការជិនណាយ ឈានទៅដល់ការបែកបាក់ផ្លូវគ្នា។  

រូបតំណាងៈ គ្មានទំនុកចិត្តនៅក្នុងសម្ព័ន្ធភាពរបស់ខ្លួន

២) មនុស្សប្រុសមិនស្តាប់ហេតុផល៖ នៅពេលបានជួបបុរសម្នាក់ ដែលនិយាយច្រើនឥតប្រយោជន៍ជាងខ្លួន ស្រីៗក៏ចាប់ផ្តើមមានអារម្មណ៍ថាធុញទ្រាន់ និងមានអារម្មណ៍បុរសម្នាក់នោះប្រៀបដូចជាឪពុកកំពុងប្រដៅកូនដូច្នោះដែរ។ ហេតុនេះទើបនាំឱ្យកើតមានការខ្វែងគំនិតគ្នា ហើយជាមូលហេតុដែលនាងអាចបែរទៅបុរសរកបុរសម្នាក់ផ្សេងទៀត ដែលអាចស្តាប់នាងបានគ្រប់រឿង។

៣) ស្រវឹងរាល់ថ្ងៃ៖ ជារឿងធម្មតាសម្រាប់ប្រុសដែលតែងចេញទៅរកសេចក្តីសុខនៅខាងក្រៅខ្លះដូចជាចូលក្លឹប ឱបស្រីក្មេង និងផឹកស៊ីជាមួយមិត្តភក្តិ ហើយមកផ្ទះវិញស្រវឹងស្រារករឿងភរិយា វាយ បង្កជម្លោះពាក្យសម្តីជាដើម។ ដូច្នេះគ្មាននារីណាម្នាក់ អាចទ្រាំរស់នៅក្នុងសភាពបែបនេះបានយូរនោះទេ ទោះស្រលាញ់ចង់លេបប៉ុណ្ណាក៏ដោយ។ 

រូបតំណាងៈ ស្រវឹងរាល់ថ្ងៃ

៤) លែងខ្វល់ខ្វាយដូចពីមុន៖ វាអាចកើតមកពីការសេពគប់គ្នាអស់រយៈពេលជាយូរបង្កើតជាការធុញទ្រាន់។ ប្រៀបដូចជារឿងមួយដែលបានក្លាយទៅជាអតីតកាលទៅហើយដែរ ការឃ្លាតឆ្ងាយ ព្រងើយកន្តើយ មិនយកចិត្តទុកដាក់ដូចពីមុន សួរបន្តិចក៏ខុស ធ្វើអ្វីបន្តិចក៏ខុស រករឿងចាប់កំហុសមិនឈប់ នេះហើយជាហេតុបណ្តាល ឱ្យក្តីស្រលាញ់បាត់បង់បន្តិចម្តងៗរហូតដល់អស់ចិត្ត។ ពេលនោះទើបដឹងថាមនុស្សម្នាក់នេះលែងជាអ្នកដែលយើងត្រូវការ ព្រោះមាននិស្ស័យខុសគ្នាកាន់តែឆ្ងាយទៅៗ។

៥) ធុញទ្រាន់នឹងការធ្វើជាមេដឹកនាំ៖ មនុស្សប្រុសខ្លះទាល់តែមានមនុស្សស្រីដឹកមុខទើបអាចធ្វើការងារបាន ហើយពេលខ្លះបង្កជាការព្រួយបារម្ភដល់នារីៗគ្រប់ពេល មិនចេះគ្រប់គ្រងជីវិតខ្លួនឯងឱ្យបានត្រឹមត្រូវសោះ ធ្វើអ្វីតែតាមអារម្មណ៍ដូចជាដើរផឹកស៊ី លេងស្រី ដាក់បន្ទុកការងារទៅលើតែស្រ្តី គ្មានទំនួលខុសត្រូវជាមេគ្រួសារជាដើម។ ដូច្នេះមានតែសម្រេចចិត្តបញ្ចប់ទំនាក់ទំនងប៉ុណ្ណោះទើបជារឿងដ៏ត្រឹមត្រូវបំផុត។

៦) បារម្ភខ្លាំងជ្រុលពេក៖ មនុស្សស្រីមួយណាក៏ចង់បានការបារម្ភខ្វាយខ្វល់ពីបុរសដែលខ្លួនស្រលាញ់ដែរ ប៉ុន្តែវាត្រូវមានដែនកំណត់បើមិនដូច្នោះទេ ក្តីបារម្ភទាំងនេះនឹងក្លាយទៅជាទុក្ខទោសទៅវិញ។ ការស្រលាញ់ ការតាមយកចិត្ត និងហួងហែងខ្លាំងជ្រុលពេកអាចនឹងក្លាយ ទៅជាការបិទសិទ្ធិសេរីភាពរហូតមានអារម្មណ៍ថាខ្លួនប្រៀបដូចជាអ្នកទោស ទៅណាក៏មិនបាន មានគេសួរដេញដោលមិនឈប់ប្រៀបដូចជាម្ចាស់ជីវិតយ៉ាងដូច្នេះដែរ។ ជាមនុស្សមិនមែនជាសត្វចិញ្ចឹមទេ ត្រូវយល់ចំណុចនេះឱ្យបានច្បាស់។  

រូបតំណាងៈ បារម្ភខ្លាំងជ្រុលពេក

៧) ទទួលរងអំពើហិង្សា៖ ទោះបីជាស្រលាញ់ខ្លាំងប៉ុណ្ណា ក៏មិនអាចស៊ូទ្រាំនឹងអំពើហិង្សាមកលើផ្លូវកាយបានដែរ ពិសេសបើមានការធ្វើទារុណកម្មទៅលើផ្លូវចិត្តផងនោះរឹតតែមិនអាចទ្រាំបានថែមទៀត។ ដូច្នេះចង់ ឬមិនចង់ គឺមានតែការចាកចេញម្យ៉ាងគត់ដែលជាផ្លូវដ៏ល្អបំផុត។ បើជាអ្នកវិញតើអាចទ្រាំបានយូរប៉ុណ្ណា?

រូបតំណាងៈ ទទួលរងអំពើហិង្សា

៨) រស់នៅឃ្លាតឆ្ងាយពីគ្នា៖ គូស្នេហ៍ ឬគូស្វាមីភរិយាមួយចំនួនស្រលាញ់គ្នា យល់ចិត្តគ្នាខ្លាំងណាស់តែមិនអាចរស់នៅជិតគ្នារហូតបានដោយសារតែជីវភាព ការងារ និងកាតព្វកិច្ចផ្សេងៗ។ ពិសេសបើមានបុគ្គលម្នាក់ទៀតនៅជិតខ្លួន ហើយតាមយកចិត្តគ្រប់ពេលនោះអ្វីៗក៏អាចផ្លាស់ប្តូរបានដែរ ដូចពាក្យចាស់តែងពោលថា ទឹកស្រក់លើថ្មរមែងគង់តែសឹកនៅថ្ងៃណាមួយ ឬ ឃ្លាតកាយឆ្ងាយចិត្ត ឬស្នេហ៍មិនឈ្នះស្និទ្ធជាដើម។

៩) និស្ស័យសាវ៉ារបស់មនុស្សប្រុស៖ រឿងអ្វីផ្សេងក្រៅពីនេះស្រីអាចទ្រាំបានខ្លះ ប៉ុន្តែរឿងក្បត់ចិត្ត លួចទៅមានស្រីថ្មី គ្មាននារីណាអាចអត់ធ្មត់បាននោះឡើយ។ ជាពិសេសពេលរៀបការរួច នារីគ្រប់រូបច្បាស់ជាមិនចង់ឮពាក្យថាខ្លួនជានារីដែលត្រូវស្វាមីក្បត់នោះទេ។ 

រូបតំណាងៈ និស្ស័យសាវ៉ារបស់មនុស្សប្រុស

១០) ឃើញប្រុសៗសាវ៉ា ក៏ធ្វើតាមដែរ៖ ស្រីៗច្បាស់ជាគិតថាវាមិនយុត្តិធម៌ឡើយសម្រាប់ខ្លួននៅពេលដែលឃើញប្រុសៗក្បត់ចិត្តងាកទៅរកស្រីថ្មីបានយ៉ាងងាយ។ ហេតុនេះទើបគិតថាខ្លួនក៏អាចងាករេហើយធ្វើតាមមនុស្សប្រុសខ្លះ ដោយការក្បត់ចិត្តមានប្រុសថ្មីដើម្បីជាការលួងលោមចិត្តខ្លួនឯង កុំវាឱ្យឈឺចាប់ខ្លាំងពេក។

តើនរណាខ្លះ បានឆ្លងកាត់ ឬធ្លាប់បានជួបប្រទះរឿងដូច្នេះ? តែយ៉ាងណាក៏ដោយក៏សូមជូនពរគូស្នេហ៍ទាំងឡាយឱ្យជួបតែសុភមង្គលក្នុងជីវិត ព្រោះមិនមែនជារឿងចៃដន្យទេ ដែលមនុស្សពីរនាក់បានមកស្គាល់គ្នា ហើយបានមកស្រលាញ់គ្នារហូតមកដល់ថ្ងៃនេះ៕ 

ប្រភព៖ kaijeaw / Sanook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]