ចិន៖ ភាពចម្រូងចម្រាសរវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm ពាក់ព័ន្ធនឹងបញ្ហាប៉ាតង់ចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្មានថ្ងៃមុននេះដែរ ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm បានបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួនបានដាក់ពាក្យបណ្តឹងនៅក្នុងប្រទេសចិន ដើម្បីបញ្ឈប់ការផលិតនិងការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសមហាអំណាចមួយនេះ។

កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Qualcomm បានបង្ហើបថា ក្រុមហ៊ុន Qualcomm បានដាក់ពាក្យបណ្តឹងទៅតុលាការអចលនទ្រព្យនៅក្នុងទីក្រុងប៉េកាំងដោយអះអាងថាក្រុមហ៊ុន Apple បានរំលោភកម្មសិទ្ធិបញ្ញា ឬបំពានប៉ាតង់របស់ខ្លួន។

ចំណែកក្រុមហ៊ុន Apple  បានប្រាប់សារព័ត៌មានថា ខ្លួននឹងបង់ប្រាក់នៅក្នុងតម្លៃដែលសមហេតុផលទៅលើប៉ាតង់ណាដែលខ្លួនបានប្រើប្រាស់។ ក្រុមហ៊ុន Apple ក៏បានបន្ថែមទៀតថា រឿងប៉ាតង់ទាំងនេះមិនដែលបានលើកឡើងយកមកពិភាក្សាឡើយនៅក្នុងការចរចារវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរឿងផ្តល់សិទ្ធិប៉ាតង់នេះ ទើបតែបានពិភាក្សាក្នុងរយៈពេលប៉ុន្មានខែមុននេះប៉ុណ្ណោះ។ 

ទីស្នាក់ការរបស់ក្រុមហ៊ុន Apple
ទីស្នាក់ការរបស់ក្រុមហ៊ុន Qualcomm
ទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Apple

គួរបញ្ជាក់ផងដែរថា កំឡុងពេលក្រុមហ៊ុនទាំង២នេះមានបញ្ហាជាមួយគ្នា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានឡើងច្រើនគួរសម ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុន Qualcomm បានធ្លាក់ចុះទៅវិញ  ដូច្នេះយើងចាំមើលទៅមើលថាតើរដ្ឋាភិបាលប្រទេសចិននឹងយល់ព្រមតាមសំណើរបស់ក្រុម Qualcomm ឬក៏យ៉ាងណា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]