(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា វគ្គសន្សំពិន្ទុជើងទី២ បន្ដនឹងការប្រកួតសប្ដាហ៍ទី១៧ នៅថ្ងៃទី១៤-១៥ ខែតុលាចុងសប្ដាហ៍នេះ ហើយក៏ជាសប្ដាហ៍ដ៏កក្រើកផងដែរ ដោយសារមានជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងដល់ទៅ ៣គូឯណោះ ។ នេះបើយោងតាមកម្មវិធីប្រកួតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

សម្រាប់ជំនួបគូពិសេសនោះ គឺជាការជួបគ្នារវាងក្រុមកំពូលឈរ ៦ក្រុមកំពូលតារង(Top-6) រួមមានក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមការពារតំណែងជើងឯកបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង, ក្រុមខ្លាំងភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋាន RSN ទទួលក្រុមណាហ្គាវើល និងក្រុមក្រសួងការពារជាតិ ជួបក្រុមខេមបូឌានថាយហ្គឺរ នៅកីឡដ្ឋានស្ដាតចាស់ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលាដូចគ្នា ។

នេះគឺជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមខ្លាំងៗទាំង ៦ក្រុមខាងលើ ដោយសារត្រូវការឈ្នះរៀងៗខ្លួន ដើម្បីឈានទៅប្រជែងកៅអី ៤ក្រុមចុងក្រោយ ។ តែបើក្រឡេកទៅមើលទ្ធផលកាលពីជើងទី១ គឺក្រុមក្រុមព្រះខ័នរាជស្វាយរៀង ស្មើក្រុមបឹងកេតក្រៅដី ២-២, ក្រុមក្រសួងការពារជាតិ ស្មើក្រុមខេមបូឌានថាយហ្គឺរ ០-០ និងភ្នំពេញក្រោន បានយកឈ្នះក្រុមណាហ្គាវើល ១-០ ។ ដូច្នេះចាំមើលជំនួបជើងទី២ ចុងសប្ដាហ៍នេះ នឹងមានការប្រែប្រួលបែបណា?

សូមបញ្ជាក់ថា លីគកំពូលកម្ពុជា បានសម្រាកជាង ១ខែមកហើយ ទម្រាំបន្ដការប្រកួតជាថ្មីចុងសប្ដាហ៍នេះ គ្រាដែលលទ្ធផលបណ្ដោះអាសន្ន ក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងមាន ៣៧ពិន្ទុ ហើយតាមពីក្រោយដោយក្រុមណាហ្គាវើលឈរលេខ២ មាន ៣២ពិន្ទុ, ក្រុមភ្នំពេញក្រោន ឈរលេខ៣ មាន ៣១ពិន្ទុ ខណៈក្រុមបឹងកេត ឈរលេខ៤ មាន ៣០ពិន្ទុ ។ រីឯក្រសួងការពារជាតិ ពេលនេះកំពុងឈរលេខ៦ និងមាន ២៧ពិន្ទុ ក្រោមក្រុមគូប្រជែងខេមបូឌានថាយហ្គឺរ ដែលឈរលេខ៥ និងមាន ២៨ពិន្ទុ៕

ក្រុមខ្លាំង ប៉ះខ្លាំងក្នុងលីកកំពូលកម្ពុជាចុងសប្ដាហ៍នេះ
ក្រុមខ្លាំង ប៉ះខ្លាំងក្នុងលីកកំពូលកម្ពុជាចុងសប្ដាហ៍នេះ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]