(ភ្នំពេញ)៖ ដំណឹងភ្ជាប់ពាក្យ របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ ពុះកញ្ជ្រោលឡើងចង់ដឹងការពិត ហើយស្នើឲ្យ ឱក សុគន្ធកញ្ញា ចេញមុខបកស្រាយឲ្យបានច្បាស់ ជៀសវាងផ្ទុះការរិះគន់ ពីសំណាក់ទស្សនិកជន។ យ៉ាងណាមិញ ថ្មីៗនេះ សម្រាប់រឿងរ៉ាវភ្ជាប់ពាក្យ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ឱក សុគន្ធកញ្ញា បានឲ្យប្អូនស្រីរបស់នាង ចេញមុខបកស្រាយជំនួស ហើយបានបដិសេធថា ជារឿងមិនពិត និងគ្មានពិធីភ្ជាប់ពាក្យណាមួយ កើតឡើងឡើយ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែមិនអស់ចិត្តបន្ថែមទៀតនោះ គឺស្រាប់តែពេលនេះ មហាជនបានប្រទះឃើញរូបថតមួយសន្លឹក ហាក់បង្ហាញពីអត្តសញ្ញាណ អនាគតស្វាមីរបស់ ឱក សុគន្ធកញ្ញា ឲ្យមហាជន បានដឹងជាសាធារណៈ។

ទោះបីជាមិនទាន់ ទទួលបានការបកស្រាយណាមួយ ពីសំណាក់សាមីខ្លួន នាង ឱក សុគន្ធកញ្ញា យ៉ាងណាក្ដី ប៉ុន្តែអ្នកគាំទ្របានយល់ឃើញថា «ក្រដាសមិនអាចខ្ចប់ភ្លើងជិតបានទេ» ព្រោះការពិតនឹងត្រូវទម្លាយមិនខាន ប៉ុន្តែបើ ឱក សុគន្ធកញ្ញា នៅតែបន្តលាក់បាំង ពីជីវិតឯកជន មិនឲ្យនរណាដឹងនោះ ពោលគឺនាងនឹងទទួលបានត្រឡប់មកវិញ នូវការរិះគន់ធ្ងន់ៗ និងការសម្ដែងក្ដីខកចិត្ត ចំពោះតារាចម្រៀងរូបនេះ ដែលមិនសមមានឈ្មោះ ជាតារាល្បីលំដាប់ប្រទេសនោះឡើយ។ រូបភាព១សន្លឹកនេះ ហាក់កំពុងតែស្ថិតក្នុង មន្ទិលសង្ស័យកាន់តែខ្លាំង ពីអត្តសញ្ញាណបុរសម្នាក់ មានងារជាឧកញ៉ា និងជាប្អូនប្រុសរបស់ថៅកែ ផលិតកម្មរស្មីហង្សមាស។

សូមបញ្ជាក់ថា បន្ទាប់ពីមានការសាយភាយរឿងរ៉ាវ របស់តារាចម្រៀងស្រីប្រចាំ ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយប្អូនប្រុសថៅកែ ហង្សមាសរួចមក បានធ្វើឲ្យមហាជនមានចិត្តពុះកញ្រ្ជោល ចង់តាមដានដូចរឿងភាគ ដោយគ្រប់គ្នាទន្ទឹងរង់ចាំការបកស្រាយពី កញ្ញា ឱក សុគន្ធកញ្ញា ផ្ទាល់មាត់។ បើតាមការសង្កេត គេឃើញថា កញ្ញា ឱក សុគន្ធកញ្ញា ហាក់ដូចជាគ្មានប្រតិកម្មអ្វីសោះ ជាមួយនឹងរឿងរ៉ាវទាំងនេះ ពោលគឺមានភាពស្ងប់ស្ងាត់តែម្ដង ដល់ថ្នាក់មិនលើកទូរទស័ព្ទ ឲ្យប្អូនស្រីលើកជំនួសទៅវិញ ដែលបង្កឲ្យមហាជន មានការសង្ស័យកាន់តែខ្លាំង។

ជាក់ស្ដែងបើតាមនារីម្នាក់ ដែលអះអាងថា ជាប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា បានចេញមុខបដិសេធ ជំនួសតារាល្បីរូបនេះថា រឿងរ៉ាវដែលសារព័ត៌បានចុះផ្សាយនេះ មិនមែនជារឿងពិតទេ វាគ្រាន់តែជាពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ។ ជាមួយនឹងចម្លើយយ៉ាងខ្លីនេះ គឺហាក់មិនសូវទំនងសោះ ព្រោះបើតាមការទម្លាយពី អ្នករួមសិល្បៈជាមួយ កញ្ញា ថា វាជារឿងពិត។ ដោយក្នុងនោះ នារីដែលជាប្អូនស្រី ឱក សុគន្ធកញ្ញា បានបន្ដថា បងស្រីរបស់នាងមិនដែលចាប់អារម្មណ៍ នឹងព័ត៌មាននោះទេ ខណៈដែលចម្លើយនេះ កាន់តែធ្វើឲ្យទស្សនិកជន មានការសង្ស័យច្រើនឡើងៗ ព្រោះក្នុងនោះហាក់ដូចបង្កប់ នូវអាថ៌កំបាំងជាច្រើន។

យ៉ាងណាមិញ បើយោងតាមអតីតគូស្នេហ៍កញ្ញា ឱក សុគន្ធកញ្ញា គឺលោក រ៉េតធី ដូណា បានទម្លាយថា កញ្ញាពិតជាបានភ្ជាប់ពាក្យជាមួយប្អូន ប្រុសថៅកែហង្សមាសមែន ដោយបុរសវ័យ៤០រូបនោះ បានទិញរថយន្ដទំនើបឲ្យជាកាដូ ចំណងដៃទៀតផង។ អ្វីដែលពិសេសនោះ គូដណ្ដឹងរបស់កញ្ញា មិនត្រឹមតែជាកំលោះចាស់នោះទេ ថែមទាំងមានមុខងារជា «ឧកញ៉ា» ទៀតផង៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា