រាជធានីភ្នំពេញ ៖ តារាសម្ដែងកញ្ញា សោភា ទេពី និងលោកឈួន ពន្ធឺ បានសារភាពថាពួកគេពិតជាស្រឡាញ់គ្នា ប៉ុន្តែសម្រាប់គម្រោងរៀបអាពាហ៍ពិពាហ៍វិញមិនទាន់មានគម្រោងទេ ។
កញ្ញាសោភា ទេពី កាលពីពេល ថ្មីៗកន្លងមកឱ្យដឹងថា នាង និងតារាសម្ដែងលោកឈួន ពន្លឺ យល់ចិត្តគ្នាច្រើនមួយរយៈចុងក្រោយនេះ ប៉ុន្តែវាមិនទាន់ស៊ីជម្រៅដូចគូស្នេហ៍ដទៃទៀតទេ ។ «គាត់ល្អនឹងខ្ញុំ ខ្ញុំល្អនឹងគាត់ទៅវិញទៅមក ។ យើងទាំងពីរមិនទាន់ស៊ីជម្រៅខ្លាំងទេ រឿងរៀបការអីហ្នឹងចាំមើលពេលទៅមុខទៀតសិន» ។
តារាសម្ដែងស្រស់ស្អាតរូបនេះបន្តថា បើអ្វីៗពិតជាអាចកើតឡើងមែននោះ ប្រាកដជារឿងមួយដ៏ល្អក្នុងជីវិត ។ ល្អព្រោះតែយល់ឈួន ពន្លឺ គឺជាមនុស្សប្រុសម្នាក់អាចទុកចិត្តបានទៅថ្ងៃអនាគត ។
តារាសម្ដែងលោកឈួន ពន្លឺ វិញទទួលស្គាល់រឿងស្នេហ៍នេះដូចសោភា ទេពី ។ «តែយ៉ាងណារឿងទៅថ្ងៃអនាគតមិនទាន់អាចកើតឡើងបានទេ ។ ជំហរក្នុងសិល្បៈរបស់ខ្ញុំមិនទាន់នឹងននៅឡើយទេ ។ ដូច្នេះហើយខ្ញុំចង់ទុកពេលមើលចិត្តគ្នាបន្តិចសិន រឿងរៀបការចាំពេលក្រោយទៀត មិនទាន់ហួសពេលទេ ។
ការមិនប្រកាន់វណ្ណៈពីគ្រួសារខាងស្រីដែលមានឪពុកជាមន្ត្រីថ្នាក់ផ្កាយ២ ធ្វើឱ្យខ្ញុំកាន់តែមានទំនុកចិត្តថែមទៀតលើរឿងស្នេហានេះ ។ តែយ៉ាងណាក្តី គម្រោងរៀបការនៅតែមានពេលឆ្ងាយនៅឡើយ ព្រោះតែចង់បម្រើការងារសិល្បៈឱ្យបានច្រើន រួមនឹងការមើលចិត្តថ្លើមគ្នាឱ្យបានច្រើនជាងមុនថែមទៀត »។
លោកឈួន ពន្លឺ ចូលពិភពសិល្បៈដំបូងតាមរយៈអាជីពដើរម៉ូដឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៩ ក្នុងឆ្នាំ២០១៦ ។ នៅឆ្នាំ២០១៧ លោកពន្លឺទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ផ្នែកសម្ដែងនៅទូរទស្សន៍អប្សរា ។ ក្រោយមកលេចមុខក្នុងរឿងខ្នាតធំ «រាជ បូរី Comeback» និងថតរឿងភាគមួយចំនួនរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។
ចំណែកកញ្ញាសោភា ទេពី ជាកូនអ្នកភ្នំពេញ ចូលពិភពសិល្បៈមុនដំបូងក្នុងឆ្នាំ២០១៤ តាមរយៈការប្រឡងចម្រៀងក្នុងកម្មវិធី «ចង់ក្លាយជាតារា» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ។ ក្រោយពីនោះមកទេពី មិនបានចូលផលិតកម្មណាមួយទេ គឺនាងផលិតបទចម្រៀងច្រៀងដោយខ្លួនឯង ។ ជាអ្នកចម្រៀង តែនាងធ្លាប់សម្តែងក្នុងខ្សែភាពយន្តរឿង «កូនក្រមុំលោកមេឃុំ» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]