** ប្រលោមលោកខ្មែរឡូត **

សម័យនេះជាសម័យដែលមនុស្សប្រុសស្រីក្មេងចាស់ជាពិសេសយុវវ័យតែម្តង ឈ្លក់វង្វេង និងងប់ងល់នឹងជីវិតដែលមានតែតួអក្សរនៅលើបណ្តាញសង្គម។ វាបានក្លាយជារបស់មួយដែលជះឥទ្ធិពលដល់ជីវិត និងការរស់នៅរបស់មនុស្សស្ទើរតែទាំងអស់។

ពេលខ្លះយើងចំណាយពេលវេលាជាមួយប្រព័ន្ធអ៊ីនធើណេត និងឧបករណ៍អេឡិចត្រូនិច ដែលគ្មានជីវិតនិងរូបរាង ជាជាងចំណាយពេលវេលាជាមួយមនុស្សពិតដែលមានរូបរាងមានសាច់ឈាមពិតទៅទៀត។ 

ពួកយើងចំណាយពេលសួស្តីគ្នា រាក់ទាក់គ្នាក្នុងបណ្តាញសង្គមតែយើងបែរជាមិនបាននិយាយគ្នា ឬសូម្បីតែញញឹមដាក់គ្នានៅក្នុងពិភពខាងក្រៅ។ យើងចំណាយពេលជូនពរគ្នា ក្នុងបណ្តាញសង្គមតែបែរជាមិនដែលបានចំណាយពេលវេលាជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ទៅវិញ។ ហេតុអ្វីមនុស្សងប់ងល់នឹងរបស់គ្មានវិញ្ញាណនោះខ្លាំងម្ល៉េះ? ពេលខ្លះមនុស្សមិនដែលជួបមុខគ្នា ក៏អាចឈ្លោះគ្នាក៏ដោយសារតែបណ្តាញសង្គមដ៏ជឿនលឿនមួយនេះដែរ។ ហើយជំងឺដែលកំពុងតែពេញនិយមក្នុងពេលនេះគឺជំងឺដ្រាម៉ាដែលមានស្អីក៏បង្ហោះ ស្អីក៏និយាយ មិនថាទាំងរឿងសប្បាយ និងកើតទុក្ខ។ 

វាជាជំងឺកាចសាហាវដែលគ្មានរូបរាងតែមានរស្មីកាចសាហាវដែលអាចបំផ្លាញមិត្តភាព និងសេចក្តីស្នេហាដែលនឹកស្មានមិនដល់ ហើយខ្ញុំក៏បានក្លាយទៅជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដែលកើតជំងឺដ្រាម៉ាអស់ទាំងនោះដែរ។ ព្រោះតែមិនយល់ ព្រោះតែមិនដឹងធ្វើឱ្យបណ្តាញសង្គមអូសទាញអារម្មណ៍រហូតដល់កើតរឿងរ៉ាវដែលខ្ញុំមិននឹកស្មានដល់ថា វានឹងទទួលបានលទ្ធផលបែបនេះសោះ។   

រូបតំណាង

ល្ងាចមួយដែលមានភ្លៀងធ្លាក់មិនឈប់ ខ្ញុំបែរជាចំណាយពេលវេលានៅក្នុងបន្ទប់ ដោយដៃចុចទូរស័ព្ទទាំងមុខក្រញ៉ូវ ៖

« មានសង្សារដូចជាគ្មាន...បើគេស្រលាញ់យើងពិតគេប្រាកដជាមិនទុកយើងចោលទេ»

ខ្ញុំបង្ហោះពាក្យពេចន៍ទាំងនេះចូលបណ្តាញសង្គម ហើយដកដង្ហើមធំ។ មានតែមិត្តភក្តិ និងប្រព័ន្ធអ៊ីនធើណេតទេដែលតែងតែនៅក្បែរនិងផ្តល់យោបល់ល្អៗធ្វើឱ្យខ្ញុំធូរចិត្តបានមួយគ្រារាល់ពេលខ្ញុំខូចចិត្ត ខ្ញុំពិបាកចិត្តជាពិសេសរាល់ពេលឈ្លោះជាមួយសង្សារនោះឯង។ បន្ទាប់មកសារជាច្រើនបានលោតមក អ្នកខ្លះក៏ជួយលើកទឹកចិត្ត អ្នកខ្លះក៏បន្ទោសភាពល្ងង់ខ្មៅ និងស្មោះត្រង់របស់ខ្ញុំ ដល់ថ្នាក់អ្នកខ្លះក៏និយាយបែបលេងសើចថាគួរតែបែកគ្នាទៅ។ ខ្ញុំញញឹមបន្តិចរួចតបសារទាំងនោះ។ វាបានក្លាយទៅជារឿងធម្មតាដែលខ្ញុំតែងតែធ្វើជាប្រចាំទៅហើយ ហើយមិនដឹងជាលើកទីប៉ុន្មានទេដែលសង្សាររបស់ខ្ញុំក៏តែងតែ ស្តីបន្ទោសឱ្យខ្ញុំពីរឿងដែលពូកែដ្រាម៉ានៅក្នុងបណ្តាញសង្គមបែបនេះ។ ហើយជារឿយៗនោះគឺពាក្យសម្តីដដែលៗដែលធ្វើឱ្យខ្ញុំធុញទ្រាន់យ៉ាងខ្លាំង។

« មានរឿងអីគួរតែចេះលាក់ទុកខ្លះទៅ មិនមែនរឿងអីតិចក៏បង្ហោះ ក៏ដ្រាម៉ាដែលនោះទេ។ រឿងផ្ទាល់ខ្លួនជារឿងសំខាន់ មិនគួរមកបង្ហាញជាសាធារណៈឡើយ ។ អ្នកឃើញបានតែមើល គេមិនអាចជួយអ្វីបាននោះទេ ពេលខ្លះមិនត្រឹមតែជួយមិនបានហើយ ដល់ថ្នាក់យករឿងយើងទៅនិយាយដើម ទៅពេបជ្រាយទៀត។ បងប្រាប់អូនប៉ុន្មានដងហើយតើ។ កុំពូកែដ្រាម៉ារឿងអត់ប្រយោជន៍ពេកបងមិនចូលចិត្ត»។

ខ្ញុំធ្វើមុខខឹងរួចនិយាយ

« អូនអផ្សុក អូនធុញ អូនពិបាកចិត្ត អូនគ្រាន់តែចង់បញ្ចេញអារម្មណ៍តានតឹងតើ ហើយម្យ៉ាងវាជារបស់អូន។ អូនចង់សរសេរអី និយាយអីជារឿងរបស់អូនតើ អ្នកណាមិនពេញចិត្តជារឿងរបស់គេ។ ចុះអ្នកផ្សេងគេក៏ធ្វើអ៊ីចឹងដែរតើ? ម្យ៉ាងមិនដែលមានអ្នកណាថាឱ្យអូនផង មានតែបងឯងហ្នឹង មនុស្សអត់ជាតិ»

« មកពីពួកគេមិនមែនបង....បងគ្រាន់តែចង់ឱ្យអូនល្អតើ»

«បានហើយៗៗ អូនធុញណាស់...បើបងមិនចង់ឃើញកុំមើលទៅបានហើយ»

ខ្ញុំបែរមុខចេញទាំងងរងក់។ ហេតុអ្វីចាំបាច់ហាមឃាត់ខ្ញុំរឿងតិចតួចសោះ? អ្នកណាក៏គេលេងអ៊ីចឹងដែរ ខុសដែលគ្រាន់តែចង់សរសេរ ចង់និយាយអីពិអារម្មណ៍ខ្លួនឯងសោះ? គិតទៅមនុស្សប្រុសពិតជារឿងច្រើនមែន ខ្លួនឯងជាមនុស្សប្រុសម៉េចដូចមនុស្សស្រីទៅ។  

រូបតំណាង

ពេលវេលាចេះតែកន្លង យើងក៏ឧស្សាហ៍ឈ្លោះគ្នាតែពីរឿងបណ្តាញសង្គមមួយនេះម្តងហើយម្តងទៀតឥតឈប់ឈរ។ ខ្ញុំមិនយល់សោះគ្រាន់តែរឿងតូចតាចហេតុអ្វីសង្សាររបស់ខ្ញុំខឹង មួរម៉ៅខ្លាំងម្ល៉េះ? ការឈ្លោះគ្នាអន់ចិត្តគ្នានៅតែបន្តខ្លាំងឡើងៗរហូតដល់ពួកយើងមិននិយាយរកគ្នាអស់ប៉ុន្មានថ្ងៃ។  ចំណែកខ្ញុំមានតែយករឿងរ៉ាវទាំងអស់មកបញ្ចេញក្នុងបណ្តាញសង្គមដើម្បីឱ្យបានធូរចិត្ត។ តែមិននឹកស្មានថា រឿងរ៉ាវនេះបានធ្វើឱ្យខ្ញុំបែកគ្នាពីមនុស្សជាទីស្រលាញ់សោះ។

ថ្ងៃមួយបន្ទាប់ពីឈ្លោះគ្នា មិននិយាយគ្នាជិត ២អាទិត្យសង្សាររបស់ខ្ញុំបានសុំខ្ញុំជួប។ ខ្ញុំយកដៃជូតទឹកភ្នែកទាំងញញឹមត្រេកអរ។ ទីបំផុតគាត់នៅតែស្រលាញ់ខ្ញុំ និងខ្វះខ្ញុំមិនបាន។ បន្ទាប់ពីគេងយំ ខូចចិត្ត យកបណ្តាញសង្គមជាមិត្តកំដរការខូចចិត្តរយៈពេលប៉ុន្មានអាទិត្យ ខ្ញុំក្រោកឡើងរៀបចំខ្លួនដើម្បីទៅជួបមនុស្សជាទីស្រលាញ់។ តែអ្វីៗដែលគិតថានឹងប្រសើរឡើងបានក្រឡាស់ពីបាតដៃទៅខ្នងដៃនៅពេលដែលឮសម្តីចេញពីមាត់មនុស្សប្រុសដែលធ្វើឱ្យខ្ញុំឈឺចាប់គេងយំប៉ុន្មានអាទិត្យនេះ។

« ពួកយើងបែកគ្នាទៅ»

កែវភ្នែកខ្ញុំស្រវាំង ដៃជើងញ័រសព្វខ្លួនប្រាណពេលឮសម្តីដូចចាក់សម្លាប់បេះដូងទាំងរស់។

« បងនិយាយអី? នេះហ្ហេស ជារឿងដែលបងចង់ជួបអូន?»

« បងសុំទោស...តែពួកយើងបន្តមិនបានទៀតទេ»

ខ្ញុំស្រែកសួរទាំងឈឺចាប់ទប់ចិត្តមិនបាន។

« ហេតុអ្វី? អូនខុសអី? ពេលវេលារយៈពេលប៉ុន្មានអាទិត្យសោះធ្វើឱ្យបងអស់ចិត្តពីអូនអ៊ីចឹងហ្ហេស? ចុះបងមានដឹងអត់ថារយៈពេលនោះអូនគេងយំអស់ទឹកភ្នែកប៉ុន្មាន? អូនឈឺចាប់យ៉ាងណាដែលបងព្រងើយកន្តើយ មិនរវីរវល់នឹងអូន ទុកអូនចោលអ៊ីចឹងនោះ? តែ....ទោះជាឈឺចាប់អូននៅតែស្រលាញ់បង តែបងវិញបែរជាមកសុំអូនបែកគ្នាអ៊ីចឹងហ្ហេស? បងអាក្រក់ណាស់» 

សង្សាររបស់ខ្ញុំនិយាយទាំងមុខមាំបង្កប់ភាពឈឺចាប់

« មែនហើយ...ក្នុងភ្នែករបស់មនុស្សរាល់គ្នាបងជាមនុស្សអាក្រក់ស្រាប់ទៅហើយ....អូនស្រលាញ់បង អូនឈឺចាប់? បើអូនស្រលាញ់បងមែន មិនមែនអូនសរសេររៀបរាប់ ជេរបងអាក្រក់ៗបង្ហោះឱ្យគេបានឃើញគ្រប់គ្នាទេ។ អូនស្រលាញ់បងអូនមិនធ្វើបែបនេះទេ »

សំឡេងខ្ញុំចាប់ផ្តើមញ័រ ពេលដែលសម្តីចាក់ដោតបេះដូងបានបន្លឺឡើង។

« អូន....អូន...អូនសរសេរព្រោះតែអូនអន់ចិត្ត អូនខឹងបង តែអូនគ្មានបំណងថាឱ្យបងទេ...ម្យ៉ាងអូនសរសេរចង់ឱ្យបងឃើញប៉ុណ្ណោះ »

សង្សាររបស់ខ្ញុំសើចទាំងហួសចិត្ត

« ហ៊ឹស! ឱ្យបងឃើញហ្ហេស? ចុះអូនមានដឹងអត់ថាមានមនុស្សប៉ុន្មានពាន់ណាស់ ប៉ុន្មានម៉ឺននាក់ដែលបានឃើញអ្វីដែលអូនសរសេរ? បងធ្លាប់ប្រាប់អូនហើយ ថាមានរឿងអីមិនគួរបង្ហោះឱ្យគេឃើញទេ មានរឿងអីហេតុអ្វីយើងមិននិយាយគ្នាឱ្យស្រួលបួល ? អូនធ្វើបែបនេះអាចដោះស្រាយបញ្ហាគ្រប់យ៉ាងមែនទេ? តែអត់ទេវាធ្វើឱ្យគេមើលងាយបង ហើយមើលមកបងជាមនុស្សអាក្រក់បំផុត។ អូនមានដឹងទេថា អូនធ្វើឱ្យបងឈឺចាប់ណាស់ »

ខ្ញុំឱបដៃអង្វរមនុស្សប្រុសជាទីស្រលាញ់ទាំងទឹកភ្នែករលីងរលោង

«អូន..អូនគ្មានបំណងទេ..អូនសុំទោសណា...អូនសុំទោស កុំខឹងអូនអី»

« បញ្ចប់អ្វីគ្រប់យ៉ាងល្អជាង...មិនមែនថាបងមិនផ្តល់ឱកាសឱ្យអូនទេ តែអូនមិនដែលស្តាប់បងសោះ។ អូនដឹងទេ! ដោយសារតែបងស្រលាញ់ បងគិតពីអូនបានជាបងមិនចង់ឱ្យអូនធ្វើបែបនេះ។ ព្រោះបងដឹងថាធ្វើបែបនេះគេមិនត្រឹមតែមើលងាយអូនទេ គេអាចវាយតម្លៃអូននៅក្នុងផ្លូវមិនល្អថែមទៀតផង។ មនុស្សទាំងនោះគេមិនថាឱ្យអូន ព្រោះគេមិនខ្វល់ពីអូន គេមិនគិតពីអូន។  តែមើលបងចុះ…សម្តីនិងបំណងល្អរបស់បងត្រឹមតែធ្វើឱ្យអូនធុញប៉ុណ្ណោះ....បានហើយ! បងហត់ណាស់ បងហត់នឿយ បងធុញទ្រាន់នឹងជីវិតបែបនេះណាស់....។ ដោះលែងបងទៅ បងមិនចង់រស់នៅក្នុងពិភពដ្រាម៉ាដូចជាអូនទេ ...បងគ្រាន់តែចង់បាននារីធម្មតាៗម្នាក់ ដែលស្រលាញ់បង គិតគូរដល់បង ចំណាយពេលវេលាសើច សប្បាយ កើតទុក្ខជាមួយបង មិនមែននិយាយតែស្រលាញ់បង បារម្ភពីបងក្នុងបណ្តាញសង្គមបង្អួតគេដូចអ្វីដែលអូនធ្វើកន្លងមកទេ…អូនមានដឹងខ្លួនអត់ថាអ្វីដែលអូនសរសេរ អ្វីដែលអូនរៀបរាប់បង្ហោះប្រាប់គេអស់ទាំងនោះ អូនមិនដែលផ្តល់ឱ្យបងទាល់តែសោះ។ បងឈឺ បងមានទុក្ខលំបាក អ្នកផ្ទះបងមានបញ្ហាអូនមានដែលដឹងអត់? អត់ទេ ! ជីវិតអូនចំណាយពេលវេលាតែជាមួយបណ្តាញសង្គមមួយមុខប៉ុណ្ណោះ..បានហើយ បងមិនចង់ឈឺចាប់ទៀតទេ»។

ខ្នងមនុស្សប្រុសជាទីស្រលាញ់បានដើរចេញពីខ្ញុំទាំងគ្មានអាឡោះអាល័យ ស្របពេលដែលទឹកភ្នែករបស់ខ្ញុំស្រក់ចុះលែងខ្មាសអ្នកណា។ ទាំងនេះជាកំហុសរបស់ខ្ញុំអ៊ីចឹងហ្ហេស? ហេតុអ្វីខ្ញុំមិនបានដឹងខ្លួនឯងបែបនេះ? មិននឹកស្មានគ្រាន់តែជាតួរអក្សរប៉ុណ្ណឹងសោះរបស់ខ្ញុំ អាចធ្វើឱ្យមនុស្សជាទីស្រលាញ់របស់ខ្ញុំឈឺចាប់បែបនេះបាន។ ឱ្យតែរំលឹកថយក្រោយខ្ញុំពិតជាស្តាយពេលវេលាដែលកន្លងមកណាស់។ បើសិនជាអាចបង្វិលពេលវេលាមកវិញបានខ្ញុំនឹងមិនធ្វើអ្វីដែលធ្វើឱ្យគេចាកចេញពីខ្ញុំជារៀងរហូតបែបនេះទេ។  នេះជារឿងពិត ​ហើយជាបទពិសោធន៍នៃជំងឺបណ្តាញសង្គមសព្វថ្ងៃដែលបំផ្លាញពេលវេលា អនុស្សាវរីយ៍ល្អៗ  និងមនុស្សល្អៗចេញពីជីវិតខ្ញុំ។  សុំទោសបានត្រឹមសុំទោស ​ស្តាយបានត្រឹមតែស្តាយ ​តែក៏ត្រលប់ពេលវេលាគ្រប់យ៉ាងមិនបាន៕ 

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]