ប្រទេសអង់គ្លេស ត្រូវបានគេស្គាល់ថា គឺជាប្រទេសដែលមានសក្ដានុពលខ្លាំងខាងផ្នែកកីឡា ជាពិសេសគឺកីឡាករបាល់ទាត់។ ត្បិតក្រុមជម្រើសជាតិអង់គ្លេស មិនសូវកាក់កបក្នុងការឈ្នះពានរង្វាន់កំពូលៗក្នុងតំបន់អឺរ៉ុប ក៏ដូចជាពានរង្វាន់កម្រិតពិភពលោកក្ដី ក៏ប្រទេសមួយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ នោះក៏ដោយសារលីកកំពូល Premier League ដែលជាលីកមានអ្នកទស្សនាច្រើនជាងគេបង្អស់ក្នុងលោក។ ក្នុងនោះផងដែរ ក្រុមទាំង៦ ដែលត្រូវបានគេបានចាត់ទុកថាជាក្រុមដែលមានសក្ដានុពលខ្លាំងជាងគេក្នុងលីកកំពូលអង់គ្លេស តែងតែធើ្វព្យុះធើ្វភ្លៀងយ៉ាងខ្លាំង ដើម្បីប្រជែងគ្នាក្នុងការដណ្ដើមជើងឯកជារៀងរាល់ឆ្នាំ។

ដូច្នេះថៃ្ងនេះ Khmerload សូមលើកជូនប្រវត្ដិក្លិបទាំង៦ ជូនប្រិយមិត្ដបានជ្រាប៖

-Tottenham Hotspur

ក្លិបមាន់ខ្នាយមាស Tottenham Hotspur ដែលជាទូទៅគេតែងហៅថា Tottenham ឫក៏ Spur គឺជាក្រុមអង់គ្លេស ដែលស្ថិតក្នុងតំបន់ Tottenham, Haringey ទីក្រុងឡុង ដែលសព្វថៃ្ងធើ្វការប្រកួតប្រជែងក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League។ ក្លិបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨២ ហើយបានប្រជែងឈ្នះពានរង្វាន់ជាលើកដំបូង ដោយអាចឈ្នះ FA Cup ក្នុងឆ្នាំ១៩០១។ ក្លិបនេះមានឈ្មោះដើមថា Hotspur Football Club ដោយបានបង្កើតឡើងដោយយុវជនមួយក្រុមក្នុងសាលាដែលដឹកនាំដោយបុរសម្នាក់ឈ្មោះ Robert Buckle និងមិត្ដភក្ដិរបស់គេ២នាក់ទៀត។ 

ក្នុងឆ្នាំ១៨៨៤ ដោយការស្នើសុំពីបណ្ដាសមាជិកទាំងមូល ក្លិបក៏បានប្ដូរឈ្មោះហៅថា Tottenham Hotspur រហូតមកដល់បច្ចុប្បន្ន។ នៅថៃ្ងទី២ ខែមិនា ឆ្នាំ១៨៩៥ Spur បានចូលរួមក្នុងការប្រកួតក្នុងនាមជាក្លិបបាល់ទាត់អាជីព ដោយបានប្រកួតក្នុងលីក Division One ។ Spur ក្លាយជាក្លិបដំបូងគេបង្អស់ដែលអាចឈ្នះ League Cup និង FA Cup ក្នុងឆ្នាំតែមួយ ពោលគឺក្នុងរដូវកាល ១៨៦០-១៨៦១។ ក្រោយពីការពារតំណែង FA Cup បានជោគជ័យក្នុងឆ្នាំ១៨៦២ ក្នុងឆ្នាំ១៩៦៣ ពួកគេក៏បានក្លាយជាក្លិបអង់គ្លេសដំបូងគេ ដែលអាចឈ្នះពានរង្វាន់ European Cup។ ពានរង្វាន់ធំៗដែលក្លិបបានឈ្នះរួមមាន FA Cup ចំនួន៨ដង UEFA Cup ២ដង League Cup ៤ដង។  

ក្លិប Tottenham Hotspur អតីតកាល
ក្លិប Tottenham Hotspur បច្ចុប្បន្ន

-Manchester City

ក្រុមមេឃខៀវ Manchester City បានបង្កើតឡើងក្នុងឆ្នាំ ១៨៨០ ដែលដំបូងនោះមានឈ្មោះ Ardwick FC ដែលមានមូលដ្ឋានដំបូងបង្អស់គឺក្នុងតំបន់ St Mark (West Gorton) ក្រោយមកក្នុងឆ្នាំ១៨៩៤ ក៏បានប្ដូរឈ្មោះជា Manchester City មកទល់បច្ចុប្បន្ន។ ឈ្មោះថ្មីនេះបានប្ដូរ នៅពេលដែលពួកគេចូលប្រកួតក្នុងលីក Divison One និង Division Two។ ក្នុងឆ្នាំ១៩០៤ City បានឈ្នះពានរង្វាន់ FA Cup និងជាជើងឯករងផងដែរ។ 

សព្វថៃ្ងនេះ Manchester City គឺជាក្រុមដ៏មានឥទ្ធិពលមួយ ពោលគឺចាប់តាំងពីការឡើងមកកាន់កាប់របស់មហាសេដ្ឋីអារ៉ាប់មក ក្រុមមួយនេះគឺជាក្រុមដ៏គ្រោះថ្នាក់មួយសម្រាប់ក្រុមដ៏ទៃទៀត ក្នុងលីកកំពូលអង់គ្លេស ក៏ដូចជាក្រុមក្នុងតំបន់អឺរ៉ុបផងដែរ។ ពានរង្វាន់ធំៗដែលក្លិបឈ្នះមានដូចជា FA Cup ចំនួន៥ដង League Cup ចំនួន៤ដង European Cup ចំនួន១ដង និងពានលីកកំពូលអង់គ្លេស ចំនួន ៣ដង។  

ក្លិប Manchester City អតីតកាល
ក្លិប Manchester City បច្ចុប្បន្ន

-Arsenal

ក្លិបកាំភើ្លងធំ Arsenal ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨៦ ដែលមានឈ្មោះដើម Dial Square ខណៈដែលទីតាំងនៃក្លិបមួយនេះគឺស្ថិតក្នុងភាគខាងត្បូងទីក្រុងឡុង ប្រទេសអង់គ្លេស។ ៧ឆ្នាំក្រោយការបង្កើតក្លិប ពួកគេបានក្លាយជាក្រុមដំបូងគេក្នុងតំបន់ភាគខាងត្បូង ដែលអាចចូលរួមការប្រកួតលីកបាល់ទាត់ ហើយបានឡើងមកកាន់ Division One ក្នុងឆ្នាំ១៩០៤។ ពួកគេបានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូងក្នុងឆ្នាំ១៩៧០ ក្រោយយកឈ្នះក្រុម Anderlecht នៃពានរង្វាន់ Fairs Cup។ រំលងមួយឆ្នាំ ពោលគឺក្នុងឆ្នាំ១៩៧១ ពួកគេក៏បានបន្ដឈ្នះ FA Cup ដោយបំបាក់ Liverpool ក្នុងម៉ោងបន្ថែម។ ពានរង្វាន់ធំៗដែលពួកគេឈ្នះរួមមាន លីកកំពូលអង់គ្លេសចំនួន១៣ដង League Cup ២ដង និង FA ចំនួន១៣ដង។

ក្លិប Arsenal អតីតកាល
ក្លិប Arsenal បច្ចុប្បន្ន

-Chelsea

ក្រុមតោខៀវ Chelsea ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៥ ដោយលោក Gus Mears ជាអ្នកជំនួញជនជាតិអង់គ្លេស ហើយលោកក៏បានចំណាយលុយសាងសង់កីឡដ្ឋាន Stamford Bridge ផ្ទាល់តែម្ដង។ ទោះជា Chelsea មានអ្នកគាំទ្រច្រើន និងបានចំណាយលុយច្រើនទិញកីឡាករល្បីៗ ក៏ក្នុងអំឡុងពេល៥០ឆ្នាំក្រោយបង្កើត ក្លិបពុំសូវទទួលជោគជ័យប៉ុន្មានទេក្នុងការឈ្នះពានរង្វាន់។ 

យ៉ាងណាមិញក្លិបក៏អាចឡើងដល់វគ្គផ្ដាច់ព្រ័តក្នុងពានរង្វាន់ FA Cup ជាលើកដំបូងផងដែរ។ Chelsea បានធ្លាក់ទៅកាន់លីក Division Two និង Three ជាច្រើនរឿយៗ ក៏ប៉ុន្ដែក្លិបអាចជម្នះរឿងទាំងនេះ ដោយលើកពាននៅទីនោះ ហើយឡើងមកកាន់លីកកំពូល Division One ដោយភាពខ្លាំង។ ពានរង្វាន់ធំៗដែលក្លិបឈ្នះមានដូចជា លីកកំពូលអង់គ្លេសចំនួន៦ដង FA Cup ចំនួន៧ដង League Cup ៥ដង Europa League ១ដង និង Champions League ចំនួន១ដង។  

ក្លិប Chelsea អតីតកាល
ក្លិប Chelsea បច្ចុប្បន្ន

-Liverpool

ក្រុមហង្សក្រហម Liverpool បានបង្កើតឡើងក្នុងឆ្នាំ១៨៩២ ដោយស្ថិតក្នុងតំបន់ Merseyside ទីក្រុង Liverpool ប្រទេសអង់គ្លេស។ ក្រោយការបង្កើតក្លិប ពោលគឺក្នុងឆ្នាំបន្ទាប់ពួកគេបានចូលប្រកួតក្នុងពានរង្វាន់ដែលឲ្យឈ្មោះថា Football League ។ Liverpool បានសាងកេ្ដរិ៍ឈ្មោះយ៉ាងខ្លាំងទាំងក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុបអំឡុងទស្សវត្សទី៧០ និង៨០ នៅពេលដែលអតីតកីឡាករ Vill Shankly និង Bob Paisley បាននាំក្លិបឲ្យឈ្នះពានលីកចំនួន១១ដង និងពានរង្វាន់អឺរ៉ុបចំនួន៧ដង។ Liverpool គឺជាក្រុមដែលរកចំនូលបានច្រើនជាងគេទី៩ ក្នុងរដូវកាល២០១៤-២០១៥ និងក្លាយជាក្រុមដែលថៃ្លជាងគេទី៨ លើលោក ក្នុងឆ្នាំ២០១៦។ ពានរង្វាន់ធំៗដែលក្លិបបានឈ្នះរួមមាន លីកកំពូលអង់គ្លេស ចំនួន១៨ដង Champions League ចំនួន៥ដង FA Cup ៥ដង League Cup ៨ដង Super Cup ៣ដង និង UEFA Cup ចំនួន ៣ដង។  

ក្លិប Liverpool អតីតកាល
ក្លិប Liverpool បច្ចុប្បន្ន

-Manchester United

ក្លិបបិសាចក្រហម Manchester United ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧៨ ដែលមានឈ្មោះដើមថា Newton Health LYR F.C មានទីតាំងស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។ 

ក្លិបបានចូលរួមក្នុងការប្រកួត Football League ជាលើកដំបូងក្នុងឆ្នាំ១៨៩២ ប៉ុន្ដែត្រូវបានធ្លាក់ទៅវិញ ២ឆ្នាំបន្ទាប់។ ក្នុងឆ្នាំ១៩០២ ក្លិបបានសម្រេចប្ដូរឈ្មោះពី Newton Health LYR F.C ទៅ Manchester United រហូតមកដល់បច្ចុប្បន្ន ហើយបានឈ្នះពាន English League ក្នុងឆ្នាំ១៩០៨ ហើយបន្ដឈ្នះ FA Cup ក្នុងឆ្នាំបន្ទាប់។ ជាអកុសលក្នុងឆ្នាំ១៩៥៨ ក្រុម Manchester United បានជួបរឿងដ៏គួរឲ្យរន្ធត់ គឺក្រុមទាំងមូលបានជួបគ្រោះថ្នាក់ធ្លាក់យន្ដហោះ នៅពេលពួកគេធើ្វដំណើរទៅលេងក្នុងការប្រកួត European Cup ទល់នឹងក្រុម Red Star Belgrade។ 

នៅក្នុងគ្រោះថ្នាក់នោះ បានបង្កឲ្យកីឡាករចំនួន៨ និងបុគ្គលិករបស់ក្លិប៣នាក់ បានស្លាប់។ Man Utd បានក្លាយជាក្លិបដែលអាចរកចំណូលបានច្រើនជាងគេបង្អស់លើលោកក្នុងឆ្នាំ២០១៦ និងក្លាយជាក្រុមអង់គ្លេសតែមួយគត់ ដែលអាចឈ្នះពានធំៗទាំង៣ ក្នុងមួយរដូវកាល (១៩៩៩)។ ពានរង្វាន់ធំៗដែលក្លិបបានឈ្នះមានដូចជា លីកកំពូលអង់គ្លេសចំនួន២០ដង FA Cup ១២ដង League Cup ៥ដង Champions League ៣ដង Europa League ១ដង FIFA Club World Cup ១ដង៕  

ក្លិប Manchester United អតីតកាល
ក្លិប Manchester United បច្ចុប្បន្ន

ប្រភព៖ wikipedia | ESPN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]