ខេត្តបាត់ដំបង ៖ គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ​ម្នាក់​ស្លាប់​ទាំង​ម្ដាយ ទាំង​កូន បន្ទាប់​ពី​ស្វាមី​ស្ត្រី​រូប​នេះ​ប​ញ្ជួ​ន​មក​ឲ្យ​គ្រួ​ពេទ្យ​នេះ​ពិនិត្យ​ផ្ទៃពោះ នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ក្រោយ​ពី​គ្រូ​ពេទ្យ​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម ដែល​គេ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ប្រតិកម្ម​ថ្នាំ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​​មាន​ប្រសា​ស​ន៍​ថា ពិតជា​មានរឿង​នេះ​កើតឡើង​មែន ហើយ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ភ្លាម​ៗ​ឲ្យ​មន្ត្រី​នៃ​ការិយា​ល័យ​​ជំនាញ​ចុះ​កាន់​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ ដើម្បី​ពិនិត្យ​សព​។ ប៉ុន្តែ​ត្រូវ​បាន​រថយន្ត​សា​មុយ​នៃ​មន្ទីរពេទ្យ​ឯកជន​នេះ ​ដឹក​សព​ស្ត្រី​រង​គ្រោះ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ផុត​ទៅ​ហើយ​។ ករណី​នេះ​បាន​ផ្ទុះ​ខ្លាំង​រហូត​ឈាន​ដល់​ការ​ឃាត់​រថយន្ត​ពេទ្យ​មិន​ឲ្យ​ចាក​ចេញពីផ្ទះ​ស្ត្រី​រង​គ្រោះ​ទៀត​ផង នៅ​ពេល​រថយន្ត​នេះ​ដឹក​សព​ទៅ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​។ លោក​បាន​​បន្ថែម​ថា ដោយសារ​តែ​មានការ​ប្រឈម​ជាមួយ​អ្នក​ភូមិ​បែប​នេះ​ ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​អន្តរា​គម​ន៍​​ផ្ទាល់​ដល់​ផ្ទះ​ស្ត្រី​រង​គ្រោះ​ទាំង​យប់ និង​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ​ទៀត​ផង​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ និង​ធ្វើការ​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​ស្ត្រី​ និង​កូន​ក្នុង​ផ្ទៃ​នេះ​ហើយ​។

បើ​តាម​របាយ​ការ​ណ៍​របស់​មន្ត្រី​មូលដ្ឋាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​អ៊ំ សោ​ភ័​ណ្ឌ អាយុ​៤២​ឆ្នាំ មាន​ស្វាមី​វ័យក្មេង​ឈ្មោះ​ទង អេ​លី​យ៉ា អាយុ​២២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​អូរ​តា​ញា ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។ ស្វាមី​ស្ត្រី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​កញ្ញា ខ្លួន​បាន​នាំ​ប្រពន្ធ​​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ ​«​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ​» ហើយ​គ្រូ​ពេទ្យ​ប្រាប់​ថា ប្រពន្ធ​ខ្លួន​អាច​នឹង​កើត​នៅ​ល្ងាច​ ឬ​យប់​នេះ​ (ថ្ងៃទី១៦ កញ្ញា)​។ តាម​ពិត​ខ្លួន​ធ្លាប់​នាំ​ប្រពន្ធ​ទៅ​ពិនិត្យ​ម្ដង​ហើយ​នៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​ពេទ្យ​ថា នឹង​គ្រប់​ខែ​នៅ​ថ្ងៃ​ទី​១២ ​កញ្ញា តែ​លើស​៤​ថ្ងៃ​ហើយ​មិនឃើញ​កើត ទើប​ខ្លួន​នាំ​ប្រពន្ធ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ឯកជន​ខាងលើ​ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង​។

ប្ដី​ស្ត្រី​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ក្រោយ​ពី​ពិនិត្យ​រួច គ្រូ​ពេទ្យ​បាន​ឲ្យ​ថ្នាំ​ប្រពន្ធ​ខ្លួន​លេប លុះ​នៅ​រសៀល​ថ្ងៃ​ដដែល​ប្រពន្ធ​ខ្លួន​បែក​ទឹកភ្លោះ និង​ចុក​ពោះ​។ ពេល​នោះ​ពេទ្យ​បាន​ដាក់​សេរ៉ូម ​និង​ចាក់​ថ្នាំ​នៅ​លើ​ភ្លៅ​ទៀត ហើយ​ខ្លួន​​សួរនាំ​ពី​ការ​ចាក់​ថ្នាំ​នោះ តែ​គ្រូពេទ្យ​ថា ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។ គ្រា​ហ៍​នោះ​ប្រពន្ធ​ខ្លួន​ឈឺ​កាន់​តែ​ខ្លាំង​។ ខ្លួន​ភ័យ​ក៏​ដើរទៅ​ហៅ​គ្រូ​ពេទ្យ​មក​មើល​ទៀត លុះ​គ្រូ​ពេទ្យ​មក​ដល់ ស្រាប់តែ​ប្រាប់​ថា ត្រូវ​ដូរ​បន្ទប់ ព្រោះ​បន្ទប់​នេះ​គ្មាន​ឧ​បករ​ណ៍​គ្រប់គ្រាន់​។ ពេល​នោះ​ប្រពន្ធ​ខ្លួន​វិលមុខ ឈឺពោះ និង​ខ្សោយ​កាន់តែ​ខ្លាំង ហើយ​ពេទ្យ​បាន​ដាក់​អ៊ុ​ក​ស៊ី​ហ្សែ​ន ចាក់​ថ្នាំ​តាម​ខ្សែ​សេរ៉ូម និង​បាញ់ថ្នាំ​ម្យ៉ាង​ចូល​មាត់​ទៀត តែ​ស្រប​ពេល​នោះ​ខ្លួន​ឃើញ​មាន​ឈាម​ហូរ​ចេញ​តាម​មាត់​ទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្លួន​មានការ​ភ្ញាក់ផ្អើលនោះ គឺ​នៅ​ពេល​គ្រូ​​ពេទ្យ​ប្រាប់​ឲ្យ​ខ្លួន​ទៅ​បំពេញ​ឯកសារ​ដើម្បី​វះកាត់ ដែល​ខ្លួន​មិន​នឹក​ស្មាន​ដល់​។ គ្រូពេទ្យ​ក៏​​បញ្ជូន​ប្រពន្ធ​ខ្លួន​ទៅ​កាន់​បន្ទប់វះកាត់​ភ្លាម​ៗ​ដែរ​។ ពេល​ដល់​បន្ទប់វះកាត់ពេទ្យ​មិន​ទាន់​ធ្វើការ​វះកាត់​ទេ គ្រាន់តែ​ព្យួរសេរ៉ូម​ទុក​ប្រពន្ធ​ខ្លួន​ចោល​ក្នុង​បន្ទប់​។ ប៉ុន្តែ​ប្រមាណ​៣​នាទី​ក្រោយ គ្រូពេទ្យ​ហៅ​ខ្លួន​ទៅ​ក្នុង​បន្ទប់វះកាត់ ស្រាប់តែ​ឃើញ​ប្រពន្ធ​ខ្លួន​បែកពពុះមាត់ និង​ហូរ​ឈាម​តាម​មាត់​លែង​ដឹងខ្លួន​ទៅ​ហើយ​។ គ្រា​ហ៍​នោះ​គ្រូ​ពេទ្យ​ប្រាប់​ថា​ «​គាត់​ធ្ងន់​ហើយ បើ​អាច​ជួយ​បាន​ពេទ្យ​នឹង​ជួយ តែបើ​ជួយ​មិន​បាន​មាន​តែ​កាត់ចិត្ត​ទៅ និង​ដឹក​សព​យក​ទៅ​ផ្ទះ​តែ​ប៉ុណ្ណោះ​» ហើយ​ប្រពន្ធ​ខ្លួន​ក៏​ដាច់​ខ្យល់​ស្លាប់​ភ្លាម​ៗ​យ៉ាង​រន្ធត់​បំផុត​។ ស្ថិត​ក្នុង​ស្ថានភាព​ដ៏រន្ធត់​នេះ ក៏សង្ស័យ​ថា ការ​ស្លាប់​របស់​ប្រពន្ធ​ខ្លួន​នេះ អាច​បណ្ដាល​មក​ពី​ការ​ប្រតិកម្ម​ថ្នាំ និង​ការ​យឺ​ត​យ៉ាវ​របស់​គ្រូ​ពេទ្យ រួម​ផ្សំ​នឹង​ការ​ធ្វេសប្រហែស​ផង​ ព្រោះ​ប្រពន្ធ​ខ្លួន​មិន​មាន​បញ្ហា​អ្វី​ទេ ពេល​នាំ​មក​ពី​ផ្ទះ គឺ​គ្រាន់តែ​នាំ​មក​ឲ្យ​គ្រូ​ពេទ្យ​ជួយ​ពិនិត្យ​ផ្ទៃពោះ​តែ​ប៉ុណ្ណោះ ដែល​លើស​៤​ថ្ងៃ​ហើយ​​មិន​ទាន់​កើត តែ​បែរ​ជា​ចាក់​ថ្នាំ ឲ្យ​លេបថ្នាំ និង​ដាក់​សេរ៉ូម​រហូត​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្លួន​ស្លាប់​ទាំង​កូន​ក្នុង​ផ្ទៃ​តែ​ម្ដង​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​ពី​លោក​គ្រូពេទ្យ ប៊ុ​ន សុវណ្ណ ដែល​ជា​អ្នកគ្រប់គ្រង​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណខាងលើ​នេះ តែ​ត្រូវ​​បាន​អ្នក​ផ្សេង​លើក​ទូរស័ព្ទ​នេះ ហើយ​និយាយ​ថា ខ្លួន​ជា​បុគ្គលិក មិន​អាច​បំភ្លឺ​បាន​ឡើយ​។

បើ​តាម​ប្រភព​នានា​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ពេល​ស្ត្រី​រង​គ្រោះ​ស្លាប់ ខាង​មន្ទីរពេទ្យ​ឯកជន​នេះ​បាន​បញ្ជូន​សព​ចេញ​ភ្លាម​ៗ​យ៉ាង​តក់ក្រហល​បំផុត ទៅ​កាន់​លំនៅ​ឋាន​ជន​រង​គ្រោះ​តាម​រយៈ​រថយន្ត​សា​មុយ​របស់​មន្ទីរពេទ្យ​នេះ​។ ពេល​បញ្ជូន​សព​ស្ត្រី​ដល់​ផ្ទះ ស្រាប់តែ​សាច់ញាតិ និង​អ្នក​ភូមិ​​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង រារាំង​មិន​ឲ្យ​រថយន្ត​សា​មុយ និង​អ្នក​បើកបរ​ចាក​ចេញពីផ្ទះ​ជន​រង​គ្រោះ​ឡើយ រហូត​ទាល់តែ​មាន​អន្តរា​គម​ន៍​ពី​សមត្ថកិច្ច ទើប​ស្ថានភាព​បាន​ធូរស្រាល​វិញ​។

លោក​ឧត្តមសេនីយត្រី​ ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ថ្លែង​ជុំវិញ​ករណី​នេះ​ថា បន្ទាប់​ពី​ផ្ទុះ​នូវ​រឿង​មិន​ប្រក្រតី​នៃ​មន្ទីរពេទ្យ​ឯកជន​នេះ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ភ្លាម​ៗ​ឲ្យ​​មន្ត្រី​ការិយាល័យ​ជំនាញ ចុះ​ពិនិត្យ​សព​ទាំង​យប់​ដល់​លំនៅ​ឋាន​ជន​រង​គ្រោះ​។ ការិយាល័យ​ជំនាញ​បាន​ទ​ទួល​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​ហើយ រីឯ​ការ​ធ្វើ​កោសល្យ​​វិច័យ​លើ​សព​ជន​រង​គ្រោះ​ក៏​រួចរាល់​ហើយ​ដែរ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា យើង​កំពុង​សួរនាំ​សាក្សី​មួយ​ចំនួន និង​កំពុង​រៀបចំ​ចេញ​ដីកាកោះ​អ​ញ្ញើញ​ក្រុម​គ្រូ​ពេទ្យ និង​ម្ចាស់​គ្លីនិក​ឯកជន​មួយ​នេះ​ឲ្យ​ចូល​មក​បំភ្លឺ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ​ម្នាក់​ស្លាប់​ទាំង​ម្ដាយ ទាំង​កូន បន្ទាប់​ពី​ស្វាមី​ស្ត្រី​រូប​នេះ​ប​ញ្ជួ​ន​មក​ឲ្យ​គ្រួ​ពេទ្យ​នេះ​ពិនិត្យ​ផ្ទៃពោះ
គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ​ម្នាក់​ស្លាប់​ទាំង​ម្ដាយ ទាំង​កូន បន្ទាប់​ពី​ស្វាមី​ស្ត្រី​រូប​នេះ​ប​ញ្ជួ​ន​មក​ឲ្យ​គ្រួ​ពេទ្យ​នេះ​ពិនិត្យ​ផ្ទៃពោះ
គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ​ម្នាក់​ស្លាប់​ទាំង​ម្ដាយ ទាំង​កូន បន្ទាប់​ពី​ស្វាមី​ស្ត្រី​រូប​នេះ​ប​ញ្ជួ​ន​មក​ឲ្យ​គ្រួ​ពេទ្យ​នេះ​ពិនិត្យ​ផ្ទៃពោះ
គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ​ម្នាក់​ស្លាប់​ទាំង​ម្ដាយ ទាំង​កូន បន្ទាប់​ពី​ស្វាមី​ស្ត្រី​រូប​នេះ​ប​ញ្ជួ​ន​មក​ឲ្យ​គ្រួ​ពេទ្យ​នេះ​ពិនិត្យ​ផ្ទៃពោះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]