** ប្រលោមលោកខ្មែរឡូត **

« ហ៊ឹកៗៗៗៗ »

សំឡេងយំរបស់មនុស្សស្រីម្នាក់នៅក្នុងទូរស័ព្ទធ្វើឱ្យជើងរបស់ខ្ញុំនៅមិនស្ងៀម ដៃដែលកំពុងចាប់នំប៉័ងសម្រាប់អាហារពេលព្រឹកញ័រតតាត់ រួចក៏រត់ចេញពីហាង សំដៅទៅសួនឧទ្យានដែលនៅ ២ ច្រកខាងមុខ។ នាងជាមិត្តសម្លាញ់របស់ខ្ញុំតាំងពីនៅវ័យជំទង់ ហើយក៏ជាមនុស្សស្រីដែលមានឥទ្ធិពលបំផុតសម្រាប់បេះដូងរបស់ខ្ញុំ ។ នាងអាចធ្វើឱ្យបេះដូងរបស់ខ្ញុំលោតខុសចង្វាក់រាល់ពេលដែលជួបគ្នា នាងធ្វើឱ្យអារម្មណ៍របស់ខ្ញុំឡើងចុះម្តងសប្បាយម្តងរីករាយម្តងកើតទុក្ខដោយមិនអាចស្មានបាន។ ខ្ញុំធ្លាប់សន្យាថានឹងនៅជាមិត្តរបស់នាងមិនថាពេលណាដែលនាងត្រូវការ មិត្តម្នាក់នេះ នឹងនៅក្បែរនាងជានិច្ច មិនថានាងសុំអ្វី មិនថានាងចង់បានអ្វីបើមិនលើសពីសមត្ថភាពរបស់ខ្ញុំ ខ្ញុំនឹងប្រឹងប្រែងយកវាឱ្យនាងទាល់តែបាន។ ខ្ញុំចាំថាកាលវិទ្យាល័យនាងស្រលាញ់មិត្តរួមថ្នាក់ម្នាក់ ខ្ញុំដឹងថាខ្ញុំមិនសប្បាយចិត្ត ខ្ញុំឈឺចាប់ តែដើម្បីស្នាមញញឹមរបស់នាងខ្ញុំបានរកវិធីគ្រប់យ៉ាងដើម្បីឱ្យពួកគេស្រលាញ់គ្នា។ ខ្ញុំអាចធ្វើបានវាជាអ្វីដែលខ្ញុំធ្វើដើម្បីនាង។

ក្រោយៗមកទំនាក់ទំនងមិត្តភក្តិរបស់ពួកយើងក៏នៅតែបន្តរហូតដល់សព្វថ្ងៃនេះ។ ទោះជាពួកយើងមិនសូវមានពេលឱ្យគ្នា ព្រោះតែមានការងាររៀងៗខ្លួន ជាពិសេសនាងរវល់ជាមួយសង្សាររបស់នាងបានជាខ្ញុំនៅតែម្នាក់ឯងជារឿយៗ ប៉ុន្តែមិនថានាងរកខ្ញុំពេលណាទេខ្ញុំអាចទៅរកនាងគ្រប់ពេលដែលនាងត្រូវការ។ ពេលដែល បាត់ដំណឹងនាងសូន្យឈឹងជីវិតរបស់ខ្ញុំក៏អាប់រស្មី និងគ្របដណ្តប់តែភាពឯកាតាមហ្នឹងដែរ ទៅ។ ដូច្នេះរាល់ពេលឃើញលេខរបស់នាងទូរស័ព្ទមកខ្ញុំក៏បង្ហាញស្នាមញញឹមលើមុខទាំងរីករាយ។ តែសំឡេងក្នុងទូរស័ព្ទនៅពេលនេះបែរជាធ្វើឱ្យបេះដូងខ្ញុំប្រេះស្រាំទៅវិញ។ នាងនិយាយពីក្នុងទូរស័ព្ទទាំងយំ

« មករកខ្ញុំបន្តិចបានទេ ហ៊ឹកៗៗ គេ..គេធ្វើបាបខ្ញុំទៀតហើយ »

មិនទាន់បាននិយាយស្រួលបួលខ្ញុំក៏រត់ទៅភ្លាមដោយកាន់នំប៉័ងទៅទាំងមិនទាន់បង់លុយឱ្យគេ។ ខ្ញុំឃើញនាងកំពុងតែអង្គុយយំលើបង់ម្នាក់ឯង ពេលនាងឃើញខ្ញុំក៏រត់មកឱបខ្ញុំជាប់

« ហ៊ឹកៗៗ គេទៅបាត់ហើយ គេថាឈប់ស្រលាញ់ខ្ញុំហើយ តើឱ្យខ្ញុំធ្វើយ៉ាងម៉េចទៅ? »

ខ្ញុំទះខ្នងនាងលួងលោម

« កុំអ៊ីចឹងអី រឹងប៉ឹងតិចមើល អាពាក្យបែកគ្នាខ្ញុំឮឡើងស៉ាំហើយណា តែតិចត្រូវគ្នាវិញហើយមិនចឹង?»

« អត់ទេ! ពេលនេះគេទៅមែនហើយ ហ៊ឹកៗៗៗ » ។ ខ្ញុំប្រុងនឹងនិយាយលួងលោមបន្ថែមស្រាប់តែឃើញប៉ូលីស២នាក់ដើរមករកខ្ញុំ ហើយចាប់ខ្លួនខ្ញុំ។

« មានរឿងអី?»

.............................................

១ ម៉ោងក្រោយនៅលើបង់ក្រោមដើមឈើធំមួយ ខ្ញុំនិងនាងអង្គុយជិតគ្នាទាំងស្ងប់ស្ងាត់រៀងខ្លួន។ នាងក៏ចាប់ផ្តើមនិយាយទាំងមុខដឹងកំហុស

« សុំទោសណាដែលឱ្យលំបាកដោយសារខ្ញុំ»

«មានអីឯណារឿងតូចតាចតើ មកពីខ្ញុំប្រញាប់ខ្លួនឯង»

« បើមិនដោយសារខ្ញុំទូរស័ព្ទទៅ ប្រហែលជា...»

ខ្ញុំនិយាយកាត់ទាំងធ្វើមុខរីករាយ

« ថាមិនអីទេ គ្រាន់តែរឿងយកនំប៉័ងគេមួយដើមមិនដល់ថ្នាក់ជាប់គុកឯណា ពិន័យតិចតួចសោះ សំខាន់នាងមិនអីទៅបានហើយ »

« អរគុណដែលនៅជាមិត្ត...និយាយចឹង..តើខ្ញុំអាចសុំនៅជាមួយមួយរយៈបានទេ ខ្ញុំមិនចង់ទៅផ្ទះប្រឈមនឹងអ្នកផ្ទះទេ ខ្ញុំមិនចង់ឆ្លើយសំណួរអ្នកណាទាំងអស់»

« បាន...បាន..រឿងអីមិនបាន»

នាងញញឹមអរគុណហើយកាន់ដៃខ្ញុំ។ ពួកយើងក៏ដើរសំដៅទៅបន្ទប់ស្នាក់នៅជាមួយគ្នា។ 

រូបតំណាង

បេះដូងខ្ញុំលោតខុសចង្វាក់ពោរពេញដោយអារម្មណ៍ភ័យអរដោយថាមិនត្រូវ ។ មិននឹកស្មានថាមានថ្ងៃដែលពួកយើងអាចមានឱកាសប្រើជីវិតរួមគ្នាបែបនេះសោះ ទោះក្នុងនាមជាអ្វីមិនថ្វី សំខាន់ខ្ញុំបាននៅក្បែរមនុស្សស្រីដែលខ្ញុំស្រលាញ់បំផុតបែបនេះ។ ខ្ញុំបានយកកម្រាលក្រាលនឹងឥដ្ឋក្រោមគ្រែ ហើយឱ្យនាងគេងលើគ្រែរបស់ខ្ញុំ។ នាងញញឹមគេងបែរមកមើលខ្ញុំពីលើគ្រែ

« អរគុណម្តងទៀតណា»

« អ៊ឹម! មិនអីទេ...យើងជាមិត្តនឹងគ្នាតើ សុបិនល្អចឹង»

« នែ!?»

« ហាស? »

« មើលយូរៗទៅឯងក៏ស្អាតដែរតើ ហេតុអ្វីបានជាពីមុនខ្ញុំមិនដែលចាប់អារម្មណ៍ឯង? »

« ហាហា...អូសក្រឡាហ្ហា.......កុំនិយាយលេងសើចអីឆាប់គេងទៅ» ខ្ញុំនិយយាបន្លប់ទាំងឬកពាអឹមអៀន។ នាងញញឹមបន្តិចរួចប្តូរសំណួរ

« នៅក្រោមពិបាកគេងអត់? ឈឺខ្លួនអត់? អត់ដណ្តប់ភួយចឹងមិនរងារទេ? »

« មិនអីទេខ្ញុំមនុស្សប្រុសសាច់ក្រាស់ណាស់»

« ការពិតទោះគ្រែនេះមិនធំណាស់ណា តែក៏ល្មមឱ្យមនុស្ស២នាក់គេងបាន ឡើងមក»

« អេ! មិនសមទេ»

« ឆ្កួតឡើងមកខ្ញុំមិនប្រកាន់ទេ គ្រាន់តែគេងតើ»

« អឺ»

ដោយនាងបង្ខំពេកខ្ញុំក៏ឡើងទៅលើគ្រែទាំងស្ទាក់ស្ទើរ។ ខ្ញុំដឹងថានាងលួចសើចនឹងឬកពារបស់ខ្ញុំ។ ខ្ញុំក៏គេងបៀតនឹងជញ្ជាំងខ្លាចប៉ះនាង ហើយនិយាយម្តងទៀតទាំងសំលេងញ័រ

« រាត្រី......សួស្តី»

ភ្លើងក៏រលត់ចិត្តខ្ញុំស្រាប់តែរសាប់រសល់មិនយល់ថាវាជាអារម្មណ៍អ្វី? ប្រហែលជារំភើបពេកដែលនៅជិតនាងទេដឹង។ កំពុងតែគិតនេះគិតនោះស្រាប់តែម្រាមដៃតូចរាវមកប៉ះចង្កេះខ្ញុំ ហើយខ្លួនមនុស្សស្រីម្នាក់មកឱបខ្ញុំពីក្រោយរួចនិយាយ

« សុំឱបបន្តិចណា...រងារណាស់»

« អឺ!!!»

« កក់ក្តៅណាស់»

ខ្ញុំនិយាយមិនចេញបានត្រឹមតែបិទមាត់ប្រឹងសំងំគេងទាំងស្ងៀមស្ងាត់ តែក៏មិនអាចហាមឃាត់សំឡេងបេះដូងដែលលោតសឹងធ្លាយទ្រូង។ នាងសួរទាំងសំឡែងទប់សំណើច

« សំឡេងអីហ្នឹង?»

« គ្មាន...គ្មានអីទេ? »

« បេះដូងឯងលោតហើយ...នែ...ឯងមានដែលចូលចិត្តខ្ញុំទេ? »

« ខ្ញុំ.............»

នាងឱបខ្ញុំកាន់តែខ្លាំងរួចទាញភួយដណ្តប់ឱ្យខ្ញុំរួចនិយាយ

« ភួយតូចណាស់ដណ្តប់មិនជិតទេសម្រាប់មនុស្ស២នាក់ ស្អែកយើងទៅទិញជាមួយគ្នាល្អទេ ? »

« អឺ...»

« ខ្ញុំចូលចិត្តឯង....ចង់សាករាប់អានគ្នាអត់?»

« និយាយលេង?»

« អត់ទេ »

ខ្ញុំបែរខ្នងមករកនាងរួចប្រឹងសំឡឹងមើលទៅក្នុងភ្នែកនាងរកចម្លើយពិត។ នាងញញឹមពោរពេញដោយមនោសញ្ចេតនាមករកខ្ញុំ។ ខ្ញុំក៏ស្រវាឱបនាងជាប់ដោយមិននិយាយអ្វី។

ចាបពីយប់នោះមកពួកយើងប្រៀបបីដូចជាគូស្នេហ៍ដែលស្រលាញ់គ្នារាប់ឆ្នាំមកអ៊ីចឹង។ ទោះមិនបាននិយាយពីការស្រលាញ់ ឬសារភាពស្នេហាយ៉ាងណាក៏ដោយខ្ញុំក៏មានអារម្មណ៍ថាពិតជាផ្អែមល្ហែមណាស់ មានសេចក្តីសុខណាស់។ ដោយសារតែពួកយើងជាមិត្តនឹងគ្នាច្រើនឆ្នាំការយល់ចិត្តគ្នា ការដឹងពីសុខទុក្ខនិងស្គាល់អត្តចរិតគ្នាច្បាស់ វាមិនមែនជាការលំបាកនោះឡើយក្នុងការកសាងស្នេហាមួយដែលពេញដោយការយល់ចិត្តគ្នាបែបនេះ។ សម្តីស្នេហាអូនបងពេញដោយមនោសញ្ចេតនា និងការយកចិត្តទុកដាក់ខ្ញុំប្រាកដចិត្តថាពួកយើងនឹងអាចកាន់ដៃគ្នាទៅមុខបានដោយគ្មានឧបសគ្គ។  

រូបតំណាង

ល្ងាចមួយខ្ញុំកំពុងតែនៅក្នុងហាងទំនិញមួយនិងនិយាយគ្នាជាមួយអ្នកលក់។ ស្រាប់តែឃើញលេខនាងទូរស័ព្ទមក។ ខ្ញុំលើកនិយាយទាំងញញឹមញញែម

« អាឡូ អូនសម្លាញ់»

« ផ្អែមម៉េះ? កាលណាមកអូនចាំយូរហើយណា »

«ទៅឥឡូវហើយចាំ ៣០នាទីទៀតបងទៅដល់ហើយ»

« បានអូនចាំ »

ខ្ញុំញញឹមញញែមដាក់អ្នកលក់ដែលកំពុងតែលួចមើលខ្ញុំផ្អែមល្ហែមជាមួយសង្សារ ហើយរើសរបស់បន្តទាំងញញឹម។ ខ្ញុំគិតថានាងនឹងពេញចិត្តកាដូឆ្លងឆ្នាំនេះមិនខាន។ ១៥នាទីក្រោយមកនាងក៏ទូរស័ព្ទមកម្តងទៀត ខ្ញុំគ្រវីក្បាលញញឹមរួចនិយាយ

« យ៉ាងម៉េចទៀតហើយអូនសម្លាញ់? »

គ្មានសំឡេងឆ្លើយតបខ្ញុំក៏សួរទាំងឆ្ងល់

«ឮបងនិយាយទេ?»

ស្រាប់តែឮសំលេងនាងយំចេញពីក្នុងទូរស័ព្ទបណ្តើរ និយាយបណ្តើរ

« បងនៅឯណា ឆាប់មករកអូនភ្លាម អូនខ្លាច....ខ្លាច !!!!»

គ្រាន់តែឮភ្លាមខ្ញុំក៏ស្ទុះចេញពីហាងនោះភ្លាមដោយមិននិយាយអ្វី។ ហើយរត់ទៅកន្លែងដែលយើងណាត់ជួបគ្នាទាំងក្តីបារម្ភលាយភ័យតក់ស្លុត។ តែអ្វីដែលខ្ញុំបានឃើញនឹងមុខគឺនាងកំពុងតែឈរស្រក់ទឹកភ្នែកទាំងខឹងជាមួយអតីតសង្សាររបស់នាង។ បេះដូងខ្ញុំលោតញាប់ ហើយបន់ក្នុងចិត្តឱ្យរយៈពេលដែលយើងនៅជាមួយគ្នាកន្លងមកអាចឃាត់ចិត្តនិងបេះដូងនោងកុំឱ្យរង្គោះរង្គើរនឹងគេម្នាក់នោះអី។ តែសម្តីដែលពួកគេនិយាយគ្នាបានចាក់ដោតបេះដូងខ្ញុំជាខ្លាំង

« បងដឹងថាអូនមិនបានស្រលាញ់វាទេ»

«យ៉ាងម៉េចបងដឹងច្បាស់ម៉េះ?? ខ្ញុំស្រលាញ់អ្នកណាជារឿងរបស់ខ្ញុំ យើងបែកគ្នាហើយកុំមករវល់នឹងខ្ញុំទៀត»

« បើអូនស្រលាញ់វាមិនមែនអូនឃើញបងហើយអូនយំទេ ហេតុអ្វីអូនគេចពីបង? ហេតុអ្វីបង្ខំបេះដូងខ្លួនឯងទៅស្រលាញ់មនុស្សម្នាក់នោះធ្វើអ្វី? អូនចង់បញ្ឈឺបងមែនទេ? បងសុំទោសយើងត្រូវគ្នាវិញទៅណាបានទេ»

« ខ្ញុំបញ្ឈឺបងជារឿងរបស់ខ្ញុំតើបងកុំចេះ នេះបងតាមដានខ្ញុំហេ? »

« បងសារភាពថាបងឈឺបងប្រចណ្ឌ សុំអង្វរមករកបងវិញមកណា បងនៅតែស្រលាញ់អូន ហើយអូនក៏នៅតែស្រលាញ់បងដែរមិនចឹង? »

ខ្ញុំបែរខ្នងបិទត្រចៀកមិនចង់ឮអ្វីទាំងអស់នូវការបោកប្រាស់កន្លងមក ពេលខ្ញុំបែរទៅមើលពួកគេម្តងទៀត ពួកគេកំពុងតែឱបគ្នាជាប់ទាំងក្តីស្រលាញ់។ ខ្ញុំសើចលាយទឹកភ្នែកដែលមិនដឹងវាស្រក់ហូរតាំងពីពេលណា។ តួរងនៅតែជាតួរង តួរងគ្រាន់តែជាតួដែលជំនួសតំណែងតួឯកបណ្តោះអាសន្ន តែនៅពេលដែលគេត្រូវគ្នា តួរងនៅតែឯកាបែបនេះដដែល។ ហេតុអ្វីឱ្យខ្ញុំឈឺចាប់ដល់ថ្នាក់នេះ? ហេតុអ្វីចាំបាច់កុហកខ្ញុំធ្វើអ្វី? តើបោកប្រាស់បេះដូងរបស់មនុស្សម្នាក់សប្បាយណាស់មែនទេ? លួចស្រលាញ់គេរាប់ឆ្នាំ វាប្រហែលជាមិនឈឺចាប់ជាងអ្វីដែលគេធ្វើដាក់យើងនៅពេលនេះទេ សម្តីផ្អែមល្ហែមអី ពាក្យសន្យាអី កែវភ្នែកពោរពេញដោយមនោសញ្ចេតនាអី សុទ្ធតែជាឆាកល្ខោនបោកប្រាស់បំភាន់បេះដូងរបស់បុរសទុរគ៌តម្នាក់តែប៉ុណ្ណោះ។ ចាញ់ហើយ ម្តងនេះខ្ញុំចាញ់ទាំងអស់ចិត្ត មិននឹកស្មានថាមនុស្សស្រីដែលជាមិត្តល្អ និងជាមនុស្សស្រីដែលខ្ញុំអាចលះបង់អ្វីឱ្យបានគ្រប់យ៉ាង បែរជាយកខ្ញុំជាឈ្នាន់ស្នេហារបស់ពួកគេសោះ។ ខ្ញុំដើរចេញទាំងលូកហោបៅយកចិញ្ចៀនមួយប្រអប់ភ្លឺចិញ្ចាចចេញមក។ វាជារបស់ដែលខ្ញុំចង់ជូននាងជាពិសេសសម្រាប់ឱកាសឆ្លងឆ្នាំនេះ តែវាក៏ក្លាយទៅជាសំណល់ដែលឥតន័យទៅវិញ។ ពេលនោះស្រាប់តែប៉ូលីសមួយក្រុមស្រែក ចង្អុលខ្ញុំពីចំងាយ

« ចោរៗៗៗ ចាប់ចោរ»

ប្រជាជននៅម្តុំនោះក៏ស្រាប់តែស្ទុះមកចាប់ខ្ញុំ វាយច្រំដំធាក់ រហូតបែកឈាមពេញខ្លួន។ ប៉ូលីសមកដល់ក៏វ៉ែខ្នោះរុញខ្ញុំទៅទាំងសម្តីគ្រោតគ្រាត

« អាចង្រៃ! មុខមាត់ស្អាតបាតមកធ្វើចោរមិនសមសោះ»

ប៉ូលីសបានទាញប្រអប់ចិញ្ចៀនពីដៃរបស់ខ្ញុំហើយកត់ត្រាចូលបញ្ជី។ ខ្ញុំដើរតាមប៉ូលីងទាំងមិននិយាយអ្វីមួយម៉ាត់ រួចលួចបែរខ្នងមើលគូស្នេហ៍មួយគូកំពុងតែឱបគ្នាមើលទិដ្ឋភាពបាញ់កាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតអស្ចារ្យ។ នៅពេលនេះប្រហែលជាមានគូស្នេហ៍ជាច្រើនគូកំពុងតែមានសេចក្តីសុខជាមួយគ្នា ហើយក៏ប្រហែលជាមានគូស្នេហ៍ជាច្រើនគូកំពុងតែមានបញ្ហាបែកបាក់ស្នេហា ហើយក៏ប្រហែលជាមានមនុស្សឯការជាច្រើននាក់ដែលគ្មានគូឱបដៃទាំងកំព្រារីងរៃ។ ចំណែករូបខ្ញុំសុំមិននិយាយ សុំមិនបកស្រាយអ្វីទាំងអស់។ គុកប្រហែលជាមានសេចក្តីសុខផ្លូវចិត្តសម្រាប់រូបខ្ញុំ ជាជាងជម្រកកក់ក្តៅក្លែងក្លាយកន្លងមកដែលខ្ញុំបានទទួល។ ភួយធំយ៉ាងណាក៏ដណ្តប់បានតែ ម្នាក់។ ស្បែកជើងស្អាតយ៉ាងណា ថ្លៃយ៉ាងណា ល្មមជើងយ៉ាងណាបើគេមិនស្រលាញ់មិនពេញចិត្តវានៅតែក្លាយទៅជារបស់គ្មានតម្លៃ។ ស្នេហាមិនមែនជាការលេងបិទពួនទេ។ នាងប្រហែលជាមនុស្សស្រីដែលខ្ញុំតាមរកនិងចង់នៅក្បែរអស់រយៈពេលជាច្រើនឆ្នាំ តែខ្ញុំសុខចិត្តទទួលការឈឺចាប់ក្នុងការតាមរកនាងបន្តទៅទៀត មិនសុខចិត្តពេលដែលខ្ញុំរកនាងឃើញនាងក៏រត់ទៅបាត់ទេ វាឈឺចាប់ខ្លាំងណាស។ សុំទោសខ្ញុំមិនចេះលេងបិទពួនទេ ហើយក៏មិនចង់លេងទៀតដែរ។ ខ្ញុំគិតថាគុកច្រវាក់ដួងចិត្តវាគ្មានរូបរាងតែវេទនាជាងគុកដែលមានជញ្ជាំងនៅពេលនេះឆ្ងាយណាស់៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]