ចិន៖ បុរសវ័យចំណាស់ជនជាតិចិនម្នាក់ ត្រូវបានគេដាក់រហស្សនាមឲ្យថា «Iron Teeth»បុរសធ្មេញដែក ដោយសារគាត់ញៀនខាំហូបកែវ  លេបចូលទៅក្នុងពោះ ទាំងមិនភ័យព្រួយពីសុវត្ថិភាពអាយុជីវិតខ្លួនឯង ប្រៀបបីដូចអ្នកលេងសៀក ដ៏មានជំនាញ និងទេពកោសល្យម្នាក់។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសធ្មេញដែកខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា លោកតា Liu Zundun បច្ចុប្បន្នមានអាយុ៧១ឆ្នាំ។ លោកតា Zundun បានចាប់ផ្តើមខាំកែវទឹកហូបបណ្តើរ និងផឹកទឹកបណ្តើរ បើគិតមកទល់ពេលនេះរយៈពេលជាង ៣២ឆ្នាំមកហើយ។

លោកតា Zundun និយាយថា រូបគាត់ពិតជាចូលចិត្តខាំកែវទឹកហូបខ្លាំងណាស់ មិនថាប្រភេទណាឡើយ រួមមានកែវស្រាបៀរជាដើម។ ប៉ុន្តែលោកតាបានអះអាងថា គាត់មិនចូលចិត្តញ៉ាំស្រាបៀរទេ។ លោកតាបន្តថា កន្លងទៅយូរឆ្នាំហើយ មានថ្ងៃមួយនៅពេលដែលគាត់ បានទៅលេងនៅឯស្រុកកំណើត បងប្អូនសាច់ញាតិគាត់ បានហៅគាត់ទៅពិសាស្រាបៀរ ជួបជុំសប្បាយជាមួយនឹងពួកគេ ប៉ុន្តែលោកតាបានបដិសេធប្រកែកមិនហូបឡើយ។ ផ្ទុយទៅវិញលោកតា Zundun សុំខាំហូបកែវស្រាជំនួសវិញ ជាហេតុធ្វើឲ្យបងប្អូនសាច់ញាតិគាត់មានភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចាប់តាំងពីពេលនោះមក លោកតា Zundun តែងត្រូវបានមិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់ ឧស្សាហ៍ឲ្យគាត់សម្តែងឲ្យពួកគេមើលទេពកោសល្យដ៏អស្ចារ្យនេះណាស់។ រហូតដល់ថ្នាក់អញ្ជើញគាត់ ទៅសម្តែងឲ្យពួកគេមើល នៅក្នុងពិធីមង្គលការថែមទៀតផង។

បុរសវ័យចំណាស់ជនជាតិចិនម្នាក់ ត្រូវបានគេដាក់រហស្សនាមឲ្យថា «Iron Teeth» ឬ បុរសធ្មេញដែក

លោកតា Zundun បានឲ្យដឹងទៀតថា ភាពលំបាកតែមួយគត់សម្រាប់គាត់ គឺពឹងផ្អែកទៅលើធ្មេញទាំងស្រុង ដោយសារគាត់មានអាយុកាន់តែច្រើន រីឯកម្លាំងក៏កាន់តែខ្សោយ ជាហេតុធ្វើឲ្យពិបាកក្នុងការខាំបំបែកកែវទឹកទំពារលេបបន្តិច។

បន្ថែមលើនេះ លោកតា Zundun បានអះអាងទៀតថា រូបគាត់មិនដែលមានអារម្មណ៍ថា ឈឺចុកចាប់ក្នុងពោះ ឬកើតរោគសញ្ញាណាមួយ គួរឲ្យព្រួយបារម្ភសម្រាប់សុខភាពរបស់គាត់ឡើយ តាំងពីគាត់ចាប់ផ្តើមហូបវាមក រហូតមកទល់សព្វថ្ងៃនេះ។

គួរឲ្យដឹងថា ទោះបីជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ពាក់ព័ន្ធទៅនឹងករណីនេះ គេជឿជាក់ថាវាជាប្រភេទជំងឺកម្រម្យ៉ាងហៅថា Pica ។ ជំងឺប្រភេទនេះ ធ្វើឲ្យអ្នកជំងឺមានចំណង់ចង់ទទួលទានរបបអាហារផ្តេសផ្តាសខុសពីប្រក្រតី រួមមានដូចជា ដុំដី ដុំថ្ម ដីខ្សាច់ ជ័រ ឬកែវកញ្ចក់ជាដើម។

ជាក់ស្តែង បើយោងតាមរបាយការណ៍ពិភពលោកមួយ បានបង្ហាញថា កន្លងទៅក៏ធ្លាប់មានក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ នៅប្រទេសអង់គ្លេស ឈ្មោះថា Marco Slawycz ញៀនហូបប្លាស្ទិកជារៀងរាល់ថ្ងៃ មិនខុសគ្នាប៉ុន្មានទៅនឹងករណីរបស់លោក Zundun ខាងលើនេះដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

លោកតា Zundun បានចាប់ផ្តើមខាំកែវទឹកហូបបណ្តើរ និងផឹកទឹកបណ្តើរ បើគិតមកទល់ពេលនេះរយៈពេលជាង ៣២ឆ្នាំមកហើយ
លោកតា Zundun បានអះអាងទៀតថា រូបគាត់មិនដែលមានអារម្មណ៍ថា ឈឺចុកចាប់ក្នុងពោះ ឬកើតរោគសញ្ញាណាមួយ គួរព្រួយបារម្ភសម្រាប់សុខភាពរបស់គាត់ឡើយ
ពាក់ព័ន្ធទៅនឹងករណីនេះ គេជឿជាក់ថាវាជាប្រភេទជំងឺកម្រម្យ៉ាងហៅថា Pica

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]