បរទេស៖ ក្រុមហ៊ុន Tesla មានដៃគូប្រជែងយ៉ាងច្រើននៅក្នុងវិស័យផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី។ ក្នុងពេលថ្មីនេះៗមានក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយបានចាប់ផ្តើមចូលមកជ្រៀតជ្រែកទីផ្យាររបស់ Tesla ទៀតហើយ។ ពេលនេះ Audi ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយ បានឈានជើងចូលក្នុងផែនការរផលិតថយន្តថាមពលអគ្គិសនីដើម្បីជំនួសឲ្យរថយន្តប្រើសាំងដែរហើយ។

កាលពីថ្មីៗនេះ នៅក្នុងពិព័រណ៍រថយន្ត Frankfurt Motor Show ក្រុមហ៊ុន Audi បានបង្ហាញម៉ូដែលគំរូរថយន្តអគ្គិសនីរបស់ខ្លួនដែលមានឈ្មោះថា Aicon ។ ក្រុមហ៊ុន Audi បានធ្វើការអះអាងថា នៅពេលដែលរថយន្តនេះត្រូវបានសាកថ្មពេញ វាអាចធ្វើដំណើរបានយ៉ាងហោចណាស់ក៏ ៧០០គីឡូមែ៉ត្រដែរ។ ឡាន Audi Aicon នេះត្រូវបានរចនាឡើងឲ្យមានភាពស្វ័យប្រវត្តិគ្រប់ផ្នែកទាំងអស់ ដូច្នេះបើប្រៀបធៀបទៅវាប្រហែលជាមានភាពល្អប្រសើរជាងម៉ូដែល S P100D របស់ក្រុមហ៊ុន Tesla ទៀតផង។

ឡាន Audi Aicon

ក្រុមហ៊ុន Audi បានបង្ហើបថា ឡានដែលមានទ្វារចំនួនបួន Audi Aicon កំពុងតែបង្ហាញពីរថយន្តស្វ័យប្រវត្តិមួយសម្រាប់ពេលអនាគត។ ក្រុមហ៊ុននេះបានបន្តទៀតថា Audi Aicon នឹងផ្តល់ជូននូវសេវាកម្មបើកបរដោយខ្លួនវាផ្ទាល់ ដូច្នេះអតិថិជនរបស់ខ្លួននឹងមិនបាច់ពិបាកបើកបរទៀតទេ ហើយពួកគេក៏អាចចំណាយពេលនៅក្នុងឡានដើម្បីធ្វើអ្វីផ្សេងទៀតផងដែរ។ ក្រុមហ៊ុន Audi ក៏បានបន្តទៀតថា ឡាន Audi Aicon នេះត្រូវការពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះដើម្បីសាកអាគុយឲ្យបាន ៨០ភាគរយ។

ដូច្នេះបានសេចក្តីថាឡានម៉ូដែលថ្មីរបស់ក្រុមហ៊ុន Audi នឹងកែប្រែការធ្វើដំណើរទៅជាការសម្រាកទៅវិញ។

គួរបញ្ជាក់ផងដែរថា ការប្រណាំងប្រជែងដើម្បីនាំមកនូវម៉ូដែលរថយន្តអគ្គិសនីដែលល្អប្រណីតគឺជារឿងល្អមួយសម្រាប់មនុស្សជាតិ និងបរិស្ថានផងដែរ។

ទោះជាម៉ូដែលប្រភេទគំរូនេះ ខាងក្រុមហ៊ុន Audi មិនទាន់បញ្ជាក់អំពីចេតនាជាក់លាក់ថាខ្លួន ពិតជាចង់ផលិតរថយន្តប្រភេទនេះសម្រាប់វាយលុកទីផ្សារនៅឡើយក្តី តែវាជាការបង្ហាញឲ្យអតិថិជនរបស់ខ្លួនដឹងថា Audi អាចធ្វើបាន ហើយបើសិនជាអតិថិជនចង់បាន ពួកគេនឹងផលិតវាបាន៕

ឡាន Audi Aicon
ឡាន Audi Aicon
ឡាន Audi Aicon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]