អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មាន BBC ចុះផ្សាយឲ្យដឹងថា សាកសពសត្វសមុទ្រដ៏សែនចម្លែកមួយក្បាល ត្រូវបានគេប្រទះឃើញ រសាត់អណ្តែតបោកបក់មកទើរលើឆ្នេរខ្សាច់មួយកន្លែង ក្នុងទីក្រុងតិចសាស់ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ក្រោយមានការវាយប្រហារយ៉ាងវឹកវរ បង្កឡើងដោយព្យុះសង្ឃរាដ៏កាចសាហាវ Harvey ។

សត្វសមុទ្រដ៏ធំចម្លែកនេះ ត្រូវបានប្រទះឃើញដោយស្រ្តីម្នាក់ ឈ្មោះថា Preeti Desai ។ អ្នកស្រី Desai បានថតរូបភាពដ៏កម្រនោះ បង្ហោះចែកចាយនៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួន ដើម្បីសាកសួរគ្រប់គ្នាចង់ដឹងពីការពិត ថាតើវាជាសត្វអ្វីឲ្យប្រាកដ។

ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងចម្ងល់ទាំងអស់នេះ លោកវេជ្ជបណ្ឌិត Kenneth Tighe ដែលជាអ្នកជំនាញផ្នែកជីវវិទូជឿជាក់ថា តាមរយៈរូបភាពសត្វចម្លែកនោះ វាត្រូវបានគេស្គាល់ថាជាប្រភេទសត្វអន្លង់ម្យ៉ាង ដែលមានធ្មេញចង្កូមវែង ឬហៅថា Fangtooth snake-eel

អ្នកជំនាញជីវវិទូរូបនេះបានឲ្យដឹងទៀតថា វាក៏អាចត្រូវបានគេចាត់ចូលជាប្រភេទអន្លង់ Garden (ដែលមានសម្បុរខៀវ) ឬ Conger eel ដែលអន្ទង់ទាំងបីប្រភេទ រួមទាំង Fangtooth snake-eel មានធ្មេញចង្កូមធំៗគួរឲ្យខ្លាចនេះ ជាទូទៅត្រូវបានគេដឹងថា ពួកវាច្រើនមានរស់នៅក្នុងសមុទ្រ នៅរដ្ឋតិចសាស់នេះ។

តាមរយៈការប្រទះឃើញ សាកសពអន្ទង់ចម្លែកប្រភេទនេះ វាត្រូវបានគេជឿជាក់យ៉ាងច្បាស់ថា បណ្តាលមកពីកម្លាំងខ្យល់ព្យុះ Harvey ខ្លាំងក្លា និងទឹកជំនន់ ទើបបោកបក់វាមកទើរលើឆ្នេរសមុទ្រមួយនេះតែម្តង។

សាកសពសត្វសមុទ្រដ៏សែនចម្លែកមួយក្បាល ត្រូវបានគេប្រទះឃើញ រសាត់អណ្តែតបោកបក់មកទើរលើឆ្នេរខ្សាច់ ក្នុងរដ្ឋតិចសាស់

ថ្លែងប្រាប់សារព័ត៌មាន BBC អ្នកស្រី Desai ជាអ្នកថតរូបភាពសត្វចម្លែកនេះ បាននិយាយថា អ្នកស្រីពិតជាភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ នូវអ្វីដែលអ្នកស្រីបានឃើញទាល់តែសោះ ព្រោះវាមិនមែនជារបស់ធម្មតាឡើយ ដែលរសាត់អណ្តែតទើរលើឆ្នេរខ្សាច់យ៉ាងបែបនេះ។ អ្នកស្រីគិតថា វាប្រហែលជារបស់អ្វីម្យ៉ាង ដែលបានគួចចេញពីបាតសមុទ្រហើយ ហើយអ្នកស្រីពិតជាចង់ដឹងខ្លាំងណាស់ ថាវាជាអ្វីឲ្យប្រាកដ ដោយសារតែមើលទៅ វាបីដូចជាសត្វចម្លែកម្យ៉ាងគួរឲ្យខ្លាច។

អ្នកស្រីបន្តថា មូលហេតុដែលអ្នកស្រី បង្ហោះចែកចាយរូបភាពទាំងអស់នេះ នៅលើបណ្តាញសង្គម Twitter ក៏ដោយសារតែអ្នកស្រីបានចុចតាមដាន (Follow) អ្នកវិទ្យាសាស្រ្តជាច្រើន ដែលពួកគេទាំងអស់នោះ អាចនឹងឃើញហើយឆ្លើយតប មកវិញនូវអ្វីដែលអ្នកស្រីចង់ដឹងជាមិនខាន។ រហូតដល់ទីបំផុត អ្នកស្រីក៏ទទួលបានការឆ្លើយតប ពីសំណាក់វេជ្ជបណ្ឌិតជំនាញម្នាក់ ផ្នែកជីវវិទូលោក Kenneth Tighe បានបកស្រាយឲ្យដឹង ដូចអ្វីដែលអ្នកស្រីចង់ដឹងមែន។

សត្វអន្ទង់ចង្កូមវែង Fangtooth snake-eel ឬហៅថា Tusky នេះ ជាធម្មតាវារស់នៅក្នុងទឹក ដែលមានជម្រៅចាប់ពី ៣០ ទៅ៩០ម៉ែត្រ ហើយវាច្រើនមាននៅភាគខាងលិច នៃមហាសមុទ្រអាត្លង់ទិច៕

វាត្រូវបានគេស្គាល់ថា ជាប្រភេទសត្វអន្លង់ម្យ៉ាងដែលមានធ្មេញចង្កូមវែង ឬហៅថា Fangtooth snake-eel
សាកសពអន្ទង់ចម្លែកប្រភេទនេះ វាត្រូវបានគេជឿជាក់យ៉ាងច្បាស់ថា បណ្តាលមកពីកម្លាំងខ្យល់ព្យុះ Harvey ខ្លាំងក្លា និងទឹកជំនន់ ទើបបោកបក់វាមកទើរលើឆ្នេរសមុទ្រមួយនេះតែម្តង
អ្នកស្រី Desai ជាអ្នកថតរូបភាពសត្វចម្លែកនេះ បាននិយាយថា អ្នកស្រីពិតជាភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ នូវអ្វីដែលអ្នកស្រីបានឃើញទាល់តែសោះ
សត្វអន្ទង់ចង្កូមវែង Fangtooth snake-eel ឬហៅថា Tusky នេះ ជាធម្មតាវារស់នៅក្នុងទឹក ដែលមានជម្រៅចាប់ពី ៣០ទៅ៩០ម៉ែត្រ ហើយវាច្រើនមាននៅភាគខាងលិច នៃមហាសមុទ្រអាត្លង់ទិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]