ខេត្តសៀមរាប ៖ រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​(​ភ្ញៀវ​ចិន​) បាន​បើក​បញ្ច្រាសទិស​គ្នា​ពី​ជើង ទៅ​ត្បូង​បាន​បុក​ម៉ូតូ​សេ​១២៥ របស់​ស្ត្រី​ម្នាក់​គាប​ចូល​ក្រោម​ឡាន​ផ្នែក​ខាង​មុខ បណ្តាល​ឱ្យ ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​​មិន​បាន​មើល​ឆ្វេង​ស្តាំ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្តោយ​ផ្លូវ​បន្ទាប់​ពី​គ្រោះថ្នាក់​ភ្លាម​ៗ​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​ភ្ញៀវ​ចិន​ពេញ​រថយន្ត ។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦៤ ត្រង់​ចំណុច​ភូមិ​ថ្នល់​ចែក ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ទេព ចាន់​ណា អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់ កោះសន្តិភាព នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ ថា​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​រវាង​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​បុក​ម៉ូតូ​ស្ត្រី​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា មូលហេតុ​ម៉ូតូ​បត់​ត្រលប់​ក្រោយ​មិន​បាន​មើល​ឆ្វេង​ស្តាំ​បណ្ដាល​ឱ្យ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បុក​ស្លាប់​ស្ត្រី​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ ។

លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ព្រុំ សំឡី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ក្រៀល​ពង ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​ស្លាប់​នៅ​នឹង​កន្លែង​) បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ស្លាក​លេខ សៀមរាប ១E-៦៩៧០ ចំណែក​អ្នក​បើករថយន្ត​ក្រុង​មិន​ស្គាល់​អត្តសញ្ញាណ​ចុះ​គេចខ្លួន​បាត់ ហើយ​រថយន្ត ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ សៀមរាប ៣A-០៤១១ ដឹក​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​ធ្វើការ​វាស់វែង​រួច​មក​កម្លាំង​សមត្ថកិច្ច​បាន​យក​វត្ថុ​តាង​ទាំងអស់​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ជន​រង​គ្រោះ​ឈ្មោះ ព្រុំ សំឡី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]