ម៉ាឡេស៊ី៖ ក្មេងស្រីម៉ាឡេស៊ីវ័យ ១៥ឆ្នាំម្នាក់ បានឈ្នះពានរង្វាន់ប្រចាំឆ្នាំ ដែលមានស្នាដៃពិសេសក្នុងការគូរគំនូរ Doodle សម្រាប់ដាក់ទំព័រមុខ ឬ Homepage របស់ក្រុមហ៊ុន Google ក្នុងឱកាសពិសេសមួយដែលនឹងខិតជិតចូលមកដល់។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ក្មេងស្រីដែលមានថ្វីដៃរូបនេះមានឈ្មោះថា Ch’ng Kai Wei’s នាងគឺជាសិស្សរៀននៅសាលា Nexus International School ។ Ch’ng Kai ត្រូវបានគេស្គាល់ថា ជាបេក្ខភាពនារីវ័យក្មេងម្នាក់ ក្នុងចំណោមបេក្ខភាពជាច្រើនរូបផ្សេងទៀត ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «Doodle 4 Google Contest» ដើម្បីបង្ហាញស្នាដៃគូរគំនូរលក្ខណៈបែប Doodle ។

Ch’ng Kai នាងទទួលបានជ័យលាភីលេខ១ លើស្នាដៃគំនូរ Doodle របស់នាង ដែលបង្កប់ទៅដោយអត្តន័យជ្រាលជ្រៅ និងមានពណ៌ចម្រុះស្អាតដាច់គេ សម្រាប់ដាក់បង្ហាញនៅលើគេហទំព័រមុខរបស់ក្រុមហ៊ុន Google សម្រាប់ប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះ។

ការប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីជាការត្រៀមអបអរសាទរ និងរំលឹកដល់ការបង្កើតសហព័ន្ធម៉ាឡេស៊ី (ឆ្នាំ១៩៦៣) ដែលធ្វើឡើងរាល់ឆ្នាំ នៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៧។  ហើយគំនូរ Doodle របស់ក្មេងស្រី Ch’ng Kai នឹងត្រូវបង្ហោះឡើងជាផ្លូវការនៅលើទំព័រមុខរបស់គេហទំព័រ Google នៅថ្ងៃនោះតែម្តង។

រូបភាព៖ ក្មេងស្រី Ch’ng Kai Wei ឈរកាន់គំនូរ Doodle ដែលទទួលបានជ័យលាភីសម្រាប់ក្នុងឆ្នាំ២០១៥ (2015 Merdeka doodle)

រាល់គំនូរ Doodle ទាំងអស់ត្រូវបានបោះឆ្នោតគាំទ្រ ពីសំណាក់ប្រជាជនទូទាំងប្រទេសម៉ាឡេស៊ី។ ទោះបីជាយ៉ាងណា សម្រាប់ការកាត់សេចក្តីវគ្គចុងក្រោយ សម្រេចដោយខាងក្រុមការងារផ្លូវការរបស់ Google (Google Doodle Team) ដែលមានមូលដ្ឋាននៅទីក្រុង Mountain View រដ្ឋ California សហរដ្ខអាមេរិក។

ក្មេងស្រីម្ចាស់ជ័យលាភី ដែលរៀននៅសាលាអន្តរជាតិ Nexus International School រូបនេះបានរៀបរាប់ឲ្យដឹងថា នៅក្នុងរូបគំនូរ Doodle របស់នាង គឺនាងចង់បង្ហាញឲ្យគ្រប់គ្នាបានដឹង និងជ្រាបកាន់តែច្បាស់ពីភាពផ្សេងៗគ្នា រួមមានទាំង សង្គម ជនជាតិភាគតិចខុសៗគ្នា ចូលរួមជាធ្លុងមួយ ឬជាសហព័ន្ធមួយ នៅប្រទេសម៉ាឡេស៊ី។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ អត្តន័យបន្ថែមក្នុងរូបគំនូរ Doodle នោះដែរ ក្មេងស្រី Ch’ng Kai ជឿជាក់និងចង់បង្ហាញឲ្យឃើញថា សព្វថ្ងៃនេះប្រទេសម៉ាឡេស៊ី បានក្លាយខ្លួនជាប្រទេសដ៏រស់រវើកនាពេលបច្ចុប្បន្ន ដែលមានសាមគ្គីភាពខ្ពស់រវាងគ្នានឹងគ្នា ក៏ដូចជាជាមួយនឹងបណ្តាប្រទេសដទៃទៀត ដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ និងជនជាតិនិយមឡើយ។

ជាមួយគ្នានេះ  ម្ចាស់ជ័យលាភីកាលពីឆ្នាំកន្លងទៅ ឈ្មោះ Lee Yee Run  បានបង្ហាញចំណាប់អារម្មណ៍លើគំនូរ Doodle របស់ក្មេងស្រី Ch’ng Kai ផងដែរថា នាងពិតជាមានទេពកោសល្យ និងភាពឈ្លាសវៃ ដែលក្នុងគំនូររបស់នាងបង្កប់ទៅដោយ ពណ៌ចម្រុះយ៉ាងទាក់ទាញ រួមមានទាំងការបង្ហាញអគារភ្លោះ Petronas Twin Towers របស់ម៉ាឡេស៊ី ស្ពាន Penang Bridge ក៏ដូចជាពណ៌តំណាងឲ្យ ទង់ជាតិរបស់ប្រទេសម៉ាឡេស៊ីផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖  

នេះគឺជាស្នាដៃគំនូររបស់ក្មេងស្រី Ch’ng Kai
រូប​ភាព គំនូរ Doodle ទាំងបួនចុងក្រោយ ក្នុងនោះគំនូររបស់ក្មេងស្រី Ch’ng Kai ទទួលបានជ័យលាភី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]