** ប្រលោមលោកខ្មែរឡូត **

ពេលវេលាកាន់តែរំកិលទៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយមនុស្សជាទីស្រលាញ់ដែលនៅជុំវិញយើងប្រាកដជាចាកចេញពីយើងបន្តិចម្តងៗ ម្នាក់ម្តងៗជាមិនខាន។ ដូច្នេះហើយទាន់ពេលដែលយើងមានឱកាសយើងគួរតែរក្សាពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន។ អាចជាសំណាងមួយរបស់ខ្ញុំ ឬជាប្រផ្នូលដាស់តឿនមួយនៅក្នុងជីវិត ប៉ុន្តែខ្ញុំសប្បាយចិត្តដែលខ្ញុំមានឱកាសមួយនេះវិញ។ ពេលនោះបើសិនជាខ្ញុំបានបាត់បង់វាទៅ ខ្ញុំប្រាកដជាមានការស្តាយក្រោយ និងឈឺចាប់អស់មួយជីវិត។

ស្នេហារបស់ខ្ញុំវាបានកើតឡើងដោយឥតព្រៀងទុកនោះឡើយ។ ហើយពួកយើងក៏មិនដឹងថាវាមានរយៈពេលយូរប៉ុណ្ណាសម្រាប់ពេលវេលាដែលពួកយើងចំណាយជាមួយគ្នា។ ប៉ុន្តែពេលមកនឹកឃើញឡើងវិញ ការស្និទ្ធស្នាល ការយកចិត្តទុកដាក់ និងក្តីស្រលាញ់ក៏បានចាប់ផ្តើមរង្គោះរង្គើរនៅក្នុងឆ្នាំទី ៥ បន្ទាប់ពីពួកយើងរៀបការរួច។ ខ្ញុំតែងតែមានមោទនភាពចំពោះខ្លួនឯងដែលអាចមើលថែទាំគ្រួសារ និងអាចបង្កើតកូនប្រុសស្រីដែលគួរឱ្យស្រលាញ់ជូនគាត់ ទោះបីជាត្រូវលះបង់សម្រស់ ភាពស្រស់ស្អាត ពេលវលា និងការឈឺចាប់យ៉ាងណាក៏ដោយខ្ញុំគិតថាវាលែងសំខាន់ហើយ។ ខ្ញុំធ្លាប់គិតថានៅក្នុងជីវិតប្តីប្រពន្ធ រឿងសម្រស់វាលែងក្លាយជារឿងសំខាន់ហើយ ព្រោះបន្ទាប់ពីរៀបការរួចរឿងជីវិតគ្រួសារ និងជីវភាពសំខាន់ជាងអ្វីៗទាំងអស់។ ប៉ុន្តែវាមិនដូចអ្វីដែលខ្ញុំរំពឹងទុកឡើយ ប្តីប្រពន្ធយើងលែងមានភាពស្និទ្ធស្នាល លែងមានពេលដើរលំហែរកាយ លែងមានពាក្យផ្អែមល្ហែមនឹងគ្នាដូចមុន ហើយពេលខ្លះយើងក៏ឈ្លោះប្រកែកគ្នានូវរឿងដែលមិនសមហេតុផលផងដែរ។ អ្វីៗទាំងអស់ត្រូវបានផ្លាស់ប្តូរទាំងស្រុងពេលដែលកូនកាន់តែធំៗទៅ។ តើនេះមកពីខ្ញុំបាត់បង់សម្រស់ ​ឬមកពីគាត់អស់ចិត្តស្រលាញ៉?  ខ្ញុំតែងតែព្យាយាមសង្គ្រោះស្នេហាដែលរង្គោះរង្គើរ ព្រោះតែខ្ញុំខ្លាចថ្ងៃណាមួយខ្ញុំអាចនឹងបាត់បង់គ្រួសារជាទីស្រលាញ់ព្រោះតែភាពតោះតើយដាក់គ្នាទៅវិញទៅមកបែបនេះ។  

រូបតំណាង

សំបុត្រមើលខនសឺត ២សន្លឹកដែលដាក់លើតុ ធ្វើឱ្យខ្ញុំដកដង្ហើមធំជាលើកទី ១០០ ហើយទេដឹង។ ខ្ញុំចាំថាកាលពីពួកយើងទើបស្រលាញ់គ្នាថ្មីៗគាត់ចូលចិត្តបបួលខ្ញុំទៅមើលខនសឺតបែបនេះណាស់។ ខ្ញុំសង្ឃឹមថាសំបុត្រមួយនេះនឹងអាចនាំឱ្យពួកយើងរំលឹកអនុស្សាវរីយ៍ ហៅភាពស្និទ្ធស្នាល និងជម្រុញរងើកភ្លើងស្នេហាឱ្យត្រលប់មកវិញជាមិនខាន ប៉ុន្តែពេលគាត់ត្រលប់មកផ្ទះនៅពេលល្ងាចគាត់បែរជានិយាយទាំងធុញទ្រាន់

« បងហត់ណាស់ បងអស់កម្លាំងណាស់ បងចង់សម្រាក »

« បងហត់ អូនក៏ហត់ដែរ តែអូនពិតជាចង់ទៅណាស់។ កាលពីមុនបងក៏រវល់ដែរ ហេតុអ្វីបងអាចឆ្លៀតពេលកំដរអូនបាន ហេតុអ្វីពេលនេះមិនបានទៅវិញ? បងប្លែកហើយ »

« អូនឆ្កូតទេ? មនុស្សចំណាស់នេះអស់ហើយនៅចង់ផ្អែមល្ហែមដល់ណាទៀត បើមិនខ្មាសគេក៏គួរតែខ្មាសកូនៗផង។ ពេលនេះជាពេលត្រូវធ្វើការរកស៊ីចិញ្ចឹមជិវិត បងគ្មានអារម្មណ៍ គ្មានពេលចង់ដើរលេងសប្បាយទៀតទេ »

« កាលពីមុនបងសន្យាថានឹងនាំអូនទៅកន្លែងដែលអូនប្រាថ្នា ហើយបងសន្យាថានឹងស្រលាញ់អូន តាមអូនគ្រប់យ៉ាង ហើយរាល់ពេលដើរលេងជាមួយគ្នាបងតែងតែទិញផ្កាកូលាបដែលអូនស្រលាញ់ជូនអូន ហើយកាន់ដៃអូនជាប់ដោយក្តីស្រលាញ់ផ្អែមល្ហែមទៀត។ ឥឡូវបាត់ទៅណាអស់ហើយ បងប្រែប្រួលហើយ »

« បងធុញអូនណាស់ អូនតែងតែបែបនេះ និយាយដដែលៗ បងធុញមែនទែន»

គាត់ក៏ទាញអាវហើយដើរចេញពីទីនេះ ។ ខ្ញុំស្រែកយំពីក្រោយ

« បងចង់ទៅណា...ហេតុអ្វីបងធ្វើបែបនេះ? »

គាត់បានដើរបើកទ្វារចេញទៅមុខធុញទ្រាន់ដោយមិនរវល់ពីទឹកភ្នែកដែលស្រក់ហូរដូចទឹកទន្លេរបស់ខ្ញុំ។

ទោះជាឈឺចាប់យ៉ាងណាខ្ញុំក៏នៅតែមកឈរមុខទ្វាររបងខនសឺតទាំងឈឺចាប់ និងបន្សល់នូវក្តីសង្ឃឹមដ៏តិចតួចថាគាត់នឹងមកជាមិនខាន ប៉ុន្តែអត់ទេ សូម្បីតែស្រមោលរបស់គាត់ក៏មិនបានឃើញផង។ ភាពអស់សង្ឃឹម និងភាពឈឺចាប់បានធ្លាក់ចុះមកដល់ចំណុចសូន្យ។ តើស្នេហារបស់ប្តីប្រពន្ធ ២នាក់ខ្ញុំពិតជាជិតដល់ផ្លូវបំបែកហើយមែនទេ? ទោះជាយ៉ាងណាខ្ញុំនៅតែស្រលាញ់គាត់។

សំឡេងទូរស័ព្ទរោទិ៍បានហៅក្តីសង្ឃឹមរបស់ខ្ញុំឱ្យត្រលប់មកវិញ តែលេខដែលខលមកធ្វើឱ្យខ្ញុំអស់សង្ឃឹមសារជាថ្មី

« សួស្តី អ្នកណាដែរ? »

« អ្នកស្រីជាម្ចាស់ទូរស័ព្ទមែនទេ? »

« ចា៎ មានការអីដែរលោក»

« ខ្ញុំខលមកពីខាងប៉ូលីស...សូមអ្នកស្រីមកកន្លែងកើតហេតុជាបន្ទាន់ បុរសម្នាក់បានត្រូវរថយន្តបុកនៅផ្លូវមួយកន្លែង ស្ថានការណ៍មិនទាន់ច្បាស់ទេ »។

គ្រាន់តែឮភ្លាម ខ្ញុំក៏រត់សំដៅទៅកន្លែងកើតហេតុទាំងទឹកភ្នែកសស្រាក់ និងបន់ក្នុងចិត្តសុំកុំឱ្យគាត់មានរឿងអ្វីកើតឡើងឱ្យសោះ។ ប៉ុន្តែពេលដែលខ្ញុំទៅដល់ ឃើញត្រឹមតែរូបរាងបុរសម្នាក់ដែលគ្របក្រណាត់សតែប៉ុណ្ណោះ។ ទឹកភ្នែកស្រក់ទាំងមិនដឹងខ្លួន ការឈឺចាប់ហូរហៀរពេញដើមទ្រូង។ វាមិនមែនជាការពិតនោះទេ។ ខ្ញុំស្រែកយំឱបសពទាំងក្តុកក្តួល

« ក្រោកឡើងមកប្តីសម្លាញ់! បងដឹងខ្លួនឡើង កុំធ្វើបែបនេះអី..អូនស្រលាញ់បង កុំទៅណាចោលអូន...បងមិនមកមើលខនសឺតជាមួយអូនក៏មិនអី សុំតែបងកុំទៅចោលអូនទាំងបែបនេះ សុំអង្វរ ងើបឡើងមកបង អូននឹងមិនរអ៊ូ មិននិយាយដដែលឱ្យបងធុញទ្រាន់ទៀតទេណា »

អស់ហើយក្តីសង្ឃឹម អស់ហើយក្តីស្រលាញ់ បាត់អស់គ្រប់យ៉ាងនៅក្នុងជីវិត ។ តើថ្ងៃខាងមុខជីវិតម្តាយកូនយើងនឹងទៅជាយ៉ាងណាពេលបាត់បង់ប្តី ប៉ា និងមេគ្រួសារបែបនេះ? កំពុងតែអស់សង្ឃឹមស្រាប់តែរូបរាងបុរសម្នាក់ដែលបែកញើសជោគ ដៃកាន់បាច់ផ្កាកុលាបពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត បានប្រាកដនៅនឹងមុខរបស់ខ្ញុំ ខ្ញុំបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល

« បង??? »

« បងសុំទោសដែលបងមកយឺត ការពិត....» គាត់និយាយទាំងហត់ដង្ហក់ ខ្ញុំក៏ស្ទុះរត់ទៅឱបគាត់ ដូចគាត់ជាកាដូមកពីឋានព្រះឥន្ទ្រប្រទានអ៊ីចឹង។ មែនហើយបេះដូងរបស់ខ្ញុំបានត្រលប់មកវិញហើយ។

« អរគុណដែលបងមិនចាកចេញ អរគុណដែលបងមិនទៅណា » ខ្ញុំយំឱបគាត់ទាំងអារម្មណ៍សប្បាយរីករាយ។ ការពិតនៅមុននេះពេលគាត់បានដើរចេញពីផ្ទះ គាត់បានភ្ញាក់រលឹកនិងដឹងខ្លួនថា រយៈពេលកន្លងនោះដោយសារតែកូនកាន់តែធំចំណាយកាន់តែច្រើន គាត់ពិតជារវល់នឹងការងារខ្លាំងណាស់ រហូតគ្មានពេលរវល់នឹងគ្រួសារប្រពន្ធកូន។ ដូច្នេះគាត់បានរត់សំដៅទៅហាងផ្កាទិញផ្កាដែលខ្ញុំស្រលាញ់ជូនខ្ញុំ និងប្រញាប់ទៅកន្លែងខនសឺត ប៉ុន្តែបែរជាមានចោរមួយក្រុមជិះម៉ូតូ២នាក់មកឆក់កាបូបលុយរបស់គាត់។ គាត់បានខំប្រឹងរត់តាម ចោរ២នាក់នោះ រហូតមកទាន់ឃើញចោរត្រូវបានរថយន្តធំមួយគ្រឿងបុកស្លាប់ ហើយឃើញខ្ញុំនៅក្នុងសភាពបែបនេះទៅវិញ។

រូបតំណាង

ប៉ូលីសបានប្រគល់កាបូបលុយមកគាត់វិញ គាត់បានកាន់បោសដីចេញទាំងថ្នាក់ថ្នម ខ្ញុំញញឹមសួរគាត់ទាំងបារម្ភ

« ដោយសារកាបូបមួយនេះ បងខំរត់តាមកធ្វើអី? បងមិនខ្លាចពួកចោរធ្វើបាបបងទេ? »

ប្តីរបស់ខ្ញុំទាញរូបថតគ្រួសាររបស់យើងចេញមកទាំងក្តីស្រលាញ់បង្ហាញខ្ញុំរួចញញឹម។ ខ្ញុំដឹងថារូបថតគ្រួសាររបស់យើងសំខាន់ខ្លាំងណាស់ វាជារូបថតដំបូងដែលគ្រួសារម៉ាក់ប៉ាកូនយើងថតរូបជុំគ្នា។ ម្យ៉ាងកាបូបលុយនោះគឺជារបស់ដែលខ្ញុំទិញជូនគាត់តាំងពីពួកយើងស្រលាញ់គ្នាដំបូង។ មិនថាវាចាស់ប៉ុណ្ណា ខ្ទេច រហែកប៉ុណ្ណាគាត់មិនដែលចោល ឬនឹកឃើញទិញរបស់ថ្មីឡើយ។ ខ្ញុំញញឹមឱបកគាត់ម្តងទៀតទាំងរំភើបចិត្ត។ បន្ទាប់មកគាត់បានទាញយកផ្កាកូលាបមកជូនខ្ញុំ ទោះវាត្រូវបានបាក់ទងអស់ខ្លះតែវាបានក្លាយជាផ្កាដែលស្អាតបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្មានឆ្នាំហើយដែលគាត់មិនបានជូនផ្កាខ្ញុំ ប៉ុន្មានឆ្នាំហើយដែលយើងមិនបានឱបគ្នាពោរពេញដោយក្តីស្រលាញ់បែបនេះ។ ការបាត់បង់ត្រឹមតែរយៈពេលប៉ុន្មាននាទីបែរជាធ្វើឱ្យខ្ញុំគិតយល់នូវរឿងជាច្រើន។ ពួកយើងស្រលាញ់គ្នា និងគិតគូរគ្នាបែបនេះ ហេតុអ្វីយើងបែរជាឈ្លោះគ្នាគ្រាន់តែតិចតួចបែបនេះ? ការពិតក្តីស្រលាញ់របស់ពួកយើងនៅតែមានដូចដើម គ្រាន់តែវាផ្លាស់ប្តូរតាមពេលវេលានិងសម័យកាលតែប៉ុណ្ណោះ។ កាលពីនៅក្មេងៗក្រមុំកំលោះពួកយើងមានក្តីស្រលាញ់បែបយុវវ័យ។ ពេលដែលដល់វ័យរៀបការមានគ្រួសារក្តីស្រលាញ់ក៏ប្រែប្រួលទៅបែបអ្នកមានគ្រួសារ ដោយយកក្តីស្រលាញ់មកជាការស្រលាញ់កូនជំនួសវិញ ព្រមទាំងមានទំនួលខុសត្រូវលើគ្រួសារកាន់តែខ្លាំងឡើង។ ទោះជាបាត់បង់ក្តីស្រលាញ់ផ្អែមល្ហែម តែទំហំនៃក្តីស្រលាញ់ក៏នៅដូចដើម។ ខ្ញុំសំណាងដែលគ្រោះថ្នាក់មុននេះគ្រាន់តែជារឿងយល់ច្រលំ ខ្ញុំសំណាងដែលនៅតែមានគាត់នៅក្នុងជីវិត។ ក្តីស្រលាញ់ពិតជាមានតម្លៃណាស់មិនសមកាលពីមុនដោយសារតែរឿងបន្តិចបន្តួចខ្ញុំបង្ករជារឿងធំដុំនោះទេ។ ដូច្នេះចាប់ពីថ្ងៃនេះទៅខ្ញុំត្រូវតែរក្សាពេលវេលាដែលមានសុភមង្គលឱ្យបានល្អ មិនថា ៥ឆ្នាំ ១០ ឆ្នាំ ២០ ឆ្នាំ ឬពេលដែលយើងចាស់ៗរៀងៗខ្លួនក៏ដោយ។ ថ្ងៃអនាគតមើលមិនឃើញ មនុស្សជាទីស្រលាញ់គង់តែចាកចេញពីយើងគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ សំខាន់តើវេលាដែលយើងនៅសល់យើងយកមកប្រើប្រាស់ឱ្យមានប្រយោជន៍ និងមានក្តីសុខប៉ុណ្ណាប៉ុណ្ណោះមែនទេ?

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]