អង់គ្លេស៖ តម្រូវការសម្រាប់ឡានអេឡិចត្រូនិកដែលប្រើប្រាស់អគ្គីសនីនៅតែបន្តកើនឡើងយ៉ាងខ្លាំង នៅក្នុងចក្រភពអង់គ្លេសប ន្ទាប់ពីរដ្ឋាភិបាលរបស់ខ្លួនបានប្រកាសនៅក្នុងខែកក្កដាថា ខ្លួននឹងហាមឃាត់ការលក់និងប្រើប្រាស់ឡានដែលប្រើប្រេងឥន្ធនៈ និងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៤០ តទៅ។

ការហាមឃាត់នេះគឺជាមធ្យោបាយមួយដើម្បីកាត់បន្ថយការបញ្ចេញជាតិពុលទៅក្នុងបរិស្ថានដោយសារយាន្តជំនិះ។ ដោយឡែកដូចជា នៅប្រទេសបារាំង ទីក្រុងម៉ាឌ្រីត ទីក្រុងម៉ិកស៊ិក និងទីក្រុងអាតែនក៏មានគម្រោងបញ្ឈប់ការប្រើឡានប្រើប្រេងឥន្ធនៈ នាពេលអនាគតផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ Jaguar Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតក្នុងចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងបង្កើតរថយន្តស៊េរីថ្មីជាច្រើនដែលមានដំណើរការដោយអគ្គិសនី ហើយឡានស៊េរីថ្មីទាំងនោះនឹងចាប់ផ្តើមដាក់លក់នៅក្នុងឆ្នាំ ២០២០។

ក្រុមហ៊ុន Jaguar Land Rover ក៏បានបង្ហាញចង្កូតទំនើបមួយដែលអាចឆ្លើយសំណួរ ប្រកាសព័ត៌មាន និងកុម្ម៉ង់ម្ហូបអាហារទៀតផង។ 

រថយន្តស៊េរីថ្មីដែលប្រើប្រាស់អគ្គីសនីរបស់ក្រុមហ៊ុន Jaguar Land Rover
រថយន្តស៊េរីថ្មីដែលប្រើប្រាស់អគ្គីសនីរបស់ក្រុមហ៊ុន Jaguar Land Rover
រថយន្តស៊េរីថ្មីដែលប្រើប្រាស់អគ្គីសនីរបស់ក្រុមហ៊ុន Jaguar Land Rover
ចង្កូតដ៏ទំនើបរបស់ក្រុមហ៊ុន Jaguar Land Rover

លោក Ralf Speth ដែលជានាយកប្រតិបត្តិក្រុមហ៊ុន JLR បាននិយាយថា ចាប់តាំងពីឆ្នាំ ២០២០តទៅ រាល់ម៉ូដែលរថយន្តរបស់ក្រុមហ៊ុន Jaguar Land Rover នឹងប្រើប្រាស់អគ្គិសនីទាំងអស់។ លើសពីនេះទៅទៀតលោក Speth ក៏បានបង្ហាញទៀតថា នាពេលខាងមុខនេះ មនុស្សជាច្រើននឹងអាចកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរយ៉ាងច្រើន។

នាយកប្រតិបត្តិក្រុមហ៊ុន JLR លោក Ralf Speth
ទីស្នាក់ការក្រុមហ៊ុន Jaguar Land Rover

គួរបញ្ជាក់ផងដែរ ក្រៅពីក្រុមហ៊ុន Jaguar Land Rover ក៏មានក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងប្រណាំងប្រជែងក្នុងការផលិតរថយន្តដែលប្រើប្រាស់អគ្គិសនី រួមមានក្រុមហ៊ុន Nissan ក្រុមហ៊ុន Leaf ក្រុមហ៊ុន Tesla និងក្រុមហ៊ុនមួយចំនួនទៀតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]