** ប្រលោមលោកខ្មែរឡូត **

មនុស្សនៅក្នុងយុគសម័យពេលនេះចូលចិត្តហៅមនុស្សដែលខ្លួនឯងស្រលាញ់ថាជាក្រាស់ ក្រាស់ខ្លាំងណាស់ ។ តើពាក្យក្រាស់នោះគឺជាអ្វីទៅ? ខ្ញុំធ្លាប់ឆ្ងល់ហើយក៏ធ្លាប់មិនយល់ពីពាក្យមួយម៉ាត់នេះដែរ។ ប៉ុន្តែនៅពេលនេះ ឥឡូវនេះខ្ញុំយល់ពាក្យថាក្រាស់ច្បាស់ណាស់។ គេថាមនុស្សយើងពេលឆ្លងកាត់ និងជួបផ្ទាល់ទើបយល់ពីអារម្មណ៍មួយនោះ។

ទ្រឹស្តីសម្រាប់ខ្ញុំផ្ទាល់ខ្លួន ដែលខ្ញុំតែងតែនិយាយជារឿយៗនោះគឺសេរីភាពស្មើគ្នារវាងមនុស្សស្រីនិងមនុស្សប្រុស។ ហេតុអ្វីមនុស្សស្រីត្រូវតែលាក់លៀមអារម្មណ៍ខ្លួនឯងថាថាយើងកំពុងតែចូលចិត្តអ្នកណា ឬក៏កំពុងស្រលាញ់អ្នកណាម្នាក់នោះ? មនុស្សប្រុសញ៉ែមនុស្សស្រីបាន ហេតុអ្វីមនុស្សស្រីញ៉ែប្រុសវិញមិនបានដូចគ្នា? ទំនៀមទំលាប់ ឬ ប្រពៃណី? វាហួសសម័យ និងចាស់គម្រិលខ្លាំងណាស់។ សម័យនេះមនុស្សស្រីអាចធ្វើការដូចជាបុរស អាចកាន់ការងារធំ អាចធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ពេលខ្លះសឹងតែពូកែជាងបុរសផង។ ខ្វះអីនៅលើពិភពលោកយើងនេះ មានអ្នកកាន់អំណាច មេដឹកនាំធំៗ នាយករដ្ឋមន្ត្រី សុទ្ធតែជាមនុស្សស្រី គឺបានន័យថាគេកំពុងតែឱ្យតម្លៃ និងផ្តល់ភាពសំខាន់ដល់មនុស្សស្រីហើយ។ បែបនេះគ្រាន់តែយើងស្រលាញ់អ្នកណា ស្អប់អ្នកណាម្នាក់ហេតុអ្វីក៏មិនហ៊ាននិយាយដែរ? ចំណែកខ្ញុំវិញមិនខ្វល់ទេអ្នកណាចចង់និយាយអ្វីក៏និយាយទៅ សំខាន់ខ្ញុំបានបង្ហាញប្រាប់ពិភពលោកហើយថាខ្ញុំក្រាស់លើម្នាក់នោះ។

ពេលដំបូងដែលខ្ញុំបានជួបគេ មិនដឹងថាជានិស្ស័យ វាសនា ឬគ្រាន់តែជាភាពចៃដន្យនោះទេ។ ខ្ញុំធ្លាប់បានស្គាល់គេ និងឃើញមុខគេយូរណាស់មកហើយ ព្រោះគេជាប្រធានថ្នាក់ដែលនៅជាប់ថ្នាក់របស់ខ្ញុំ ហើយយើងក៏ធ្លាប់រៀនគ្រូជាមួយគ្នាផងដែរ។ គេជាមនុស្សល្បីល្បាញ និងជាទីចាប់អារម្មណ៍របស់មនុស្សជុំវិញ ជាពិសេសមនុស្សស្រីតែងតែល្បីថាគេសង្ហា គួរឱ្យស្រលាញ់គ្រប់ៗគ្នា។ តែខ្ញុំមិនដែលចាប់អារម្មណ៍ពីគេម្តងណាឡើយ ពេលមើលពីចំងាយគេត្រឹមជាមនុស្សប្រុសធម្មតាៗដូចតែគេតែឯងដែរហ្នឹង។ ស្រាប់តែពេលថ្ងៃមួយដែលយើងមានឱកាសបានធ្វើកិច្ចការជាមួយគ្នា និងជួបមុខគ្នាជាផ្លូវការដំបូងធ្វើឱ្យខ្ញុំបានចាប់ផ្តើមចាប់អារម្មណ៍លើគេ។ មិនខុសពីគ្រប់គ្នាល្បីនោះទេ បើមើលឱ្យច្បាស់ទៅ គេជាមនុស្សប្រុសដែលសង្ហា មុខមានមន្តស្នេហ៍ កែវភ្នែកដូចមន្តអាគមដែលសន្តំទាក់ទាញស្រីៗ ថែមទាំងមានស្បែកមុខហ្មត់ខៃគួរឱ្យចង់ស្ទាបអង្អែល អមជាមួយនឹងកម្ពស់ខ្ពស់គួរឱ្យទាក់ទាញដែលអាចធ្វើជាតារាបង្ហាញម៉ូដបាន ។ ខ្ញុំចាប់ផ្តើមលង់ស្នេហ៍គេហើយ តែទាស់តែម្យ៉ាងគត់ គឺគេជាមនុស្សប្រុសដែលពូកែលេងប្ញកពា ហើយក៏មិនដែលឮប្រវត្តិថាមានសង្សារ ឬមានទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ដែរ។ ណ្ហើយ! គេប្រុសស្អាតទៅហើយ អនុគ្រោះទៅចុះវាជារឿងធម្មតារបស់ប្រុសស្អាតទេ។ តែសំខាន់ពេលជួបគ្នាពិភាក្សារឿងកិច្ចការសាលា ពាក្យសម្តីដំបូងរបស់គេមួយម៉ាត់វាចាមកកាន់ខ្ញុំ ធ្វើឱ្យខ្ញុំឆ្អែតបាយចង់បីថ្ងៃ។ កុំតែយល់ថាប្រុសស្អាតទេ កុំអីមាត់ហ្នឹងត្រូវ៣កញ្ចប់ដៃហើយ។

« ខាងចែឯង ២នាក់ ធ្វើត្រង់ចំណុចនេះ ហើយខាងខ្ញុំធ្វើចាប់ពីចំណុចនេះទៅយ៉ាងម៉េចដែរ?»

មកដល់គ្មានចេះស្វាគមន៍គ្នា និយាយណែនាំខ្លួនអីអត់ទេ មកដល់គិតតែនិយាយរឿងកិច្ចសាលាតែម្តង មនុស្សស្អីសោះកក្រោះម្ល៉េះ? សំខាន់ហៅគេចែអត់មានមើលមុខគេទេ ក្តៅក្រហាយតើអ៊ីចឹងៗអី។

« នែ!!! និយាយអីហ្នឹងហា?» ខ្ញុំជ្រួញចិញ្ចើមសួរទៅគេ។ គេដែលកំពុងតែកាន់សៀវភៅមើលទាំងផ្ចិតផ្ចង់ក៏បែរមកមើលខ្ញុំចំៗរួចនិយាយទាំងមុខស្មើ

« មានបញ្ហាអីមែនចែ ឬក៏ចែមិនចង់ធ្វើចំណុចនេះ? ចែយកចំណុចពួកខ្ញុំក៏បានចឹង យើងដូរគ្នា »

ទៀតហើយអាប៉ិនេះមួយប្រយោគនេះអំបាញ់មិញហៅខ្ញុំចែ ៣ ដងហើយណា។

« ខ្ញុំមានឈ្មោះណា មកហៅគេចែៗយើងអាយុប៉ុន្មានហ្ហា? »

« ចឹងហ្នចែ? ចឹងចែឈ្មោះអី? »

អាយ!!!! អាប្រុសចង្រៃ ក្រៅពីមហាប្ញកហើយ នៅពូកែនិយាយស្តីរំខានសសៃប្រសាទគេបានទាំងមុខស្មើទៀត។ ចង់តែបោកក្បាលឱ្យស្លាប់ទេ។ ស៉ាំខ្លាំងណាស់ មនុស្សប្រុសស្អីនិយាយស្តីអត់មានជាតិចូវ ហើយពូកែរំខានអារម្មណ៍គេឯងទៀត។ ចេះមានស្រីៗលង់ស្រលាញ់ច្រើនទៅរួច រួមទាំងខ្ញុំ ហិហិ ។ មិនដឹងថាគួរនិយាយរៀបរាប់អ្វីបន្តទៅទៀត ដឹងត្រឹមតែថាខ្ញុំមិនបានខឹងគេហើយថែមទាំងអាចសើច និងញញឺមបានទៀតរាល់គេនិយាយស្តីរំខានអារម្មណ៍របស់ខ្ញុំម្តងៗ។  

រូបតំណាង

ក្រោយមកភាពស្និទ្ធស្នាលបានកើតឡើងរវាងពួកយើងទាំងពីរដោយមិនដឹងខ្លួន ដោយសារតែពួកយើងឧស្សាហ៍ជួបគ្នានិយាយពីមេរៀន និងជួយគ្នាធ្វើកិច្ចការសាលាហ្នឹងឯង។ កិច្ចការសាលាបានរលូននិងដំណើរការបានល្អណាស់តាំងពីជួបជុំគ្នាជាក្រុម ៤ នាក់រហូតដល់យូរៗទៅបាត់សមាជិកអស់នៅតែយើង ២នាក់ ព្រោះតែអ្នកដទៃមានការរវល់រៀងៗខ្លួនហើយកិច្ចការក៏ធ្វើជិតហើយទៀត។ តែក៏ល្អដែរបានមានឱកាសនៅជិតគ្នាឱ្យបានច្រើនៗសាងអនុស្សាវរីយ៍។ ចាប់តាំងពីយើងស្និទ្ធស្នាលនឹងគ្នាមកអ្នកណាៗនៅក្នុងសាលាក៏ដឹងថាខ្ញុំក្រាស់លើគេដែរ អ្នកខ្លះក៏ឌឺដងអ្នកខ្លះក៏លួចពេបជ្រាយថាខ្ញុំជាមនុស្សស្រីមិនល្អ ដើរតែស្រលាញ់មនុស្សប្រុស តែខ្ញុំមិនខ្វល់ទេចង់និយាយអីនិយាយទៅ។ ម្យ៉ាងដែរបានគេដឹងគ្រប់គ្នាអ៊ីចឹងក៏ល្អមិនបាច់ចាំរៀបរាប់ច្រើននាំតែខាតពេល។ គេផ្ទាល់ក៏ប្រហែលជាដឹងដែរហើយមើលទៅ តែដោយសារតែខ្ញុំជាមនុស្សលេងសើចច្រើនគេប្រហែលជាគិតថាខ្ញុំនិយាយលេងសើចទេដឹង ព្រោះទោះមានអ្នកផ្សេងនិយាយ ឬខ្ញុំឧស្សាហ៍និយាយស្តីបញ្ឆិតបញ្ឆៀង ឌឺដង ញ៉ែគេ ហៅគេក្រាស់ៗៗពេញៗមាត់ក៏គេនៅតែធ្វើមិនដឹងមិនឮ សួរនាំ ឬតវ៉ាអ្វីឡើយ ពេលខ្លះគេក៏ពេបមាត់ ពេលខ្លះក៏ញញឹម ពេលខ្លះក៏គ្រវីក្បាលហួសចិត្តអីអ៊ីចឹងទៅ។ តែគេធ្វើមិនដឹងមិនឮអ៊ីចឹងក៏ល្អដែរ។ និយាយៗទៅពេលដែលបាននៅជិតមនុស្សដែលយើងលួចស្រលាញ់ បានដើរទៅណាមកណាជាមួយគ្នា បាននិយាយគ្នាលេង បានជិតស្និទ្ធគ្នាអ៊ីចឹង ពេលខ្លះមិនបាច់សារភាពថាស្រលាញ់ មិនបាច់និយាយពាក្យផ្អែមល្ហែមក៏អាចមានសេចក្តីសុខបានដែរ។ ខ្ញុំចង់ប្រាប់គេថាពេលវេលាដែលខ្ញុំនៅជាមួយគេ ខ្ញុំពិតជាសប្បាយចិត្ត និងមានសេចក្តីសុខមែនទែននៅក្នុងជីវិត។ គេជាមនុស្សដែលមិនចេះនិយាយពាក្យសម្តីល្អៗ ពីរោះៗ សោះកក្រោះ ពេលខ្លះព្រងើយកន្តើយ តែខ្ញុំក៏មិនបានប្រកាន់ខឹងនឹងគេដែរ ទោះកាលពីមុនធ្លាប់ខឹង លួចអន់ចិត្តតូចចិត្តខ្លះៗក៏ដោយ ព្រោះការពិតទាំងនេះវាជាចរិតរបស់ពីធម្មជាតិបែបហ្នឹងឯង។ ពេលដែលយើងស្រលាញ់នរណាម្នាក់ពិតប្រាកដ យើងពិតជាមិនចង់ឱ្យគេកែប្រែឬផ្លាស់ប្តូរនូវអ្វីដែលជាចរិតពិតរបស់គេឡើយ។ យើងប្រាកដជាមិនប្រកាន់ ហើយព្រមទទួលយកនូវអ្វីដែលគេមាន និងអ្វីដែលជារបស់គេ។ ក្តីស្រលាញ់គឺស្រលាញ់ព្រោះគេគឺជាគេ ​មិនមែនស្រលាញ់អ្វីដែលគេកំពុងតែមានទេ។ 

នៅពេលល្ងាចមួយយើងកំពុងតែអង្គុយក្បែរគ្នាអានសៀវភៅ  កេក៏ងើបពត់ដៃពត់ជើងរួចនិយាយ។ 

« ហេ! ឃ្លានតោះទៅញ៉ាំអី? » ខ្ញុំងើបមុខចេញពីសៀវភៅដែលកំពុងតែអានរួចសួរបញ្ជាក់គេទាំងរីករាយ

« ថាម៉េច?ទៅមែនហេ? »

« បើមិនចង់ទៅក៏អត់ទៅ » គេនិយាយធ្វើហីរួចងើបដើរចេញ។ ខ្ញុំខាំមាត់ទាំងខ្នាញ់រួចក្រោករត់តាមពីក្រោយគេ

« នែ! គេមិនទាន់ថាអត់ទៅឯណា? ចង់ហៅគេញ៉ាំអីហៅឱ្យស្រួលៗ និងពិរោះតិចមើល។ មិនមែនគេអត់ទាន់ឆ្លើយផង យើងឆ្លើយខ្លួនឯងចឹងទេ មនុស្សប្រុសស្អីអត់ចេះនិយាយលួងចិត្តស្រីៗអីសោះ ។ យើងហៅគេឱ្យស្រួលបួលម្តងវាប្រកាច់ងាប់មែន? »

« បាទ! ល្ងាចនេះខ្ញុំព្រះករុណា សូមគោរពអញ្ជើញ និងនិមន្តកញ្ញា ទៅទទួលទានអាហាពេលល្ងាចជាមួយខ្ញុំ ចាប់ពីវេលាម៉ោង ៥សូន្យៗនាទីតទៅ តាមការគោរពនិងការគួរ.....សូមអរគុណ! »។ ខ្ញុំក៏អស់សំណើចហើយគក់ខ្នងរបស់គេខ្លាំងៗទាំងខ្នាញ់

« អាហ្នឹងគេហៅថាឌឺហើយ អាប៉ិនេះអាម៉េចហ្នឹង»

« ដៃធ្ងន់ម៉េះចែ ខូចសាច់កូនគេអស់ហើយ ឆើស!»

« មកពីយើងហ្នឹងវាឌឺពេក តោះទៅឃ្លានហើយ នៅត្រប៉ែហ្នឹងហើយកាលណាបានញ៉ាំ »

« យី យាយប៉ិនេះ » ។ គេសើចរួចដើរតាមពីក្រោយខ្ញុំចេញទៅ។ 

រូបតំណាង

ថ្ងៃកាន់តែបន្តរហូតដល់ខែ ទោះជាពួកយើងបញ្ចប់ការធ្វើកិច្ចការសាលារួមគ្នាក៏ដោយ តែមិត្តភាពនិងការស្និទ្ធស្នាលនៅតែបន្ត រហូតដល់គ្រប់គ្នាហៅពួកយើងថាជាគូស្នេហ៍ប្រចាំសាលាដងដែរ។ ក្នុងចិត្តរបស់ខ្ញុំចាត់ទុកគែថាជាគូស្នេហ៍ តែសម្រាប់គេក៏ខ្ញុំមិនបានដឹងដែរ តែមិនអីទេឱ្យតែយើងនៅតែបែបនេះរាល់ថ្ងៃខ្ញុំក៏សប្បាយចិត្ត។ ប៉ុន្តែភាពរីករាយមិនមែនចេះតែមានរហូតនោះទេ គេបានធ្វើឱ្យខ្ញុំអស់សង្ឃឹម នឹងខូចចិត្តយ៉ាងខ្លាំង។ ខ្ញុំគ្រាន់តែចង់នៅក្បែរគេទោះគ្មានឋានៈអ្វី ឬជាអ្វីនឹងគ្នាក៏ខ្ញុំរីករាយប៉ុន្តែ......

នៅថ្ងៃមួយនៃពិធីជប់លៀងបញ្ចប់ការសិក្សាពួកយើង ខ្ញុំបានសម្រេចចិត្តថានឹងប្រាប់គេពីទំហំនៃសេចក្តីស្រលាញ់ដើម្បីឱ្យគេបានដឹង រយៈពេលកន្លងមកនេះគួរតែល្មមគ្រប់គ្រាន់នឹងសារភាពហើយ ហើយខ្ញុំក៏ត្រៀមនឹងទទួលការពិតដែរទោះគែមិនស្រលាញ់ខ្ញុំ ឬបដិសេធក៏ដោយព្រោះខ្ញុំដឹងថាគេជាបុរសដុំថ្ម។ ខ្ញុំដឹងថានៅក្នុងចិត្តគេប្រហែលជាមានខ្ញុំត្រឹមតែមិត្តប៉ុណ្ណោះ តែខ្ញុំក៏ចង់សាកល្បងចង់ដឹងពីបុរសម្នាក់នេះនឹងធ្វើមុខបែបណាពេលដែលខ្ញុំសារភាពប្រាប់គេ ប៉ុន្តែបែរជាមានរឿងរ៉ាវកើតឡើងមុនពេលខ្ញុំសារភាពទៅវិញ។ ខ្ញុំកំពុងតែនិយាយសើចលេង ជាមួយមិត្តភក្តិដែលបែកគ្នារាប់ឆ្នាំពេលគេទៅសិក្សានៅបរទេសនៅក្នុងពិធីជប់លៀងមួយ ស្រាប់តែមិត្តម្នាក់នោះឱបខ្ញុំរួចថើបថ្ពាល់របស់ខ្ញុំទៀត ។ ដល់កហើយ! មិនចង់និយាយទេការពិតទៅវាជាប្រុសស្អាតលាក់មុខទេវាមិនបានស្រលាញ់មនុស្សស្រីឡើយ តែពេលវាធ្វើបែបនេះបែរជាហៅខ្សែភ្នែករបស់មនុស្សនៅក្នុងពិធីទាំងមូលរួមទាំងក្រាស់របស់ខ្ញុំដែរ។ គេដើរមករកខ្ញុំរួចនិយាយទាំងមុខស្មើ

« នៅក្នុងពិធីចឹងៗចេះធ្វើបែបនេះទៅរួចខ្លួនឯងជាមនុស្សស្រីណា បើចង់ធ្វើចឹងមិនទៅរកផ្ទះសំណាក់ទៅ។ ខ្ញុំស្អប់មនុស្សស្រីបែបនេះណាស់ » គេនិយាយទាំងគ្មានអារម្មណ៍ថាខុសអ្វីបន្តិចសោះ ខ្ញុំខឹងញ័រដៃទទ្រើករហូតលើកដៃទះគេមួយកំផ្លៀង។

« ឆ្កួតទេហេ? យើងនិយាយបែបនេះដាក់ខ្ញុំផងហេ? យើងជាមនុស្សប្រុសអត់? ខ្ញុំស្អប់យើងណាស់មិនចង់ជួបមុខយើងទេ » ខ្ញុំស្រែកដាក់គេរួចរត់ចេញពិធីនោះទៅទាំងទឹកភ្នែក។ ខ្ញុំត្រូវបានមនុស្សប្រុសដែលខ្ញុំស្រលាញ់បំផុតមើលងាយ ខ្ញុំឈឺចាប់ ខ្ញុំខូចចិត្ត ខ្ញុំអស់សង្ឃឹម តែវាប្រហែលជាមិនឈឺចាប់ស្មើនឹងពាក្យថាគេស្អប់ខ្ញុំទេ។ គេស្អប់ខ្ញុំ គេស្អប់ខ្ញុំហើយ។ បើគេស្អប់ខ្ញុំយ៉ាងនេះខ្ញុំគួរតែទៅឱ្យបាត់ពីមុខរបស់គេទៅប្រសើរជាង។  

រូបតំណាង

បន្ទាប់ពីថ្ងៃមានរឿងមកយើងក៏មិនបានទាក់ទងគ្នាតទៅទៀត។ វាក៏សមល្មមហើយដែរ ការសិក្សាក៏បញ្ចប់រួមជាមួយសេចក្តីស្នេហារបស់ខ្ញុំដែលរសាតបាត់ដូចជាផ្សែងក្នុងមួយប៉ប្រិចភ្នែក។ ថ្ងៃជប់លៀងខ្ញុំចង់សារភាពប្រាប់គេមុននឹងខ្ញុំបន្តការសិក្សានៅក្រៅប្រទេស តែអ្វីៗបានរលាយបានរលាយបាត់អស់ហើយ។ នៅក្នុងយន្តហោះដែលរៀបចេញដំណើរ ខ្ញុំបានអង្គុយនៅមាត់បង្អួចសំឡឹងមើលស្រុកកំណើតទាំងមិនដាច់អាល័យ ខ្ញុំនឹកគេ ខ្ញុំចង់ជួបគេ ខ្ញុំពិតជាចិត្តមិនដាច់ពិតមែន។ ទឹកភ្នែគខ្ញុំស្រាប់តែស្រក់ហូរចុះទប់លែងជាប់ ស្រាប់តែមានអ្នកដំណើរម្នាក់អង្គុយជិតខ្ញុំ ខ្ញុំបែរទៅម្ខាងមិនចង់ឱ្យអ្នកណាឃើញថាខ្ញុំកំពុងតែយំទេ តែគេបែរជាហុចក្រដាសជូតមាត់មក។ ខ្ញុំទទួលទាំងស្ទាក់ស្ទើររួចនិយាយ

« អរគុណណាស់ ចៃដន្យខ្ញុំឈឺភ្នែកពេក»

« កុហកមិនសមទេចែ ទៅរៀនកុហកឡើងវិញទៅ» សំឡេងដូចធ្លាប់ស្គាល់ខ្ញុំងាកទៅស្រាប់តែឃើញគេកំពុងតែអង្គុយជិតខ្ញុំពាក់កាស់ស្តាប់ចម្រៀង ធ្វើមុខស្មើ។ មិនមែនយល់សប្តិទេមែនទេ?

« មក...មក...ធ្វើអី? »

« កន្លែងនេះចែឯងទិញដាច់ហេបានខ្ញុំអង្គុយមិនបាន? សំបុត្រទិញអស់លុយដូចគ្នាតើចែ» ខ្ញុំងាកមុខចេញទាំងឈឺចាប់។ ស្រាប់តែគេយកកាសមួយចំហៀងដាក់នៅត្រចៀករបស់ខ្ញុំ។ ខ្ញុំភ្ញាក់បន្តិចទាំងខឹង ប៉ុន្តែអត្ថន័យចម្រៀងបែរជាធ្វើឱ្យបេះដូងរបស់ខ្ញុំលោតញាប់ខុសពិធម្មតា។ វាគ្រាន់តែជាចម្រៀងដែលថតសំឡេងទុកធម្មតាៗដែលគ្មានភ្លេង សំឡេងអ្នកច្រៀងក៏អន់មិនពីរោះអីបន្តិចសោះ តែខ្ញុំបែរជាញញឹមអឹមអៀនម្នាក់ឯង។

« ច្រៀងដូចឡប់»

« មិនបាច់ស្តាប់ទេ »

«អេ គេកំពុងតែស្តាប់ មិនទាន់ចប់ផង »

« ឆើស! » គេបែរមុខចេញទាំងធ្វើប្ញកពាងរងក់ដូចកូនក្មេង។ ពេលស្តាប់ចប់ខ្ញុំញញឹមញញែម។

« ញញឹមអី រហែកថ្ពាល់ខានបានសើចឥឡូវហើយចែ »

« កុំចេះ គេចង់សើច ហើយយើងមុខក្រហមធ្វើអីដែរ? »

«ឯណា មានណា? » គេយកដៃស្ទាបថ្ពាល់របស់គេទាំងអឹមអៀន។

« នែ! អ្នកណាជាតួស្រីនៅក្នុងបទចម្រៀងហ្នឹង? »

« មិនដឹង »

« មិនដឹងឱ្យខ្ញុំស្តាប់ធ្វើអី? »

« អើយ!!! ឱ្យអ្នកណាស្តាប់អ្នកហ្នឹងហើយ ឆើស!! ឈប់សួរត្រូវការដេក »

«អេ!! មិនឱ្យដេកទេ ឆ្លើយភ្លាមៗ» ខ្ញុំអង្រួនគេទាំងញញឹមចង់រហែកថ្ពាល់។ គេងាកមុខចេញ ខ្ញុំដឹងថាគេកំពុងតែអៀន ព្រោះថ្ពាល់គេឡើងក្រហម។ ហាហា..ប្រុសៗចេះអៀនដែរតើ។ ខ្ញុំឌឺដងគេ ហើយញ៉ោះគេលេងរហូតនៅតាមផ្លូវ។ សេចក្តីសុខក៏បានត្រលប់មករកយើងទាំងពីរដូចដើម ដោយសារតែចម្រៀង« សុំទោស» មួយបទ។ វាគ្រប់គ្រាន់ហើយនូវការដឹងកំហុស និងធ្វើខុសចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់។ សារដែលខ្ញុំសារភាពប្រាប់គេយប់មិញមុនពេលខ្ញុំឡើងយន្តហោះមិនអត់ប្រយោជន៍នោះទេ។ ប្រាប់ហើយថាការដែលសារភាពប្រាប់មនុស្សដែលយើងលួចចូលចិត្ត មិនប្រាកដថាគេបដិសេធនោះទេ ជាពិសេសបុរសចិត្តដុំថ្មសោះកក្រោះម្នាក់នេះ បើអង្គុយចាំគេមកសារភាពមុន បែបពេលនេះពួកយើងមិនបានទៅសិក្សានៅបរទេសជាមួយគ្នា និងប្រើជីវិតជាគូស្នេហ៍ដ៏ពេញលេញមានសេចក្តីសុខបាននោះទេ។ ជាចុងក្រោយខ្ញុំចង់ប្រាប់ថា ខ្ញុំស្រលាញ់យើងណាក្រាស់របស់ខ្ញុំ៕  

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]