អាល្លឺម៉ង់៖ ឡានតាក់ស៊ីកំពុងមានតម្រូវការយ៉ាងខ្លាំងនៅក្នុងពេលសព្វថ្ងៃនេះ។ ប៉ុន្តែដោយសារចំនួនឡានកាន់តែមានច្រើនទៅៗ ទើបធ្វើឲ្យការធ្វើដំណើរតាមរយៈរថយន្តមានភាពពិបាកជាងមុន។ ឡានដែលអាចហោះបានគឺជាក្តីស្រមើរស្រមៃរបស់មនុស្សតាំងពីយូរណាស់មកហើយ  ហើយខណៈពេលនេះឡានប្រភេទនេះក៏បានក្លាយជាការពិតដែរ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺក្នុងពេលនេះ ក្រុមហ៊ុនមួយនឹងមានសេវាកម្មរថយន្តតាក់ស៊ីដែលអាចហោះបានផងដែរ។

បន្ទាប់ពីធ្វើការសាកល្បងហោះហើរឡាន ដែលមានកៅអីចំនួន ២បានជោគជ័យហើយនោះ  Lilium ដែលជាក្រុមហ៊ុនអាល្លឺម៉ង់មួយបានទទួលប្រាក់វិនិយោគចំនួន ៩០លានដុល្លារដើម្បីផលិតរថយន្ដតាក់ស៊ីដែលអាចហោះបាន និងមានកៅអីចំនួន ៥កន្លែង។ ក្រុមហ៊ុន Lilium ត្រៀមផលិតឡានតាក់ស៊ីដែលប្រើប្រាស់អគ្គិសនីនេះឲ្យមានសមត្ថភាពធ្វើដំណើរក្នុងល្បឿនលើសពី ២៨៩គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង។

ការសាកល្បងហោះហើរឡានដែលមានកៅអីចំនួន ២
រាងគំរូរបស់ឡានដែលអាចហោះហើរបាននិងមានកៅអីចំនួន ៥
គំរោងនៃការចតទុកឡានតាក់ស៊ីទាំងនោះ

កាលពីឆ្នាំមុន ការវិនិយោគទុនមុនដំបូងគេនៅក្នុងក្រុមហ៊ុននេះមានតែចំនួន ១០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែកញ្ចប់ថវិការបស់ក្រុមហ៊ុន Lilium បានកើនឡើងដល់ទៅជាង ១០០លានដុល្លារបន្ទាប់ពីការវិនិយោគរបស់ ក្រុមហ៊ុន Tencent, លោក Niklas Zennström ដែលជាស្ថាបនិក Skype, លោក Ev Williams ដែលជាសហស្ថាបនិក Twitter និងធនាគារឯកជន LGT ។

លោក Remo Gerber ប្រធានមន្រ្តីពាណិជ្ជកម្មរបស់ក្រុមហ៊ុន Lilium បាននិយាយថា ប្រជាជនមានភាពកកកុញយ៉ាងខ្លាំង ហើយយើងមានតែប្រើប្រាស់រថយន្តតាក់ស៊ីតាមផ្លូវអាកាសទេទើបអាចដោះស្រាយ និងកែលម្អបញ្ហាកកស្ទះចរាចរណ៍នេះបាន។

ក្រុមហ៊ុន Lilium រំពឹងថារថយន្ដតាក់ស៊ីដែលអាចហោះហើរនេះនឹងមានដំណើរជាលើកដំបូងចាប់ផ្តើមនៅឆ្នាំ ២០១៩តទៅ ហើយការកែសម្រួលដើម្បីបន្ថែមលក្ខណៈពិសេសដទៃទៀត អាចនឹងបញ្ចេញឲ្យមានដំណើរការនៅឆ្នាំ ២០២៥៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]