បរទេស៖  លោក Elon Musk គឺជាមហាសេដ្ឋីម្នាក់ដែលមានឈ្មោះបោះសម្លេងនៅក្នុងវិស័យបច្ចេកវិទ្យា  ហើយគាត់តែងតែធ្វើការទំនាក់ទំនងជាមួយមនុស្សទូទៅនៅក្នុងបណ្តាញសង្គម Twitter ផងដែរ។ កាលពីថ្មីៗនេះ គាត់បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា តើអ្វីទៅដែលនឹងអាចធ្វើឲ្យសង្គ្រាមលោកលើកទី៣ កើតឡើងបាន។

គាត់បាននិយាយនៅក្នុងបណ្តាញសង្គម Twitter ថា ប្រព័ន្ធកុំព្យូទ័រដែលមានភាពឆ្លាតវៃ (AI ឬ Artificial Intelligent) អាចជាមូលហេតុមួយដែលនឹងបង្កឲ្យកើតឡើងនូវសង្គ្រាមលោកលើកទី៣។

លោក Elon Musk នឹងយានអវកាសរបស់ខ្លួន
អ្វីដែលគេគិតថាប្រព័ន្ធកុំព្យូទ័រដែលមានភាពឆ្លាតវៃអាចធ្វើបាន

លោក Elon Musk បានបន្ថែមទៀតថា កូរ៉េខាងជើងគ្រាន់តែជាក្តីបារម្ភដ៏តូចមួយប៉ុណ្ណោះ ព្រោះថាបើសិនជាប្រទេសនេះហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ នោះប្រទេសជាច្រើនរួមមាន កូរ៉េខាងត្បួង សហរដ្ឋអាមេរិក និងប្រទេសចិន នឹងទៅបង្ក្រាបកូរ៉េខាងជើងភ្លាមៗជាមិនខាន។  ការបង្ហាញមតិរបស់លោក Elon Musk បានបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ថា តើហេតុអ្វីបានជាប្រទេសមហាអំណាចជាច្រើនកំពុងតែព្យាយាមផលិតប្រព័ន្ធកុំព្យូទ័រដែលមានភាពឆ្លាតវៃនេះឲ្យបានមុនគេ?

យើងដឹងរួចហើយថាសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាជាអ្នកនាំមុខគេក្នុងពិភពលោកក្នុងយល់ដឹងពី AI ឬប្រព័ន្ធកុំព្យូទ័រដែលមានភាពឆ្លាតវៃ ប៉ុន្តែទន្ទឹមគ្នានឹងនេះ ប្រទេសចិន និងប្រទេសរុស្ស៊ីក៏កំពុងតែមានការរីកចំរើនយ៉ាងខ្លាំងក្លាផងដែរ។

កាលពីពេលថ្មីៗនេះ Goldman Sachs បានចេញរបាយការណ៍មួយដោយលើកឡើងថា ប្រទេសចិនជាប្រទេសមួយដែលកំពុងមានការរីកចម្រើនក្នុងការអភិវឌ្ឍន៍ប្រព័ន្ធកុំព្យូទ័រដែលមានភាពឆ្លាតវៃ (AI) ហើយគេប្រហែលជាអាចសម្រេចគោលដៅនៅក្នុងឆ្នាំ ២០៣០ ទៀតផង។ 

ចំណែកឯប្រទេសរុស្ស៊ីឯណោះវិញ ក៏បានដាក់ទុនយ៉ាងច្រើនលើការអភិវឌ្ឍន៍ AI ផងដែរ។ កាលពីថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងថា ប្រទេសណាដែលនាំមុខក្នុងការអភិវឌ្ឍន៍ប្រព័ន្ធកុំព្យូទ័រដែលមានភាពឆ្លាតវៃនឹងក្លាយជាអ្នកគ្រប់គ្រងពិភពលោកជាក់ជាមិនខាន។  គាត់បានបន្ថែមទៀតថា ប៉ុន្តែវាមិនល្អនោះទេបើសិនជានរណាម្នាក់ ទទួលបានតំណែងតែម្នាក់ឯងនោះ។ ហើយវាហាក់បីដូចជាពាក្យគំរាមពីលោក Vladimir Putin ទៅកាន់អាមេរិក និងចិនផងដែរ។ 

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump
ប្រធានាធិបតីចិន លោក Xi Jinping
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

យ៉ាងណាមិញយើងនៅតែមិនទាន់ដឹងថាបច្ចេកវិទ្យាដ៏ទំនើប អាចជួយឲ្យប្រទេសមហាអំណាចទាំងនោះគ្រប់គ្រងបពិភពលោកដោយរបៀបណាទេ ហើយហេតុអ្វីបានជាប្រព័ន្ធកុំព្យូទ័រដែលមានភាពឆ្លាតវៃ ឬ AI នេះ អាចបង្កឲ្យមានសង្គ្រាមលោកលើកទី៣ដូចលោក Elon Musk បានធ្វើការអះអាងនៅឡើយដែរ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងទេដែលលោក Musk បានចង្អុលបង្ហាញថា AI អាចបង្កឲ្យមានសង្គ្រាមកាន់តែធំជាងកូរ៉េខាងជើងទៅទៀតនោះ។ យើងចាំមើលទាំងអស់គ្នាមើលថា តើមតិរបស់មហាសេដ្ឋីផ្នែកបច្ចេកវិទ្យាម្នាក់នេះមានភាពត្រឹមត្រូវដែរ ឬក៏យ៉ាងណា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]