** ប្រលោមលោកខ្មែរឡូត **

គេថាពិភពលោកនេះធំធេងណាស់ តែសម្រាប់ខ្ញុំពិភពលោកត្រឹមតែជាមនុស្សប្រុសម្នាក់ប៉ុណ្ណោះ..............។

ខ្ញុំសម្លឹងមើលទូខោអាវទទេស្អាតដែលបើកចំហចោលនៅពីមុខខ្ញុំទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន។ ខ្ញុំដកដង្ហើមមួយៗទៅតាមខ្យល់ជារឿយៗ ខ្ញុំមិនហ៊ានគិត មិនហ៊ានស្រមៃ មិនហ៊ានកំរើកខ្លួន មិនហ៊ានសូម្បីតែងាកក្រោយមើលថាមនុស្សប្រុសដែលឈរនៅពីក្រោយខ្ញុំ កំពុងដើរចេញទៅហើយឬនៅ។ ពិភពលោករបស់ខ្ញុំពេលនេះរលាយហើយ អស់ហើយនូវអ្វីៗគ្រប់យ៉ាងទាំងអស់។ 

មីនាគឺជាឈ្មោះដែលម៉ែនៅមណ្ឌលកុមារកំព្រាដាក់ឱ្យខ្ញុំ។ ខែមីនា ឆ្នាំ ១៩៩០ ខ្ញុំត្រូវគេយកទៅបោះបង់ចោលនៅក្រោមដើមចម្ប៉ាមួយដើមនៅមុខមណ្ឌលកុមារកំព្រាមួយកន្លែង ។ ម៉ែយកថ្ងៃនោះជាថ្ងៃកំណើតខ្ញុំ តែវាជាថ្ងៃដែលខ្ញុំឈឺចាប់ជាងគេបំផុត ថ្ងៃដែលធ្វើឱ្យខ្ញុំស្អប់ផ្កាចម្ប៉ារហូតមកដល់ពេលនេះ។ ជីវិតជាក្មេងកំព្រាខ្ញុំមិនដែលតូចចិត្តទេ តែខ្ញុំបែរជាមានអារម្មណ៍មួយដែលមិនអាចពណ៌នាបាន នោះគឺអារម្មណ៍ដែលពិបាកនឹងនិយាយចេញមក។ ខ្ញុំផ្ទាល់ក៏មិនសូវយល់ដូចគ្នាដែរ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំហូរទឹកភ្នែកជាញឹកញាប់ ពេលខ្លះវាស្រក់ចុះមកទាំងមិនបានត្រៀមចិត្តទុកជាមុន។ ពេលខ្ញុំនៅតូចខ្ញុំតែងតែឮមិត្តភក្តិនិយាយថា ពួកគេត្រូវការសេរីភាព គេមិនចូលចិត្តអ្នកផ្ទះគេដែលតែងតែដាក់សម្ពាធដល់គេ ហាមឃាត់នេះ ហាមឃាត់នោះ។ ចម្លែកមែន អ្វីដែលពួកគេត្រូវការខ្ញុំមានទាំងអស់ តែមើលចុះពួកគេមើលទៅនៅតែមានសុភមង្គលជាងខ្ញុំ។ ខ្ញុំធំឡើងនៅក្នុងមណ្ឌលកុមារកំព្រាមួយនេះ ហើយពិភពលោករបស់ខ្ញុំគឺមានតែមណ្ឌលកុមារកំព្រាតែប៉ុណ្ណោះ។ 

ពេលវេលាចេះតែរំកិលដើរទៅមុខ ក្មេងថ្មីចេះតែចូលមក ហើយក្មេងៗដូចពួកយើងក៏កាន់តែធំឡើងទៅដែរពីមួយថ្ងៃទៅមួយថ្ងៃ។ ម៉ែក៏មិនសូវជាយកចិត្តទុកដាក់នឹងពួកយើងដូចមុន ខ្ញុំតូចចិត្តក៏បែកគំនិតរៀនលែងចូល ចាប់ផ្តើមគេចសាលា លេងថ្នាំញៀន រាល់ថ្ងៃយកជាតិអាល់កុលជំនួសទឹក។ ខ្ញុំធ្វើរឿងជាច្រើនដែលសង្គមស្អប់ខ្ពើម ទាំងមិនបានដឹងខ្លួនថាខ្ញុំកំពុងដើរចូលទៅរកនរក។ ខ្ញុំមានសង្សារជាអ្នកនៅមណ្ឌលជាមួយគ្នា។ ហេតុតែនៅក្មេងភ្លើតភ្លើនតាមសង្គមអូសទាញ ខ្ញុំបានជ្រុលជ្រួសខ្លួនប្រាណជាមួយគេ ដើម្បីបញ្ជាក់ពីទំហំនៃសេចក្តីស្រលាញ់របស់ខ្ញុំ។ នោះគឺជាពិភពលោករបស់ខ្ញុំនៅអាយុត្រឹមតែ ១៥ ឆ្នាំប៉ុណ្ណោះ។

មិនយូរប៉ុន្មានសង្សារបស់ខ្ញុំក៏ចេញពីមណ្ឌល។ គេសម្រេចចិត្តឈប់រៀនទៅធ្វើការនៅតាមខេត្ត។ ជីវិតពិតមិនដូចជារឿងនិទាននោះទេ ស្នេហាស្មោះស ស្មោះស្ម័គ្ររង់ចាំគ្នាអី វាគ្មាននោះទេ។ ពេលស្រលាញ់គ្នាអ្វីៗក៏ល្អ សម្តីបែបណាក៏និយាយបានដែរ តែពេលបែកគ្នាហើយរឿងអ្វីក៏អាចកើតឡើង។ មិនយូរប៉ុន្មានខ្ញុំក៏ភ្លេចគេទៅតាមពេលវេលា ហើយចាប់ផ្តើមទាក់ទងជាមួយអ្នកថ្មី។ 

អ្នកថ្មីជាបងធំនៅក្នុងសាលា ពេលនោះកេរ្តិ៍ឈ្មោះរបស់ខ្ញុំចាប់ផ្តើមល្បីដោយសារសង្សារ។ អ្នកណាក៏ស្គាល់ថាខ្ញុំជាស្រីរបស់គេ គ្រប់គ្នាចាប់ផ្តើមខ្លាចខ្ញុំ តែខ្ញុំមានមោទនភាពលើខ្លួនខ្ញុំទៅវិញទេ។ ប៉ុន្តែ...ការដែលយើងជ្រើសរើសខុស ការដែលខ្ញុំផ្ញើជីវិតនៅក្នុងក្រុមអន្ធពាល ជីវិតខ្ញុំក៏លិចលង់ទៅតាមនោះតាមដែរ។ ខ្ញុំមិនបានដឹងទាល់តែសោះថាសង្សាររបស់ខ្ញុំជាអ្នកជួញដូរគ្រឿងញៀន។ ខ្ញុំភ្ញាក់ផ្អើលនៅពេលដែលប៉ូលីសចាប់គេបានហើយក៏ចាប់ទាំងខ្ញុំដូចគ្នា។ ខ្ញុំជាប់គុកអស់រយៈពេលជាច្រើនថ្ងៃដោយមិនដឹងរឿងអ្វីសោះ ក្រោយមកប៉ូលីសក៏ដោះលែងខ្ញុំចេញមកវិញ បន្ទាប់ពីរកឃើញថាខ្ញុំជាមនុស្សស្អាតស្អំ។ ចេញពីពន្ធធនាគារ ខ្ញុំជាប់មានឈ្មោះថាជាអ្នកទោស ខ្ញុំអស់កន្លែងដែលត្រូវទៅ ជីវិតខ្ញុំក៏គ្មានកន្លែងណាដែលត្រូវធ្លាក់ចុះទៀតទេ អនាគតរបស់ខ្ញុំរលាយអស់ហើយ ។ ខ្មាសមិត្តភក្តផង ខ្មាសមិត្តរួមមណ្ឌលផងខ្ញុំក៏សម្រេចចិត្តឈប់រៀន ហើយចេញពីមណ្ឌលកុមារកំព្រាមកធ្វើជាអ្នកបម្រើនៅតាមផ្ទះកាត់ដេរមួយកន្លែង។ 

រូបតំណាង

ហាងកាត់ដេរជាកន្លែងដែលធ្វើឱ្យយើងទាំងពីរជួបគ្នា។ គេក្មួយរបស់ម្ចាស់ហាងដែលខ្ញុំនៅជាមួយ គេជាកូនកសិករដែលឡើងមករៀនពីខេត្តដាច់ស្រយាលដើម្បីបំណងរបស់ពុកម៉ែរបស់គេ ហើយគេក៏ជាមនុស្សតែម្នាក់គត់ដែលមិនខ្វល់ពីអតីតកាលរបស់ខ្ញុំថាវាយ៉ាងណា អាក្រក់យ៉ាងណា ថោកទាបយ៉ាងណានោះ។ ដើម្បីគេខ្ញុំក៏សម្រេចចិត្តចូលរៀនវិញ មិនថាអ្នកដទៃនិយាយអ្វីខ្លះពីខ្ញុំបែបម៉េច សំខាន់ឱ្យតែមានគេយល់ពីខ្ញុំគឺគ្រប់គ្រាន់ណាស់ទៅហើយ។ ពេលរៀនចប់បាក់ឌុប យើងក៏មករៀនបន្តនៅមហាវិទ្យាល័យនៅភ្នំពេញជាមួយគ្នា។ យើងរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ តែដោយសារជីវភាពគ្រួសារមិនសូវធូរធារ ខ្ញុំក៏សម្រេចចិត្តលះបង់ការសិក្សាថ្នាក់មហាវិទ្យាល័យចោល ហើយប្រឹងប្រែងធ្វើការគ្រប់យ៉ាងដើម្បីបង់ថ្លៃសាលា ថ្លៃចាយវាយ ថ្លៃសិក្សាផ្សេងៗឱ្យគេ។ រយៈពេលដប់ឆ្នាំហើយដែលយើងទាក់ទងគ្នា គេដូចជាគ្រួសារ ជាពិភពលោករបស់ខ្ញុំ គេជាអ្វីៗទាំងអស់ដែលខ្ញុំមាន ខ្ញុំមិនដែលហ៊ានស្រមៃទេថា គេនឹងចាកចេញពីខ្ញុំថ្ងៃណាមួយ ។ តែថ្ងៃនេះ ថ្ងៃដែលខ្ញុំខ្លាចបំផុតក៏បានមកដល់។

រូបតំណាង

គេរៀនចប់ហើយ ពេលនេះគេមិនមែនជាបុគ្គលិកធម្មតាទេ តែគេជា CEO នៅ ក្រុមហ៊ុនមួយកន្លែង។

« អូនសម្លាញ់! ពេលដែលបងរៀនចប់ បងមិនឱ្យអូនលំបាកទៀតទេ » ពាក្យសម្តីថ្ងៃមុននៅតែឮលាន់ពេញត្រចៀករបស់ខ្ញុំទាំងសងខាង។ ចុះហេតុអ្វីថ្ងៃនេះ ខ្ញុំបែរជាឈរគ្មានវិញ្ញាណដូចជាមនុស្សស្លាប់ទៅវិញ។ ខ្ញុំចង់ឃាត់ណាស់ ខ្ញុំចង់ស្រែកយំខ្លាំងៗប្រាប់គេថា « ឱ្យខ្ញុំរស់នៅយ៉ាងម៉េច? កុំទៅអី!!! »   តែខ្ញុំធ្វើមិនបានព្រោះតែសម្តីចុងក្រោយមុនពេលគេចាកចេញមួយឃ្លានោះបានច្របាច់បេះដូងរបស់ខ្ញុំឱ្យខ្ទេចបែកប្រេះស្រាំទៅហើយ។

« មីងរបស់បងគាត់ធ្លាប់ស្គាល់អូនពីមុន អ្នកផ្ទះបងដាច់ខាតមិនឱ្យយើងរៀបការជាមួយគ្នាទេ គាត់ថាបងត្រូវតែរៀបការជាមួយមនុស្សស្រីដែលសាកសមនឹងបង »

ធ្លាប់ស្គាល់ខ្ញុំពីមុន? ស្រីដែលសាកសម? មែនហើយពេលនេះគេជា CEO ហើយខ្ញុំគ្រាន់តែជាស្រីដែលមានអតីតកាលមិនល្អ រៀនមិនបានខ្ពស់ ខ្ញុំមិនអាចប្រៀបស្មើជាមួយគេបានទេ។ តែយ៉ាងណាក៏យើងស្រលាញ់គា្នជាងដប់ឆ្នាំទៅហើយ បើចង់ចាកចេញហេតុអ្វីក៉៏យកអតីតកាលរបស់ខ្ញុំមកជាន់ឈ្លីបែបនេះ? ហេតុអីក៏យកកាំបិត ទៅចាក់របួសចាស់ច្រើនឆ្នាំមុនទៅវិញ? ចុះសម្តីដែលបាននិយាយថាស្រលាញ់តែខ្ញុំម្នាក់ និងមិនខ្វល់ពីអតីតកាលរបស់ខ្ញុំទៅណាបាត់អស់ហើយ?  

រូបតំណាង

ខ្ញុំឈរលើដំបូលអគារមួយដ៏សែនខ្ពស់សន្លឹម ខ្យល់ត្រជាក់បក់បោកជាមួយទឹកភ្លៀងដែលកំពុងតែស្រក់ចុះមកប៉ះនឹងរាងកាយខ្ញុំ តែខ្ញុំបែរជាគ្មានអារម្មណ៍អ្វីទាំងអស់ទៅវិញ។ ចំនុចដែលខ្ញុំឈរគឺជាចំនុចខណ្ឌចែករវាងដំបូលអគារ និងលម្ហអាកាស  ឱ្យតែខ្ញុំឈានជើងតែមួយជំហានទៀត ខ្ញុំប្រហែលជាលាពិភពលោកនេះរហូតអស់មួយជីវិតហើយ។ ខ្ញុំចាប់ផ្តើមឈានជើងទៅមុខ ស្រាប់តែខ្ញុំនឹកឃើញពាក្យថា « ពិភពលោក » ។ ពិភពលោកអ៊ីចឹងហ្ហេស ? តើពិភពលោកនេះគឺជាអ្វីទៅ? ហេតុអ្វីក៏ខ្ញុំអនុញ្ញាតឱ្យគេក្លាយទៅជាពិភពលោករបស់ខ្ញុំ? កាលពីក្មេងខ្ញុំគិតថាមណ្ឌលកុមារកំព្រាជាពិភពលោករបស់ខ្ញុំ។ កាលពីអាយុ 15 ឆ្នាំ ពិភពលោករបស់ខ្ញុំគឺជាពិភពអន្ធពាល និងភក់ជ្រាំ បន្ទាប់មកគេក៏ក្លាយជាពិភពលោករបស់ខ្ញុំ។ ពេលគេចាកចេញពីពិភពលោករបស់ខ្ញុំ ខ្ញុំក៏អាចនឹងក្លាយទៅជាអ្វីផ្សេងទៀតក៏ថាបាន មែនទេ? ខ្ញុំគិតហើយក៏ញញឹមឈានជើងថយក្រោយមួយជំហានវិញ។

តាមពិតពិភពលោករបស់ខ្ញុំមិនដែលរលាយទេ វាគ្រាន់តែផ្លាស់ប្តូរទៅតាមពេលវេលាតែប៉ុណ្ណោះ ។ ហើយពេលនេះវាក៏ប្រហែលជាដល់ពេលដែលត្រូវផ្លាស់ប្តូរទៀតហើយ។ គ្រប់គ្នាអាចគិតថាខ្ញុំល្ងង់ដែលព្រមលះបង់គ្រប់យ៉ាងដើ់ម្បីមនុស្សប្រុសម្នាក់ ។ តែខ្ញុំគិតថាខ្លួនឯងអស្ចារ្យណាស់ដែលអាចធ្វើឱ្យមនុស្សអត់បានការម្នាក់ក្លាយជា CEO បាន។ ចុះហេតុអ្វីខ្ញុំមិនសាកធ្វើអី្វដើម្បីខ្លួនឯងម្តង? បើខ្ញុំស្លាប់ពេលនេះ ខ្ញុំគ្រាន់តែជាស្រីល្ងង់ដែលសម្លាប់ខ្លួនដើម្បីប្រុស ខណៈដែលប្រុសម្នាក់នោះបែរជាសោយសុខជាមួយប្រពន្ធកូនរបស់គេទៅវិញ។ តទៅខ្ញុំនឹងយកខ្លួនឯងជាពិភពលោករបស់ខ្លួនឯង រស់នៅឱ្យមានន័យ មានតម្លៃ។ យ៉ាងហោចក៏មានអ្នកយំ និងស្តាយស្រណោះពេលដែលខ្ញុំស្លាប់ទៅបាត់ដែរ។ មិនមែនស្លាប់ឱ្យគេជេរបែបនេះទេ។ ខ្ញុំញញឹម ហើយសើចខ្លាំងៗចេញមកទាំងទឹកភ្នែក។ ខ្ញុំឈឺចាប់ច្រើនហើយ ឈឺបន្តិចទៀតក៏មិនអីដែរ សំខាន់គឺអាចនៅមានជីវិត ព្រោះមានជីវិតទើបយើងអាចឈ្នះឧបសគ្គនៅខាងមុខបាន ។ ចំណែកអ្នកដែលជ្រើសយកសេចក្តីស្លាប់គឺជាអ្នកចាញ់ ចាញ់ៗៗចាញ់ដោយគ្មានវិធីងើបមកតវ៉ារឿងអ្វីៗគ្រប់យ៉ាងទាំងអស់៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]