ឆ្លងកាត់នូវព្យុះជីវិតដ៏សែនលំបាក រកអាហារពីរពេលមិនចង់គ្រប់គ្រាន់ ប្រែក្លាយមកជាយុវវ័យជោគជ័យ មានទាំងផ្ទះរស់នៅសមរម្យ មានរថយន្តប្រើប្រាស់ មានការងារល្អៗ រួមជាមួយនឹងកិត្តិយសនៅក្នុងសង្គម ដែលតារាសម្តែង និងជាពិធីករ អ៊ឹម ជីវ៉ា បានបញ្ជាក់ប្រាប់ថា “ ទម្រាំមានថ្ងៃនេះ គឺខ្ញុំបានជួបឧបសគ្គរាប់រយជំពូក តែខ្ញុំតស៊ូមិនចុះចាញ់នឹងព្រហ្មលិខិត ដែលកម្រិតឱ្យខ្ញុំកើត ជាកូនអ្នកក្រីក្រទ្បើយ 

អ៊ឹម ជីវ៉ា បានរៀបរាប់ថា លោកមានស្រុកកំណើតនៅខេត្តតាកែវ មានបងប្អូន៥នាក់ ប្រុសពីរ ស្រីបី ក្នុងនោះរូបគេជាកូនទី៤ រស់ក្នុងគ្រួសារមានជីវភាពក្រីក្រ ឳពុកម្តាយគ្មានមុខរបរពិតប្រាកដ។ អ៊ឹម ជីវ៉ា បន្តទៀតថា “ កាលខ្ញុំនៅតូច គ្រួសារ ខ្ញុំបានផ្លាស់ទីលំនៅពីខេត្តតាកែវ មករស់នៅជាប់របងវត្តនាគ្គវ័ន្ន ដោយឳពុកប្រកបមុខរបរជាអ្នកលក់ដូង រីឯម្តាយ និងបងស្រីលក់នំបញ្ចុក-បន្លែបង្ការតាមរទេះ ចំណែកខ្ញុំនៅពេលនោះ មានអាយុប្រហែលជាបួនប្រាំឆ្នាំ តែខ្ញុំមានចិត្តចង់រកលុយខ្លាំងណាស់។ កាលណោះ អ្វីក៏ខ្ញុំធ្វើដែរ ដូចជា ដើរប៉េះបន្លែ លក់កាសែត រើសអេតចាយ យាមស្បែកជើង បោសចេតីយ៍ នៅពេលវត្តមានកម្មវិធីបុណ្យទានម្តងៗ ដើម្បីជួយរកលុយឱ្យគ្រួសារ 

ទាក់ទងនឹងការឈានជើងចូលសិល្បៈ អ៊ឹម ជីវ៉ា បានបន្តឱ្យដឹងទៀតថា “ ខ្ញុំមានចិត្តស្រទ្បាញ់វិស័យសិល្បៈ តាំងពីតូចមកម៉្លេះ។ កាលរៀននៅសាលាបឋមសិក្សា ខ្ញុំបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងការប្រលងសិល្បៈច្រៀង និងរាំទូទាំងរាធានី។ បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមចូលប្រទ្បូកសិល្បៈ ខណៈពេលបានប្រលងចម្រៀងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីតន្រ្តីសម័យយុវវ័យ របស់ស្ថានីយទូរទស្សន៍ខេមរៈភូមិន្ទ ប៉ុស្តិ៍លេខ៥ កាលពីឆ្នាំ២០០១កន្លងទៅ។ ប៉ុន្តែក្នុងឆ្នាំជាមួយគ្នានោះ ខ្ញុំក៏ក្លាយខ្លួនទៅជាក្មេងកំព្រារ ព្រោះឳពុកបានស្លាប់ចោល ដោយសារជំងឺលើសឈាម មិនមានលទ្ធភាពព្យាបាល ” 

ទោះបីជាស្រមោលអតិតកាល ពោពេញទៅដោយការលំបាកលំបិនក៏ពិតមែន ប៉ុន្តែ អ៊ឹម ជីវ៉ា បានប្រាប់ថា “ ខ្ញុំមិនចុះចាញ់ទេ គឺនៅតែខិតខំរកលុយតាមលទ្ធភាពដែលអាចធ្វើបាន  ដើម្បីបន្តការសិក្សា រហូតបញ្ចប់ថ្នាក់បរិញ្ញាច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ សព្វថ្ងៃនេះ ខ្ញុំបានបម្រើការងារជាជំនួយការនៅក្លឹបមេធាវី លុច និង ខេន ទទួលបានប្រាក់បៀវត្ស គួរសម។ ដោយទ្បែក ការងារសិល្បៈដែលខ្ញុំប្រទ្បូក អស់រយៈពេលដប់ឆ្នាំមកនេះ ខ្ញុំទទួលបាន លទ្ធផលផ្លែផ្កាគួរសម ពីព្រោះសិល្បៈ មិនត្រឹមតែជួយផ្តល់លុយកាក់ប៉ុណ្ណោះទេ គឺបានផ្តល់ទាំង កិត្តិយស និងជួយឱ្យខ្ញុំបានស្គាល់អ្នកមានបទពិសោធការងាររកស៊ី នៅក្នុងសង្គមជាច្រើនថែមទៀត ផង 

វត្តមានក្នុងអាជីពសិល្បៈនាំឱ្យ អ៊ឹម ជីវ៉ា ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះបោះសំឡេង តាមរយៈខ្សែភាពយន្ត រឿង “ មេឃចាស់ច័ន្ទថ្មី” “ សាយ័ណស្នេហ៍ ” “ វិមានច័ន្ទ ” “ ព្រះច័ន្ទគោរព ” និងរឿង “ ផ្តើមស្នេហ៍ជាថ្មី ” ជាដើម។ ប៉ុន្តែក្រោយពេលយុវវ័យ២៥ឆ្នាំរូបនេះ បានចាប់យកអាជីពជាពិធីករនៅក្នុងកម្មវិធី “ song for you ” “ ចុងភៅចំណាន ” “ជីវិតទូរគតជននៅស្ថានីយទូរទស្សន៍អប្សរា កម្មវិធី “ ទេពកោសល្យ កុមារ ” នៅស្ថានីយ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ និងកម្មវិធី “ ជំហានតារានៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍ លេខ៥ខ.ម ឃើញថា អ៊ឹម ជីវ៉ា កំពុងតែទទួលបានចំណាប់អារម្មណ៍ ពីសំណាក់ប្រិយមិត្ត គួរឱ្យកត់ សម្គាល់។ ភាពជោគជ័យទាំងអស់នេះ បានធ្វើឱ្យ អ៊ឹម ជីវ៉ា កែប្រែវាសនាពីភាពក្រក្សត់ ក្លាយជាយុវវ័យ មួយរូប ប្រកបដោយចំណេះដឹង និងទ្រព្យសម្បត្តិ គួរសមទាំងវ័យក្មេង ដោយគេសង្កេតឃើញថា បច្ចុប្បន្ននេះ ក្មេងកំព្រារមានការតស៊ូខ្ពស់ រូបនេះ មានលទ្ធិភាពទិញផ្ទះបានពីរល្វែងនៅសង្កាត់ទឹកថ្លា និងមានរថយន្តកាមេរីជិះយ៉ាងសង្ហាថែមទៀតផង។ មិនតែប៉ុណ្ណោះមួយរយៈនេះ មានព័ត៌មានថា អ៊ឹម ជីវ៉ា បានបង្កើតក្រុមហ៊ុនផលិតបទចម្រៀង ខ្សែភាពយន្ត និងនាំចូលផលិតផលគ្រឿងសម្អាង យីហោ ម៉ាក “ មេក ” មកបម្រើទីផ្សារកម្ពុជា។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានពិធីកររូបនេះ បដិសេធថា គឺជាការ យល់ច្រទ្បំ ព្រោះក្រុមហ៊ុននេះ គេគ្រាន់តែជាអ្នករត់ការច្បាប់បង្កើត និងគ្រប់គ្រង តែប៉ុណ្ណោះ មិនមែនជាកម្មសិទ្ធិរបស់លោកទេ។

ជាមួយគ្នានេះ អ៊ឹម ជីវ៉ា មិនត្រឹមតែជាបុគ្គលដែលមានការតស៊ូសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ប៉ុណ្ណោះទេ លោកក៏មានចិត្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងនាមជាប្រធានយុវជនកាក បាទក្រហម នៅវិទ្យាល័យឥន្រ្ទកទេវីផងដែរ។ ដោយទ្បែក  បច្ចុប្បន្ននេះ លោកបានបង្កើតក្លឹបបង្ហាត់ សិល្បៈដល់យុវវ័យស្រករក្រោយនៅក្នុងផ្ទះខ្លួនឯងផ្ទាល់ ដោយមិនគិតកម្រៃអស់រយៈពេលបួនទៅ ប្រាំឆ្នាំមកហើយ ហើយសិស្សដែលបានមកចូលហាត់រៀនគិតមកដល់ពេលនេះ ត្រូវបាគេប្រាប់ថា មានប្រហែលជា២០០ទៅ៣០០នាក់ ម្យ៉ាងសិស្សមួយចំនួន ក៏មានការងារបណ្តើរៗដែរ។ ជាមួយគ្នានេះ លោកក៏បានបង្កើតក្លិបបាល់ទាត់៧មករា មានអាយុកាល៥ឆ្នាំមកហើយ ដោយមានគោលបំណងចង់ លើកស្ទួយវិស័យសិល្បៈ និងកីទ្បា ឱ្យកាន់តែរីកចំរើន និងចូលរួមចំណែកជួយយុវជន ឱ្យជៀសផុតពី ថ្នាំញៀន។ លោកបានបន្តឱ្យដឹងដែរថា ស្របគ្នានឹងពេលដែលរូបលោកមានថ្ងៃនេះ គឺដោយមានការអាណិតស្រទ្បាញ់ និងជួយជ្រោមជ្រែងពីលោកឧកញ្ញា អ៊ួ ឆាយ រួមជាមួយឯកឧត្តម ទួត លុច រដ្ឋលេខាធិការក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលលោកទាងពីរ តែងតែមាន ចិត្តអាណិតស្រទ្បាញ់ដល់យុវវ័យក្រីក្រកំព្រារ ប្រកបដោយការតស៊ូខ្ពស់។

ការជោគជ័យរបស់យុវវ័យ អ៊ឹម ជីវ៉ា ទាំងវ័យក្មេងនេះ អាចបញ្ជាក់ឱ្យឃើញថា បានកើតមកពីការ ព្យាយាមតស៊ូយកឈ្នះគ្រប់ឧបសគ្គមិនរាថយ ដើម្បីកំណត់គោលដៅជីវិតជោគជ័យរបស់ខ្លួន រួមជាមួយការរៀបឬកពារ សក្តិសមជាយុវជនប្រកបដោយសិលធម៌ល្អ ទើបមានមជ្ឈដ្ឋានអ្នកមាន ចំណេះដឹង បទពិសោធ និងទ្រព្យសម្បត្តិ  គេអាណិតស្រទ្បាញ់ជួយជ្រោមជ្រែង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]