** ប្រលោមលោកខ្មែរឡូត **

ភាពជោគជ័យរបស់មនុស្សម្នាក់ៗពេលខ្លះវាមិនមែនសុទ្ធតែអាស្រ័យលើយើងតែម្នាក់ឯងនោះទេ។ ភាពជោគជ័យខ្លះទទួលបានមកពីការជម្រុញទឹកចិត្ត ការលើកទឹកចិត្តពីក្រុមគ្រួសារ ពីមនុស្សជាទីស្រលាញ់ និងមិត្តភក្តិនៅជុំវិញខ្លួនរបស់យើង។ ហើយខ្ញុំក៏ក្លាយទៅជាមនុស្សម្នាក់ផងដែរ ដែលទទួលបានជោគជ័យនៅថ្ងៃនេះព្រោះតែក្តីស្រលាញ់របស់មនុស្សម្នាក់។

បើបកត្រលប់ទៅអតីតកាល ក្រៅពីការប្រឹងប្រែងដោយខ្លួនឯង និងការស៊ូទ្រាំនឹងការបរាជ័យប៉ុន្មានដង នោះគឺបានមកពីមនុស្សម្នាក់ដែលតែងតែស៊ូអត់ ស៊ូឃ្លាន ទ្រាំនឹងការលំបាក ដើរលើផ្លូវមួយនេះជាមួយខ្ញុំ។ មានអ្នកណាដឹងថាតើខ្ញុំបរាជ័យប៉ុន្មានដង? ត្រូវគេបដិសេធប៉ុន្មានដង? ទទួលការស្តីបន្ទោសប៉ុន្មានដង? ទទួលការមាក់ងាយ និងពេបជ្រាយប៉ុន្មានដងនោះ? គ្មានអ្នកណាដឹងទេក្រៅពីមនុស្សស្រីម្នាក់ដែលតែងតែរង់ចាំត្រលប់ទៅផ្ទះទៅវិញដោយអន្ទះសារ និងក្តីព្រួយបារម្ភ។

កាលពីប៉ុន្មានឆ្នាំមុនខ្ញុំគ្រាន់តែជាកម្មករតូចតាចដែលរស់នៅមួយថ្ងៃសម្រាប់មួយថ្ងៃ តែប្រពន្ធខ្ញុំនាងតែតែលើកទឹកចិត្តឱ្យខ្ញុំតស៊ូ បែបនេះហើយក្រោយមកខ្ញុំក៏បានសាកល្បងរកវិធីផ្សេងដើម្បីនាំគ្រួសារឱ្យចៀសផុតពីភាពលំបាកលំបិន។ ការចាប់ផ្តើមរៀនរកស៊ី និងប្រឹងប្រែងក្រេបយកចំណេះដឹងថ្មីៗបន្ថែម វាពិតជាលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ តែពេលដែលខ្ញុំនឿយហត់ ពេលដែលខ្ញុំលំបាក តែងតែមានប្រពន្ធរបស់ខ្ញុំលើកទឹកចិត្តជានិច្ច ។ ហេតុនេះហើយបានជាខ្ញុំមានកម្លាំងចិត្តតស៊ូទៅមុខដើម្បីអនាគតគ្រួសាររបស់ខ្ញុំ។ វាមិនខុសពីពាក្យគេថាប្រពន្ធស្អាតមិនស្មើនឹងប្រពន្ធល្អ មនុស្សប្រុសថ្លៃថ្នូរព្រោះតែមានប្រពន្ធពូកែម្នាក់នៅក្បែរដៃនោះដែរ។ ដោយសារតែបែបនេះហើយបានជា ខ្ញុំអាចឆ្លងវិញ្ញាសាជីវិតដ៏លំបាក ហើយអាចសម្រេចគោលដៅពីមួយជំហានទៅមួយជំហានបែបនេះ។  

រូបតំណាង

គេថាពេលវេលាអាចផ្លាស់ប្តូរអ្វីអស់គ្រប់យ៉ាង ជាពិសេសចិត្តគំនិតមនុស្ស ។ ទោះពេលវេលាកន្លងផុតទៅ  ១០ ​ឆ្នាំ ​២០ឆ្នាំ ​ឬរហូតដល់អស់ជីវិតក៏ដោយ តែសម្រាប់ខ្ញុំគឺនៅតែជាខ្ញុំ ហើយនៅតែស្រលាញ់គ្រួសារ និងគិតគូរពីគ្រួសារដូចដើម។ មនុស្សអាចភ្លើនភ្លើននឹងភ្លើងពណ៌ ឈ្លក់បុណ្យសក្តិកិត្តិយស និងឆ្កួតវង្វេងនឹងលុយកាក់ជាដើម ប៉ុន្តែខ្ញុំមិនអាចធ្វើបែបនេះបាននោះទេ ព្រោះអ្វី? ព្រោះខ្ញុំដឹងថាទម្រាំតែមានថ្ងៃនេះមនុស្សស្រីជាប្រពន្ធរបស់ខ្ញុំរងការលំបាកច្រើនណាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ នាងត្រូវបំពេញតួរនាទីជាប្រពន្ធល្អ ម្តាយល្អ កូនប្រសាល្អ មេផ្ទះដ៏ល្អ។ ខ្ញុំរ៉ាប់រងត្រឹមតែការងារក្រៅផ្ទះ ប៉ុន្តែនាងជាប្រពន្ធត្រូវរ៉ាប់រងការងារផ្ទះទាំងលំបាកលំបិន ហើយត្រូវញញឹមមើលថែ យកចិត្តទុកដាក់ លើកទឹកចិត្តខ្ញុំដែលជាប្តីទៀត។ ទោះជាខ្ញុំលំបាក តែប្រពន្ធដៃ ១០០ របស់ខ្ញុំនាងលំបាកសព្វបែបយ៉ាងលើសខ្ញុំទៅទៀត។ ក្តីស្រមៃរបស់ខ្ញុំគ្រាន់តែចង់សាងគ្រួសារល្អមួយ និងធ្វើឱ្យប្រពន្ធរបស់ខ្ញុំសោយសុខនឹងសេចក្តីសុខជាមួយគ្នាអស់មួយជីវិតតែប៉ុណ្ណោះ ។ បើនិយាយពិរឿងជំពាក់ ខ្ញុំដឹងថាខ្ញុំជំពាក់នាងច្រើនណាស់ រួមទាំងក្តីស្រលាញ់និងការលះបង់ដ៏លើសលប់ផង ដូច្នេះគ្មានមនុស្សស្រីឯណាស្អាត និងល្អលើសប្រពន្ធរបស់ខ្ញុំនោះទេ។

ដូច្នេះហើយក្រោយពីការងារទាំងអស់ជោគជ័យខ្ញុំតែងតែចំណាយពេលវេលាជាច្រើនកំដរនាង និងនៅជាមួយនាងទោះជាខ្ញុំរវល់យ៉ាងណាក៏ដោយ។ បាច់ផ្កា និងរបស់ដែលនាងចូលចិត្ត អ្វីៗគ្រប់យ៉ាងដែលនាងស្រលាញ់ ខ្ញុំតែងតែយកមកបំពេញចិត្តនាងទាំងអស់ ទោះបីជានាង................មិនបានដឹងក៏ដោយ។ ក្តីសង្ឃឹមនោះគ្រាន់តែចង់បាននាងមកនៅក្បែរដើមទ្រូងរបស់ខ្ញុំវិញតែប៉ុណ្ណោះ។ 

រូបតំណាង

ជំហានជើងវែងៗពោរពេញដោយក្តីសង្ឃឹមរបស់ខ្ញុំកំពុងតែដើរឈានចូលបន្ទប់អ្នកជំងឺមួយ។ វាប្រៀបបីដូចជាផ្ទះមួយរបស់ខ្ញុំដែរ ព្រោះ ៣ ឆ្នាំហើយដែលខ្ញុំតែងតែចេញចូលទីនេះជារៀងរាល់ថ្ងៃ និងទៀងទាត់ពេលវេលាល្អណាស់។ មានមនុស្សជាច្រើន រួមទាំងគ្រូពេទ្យតែងតែសួរខ្ញុំ និងផ្តល់យោបល់ឱ្យបោះបង់ចោលនូវភាពល្ងង់ខ្លៅរបស់ខ្ញុំ ។ ហើយពួកគេបាននិយាយថា ខ្ញុំមានលុយប៉ុណ្ណេះ ជោគជ័យបែបនេះហើយ ការពិតខ្ញុំគួរតែចេញទៅសប្បាយ និង បន្ធូរអារម្មណ៍ចេញខ្លះទៅ តែខ្ញុំមានតែឆ្លើយទាំងញញឹម

« ប្រពន្ធរបស់ខ្ញុំនាងកំពុងតែចាំខ្ញុំហើយ » ភាពសោះអង្គើយ និងការមិនអើពើពីមនុស្សជុំវិញខ្លួនធ្វើឱ្យមនុស្សទាំងអស់និយាយមិនល្អពីខ្ញុំ តែខ្ញុំក៏មិនចាប់អារម្មណ៍។ អ្វីដែលខ្ញុំខ្វល់បំផុតគឺមនុស្សស្រីដ៏សែនល្អម្នាក់។ ពេលខ្ញុំបើកទ្វារចូល រូបរាងមនុស្សស្រីវ័យជាង ៤០ ឆ្នាំម្នាក់កំពុងតែគេងស្តូកស្តឹងនៅលើគ្រែពេទ្យដោយមាន ពេទ្យស្រីកំពុងតែមើលថែ។ នាងញញឹមដាក់ខ្ញុំរួចក្រោកឱ្យខ្ញុំអង្គុយ។ ខ្ញុំចាប់ដៃប្រពន្ធដ៏សែនល្អរបស់ខ្ញុំ ពេលនេះនាងមានសាច់ឈាមភ្លឺថ្លា និងទឹកមុខស្រស់បស់ខ្លាំងណាស់។ នាងប្រាកដជាឆាប់បានដឹងខ្លួន។

កាលពី៣ឆ្នាំមុនក្នុងរយៈពេលដែលខ្ញុំចាប់ផ្តើមជោគជ័យ សុខៗនាងក៏ដួលសន្លប់ហើយត្រូវការវះកាត់ជាបន្ទាន់។ កន្លងមក នាងគិតពីខ្ញុំ គិតពីអ្នកដទៃ មិនព្រមថែរក្សាខ្លួនឯង ជំងឺក៏មិនហ៊ានមើល សុខចិត្តសន្សំលុយទុកឱ្យខ្ញុំរកស៊ី រហូតដល់មានជំងឺក៏មិនព្រមប្រាប់អ្នកដទៃ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ។ ទោះជានាងមិនទាន់ស្លាប់ តែភាគរយដែលនាងដឹងខ្លួនមានតិចបំផុត។ ប៉ុន្តែទោះមានសង្ឃឹមតែ ១ ភាគរយខ្ញុំក៏ត្រូវតែសាកល្បងដែរ។ លុយកាក់មាសប្រាក់ ឋានៈ គ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះ។ ខ្ញុំអាចលះបង់ការរកស៊ី លះបង់មាសប្រាក់គ្រប់បែបយ៉ាងដើម្បីយកនាងមកវិញ។ ដូច្នេះផ្កាដែលនាងស្រលាញ់ ម្ហូបដែលនាងចូលចិត្ត ខ្ញុំតែងតែទិញមកជូននាងជានិច្ចគ្រាន់តែសង្ឃឹមថានាងអាចនឹងដឹងឮ និងទទួលដឹងតាមរយៈក្តីស្រលាញ់មួយនេះ ​ហើយទីបំផុតនាងនឹងមានកម្លាំងតស៊ូហើយក្រោកឡើងមកនៅក្បែរទ្រូងរបស់ខ្ញុំវិញ។

« តើខ្ញុំសុំសួរលោករឿងមួយបានទេ? »

ខ្ញុំភ្ញាក់ពីការស្រមៃរួចបែរមើលអ្នកគ្រូពេទ្យទាំងញញឹម

« បាទ! អាចសួរបាន »

« អឺ..ជំងឺរបស់ភរិយាលោកទោះជាធូរស្រាលតែក៏មិនប្រាកដថាដឹងខ្លួនដែរ ហើយបើទោះជាដឹងខ្លួនក៏មិនប្រាកដថានាងចាំលោកបានដែរ ។ ពេលខ្លះការដែលលះបង់ និងលែងដៃឱ្យនាងទៅតាមផ្លូវរបស់នាងក៏ជាការល្អដែរ» ខ្ញុំញញឹមតិចៗរួចនិយាយ

« ហេតុអ្វីគ្រាន់តែរឿងប៉ុណ្ណឹងខ្ញុំត្រូវបោះបង់? ខ្ញុំនៅតែមានសង្ឃឹម ព្រោះអ្វីដឹងទេ? ព្រោះមនុស្សមិនបានការដូចជាខ្ញុំ មនុស្សដែលបរាជ័យដូចជាខ្ញុំនៅតែនាងអត់ទ្រាំ ស៊ូទ្រាំ និងកែប្រែបាន។  ចុះហេតុអ្វីខ្ញុំត្រូវលះបង់ដែរ ពេលដែលនាងក៏នៅមានសង្ឃឹមខ្លះ ទោះជាតិចតួចក៏ដោយនោះ?  ម្យ៉ាងទោះជានាងក្រោកឡើងមក មិនចាំខ្ញុំយ៉ាងណាក៏ដោយ ក៏មិនមែនជាបញ្ហាដែរ សុំត្រឹមតែខ្ញុំម្នាក់ដែលនៅចាំនាង និងស្រលាញ់នាងដូចដើមគ្រប់គ្រាន់ទៅហើយ។ ស្នេហារបស់ពួកយើងមិនបានរក្សាទុកនៅត្រង់ខួរក្បាលនោះទេ ព្រោះថាខួរក្បាលនៅថ្ងៃណាមួយវានឹងអាចបំភ្លេចបានទោះមិនដោយសារជំងឺក៏ដោយសារតែពេលវេលា តែស្នេហារបស់ពួកខ្ញុំគឺរក្សាទុកក្នុងបេះដូង មិនថាមានអ្វីប្រែប្រួល មិនថានាងភ្លេច មិនថានាងមិនចាំរឿងអ្វីគ្រប់យ៉ាងយ៉ាងណាក៏ដោយ តែខ្ញុំដឹងថាបេះដូងនាងនៅតែស្រលាញ់ខ្ញុំនិងមានខ្ញុំជានិច្ច » អ្នកគ្រូពេទ្យងក់ក្បាលតិចៗទាំងស្ងើចសរសើរ។

« មនុស្សប្រុសដូចលោកកម្រមានណាស់ ជូនពរឱ្យនាងឆាប់ជាណា»។ រួចនាងក៏ដើរចេញទៅទុកឱ្យខ្ញុំនៅជាមួយនាងតែពីរនាក់។ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះទាំងស្នាមញញឹមហើយចាប់ដៃនាងរៀបរាប់

« អូនឃើញទេ អ្នកណាក៏ជូនពរឱ្យអូនភ្ញាក់ដឹងខ្លួនដែរ អូនឃើញទេថាពេលនេះបងជោគជ័យប៉ុណ្ណា បងជាមនុស្សប្រុសល្អប៉ុណ្ណា ត្រូវតែភ្ញាក់ដឹងខ្លួនណា អូនមិនខ្លាចមនុស្សស្រីផ្សេងឆក់យកបងទេ មែនទេ? ឆាប់ងើបឡើងណាអូនសម្លាញ់ »។

មួយរំពេចនោះដៃនាងកម្រើក បបូរមាត់នាងមានស្នាមញញឹម កែវភ្នែកនាងស្រាប់តែហូរទឹកភ្នែកទាំងភ្នែកនៅបិទជិតឈឹង។ រយៈពេល ៣ ឆ្នាំក្នុងក្តីសង្ឃឹមមិនអត់ប្រយោជន៍នោះទេ  ដៃរបស់ខ្ញុំស្រាប់តែញ័រតតាត់ពោរពេញដោយការរំភើប។ ទេវត្តាអាចនឹងអាក្រក់ចំពោះយើងក្នុងរឿងមួយចំនួន ប៉ុន្តែក្តីស្រលាញ់ពិត ភាពស្មោះត្រង់ និងការជំនះតស៊ូ ប្រាកដជាអាចហៅបាដិហារិយ៍បាន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]