អូស្ត្រាលី៖  ការទាញយកថាមពលអគ្គិសនីពីធម្មជាតិ គឺជាការបង្កើតចរន្តអគ្គិសនីដែលពឹងផ្អែកទៅលើដំណើរការនៃធម្មជាតិទាំងស្រុង  ដោយមិនប្រើប្រាស់ឥន្ធនៈដូចជា សាំង  ធ្យូងថ្ម  និងឧស្ម័ននោះទេ។   ការទាញយកថាមពលអគ្គិសនីពីធម្មជាតិមានអត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាននៅលើពិភពលោកយើងនេះ រួមទាំងសេដ្ឋកិច្ចនៃប្រទេសនីមួយៗទៀតផង។

ការទាញយកថាមពលអគ្គិសនីពីកម្លាំងទឹក

យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រុមហ៊ុន Green Energy Markets ដែលមានជំនាញខាងស្រាវជ្រាវ និងប្រឹក្សាយោបល់  បានឲ្យដឹងថា  ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់ឆ្នាំ ២០១៧  ប្រទេសអូស្រ្តាលីបានទាញយកថាមពលអគ្គិសនីពីធម្មជាតិគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់អគ្គិសនីទៅដល់ផ្ទះចំនួន ៧,១លានខ្នងដែលស្មើនឹង ៧០ភាគរយនៃចំនួនផ្ទះសរុបនៅក្នុងប្រទេសនេះ។ បើទោះបីការទាញយកថាមពលអគ្គិសនីពីធម្មជាតិ  មានផលប៉ះពាល់លើទេសភាព  និងផ្នែកមួយចំនួនទៀតក៏ដោយ  ក៏ប្រទេសនេះប្តេជ្ញាធ្វើវាឲ្យទាល់តែបាន។ 

លោក Tristan Edis ដែលជាអ្នកវិភាគមកពីក្រុមហ៊ុន Green Energy Markets បានប្រាប់ប្រភពព័ត៌មានថា  ការទាញថាមពលអគ្គិសនីពីធម្មជាតិបានចាប់ផ្ដើមសាជាថ្មី បន្ទាប់ពីត្រូវបានបោះបង់ចោលនៅគ្រាដែលប្រទេសអូស្ត្រាលីស្ថិតក្រោមការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោក Tony Abbott។  លោកបានបន្ថែមទៀតថា ការទាញថាមពលអគ្គិសនីពីធម្មជាតិ មានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ច និងការរីកចំរើនផ្នែកវិនិយោគនៅក្នុងប្រទេស។

ការទាញយកថាមពលអគ្គិសនីពីកម្លាំងខ្យល់

កម្លាំងទឹក  កម្លាំងខ្យល់  និងពន្លឺព្រះអាទិត្យ គឺជាប្រភពថាមពលធម្មជាតិធំៗដែលបានផ្តល់ថាមពលអគ្គិសនីដល់ប្រទេសអូស្ត្រាលីក្នុងពេលសព្វថ្ងៃនេះ។  យោងតាមរបាយការណ៍  ថាមពលអគ្គិសនីដែលទាញចេញពីធម្មជាតិនៅក្នុងប្រទេសអូស្ត្រាលីមានការកើនឡើងយ៉ាងខ្លាំងផងដែរ។

ក្រៅពីផ្តល់ថាមពលអគ្គិសនីដែលគ្មានផល់ប៉ះពាល់ដល់បរិស្ថាន  និងមិនចេះអស់ហើយនោះ  ការទាញថាមពលអគ្គិសនីពីធម្មជាតិក៏បានផ្តល់ការងារពេញម៉ោងដល់មនុស្សចំនួន ៨ ៨៦៨នាក់ក្នុងមួយឆ្នាំទៀតផង។  នៅពេលដែលគម្រោងនៃការទាញយកថាមពលអគ្គិសនីពីធម្មជាតិនេះបានជោគជ័យ  ប្រទេសអូស្ត្រាលីរំពឹងថាគេនឹងអាចផលិតថាមពលអគ្គិសនីគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គងដល់ផ្ទះ ៩០ភាគរយនៅជុំវិញប្រទេសអូស្ត្រាលីទៀតផង។

យោងតាមរបាយការណ៍ជាច្រើនបានឲ្យដឹងថា យ៉ាងយូរបំផុតនៅក្នុងឆ្នាំ ២០២០ ប្រទេសអូស្ត្រាលីនឹងអាចទាញយកថាមពលអគ្គិសនីពីធម្មជាតិគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ពាសពេញប្រទេស  ហើយប្រទេសនេះនឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់ប្រទេសដទៃទៀតនៅលើពិភពលោក។ 

ការទាញយកថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ

គួរបញ្ជាក់ផងដែរថា  ក្នុងពេលនេះប្រទេសអូស្រ្តាលីបានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតចំនួន ២៤,៥លានតោនដែលស្មើនឹងការដកចេញនូវរថយន្តចំនួន ៨,១លានគ្រឿងពីផ្លូវថ្នល់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]