បរទេស៖ Bitcoin គឺជារូបិយប័ណ្ណថ្មីមួយប្រភេទដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយមនុស្សម្នាក់ដែលប្រើឈ្មោះក្លែងក្លាយថា Satoshi Nakamoto ។ ការប្រើប្រាស់រូបិយប័ណ្ណនេះគឺមិនត្រូវពឹងផ្អែកលើធនាគារនោះទេ ហើយក្នុងពេលនេះដែរ មានអ្នកជំនួញជាច្រើនកំពុងចាប់ផ្ដើមទទួលរូបិយប័ណ្ណនេះសម្រាប់ការជួញដូរទំនិញផងដែរ។

• អត្ថប្រយោជន៍នៃការប្រើប្រាស់ Bitcoin

Bitcoin អនុញាត្តិឲ្យអ្នកប្រើប្រាស់លាក់បាំងនូវព័ត៌មានសំងាត់របស់ខ្លួននៅពេលទិញទំនិញនៅលើអ៊ីនធឺណិត។ លើសពីនេះទៅទៀត ការបង់ប្រាក់ទៅកាន់ទីផ្សារអន្ដរជាតិមានភាពងាយស្រួលនិងតម្លៃថោកជាងមុនព្រោះរូបិយប័ណ្ណ Bitcoin មិនមានការជាប់ទាក់ទងជាមួយនឹងបទបញ្ជាផ្ទៃក្នុងនៃប្រទេសណាមួយនោះទេ។ ដោយឡែកសម្រាប់អាជីវកម្មខ្នាតតូចវិញពួកគេក៏ចូលចិត្តការបង់ប្រាក់តាមរយៈរូបិយប័ណ្ណនេះដែរព្រោះពួកគេមិនបាច់បង់សេវាដូចការប្រើប្រាស់កាតឥណទានឡើយ។  

ការទិញទំនិញដោយប្រើ Bitcoin

• ការជួញដូររូបិយប័ណ្ណ Bitcoin

ទីផ្សារមួយចំនួននៅលើអ៊ីនធឺណិតអនុញ្ញាតឲ្យអ្នកប្រើប្រាស់រូបិយប័ណ្ណ Bitcoin ធ្វើការទិញឬក៏លក់រូបិយប័ណ្ណនេះដោយប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ប្រទេសជាច្រើនផងដែរ។ វេបសាយ Mt.Gox គឺជាទីផ្សារធំបំផុតសម្រាប់ធ្វើការជួញដូររូបិយប័ណ្ណ Bitcoin ។ 

ការទិញលក់រូបិយប័ណ្ណ Bitcoin នៅលើវេបសាយ Mt.Gox

• ការកើតឡើងនៃកាក់នីមួយៗរបស់ Bitcoin

មានមនុស្សមួយចំនួនធំបានធ្វើការប្រកួតប្រជែងដើម្បីស្វែងរកកាក់ Bitcoin ដោយប្រើកុំព្យូទ័រដើម្បីដោះស្រាយលំហាត់គណិតវិទ្យាដែលមានភាពស្មុគស្មាញខ្លាំង។ ក្នុងរយៈពេល១០នាទីម្តង មានមនុស្សម្នាក់ឈ្នះនឹងទទួលបានរង្វាន់រូបិយប័ណ្ណ Bitcoin ចំនួន ២៥។ នេះហើយគឺជាការកើតឡើងនៃរូបិយប័ណ្ណ Bitcoin នីមួយៗ។ 

លំហាត់គំរូនៃការប្រកួតប្រជែង

• ការរក្សាទុក Bitcoin

Bitcoin ត្រូវបានរក្សាទុកនៅក្នុងកាបូបលុយលក្ខណៈឌីជីថលដែលមាននៅលើអ៊ីនធឺណិតឬនៅលើទូរស័ព្ទរបស់អ្នក។ កាបូបលុយលក្ខណៈឌីជីថលនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការចំណាយសម្រាប់ទិញទំនិញនិងធ្វើការលក់ឬទិញរូបិយប័ណ្ណ Bitcoin ទៀតផង។ ប៉ុន្តែគណនីនីមួយៗរបស់ Bitcoin មិនមានការធានារ៉ាប់រងដោយសហព័ន្ធសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើនោះទេ។ 

ការរក្សាទុក Bitcoin

• ការលាក់បាំងព័ត៌មានផ្ទាល់ខ្លួន

រាល់ការប្រតិបត្តិការនៃរូបិយប័ណ្ណ Bitcoin គឺត្រូវបានកត់ត្រាដោយប្រើតែលេខសម្គាល់គណនីប៉ុណ្ណោះ ឯឈ្មោះអ្នកទិញនិងអ្នកលក់មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។ ដូច្នេះហើយបានជា Bitcoin ក្លាយជារូបិយប័ណ្ណមួយប្រភេទដែលមានការពេញនិយមសម្រាប់សកម្មភាពខុសច្បាប់មួយចំនួននៅលើអ៊ីនធឺណែត។ 

យោងទៅតាម Ronnie Moas ដែលជាអ្នកជំនាញម្នាក់បាននិយាយថា កាក់នីមួយៗរបស់ Bitcoin ឥឡូវនេះមានតម្លៃថ្លៃជាងមាសដល់ទៅបីដងឯណោះ។ នៅក្នុងពេលនេះ តម្លៃកាក់នីមួយៗនៃរូបិយប័ណ្ណ Bitcoin មានតម្លៃ ៤៣១០ដុល្លារ។ ហើយគាត់ក៏បានធ្វើការព្យាករណ៍ថា តម្លៃនៃកាក់នីមួយៗរបស់រូបិយប័ណ្ណ Bitcoin អាចបន្តកើនឡើងដល់ទៅ ១៥ ០០០ដុល្លារ ឬ ២០ ០០០ដុល្លារក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត៕ 

សេដ្ឋីវ័យ ១៨ឆ្នាំរបស់ Bitcoin ដែលមានកាក់ចំនួន ៤០និងមានតម្លៃជាង 1 លានដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]