Drones គឺជាឧបករណ៍តូចៗដែលមានសមត្ថភាពធ្វើការហោះហើរបាន ដោយប្រើតេឡេបញ្ជា។ កាលពីដើមឡើយ ឧបករណ៍ Drones នេះត្រូវបានប្រើប្រាស់ដើម្បីការកម្សាន្តតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលនេះឧបករណ៍ Drones ត្រូវបានប្រើប្រាស់ទូទាំងពិភពលោក សម្រាប់គោលបំណងយ៉ាងច្រើនផងដែរ។

មុខងារទាំង១៣ របស់ឧបករណ៍ Drones រួមមាន៖

១. ប្រណាំងគ្នា

Drones មានភាពសមស្របណាស់សម្រាប់ការប្រណាំងគ្នានៅលើអាកាស។ ការប្រណាំង Drones គឺតម្រូវឲ្យអ្នកបើកបរមើលផ្លូវតាមរយៈ Virtual Reality ដោយពឹងផ្អែកលើកាមេរ៉ា ដែលបានបំពាក់នៅលើ Drones ។ ដូច្នេះអ្នកដែលប្រណាំងនឹងមានអារម្មណ៍ហាក់បីដូចជាខ្លួនគេ កំពុងតែជិះនៅក្នុង Drones នោះផងដែរ។ 

ផ្លូវប្រណាំង Drones
ការមើលផ្លូវបើកបរ Drones

២. ការដឹកជញ្ជូនផ្លូវជិត

ក្នុងពេលនេះ Drones គឺជាមធ្យោបាយដឹកជញ្ជូនមួយ ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ដោយសារតែគេមិនបាច់បារម្ភពីរឿងស្ទះផ្លូវនោះទេ។ Drones កំពុងតែត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញ ទៅដល់ផ្ទះអតិថិជននៅក្នុងទីតាំងជិតៗផងដែរ។ 

ការដឹកជញ្ជូនផ្លូវជិត

៣. ការដឹកជញ្ជូនផ្លូវឆ្ងាយ

ក្រៅពីការដឹកជញ្ជូនទំនិញដល់ផ្ទះអតិថិជន នៅក្នុងតំបន់ជិតៗហើយ Drones ក៏ត្រូវបានប្រើប្រាស់ សម្រាប់ដឹកជញ្ជូនផ្លូវឆ្ងាយផងដែរ។ Drones អាចធ្វើការដឹកជញ្ជូនទៅផ្លូវឆ្ងាយក្នុងលឿន ព្រោះតែវាអាចធ្វើការហោះផ្លូវកាត់ ដោយមិនបាច់ប្រើប្រាស់ផ្លូវធំៗនោះទេ។

៤. ចែកចាយអ៊ីនធើណេតតាមរយៈឡាស៊ែរ

ការចែកចាយអ៊ីនធើណេតចម្ងាយឆ្ងាយរាប់ពាន់គីឡូម៉ែត្រ ពិតជាមានភាពលំបាកណាស់។ Drones ដែលត្រូវបានបណ្ដែតនៅលើអាកាស បានដើរតួជាអង់តែនកណ្តាលមួយ សម្រាប់ចែកចាយប្រព័ន្ធអ៊ីនធឺណិតទៅតំបន់ឆ្ងាយៗ។  

ចែកចាយអ៊ីនធើណេតតាមរយៈឡាស៊ែរ

៥. ប្រព័ន្ធការពារសុវត្ថិភាព

ការឃ្លាំមើលគឺជាការងារមួយ ដែលពិបាកព្រោះថាការងារនេះ ត្រូវការភាពអត់ធ្មត់និងការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ Drones មានសមត្ថភាពឃ្លាំមើលសុវត្ថិភាពក្នុងរយៈពេលយូរជាងមនុស្ស ព្រោះតែវាមិនត្រូវការសម្រាកនោះទេ ដរាបណាវាមានថ្មពេញនោះ។

៦. ធ្វើការសម្ដែង Shows

Drones អាចធ្វើការសម្ដែងនៅលើឆាកផ្ទាល់ៗបាន ដូចជាការសម្ដែងនៅក្នុង Disneyland, ព្រឹត្តិការណ៍ Super Bowl និងព្រឹត្តិការណ៍មួយចំនួនទៀត។ Drones ទាំងនោះត្រូវបានបំពាក់ដោយអំពូលភ្លើង ហើយបន្ទាប់មកពួកវាក៏មកជួបជុំគ្នាដើម្បីបង្កើតជារូបភាពឬសញ្ញានានាផងដែរ។ 

ធ្វើការសម្ដែង Shows

៧. ថត Selfies

បើសិនជាអ្នកប្រើឈើសម្រាប់ថតរូប Selfies ជួនកាលរូបភាពចេញមកបាត់់ផ្នែកខ្លះដែលអ្នកចង់បាន ព្រោះតែដងនោះមានប្រវែងខ្លីពេក។ ដោយឡែកបើសិនជាអ្នកប្រើ Drone ជំនួសឲ្យឈើក្នុងការថត Selfies វិញ នោះអ្នកនឹងអាចថតរូបបានគ្រប់ជ្រុងជ្រោយផងដែរ។ 

ថត Selfies

៨. ថតវីដេអូសម្រាប់កុន កីឡា ឬទូរទស្សន៍

Drones បានធ្វើឲ្យមានភាពងាយស្រួល សម្រាប់អ្នកដឹកនាំរឿង ឬក៏ផលិតករទូរទស្សន៍ ក្នុងការថតប្លង់ ដែលមានភាពលំបាក។ បច្ចេកទេសថតពីលើអាកាសកាលពីមុនត្រូវការចំណាយទឹកប្រាក់ច្រើនណាស់ ប៉ុន្តែក្នុងពេលនេះ Drones បានជួយបន្ថយការចំណាយរបស់ក្រុមហ៊ុនថតភាពយន្ត និងក្រុមហ៊ុនទូរទស្សន៍ផងដែរ។ 

ការថតកុនដោយប្រើ Drones

៩. ជួយដល់ស្ថាបត្យកម្ម

សព្វថ្ងៃនេះអ្នកអាចប្រើប្រាស់ Drones ដើម្បីថតវីដេអូដែលច្បាស់លក្ខណៈ 4K ។ ដូច្នេះហើយស្ថាបត្យករ អាចត្រួតពិនិត្យមើលផ្ទះ ឬសំណង់នានាបានគ្រប់ជ្រុងជ្រោយ។ 

១០. ជួយឧស្សាហកម្មធុនធ្ងន់និងការងារដែលមានភាពគ្រោះថ្នាក់

ការត្រួតពិនិត្យបំពង់បង្ហូរឧស្ម័ន បំពង់ប្រេង ខ្សែអគ្គីសនីនិងអ្វីៗជាច្រើនទៀតគឺជាការងារដែលពិបាក ហើយជារឿយៗមានគ្រោះថ្នាក់ខ្លាំងទៀតផង។ Drones អាចជំនួសមនុស្សបានក្នុងការត្រួតពិនិត្យកន្លែងគ្រោះថ្នាក់ទាំងនោះ ព្រោះថា Drones ទាំងនោះត្រូវបានបំពាក់ ដោយកាមេរ៉ានិងឧបករណ៍ចាប់សញ្ញា(Sensor) ដែលអាចពិនិត្យមើលការឡើងកម្ដៅ ការបែកបាក់និងការលេចធ្លាយផងដែរ។

១១. ការជួយសង្គ្រោះបន្ទាន់

បើសិនជាមានព្រឹត្តិការណ៍ដែលមិនល្អកើតឡើង Drones អាចផ្តល់ជំនួយសង្គ្រោះបន្ទាន់បានលឿនជាងឡានពេទ្យ ព្រោះវាមិនមានការស្ទះចរាចរណ៍នោះទេ។ Drones សម្រាប់ធ្វើការសង្គ្រោះបន្ទាន់មានបំពាក់ទៅដោយកាមេរ៉ា ថ្នាំពេទ្យ និងឧបករណ៍មួយចំនួនទៀត សម្រាប់ជួយសង្គ្រោះជនរងគ្រោះផងដែរ។ 

ការជួយសង្គ្រោះបន្ទាន់

១២. ជំនួយផ្នែកវិទ្យាសាស្រ្ត

Drones អាចជួយអ្នកវិទ្យាសាស្ដ្រ ក្នុងការស្វែងរកវត្ថុឬទីកន្លែង ដែលទាក់ទងនឹងប្រធានបទដែលពួកគេកំពុងធ្វើការស្រាវជ្រាវ។ លើសពីនេះទៅទៀត Drone ក៏អាចជួយការសិក្សារបស់ក្រុមបុរាណវិទូ ឲ្យមានល្បឿនលឿនជាងមុន ដោយសារពួកគេអាចប្រើ Drones ក្នុងការស្វែងរកតំបន់ក្នុងព្រៃ ឬក៏កន្លែងផ្សេងទៀតបានយ៉ាងរហ័សផងដែរ។

១៣. ការពារសត្វដែលរងការគំរាមកំហែងពីអ្នកប្រមាញ់

តំបន់អភិរក្សសត្វព្រៃមានទំហំធំសម្បើមណាស់ ដូច្នេះការតាមដាន និងការពារសត្វព្រៃទាំងនោះពិតជាមានភាពលំបាកណាស់។ ប៉ុន្តែក្នុងពេលនេះ គេអាចប្រើ Drones ដើម្បីធ្វើការតាមដានសកម្មភាពសត្វទាំងនោះ និងត្រួតពិនិត្យការប៉ុនប៉ងធ្វើសកម្មភាពនានារបស់ជនល្មើសផងដែរ។ 

ការពារសត្វដែលរងការគំរាមកំហែងពីអ្នកប្រមាញ់

ប្រភព៖ Tech Crunch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]