អាមេរិក៖ ជាទូទៅទៅហើយដែលប្រជាជនថៃភាគច្រើន តែងតែនិយមចូលចិត្តលើការផ្សងសំណាង តាមរយៈសន្លឹកឆ្នោត។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ បុរសជនជាតិថៃម្នាក់ តែបច្ចុប្បន្នរស់នៅលើទឹកដីសហរដ្ឋអាមរិក កំពុងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារលោកត្រូវឆ្នោតរង្វាន់ធំកប់ក្តោង ជាមួយនឹងទឹកប្រាក់រាប់លានដុល្លារអាមេរិក សឹងតែនឹកស្មានមិនដល់។

បើយោងតាមប្រភពចុះផ្សាយ ពីសារព័ត៌មានថៃ  បានឲ្យដឹងថា លោក Uthai Kaensupa គឺជាបុរសដ៏មានសំណាងបំផុតម្នាក់ ក្នុងចំណោមមនុស្សជាច្រើនលាននាក់ ព្រោះលោកបានត្រូវឆ្នោតកោសរង្វាន់ធំ ទឹកប្រាក់រហូតដល់ទៅ ៥លានដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ សីហា ឆ្នាំ២០១៧កន្លងទៅនេះ។

ថ្លែងប្រាប់កាសែត Siam Town US កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក Uthai និយាយថា លោកតែងតែលេងឆ្នោតជាប្រចាំថ្ងៃ ហើយលោកក៏មិនដែលនឹកស្មានថា ខ្លួនឯងមានសំណាងអាចត្រូវឆ្នោត ជាមួយនឹងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងដូច្នេះឡើយ។ លោកថា សន្លឹកឆ្នោតកោសមួយសន្លឹកដែលត្រូវនោះ គឺជាប្រភេទឆ្នោតកោស Platinum Payout ទិញនៅឯស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងទីក្រុង Los Angeles រដ្ឋ California ។

លោក Uthai បាននិយាយបន្តថា បច្ចុប្បន្នលោកកំពុងតែរស់នៅ ជាមួយនឹងបងប្អូនស្រីរបស់លោក ដូច្នេះលោកនឹងប្រើប្រាស់លុយដែលឈ្នះនោះ ដើម្បីទិញផ្ទះថ្មីមួយខ្នងសម្រាប់ខ្លួនឯង ប៉ុន្តែមិនមែនជាផ្ទះវីឡាស្កឹមស្កៃឡើយ ត្រឹមផ្ទះតូចល្មមមួួយខ្នងតម្លៃសមរម្យ ដែលអាចរស់នៅបានតែប៉ុណ្ណោះ។ ហើយចំណែកលុយសល់ទាំងប៉ុន្មានទៀត គឺលោកនឹងឲ្យប្រពន្ធរបស់លោក និងកូនៗដើម្បីរក្សាតទៅថ្ងៃមុខ តាមតែអ្វីដែលពួកគេអាចធ្វើបាន។

លោក Uthai បានបន្ថែមចុងក្រោយថា លុយទាំងអស់ដែលលោកទទួលបាន គឺសម្រាប់ប្រើប្រាស់ក្នុងជីវិតបែបឯកជនជាមួយនឹងគ្រួសារ ហើយលោកក៏មិនផ្តល់បទសម្ភាសន៍អ្វីវែងឆ្ងាយទៀត ទៅកាន់បណ្តាសារព័ត៌មាននានាឲ្យល្បីទៀតឡើយ ៕ 

Uthai Kaensupa គឺជាបុរសមានដ៏សំណាងបំផុតម្នាក់ ក្នុងចំណោមមនុស្សជាច្រើនលាននាក់ ដែលបានត្រូវឆ្នោតកោសរង្វាន់ធំ ទឹកប្រាក់រហូតដល់ទៅ ៥លានដុល្លារអាមេរិក
សន្លឹកឆ្នោតកោសមួយសន្លឹកដែលលោកត្រូវនោះ គឺជាប្រភេទ Platinum Payout
លោក Uthai បានបន្ថែមចុងក្រោយថា លុយទាំងអស់ដែលលោកទទួលបាន គឺសម្រាប់ប្រើប្រាស់ក្នុងជីវិតបែបឯកជនជាមួយនឹងគ្រួសារ ហើយលោកក៏មិនផ្តល់បទសម្ភាសន៍អ្វីវែងឆ្ងាយទៀត ទៅកាន់បណ្តាសារព័ត៌មាននានាទៀតឡើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]