ចិន៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ វេជ្ជបណ្ឌិតជំនាញសម្រាលទារក (ឆ្មប) ម្នាក់ ដែលធ្វើការនៅមន្ទីរពេទ្យ Southern Medical University ក្នុងទីក្រុង Foshan ខេត្តក្វាងទុង ប្រទេសចិន បានសម្រេចចិត្តសម្រាលកូន ដោយដៃរបស់ខ្លួនឯងផ្ទាល់តែម្តង។

អ្នកម្តាយវ័យ ២៨ឆ្នាំរូបនេះ ឈ្មោះថា Lu ។ អ្នកនាងមានបទពិសោធន៍ផ្នែកឆ្មប រយៈពេល២ឆ្នាំកន្លងមកហើយ ហើយក៏ត្រូវបានខាងមន្ទីរពេទ្យអនុញ្ញាតឲ្យសម្រាលកូនដោយខ្លួនឯងដែរ។

អ្នកនាង Lu បានប្រាប់ទៅកាន់សារព័ត៌មាន Guangzhou Daily ថា៖

“ខ្ញុំបានពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកសម្ភពក្នុងមន្ទីរពេទ្យរបស់យើង។ ដោយសារតែមើលឃើញថា ហានិភ័យមានកម្រិតទាប ដូច្នេះខ្ញុំក៏សម្រេចចិត្តធ្វើវាតែម្តង”
អ្នកនាង Lu បានសម្រេចចិត្តសម្រាលកូន ដោយដៃរបស់ខ្លួនឯងផ្ទាល់តែម្តង

ជាមួយអ្នកជំនាញផ្នែកថ្នាំស្ពឹកម្នាក់ និងអ្នកជំនាញផ្នែកសម្ភពម្នាក់ទៀត អ្នកនាង Lu បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលទៅក្នុងបន្ទប់សម្រាល។

អ្នកនាងបានប្រើប្រាស់ដៃទាំងពីររបស់ខ្លួន ដើម្បីជួយសម្រួល និងជម្រុញទារកឲ្យចេញពីក្នុងផ្ទៃ។ ៦ម៉ោងក្រោយមក ទារកស្រីដ៏គួរឲ្យស្រលាញ់ និងមានសុខភាពល្អ បានចាប់កំណើត និងមានទម្ងន់ដល់ទៅ ៣,៤គីឡូក្រាមឯណោះ។

អ្នកនាង Lu បានបញ្ជាក់ថា អ្នកនាងគឺជាមនុស្សដំបូងគេបង្អស់ ដែលបានឃើញមុខទារកតូចនោះ ៖

“ការសម្រាល ត្រូវបានដំណើរការយ៉ាងរលូន ហើយវាក៏មិនសូវឈឺដែរ។”

បន្ទាប់ពីព័ត៌មាន និងរូបភាពរបស់អ្នកម្តាយរូបនេះ ត្រូវបានបង្ហោះចែកចាយរួចមក អ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិសំនូមពរឲ្យអ្នកស្រី Lu បង្ហាញពីរបៀបនៃការសម្រាលកូនដោយខ្លួនឯងថែមទៀតផង។

គណនីបណ្តាញសង្គម Weibo ម្នាក់បានសរសេរថា “អ្នកជាម្តាយដ៏ក្លាហានម្នាក់។ បទពិសោធន៍មួយនេះ នឹងធ្វើឲ្យអ្នកមានមោទនភាពចំពោះខ្លួនឯង ពេញមួយជីវិត”

ចំនែកគណនីបណ្តាញសង្គម Weibo ម្នាក់ទៀតបានសរសេរថា “ម្តាយរូបនេះ គឺជាមនុស្សស្រីដែលអស្ចារ្យបំផុត”

អ្នកនាង Lu និងកូនតូច
«បទពិសោធន៍មួយនេះ នឹងធ្វើឲ្យអ្នកមានមោទនភាពចំពោះខ្លួនឯង ពេញមួយជីវិត»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]