ថៃ៖ កាលពីម្សិលមិញនេះ មានសណ្ឋាគារបណ្តែតទឹកថ្មីមួយ ទើបនឹងបើកសម្ពោធជាផ្លូវការ ជាមួយពិធីជប់លៀងបែបប៊ីហ្គីនី និងមានការ Live ផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុកថែមទៀតផង។ 

ឥឡូវនេះម្ចាស់សណ្ឋាគារទាំងពីរនាក់នោះ កំពុងប្រឈមមុខនឹងការផាកពិន័យ ដោយសារពួកគេបង្ហាញរូបភាពគ្រឿងស្រវឹងនៅក្នុងវីដេអូ Live នោះ ស្របពេលដែល ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមបណ្តាញសង្គមក្នុងប្រទេសថៃ គឺជាអំពើខុសច្បាប់។

សណ្ឋាគារបណ្តែតទឹកនេះមានទីតាំងនៅជិតទំនប់ទឹក Srinagarind ខេត្ត Kanchanaburi ប្រទេសថៃ  ហើយសកម្មភាពរបស់ពួកគេ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចាត់ទុកថា ជាសកម្មភាពដែលអាសអាភាសបំផុត។

សកម្មភាពក្នុងវីដេអូ Live

មន្ត្រីប៉ូលិសខេត្ត Kanchanaburi បានប្រាប់ទៅកាន់សារព័ត៌មាន Thai PBS ឲ្យដឹងថា កម្មវិធីជប់លៀងបែបប៊ីហ្គីនី ដែលមានការចូលរួមសម្តែងពីតារាៗនោះ មិនមែនជាបញ្ហាចោទទេ ប៉ុន្តែមូលហេតុដែលធ្វើឲ្យប៉ូលិសពិន័យម្ចាស់សណ្ឋាគារទាំងពីររូបនោះ គឺដោយសារដបស្រាដែលកាន់នៅក្នុងដៃរបស់ពួកគេ (តារាៗ) តែម្តង។

ម្ចាស់សណ្ឋាគារលោក Sakchai Udon អាយុ ៤៩ឆ្នាំ និងកូនស្រីឈ្មោះ Nutchanat អាយុ ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ផ្សព្វផ្សាយគ្រឿងស្រវឹងខុសច្បាប់  ដែលការចោទប្រកាន់នេះ អាចធ្វើឲ្យឪពុកកូន២នាក់ ជាប់គុករយៈពេលដល់ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ប្រមាណ ៥០ម៉ឺនបាត (ប្រហែល ១៥ ០០០ដុល្លារ)៕

សកម្មភាពក្នុងវីដេអូ Live

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]