បរទេស៖ ទូរស័ព្ទ Nokia 8 មើលទៅហាក់បីដូចជាទូរស័ព្ទស្មាតហ្វូនធម្មតាអ៊ីចឹង ប៉ុន្តែក្រៅពីមានបន្ទះឈីបដែលមានកម្លាំងខ្លាំងក្លា  និងមានកាមេរ៉ាចំនួនពីរហើយ ទូរស័ព្ទមួយនេះមានលក្ខណៈសម្បត្តិល្អៗជាច្រើនទៀតផងដែរ។

កាលពីថ្ងៃពុធនេះ ក្រុមហ៊ុន HMD Global ដែលជាដៃគូក្រុមហ៊ុន Nokia បានប្រកាសព័ត៌មានផ្លូវការមួយដែលទាក់ទងទៅនឹងលក្ខណៈពិសេសមួយ នៃទូរស័ព្ទ Nokia 8។

ទូរស័ព្ទ Nokia 8

លក្ខណៈពិសេសមួយដែលនឹងមាននៅលើទូរស័ព្ទ Nokia 8 នោះគឺសមត្ថភាពក្នុងការថតវីដេអូឬក៏រូបភាពបានទាំងខាងមុខ និងខាងក្រោយដំណាលគ្នា។ យោងតាម HMD បានឲ្យដឹងថា កាមេរ៉ាទូរស័ព្ទ Nokia 8 ក៏នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្សាយផ្ទាល់វីដេអូនៅលើកមុ្មវិធី Facebook និងកម្មវិធី YouTube ដោយចែកអេក្រង់ជា២ ហើយអេក្រង់មួយសម្រាប់កាមេរ៉ាមុខ និងអេក្រង់មួយទៀតសម្រាប់កាមេរ៉ាក្រោយផងដែរ។  ក្នុងពេលអនាគតទូរស័ព្ទ Nokia 8 អាចនឹងមានប្រជាប្រិយភាពខ្លាំងសម្រាប់អ្នកដែលចូលចិត្តផ្សាយវីដេអូផ្ទាល់នៅលើបណ្ដាញសង្គមនានា។

ការផ្សាយផ្ទាល់វីដេអូនៅលើទូរស័ព្ទ Nokia 8
ការថតវីដេអូនិងរូបភាពនៅលើទូរស័ព្ទ Nokia 8
ការថតវីដេអូនិងរូបភាពនៅលើទូរស័ព្ទ Nokia 8

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG ក៏មានគម្រោងផលិតកាមេរ៉ាដែលមានសមត្ថភាពក្នុងការថតបែបនេះតាំងពីយូរណាស់មកហើយដែរ ប៉ុន្តែបែរជាក្រុមហ៊ុន HMD បានបញ្ចេញនូវបច្ចេកវិទ្យាថ្មីនេះមុនដំបូងគេទៅវិញ។ 

នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុន HMD និងក្រុមហ៊ុន Nokia តែងតែព្យាយាមរកអ្វីថ្មីៗដើម្បីជ្រៀតខ្លួនចូលក្នុងវិស័យផលិតទូរស័ព្ទវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]