ឥណ្ឌា៖  ទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល ចុះផ្សាយថ្ងៃទី១៥ សីហា ឆ្នាំ២០១៧ថា ទារិកាអភ័ព្វទើបនឹងកើតម្នាក់ ត្រូវបានម្តាយចិត្តព្រៃផ្សៃយកទៅ បំបោះបង់ចោលនៅគុម្ពោតព្រៃមួយកន្លែង។

បើយោងតាមប្រភពសារព័ត៌មានខាងលើបានឲ្យដឹងថា ទារិការងគ្រោះត្រូវបានអ្នកដំណើរម្នាក់ប្រទះឃើញដេកផ្កាប់មុខនៅនឹងដី បន្ទាប់ពីបានឮសូរសម្លេងក្មេងយំ។ ទីតាំងរកឃើញស្ថិតនៅក្នុងទីក្រុង Una ភាគខាងលិច រដ្ឋ Gujurat នៃប្រទេសឥណ្ឌា។ គេឃើញមានទងសុកជាប់នៅនឹងខ្លួន ស្នាមរបួសជាច្រើនកន្លែង និងមានចេញឈាមលើរាងកាយផងដែរ មុនពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

វេជ្ជបណ្ឌិតម្នាក់បានឲ្យដឹងថា ទារិការងគ្រោះអាចស្លាប់ក្នុងពេលដ៏ខ្លីខាងមុខបាន បើមិនបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យទាន់វេលាទេនោះ។

ទារិកាដែលត្រូវបានបំបោះបង់ចោលយ៉ាងដូច្នេះ ត្រូវគេជឿជាក់ថា អាចបណ្តាលមកពីគ្រួសាររបស់ទារិកានោះ មានបញ្ហាហិរញ្ញវត្ថុ និងជីវភាពក្នុងគ្រួសារ។ មួយផ្នែកទៀត ទំនងជាគ្រួសារនោះព្រួយបារម្ភខ្លាចត្រូវចំណាយលុយ ទៅលើថ្លៃបណ្ណាការទៅឲ្យខាងប្រុសក្នុងថ្ងៃរៀបមង្គលការ នៅពេលដែលក្មេងធំឡើងពេញរូបពេញរាងមានគ្រួសារ។ 

នេះជាមូលហេតុមួយ ដែលក្នុងប្រទេសឥណ្ឌាចង់បានកូនប្រុសជាជាងកូនស្រី ព្រោះអ្នកនៅទីនោះគេឲ្យតម្លៃលើកូនប្រុសច្រើនជាងកូនស្រី។  ពោលគឺមានន័យថា កូនប្រុសមានតម្លៃស្មើទៅនឹងមាសទឹកដប់ ហើយត្រូវបានគេចាត់ទុកថា ជាជំហររឹងមាំមួយក្នុងគ្រួសារ ដែលអាចមើលថែទាំឪពុកម្តាយពេលគាត់ចាស់ជរាទៅ។

ទាក់ទងទៅនឹងករណីខាងលើនេះដែរ បច្ចុប្បន្នខាងប៉ូលិសកំពុងបើកការស៊ើបអង្កេត ដើម្បីស្វែងរកមុខអាណាព្យាបាលរបស់ទារិការងគ្រោះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសុខភាពទារិកានៅពេលនេះ បានប្រសើរឡើងជាធម្មតាវិញហើយ ៕

រូបភាព៖​ទារិការរងគ្រោះ
រូបភាព៖​ទារិការរងគ្រោះ
រូបភាព៖​ទារិការរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]