** ប្រលោមលោកខ្មែរឡូត **

ការពិតខ្ញុំគ្រាន់តែជាមនុស្សស្រីអាក្រក់មួយរូបដែលគ្មានមិត្តភក្តិ គ្មានអ្នកណារាប់អានសូម្បីតែម្នាក់ កុំថាឡើយនិយាយដល់រឿងស្នេហានោះ។ ជីវិតរបស់ខ្ញុំពិតជាអផ្សុកខ្លាំងណាស់ ទោះជាកើតមកគ្មានអ្វីពិបាកទាំងលុយកាក់ ទាំងជីវភាពក៏ដោយ តែបើនិយាយរឿងខាងក្នុងចិត្តពិតជាពិបាកនឹងរៀបរាប់រ៉ាយរ៉ាប់ខ្លាំងណាស់។

ម៉ាក់ប៉ារបស់ខ្ញុំជាមនុស្សស្អាត ទាំងរូបរាង ទាំងមុខមាត់ ប៉ុន្តែខ្ញុំជាកូនបែរជាខុសពីពួកគាត់ឆ្ងាយទៅវិញ។ មុខមាត់ក៏អាក្រក់ កំពស់ក៏ទាបជាងមនុស្សធម្មតា។ កាលពីតូចខ្ញុំធ្លាប់គិតច្រើន ធ្លាប់តូចចិត្តដែលកើតមកមិនស្អាតដូចម៉ាក់ប៉ា រហូតគិតថាខ្លួនឯងមិនមែនជាកូនបង្កើតរបស់ពួកគាត់ទៀតផង ប៉ុន្តែម៉ាក់ប៉ាអះអាងថាខ្ញុំពិតជាកូនរបស់ពួកគាត់ពិតមែន។ ដែលការពិតទៅមកពីខ្ញុំកើតជំងឺមួយដែលកម្រនឹងកើតមានលើមនុស្សណាស់ សឹងតែក្នុង ១ លាននាក់លើពិភពលោកមានតែ ១។ ជំងឺនេះធ្វើឱ្យហ្សែនខ្ញុំប្រែប្រួលខុសពីម៉ាក់ប៉ាទាំងស្រុង ដែលកាន់តែអាក្រក់ជាងនោះទៀត កាន់តែធំឡើងខ្ញុំកាន់តែមានរូបរាង និងមុខមាត់អាក្រក់ឡើង ។ វាធ្វើឱ្យខ្ញុំឈឺចាប់ និងគិតច្រើនខ្លាំងណាស់។ ខ្ញុំមិនដែលប្រាថ្នាឱ្យខ្លួនស្អាតដូចទេពអប្សរ មិនប្រាថ្នាឱ្យខ្លួនឯងស្អាតលើសមនុស្សស្រីដទៃឡើយ ខ្ញុំគ្រាន់តែចង់បានរូបរាងសមរម្យដូចគេដូចឯងប៉ុននោះ។ ជាពិសេសវាពិតជាឈឺចាប់ណាស់ ដែលខ្ញុំជាកូនបង្កើតរបស់ម៉ាក់ប៉ាតែគ្មានចំណុចមួយណាដែលដូចពួកគាត់សោះ។ ព្រោះតែត្រូវអ្នកដទៃស្អប់ និងមើលងាយខ្លាំងពេកខ្ញុំសឹងតែសម្លាប់ខ្លួនម្តងៗទៅហើយ ប៉ុន្តែម៉ាក់ប៉ាស្រលាញ់ខ្ញុំណាស់ ហើយតែងតែលើកទឹកចិត្តខ្ញុំជានិច្ច។

« កូនម៉ាក់ប៉ាជាកូនដែលស្អាតបំផុត ទោះអ្នកណាថាឱ្យកូនស្រីម៉ាក់យ៉ាងណា កូននៅតែជាកូនរបស់ម៉ាក់ប៉ា ពួកយើងស្រលាញ់កូនណាស់» ដោយសារតែបែបនេះហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់ មានកម្លាំងចិត្តខ្លាំងមែនទែន។ ទោះមានអ្នកស្អប់ខ្ញុំ តែម៉ាក់ប៉ាមិនដែលស្អប់ ឬបោះបង់ខ្ញុំម្តងណាឡើយ។  

រូបតំណាង

ប៉ុន្តែរឿងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ធ្វើឱ្យខ្ញុំឈឺចាប់រឹតតែខ្លាំងនៅពេលធំឡើង។ ខ្ញុំជាមនុស្សអាក្រក់គួរឱ្យខ្ពើម បានជាខ្ញុំគ្មានមិត្តភក្តិ ទោះខ្ញុំធ្វើល្អ ទោះខ្ញុំមិនដែលធ្វើបាបអ្នកណា ទោះបីជាខ្ញុំរៀនពូកែយ៉ាងណាក៏មិនអាចឱ្យមនុស្សជុំវិញចូលចិត្ត និងរាប់អានខ្ញុំដែរ ដូច្នេះខ្ញុំបានក្លាយជាមនុស្សឯកាជាងគេនៅលើលោកនេះ។ ទោះខ្ញុំមិនសប្បាយចិត្ត ទោះខ្ញុំតូចចិត្ត តែខ្ញុំតែងតែលាក់មិនឱ្យម៉ាក់ប៉ាដឹងនោះទេ។ ខ្ញុំធំហើយមិនគួរបន្ថែមបន្ទុកទៅពួកគាត់ទៀតទេ។ ដោយសារតែភាពអផ្សុក និងចង់លួងលោមចិត្តខ្លួនឯង ខ្ញុំបានបន្លំខ្លួននៅក្នុងប្រព័ន្ធសង្គមដើម្បីរាប់អានមិត្តភក្តិ។ ទោះជាការកុហកបោកប្រាស់អំពីអត្តសញ្ញណរបស់ខ្លួនឯង ដោយបន្លំឈ្មោះនិងរូបថត តែខ្ញុំបែរជាសប្បាយចិត្តទៅវិញ ព្រោះខ្ញុំបានស្គាល់មិត្តថ្មីៗជាច្រើន។ ពួកគេចូលចិត្តនៅពេលដែលខ្ញុំសរសេរ និង និយាយ ពួកគេថាខ្ញុំគួរឱ្យស្រលាញ់ និងគួរឱ្យចង់រាប់អាន។ បែបនេះហើយខ្ញុំមានមិត្តល្អៗជជែកលេងជាច្រើននាក់។ ដែលគួរឱ្យស្តាយគឺខ្ញុំមិនដែលបានជួបពួកគេ ឬទៅចូលរួមការជួបជុំមិត្តភក្តិក្នុងបណ្តាញសង្គមឡើយ ព្រោះខ្ញុំដឹងថា វាគឺបែបនេះ.......

រូបតំណាង

ចាំថាកាលពីឆ្នាំមុនខ្ញុំប្តូរគណនីបណ្តាញសង្គមអស់ ៥ ទៅហើយដោយសារតែបញ្ហាបែបនោះ។ ខ្ញុំសង្ឃឹមថាក្រោយពីរាប់អាន និងជជែកគ្នាយូរគួរសម ពេលដែលខ្ញុំសារភាពពីឈ្មោះ និងមុខមាត់ពិតប្រាកដរបស់ខ្ញុំ ពួកគេអាចនឹងទទួលយកបាន និងចាប់ផ្តើមរាប់អានខ្ញុំដោយមិនគិតពីរូបសម្បត្តិ។ តែអ្វីៗផ្ទុយស្រលះពីការពិត អ្នកខ្លះពេលដែលខ្ញុំផ្ញើរូបពិតទៅគេថាខ្ញុំកុហក អ្នកខ្លះពេលដឹងការពិតខឹងខ្ញុំរហូតដកខ្ញុំចេញ ពីបញ្ជីមិត្តភក្តិក្នុងបណ្តាញសង្គមទៀតផង អ្នកខ្លះទៀតពេលដែលបានជួបខ្ញុំនៅខាងក្រៅពេលណាត់ហើយ ក៏ស្អប់ខ្ញុំ ខឹងខ្ញុំហើយប្រមាថខ្ញុំយ៉ាងខ្លាំង គេថាខ្ញុំជាមនុស្សបោកប្រាស់ រហូតធ្វើឱ្យខ្ញុំឈឺចាប់ហើយស្រែកយំជាខ្លាំង។ គិតៗទៅមនុស្សនៅក្នុងសង្គមមួយនេះពិតជាអយុត្តិធម៌ណាស់។ ហេតុអ្វីមនុស្សមើលឃើញតែរូបសម្បត្តិ ហេតុអ្វីពួកគេមិនរាប់អានមិត្តត្រង់ចិត្ត និងគុណធម៌? តើមនុស្សដែលស្អាតជាងខ្ញុំ មានអ្វីដែលល្អលើសខ្ញុំមែនទេ? ខ្ញុំមិនហ៊ាននិយាយថាខ្លួនឯងជាមនុស្សល្អ តែខ្ញុំជឿជាក់ថា ខ្ញុំល្អជាងអ្នកដែលស្អាតមួយចំនួន។ ខ្ញុំមិនដែលខឹងស្អប់ គុំគួន មិនដែលមើលងាយ មិនដែលអាក្រក់ដាក់អ្នកដទៃទាល់តែសោះ តែហេតុអ្វីបានជាខ្ញុំគ្មានមិត្តនឹងគេបែបនេះ? ដោយសារតែហេតុនេះហើយបានជាខ្ញុំលែងទទួលការណាត់ជួប និងមិនដែលសារភាពពីខ្លួនឯងទៀតឡើយ។ ខ្ញុំនឹងក្លាយជាមនុស្សអាថ៌កំបាំងនៅក្នុងបណ្តាញសង្គមរហូតទៅ។ តែអាថ៌កំបាំងវាគ្មានឡើយនៅលើលោកនេះ......

រូបតំណាង

បេះដូងរបស់ខ្ញុំស្រាប់តែរំភើបញាប់ញ័រពេលដែលបានឃើញគេជាលើកដំបូង គេជាមនុស្ស ស្អាត ខ្ពស់ សង្ហា មុខមានមន្តស្នេហ៍ ពេលដែលគេញញឹមម្តងៗធ្វើឱ្យខ្ញុំឈរលែងនឹងទៅហើយ។ វាជារឿងចៃដន្យ ឬនិស្ស័យមែនទេបានជាធ្វើឱ្យខ្ញុំជួបគេ? ពួកខ្ញុំបានជួបគ្នានៅហាងកាហ្វេមួយកន្លែងដែលខ្ញុំឧស្សាហ៍ទៅ។ ស្នាមញញឹមរបស់គេធ្វើឱ្យខ្ញុំភ្លឹកយ៉ាងខ្លាំង។ មិននឹកស្មានថាមនុស្សប្រុសសង្ហាគួរឱ្យស្រលាញ់ដូចជាគេអាចបញ្ចេញស្នាមញញឹមគួរសមដាក់ខ្ញុំបែបនេះសោះ។ បែបនេះហើយខ្ញុំតែងតែមកហាងកាហ្វេនេះរាល់ថ្ងៃ ស្រមៃថានឹងបានជួបគេម្តងទៀត។ ទីបំផុតខ្ញុំបានជួបគាត់ពិតមែន តែបានឃើញត្រឹមតែស្រមោលខ្នងរបស់គាត់តែប៉ុននោះ។ ប៉ុន្តែទេវតាមិនអាក្រក់ចំពោះខ្ញុំពេកទេ ពេលដែលខ្ញុំចូលទៅក្នុងហាងខ្ញុំឮបុគ្គលិកនិយាយគ្នា

« អូយ ប្រុសស្អាតមិញតើ »

« ណាៗៗៗ..... អូយនាមបណ្ណតើ ឯងឃើញនៅឯណា?»

« ប្រហែលជ្រុះនៅបន្ទប់ទឹកហើយ អូយស្អាតណាស់ ឈ្មោះក៏ពីរោះទៀត» ចៃដន្យខ្ញុំក៏បានក្រឡេកឃើញហើយទន្ទេញឈ្មោះនៅក្នុងចិត្តរហូត។ ពិតជាសំណាងមែនខ្ញុំបានរកឃើញគណនីបណ្តាញសង្គមរបស់គេឃើញ ហើយក៏ចាប់ផ្តើមជជែកកម្សាន្តជាមួយគេ។ ភាពអន្ទះសារ ធ្វើឱ្យខ្ញុំភ័យបុកពោះជាខ្លាំង។ បន្ទាប់ពីរង់ចាំអស់រយៈពេលជិត២ម៉ោងគេក៏បានតបសាររបស់ខ្ញុំ។ ចំណងមិត្តភាពរបស់ខ្ញុំនិងគេក៏បានចាប់ផ្តើមអភិវឌ្ឍន៍ទៅមួយកម្រិត។ មិនខុសពីការស្មានទុក គេពិតជាមនុស្សល្អ រួសរាយ មានសុជីវធម៌ និងស្និទ្ធស្នាលគួរឱ្យស្រលាញ់។ពួកយើងជជែកគ្នាស៊ីចង្វាក់បានល្អខ្លាំងណាស់។ គួរឱ្យចម្លែកដែរ គេមិនដែលសួរនាំពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយក៏មិនដែលចង់សុំណាត់ជួបខ្ញុំម្តងឡើយ។ ចំណែកអារម្មណ៍របស់ខ្ញុំវិញចំពោះគេបែរជាកើនឡើងកាន់តែខ្លាំង ដែលខ្ញុំប្រាកដថាវាគឺជាស្នេហា។ ស្រាប់តែថ្ងៃមួយនោះ គេបានផ្ញើសារមួយដ៏វែងអន្លាយឱ្យខ្ញុំ

« សួស្តី សុំទោសដែលថ្ងៃនេះមិនបានលេងសារជាមួយនាង តែបែរជាទុកសារមួយនេះជំនួសទៅវិញ ព្រោះតែខ្ញុំគ្មានសេចក្តីក្លាហាននឹងនិយាយផ្ទាល់មាត់។ខ្ញុំចង់ប្រាប់នាងថាមួយរយៈ ដែលយើងជជែកគ្នាលេងខ្ញុំពិតជាមានសេចក្តីសុខខ្លាំងណាស់ ខ្ញុំមានអារម្មណ៍ធូរស្បើយពីការងាររាល់ពេលដែលយើងជជែកគ្នា នាងបានផ្តល់អារម្មណ៍មួយដ៏កក់ក្តៅដល់ខ្ញុំ ដែលកាលពីមុនអារម្មណ៍មួយនោះមានតែម៉ាក់របស់ខ្ញុំទេដែលអាចផ្តល់ឱ្យខ្ញុំបាន។ អរគុណដែលកំដរជីវិតឯការរបស់ខ្ញុំរហូតមក អរគុណដែលចូលមកក្នុងជីវិតរបស់ខ្ញុំ ។ ទោះជាយើងមិនដែលបានជួបគ្នា ខ្ញុំចង់ប្រាប់នាងថាខ្ញុំពិតជាចូលចិត្តនាងណាស់។ បើនាងមិនស្អប់ខ្ពើមខ្ញុំទេ តើពួកយើងអាចចាប់ផ្តើម រាប់អានគ្នាលើសពីមិត្តបានទេ? សុំកុំតបនឹងសារមួយនេះអីខ្ញុំសុំអង្វរ ខ្ញុំពិតជាមិនទាន់អាចត្រៀមចិត្តបានមែន។ តែបើនាងពិតជាផ្តល់ឱកាសដល់ខ្ញុំមែន តើអាចមកជួបខ្ញុំនៅហាងកាហ្វេមួយនៅជិតផ្សារទំនើបបានទេ? បុរសកាន់បាច់ផ្កា ១០០ ទងនឹងឈរចាំនាងនៅទីនោះមិនទៅណា............ »

ខ្ញុំក្តោបដៃបិទមាត់យំទាំងអារម្មណ៍រំភើប។ តើគេស្រលាញ់ខ្ញុំពិតមែន? តើគេពិតជាអាចទទួលយកខ្ញុំបានទេ? ភាពសប្បាយរីករាយបានលាយឡំនឹងភាពអស់សង្ឃឹម។ បើខ្ញុំទៅជួបគេមែន តើលទ្ធផលទៅជាយ៉ាងណា? ខ្ញុំពិតជាមិនចង់បាត់បង់គេ ខ្ញុំពិតជាមិនចង់បានលទ្ធផលដូចមិត្តមុនៗនោះឡើយ។ តើខ្ញុំត្រូវធ្វើបែបណាទៅ?

រូបតំណាង

.................

ខ្ញុំឈរនៅគៀនហាងកាហ្វេទាំងទឹកភ្នែកហូររហាម សម្លឹងទៅបុរសម្នាក់នៅក្នុងបេះដូងដែលកំពុងតែឈរកាន់បាច់ផ្កាកូលាប ១០០ទងនៅក្នុងដៃទាំងមុខញញឹមញញែមមានសង្ឃឹម។ ខ្ញុំជូតទឹកភ្នែកដើរចេញទាំងឈឺចាប់។ តើមនុស្សដូចខ្ញុំមានអីដែលសាកសមនឹងគេទៅ។ ហ្គេមមួយនេះខ្ញុំជាអ្នកចាប់ផ្តើមលេងដោយខ្លួនឯង ដូច្នេះខ្ញុំក៏គួរតែបញ្ចប់វាដោយខ្លួនឯងដែរ។ សុំត្រឹមខ្ញុំជាមនុស្សដែលឈឺចាប់ម្នាក់ឯងបានហើយ កុំឱ្យគេទទួលភាពឈឺចាប់ និងអស់សង្ឃឹមជាងនេះអី នៅពេលដែលគេដឹងការពិតពីខ្ញុំនោះ។

« សុំទោសដែលខ្ញុំមិនអាចជួបលោកបាន សុំទោសខ្ញុំមិនសាកសមនឹងទទួលក្តីស្រលាញ់ពីលោកទេ ខ្ញុំមិនល្អ ខ្ញុំអាក្រក់។ សុំទោសណា លាហើយ លារហូត »

សរសេរសារចប់ខ្ញុំទម្លាក់ខ្លួនលើពូកខ្ទប់មុខយំទាំងឈឺចាប់។ ស្នេហាពេលចូលខ្លួនពិតជាឈឺចាប់ហួសនឹងថ្លែងពិតមែន។ ខ្ញុំសម្រេចចិត្តលាលែងពីពិភពសង្គមបោកប្រាស់ ហើយលែងតាំងខ្លួនជាអ្នកដទៃហើយ។ គណនីស្រីស្អាតក៏លែងមានទៀតដែរ ខ្ញុំសម្រេចចិត្តបើកប្រើគណនីស្រីអាក្រក់ដែលជារបស់ខ្លួនឯងវិញ។ វាល្មមដល់ពេលទទួលស្គាល់ការពិតរបស់ខ្លួនឯងហើយ។ ខ្ញុំគេងលង់លក់ទាំងទឹកភ្នែកជោគថ្ពាល់តាំងពីពេលណាក៏មិនដឹងគ្រាន់តែពេលដឹងខ្លួនម្តងទៀតមេឃក៏ងងឹត សំឡេងកន្តឹងមុខផ្ទះរោទិ៍មិនឈប់ ទោះចង់គេងទៀតក៏មិនបានដែរ ភ្លេចទៅថាម៉ាក់ប៉ាចេញទៅក្រៅតាំងពីល្ងាច។ បែបនេះមានតែយោងអាត្មាទាំងហើមភ្នែកចុះទៅបើកទ្វារ។ 

រូបតំណាង

ពេលដែលខ្ញុំបើកទ្វារឡើងមនុស្សដែលខ្ញុំមិននឹកស្មានថាបានជួបម្តងទៀតក៏ប្រាកដនៅនឹងមុខរបស់ខ្ញុំ

« លោក.....??? »

បុរសសង្ហាកាន់បាច់ផ្កា ១០០ទងកំពុងតែធ្វើមុខស្រពោនលាយក្រញ៉ូវដាក់ខ្ញុំ រួចដើរបុកខ្ញុំចូលទៅអង្គុយនៅលើសាឡុងក្នុងផ្ទះរបស់ខ្ញុំធ្វើព្រងើយ

« អេ....ស្អីហ្នឹង? លោក...លោក..លោកជានរណា..ម៉េចៗៗៗ ??»

« ខ្ញុំរោយជើងចង់សម្រាក »

« អត់សុជីវធម៌ ចូលផ្ទះគេម៉េចចេះនេះ? ចេញទៅ ប្រយ័ត្នខ្ញុំប្តឹងប៉ូលីស »

« ប្តឹងទៅ នេះជាផ្ទះអ៊ំប្រុសរបស់ខ្ញុំ »

« អ៊ំ ???? អឺ......»

« ឆ្កួត..នាងពិតជាល្ងង់ពិតមែន? »

ខ្ញុំបើកភ្នែកធំៗទាំងឆ្ងល់

« នាងមិនចាំខ្ញុំពិតមែនហ្ហេស នាងល្ងង់? ហើយដែលផ្ញើសារជាមួយគ្នារាល់ថ្ងៃ ឃើញឈ្មោះ ខ្ញុំពេញៗ ឃើញរូបខ្ញុំរាល់ថ្ងៃនេះមិនធ្វើឱ្យនាងចងចាំសូម្បីតែបន្តិច? »

« អេ..? »

« អេ អេ អេ អាស្អី នាងល្ងង់ នាងក្បាលជ្រូក »

« អេ...ដូចធ្លាប់ឮ »

« នាង........ហ៊ើយ » គេដកដង្ហើមធំហើយបោះបាច់ផ្កាឱ្យខ្ញុំសឹងតែចាប់មិនបាន។ រូបក្មេងប្រុសស្រីមួយគូកាន់ដៃគ្នានៅមាត់សមុទ្រក្នុងបាច់ផ្កាកូលាបធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល

« លោក.......លោក.»

គេធ្វើមុខក្រញ៉ូវដាក់ខ្ញុំ។ ការពិតគេគឺជាអតីតមិត្តជិតខាងរបស់ខ្ញុំតើ។ ចាំថាកាលពីតូចខ្ញុំយំ ខ្ញុំអផ្សុក មានតែគេម្នាក់គត់ដែលជាមិត្តនឹងខ្ញុំ លេងជាមួយខ្ញុំនិងលួងលោមខ្ញុំ

« កុំយំអី ការពិតនាងស្អាតណាស់ ម៉ាក់ប្រាប់ថាភាពស្រស់ស្អាតរបស់មនុស្សនៅក្នុងចិត្តណា ឥឡូវខ្ញុំសន្យាណា...ថាបើពេលធំឡើងទៅនាងគ្មានសង្សាគ្មានអ្នកណាស្រលាញ់ ខ្ញុំនឹងសុំនាងស្រលាញ់ណា » 

ពាក្យសន្យារបស់ក្មេងតូចៗក៏បានរំលឹកការចងចាំរបស់ខ្ញុំ។ ការពិតគឺជាគេសោះ។ ខ្ញុំស្រាប់តែស្រក់ទឹកភ្នែកទាំងរំភើបចិត្ត

«ធ្វើមុខបែបនេះចាំហើយមែនទេ ខ្ញុំឆ្ងល់ណាស់ហេតុអីនាងភ្លេចខ្ញុំបាននេះ? »

«អ្នកណាទៅចាំសន្យាឆ្កួតៗរបស់ក្មេងៗទៅ ហើយអ្នកណាទៅដឹងថាលោកឯងធំឡើងស្អាតយ៉ាងនេះ »

« និយាយដោយខ្លីទៅខ្ញុំបែរជាមនុស្សដែលចាំសន្យាតែម្នាក់ឯងមែនទេ? ខ្ញុំតែម្នាក់មែនទេដែលរកគ្រប់វិធីស្វែងរកនាង និងចង់នៅជិតនាងមែនទេ? នាងនេះពិតជាអាក្រក់ពិតមែន បានហើយចាត់ទុកថាខ្ញុំឆ្កួតម្នាក់ឯងចុះ »

គេក៏ដើរចាកចេញទៅ។ 

រូបតំណាង

រឿងអីខ្ញុំត្រូវឱ្យគេចាកចេញពីខ្ញុំម្តងទៀតនោះ។ ខ្ញុំក៏ស្រវាឱបចង្កេះគេជាប់ ហើយនិយាយ 

«កុំទៅៗៗៗ ហាមទៅណាទៀត.....ខ្ញុំ..ខ្ញុំ.......បើលោកមិនប្រកាន់ថាខ្ញុំអាក្រក់គួរឱ្យស្អប់ទេ អឺ....ពួកយើងអាចចាប់ផ្តើមលើសពីមិត្តបាន»

ខ្ញុំឮសំឡេងគេលួចសើចតិចៗ គេក៏បែរមកទះក្បាលខ្ញុំតិចៗ ពួកយើងក៏សើចដាក់គ្នា រហូតមិនដឹងថាម៉ាក់ប៉ាមកលួចមើលពីកាលណា។ ទីបំផុតរឿងរ៉ាវរបស់មនុស្សស្រីអាក្រក់ក៏បញ្ចប់ដោយបែបនេះ។ ពាក្យចាស់គេថាល្អគូនឹងអាក្រក់ សគូនឹងខ្មៅ ហើយគេម្នាក់នោះកើតមកជាគូនឹងស្រីអាក្រក់ដូចខ្ញុំនោះឯង។ ឃើញទេអ្នកណាៗក៏មានគូរបស់គេដែរ ថាមិនត្រូវអ្នកដែលកំពុងតែអត់មានគូពេលនេះ គូព្រេងកំពុងតែរង់ចាំផងក៏មិនដឹង។ កុំអស់សង្ឃឹមអីណា ពេលវេលានឹងនាំមនុស្សល្អៗមកកាន់ជីវិតយើងនៅថ្ងៃណាមួយជាមិនខាន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]