ចិន៖ អ្នកដឹកជញ្ជូនម្នាក់មានការភ្ញាក់ផ្អើល និងស្លុតចិត្តយ៉ាងខ្លាំង ក្រោយដឹងថាទំនិញដែលខ្លួនកំពុងដឹក តាមពិតជាទារកដែលទើបនឹងកើតម្នាក់ និងដឹងខ្លួនថាដូចត្រូវបានគេជួលឲ្យដឹកយកទៅ បំបោះបង់ចោលយ៉ាងអីុចឹង។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាបុគ្គលិកដឹកទំនិញម្នាក់ មិនត្រូវបានគេបង្ហើបអត្តសញ្ញាណ របស់ក្រុមហ៊ុន Dada Delivery  ត្រូវបានអតិថិជនស្រីម្នាក់ទាក់ទងឲ្យខ្លួនមកដឹកទំនិញនៅទីតាំងដែលបានណាត់ជួបមួយកន្លែង ស្ថិតនៅក្នុងស្រុក Jin’an ទីក្រុង Fuhou ខេត្ត Fujian ។  តាមការឲ្យដឹងលោកមិនបានជួបផ្ទាល់ជាមួយនឹងអតិជននោះទេ  ដោយគ្រាន់តែប្រាប់ថាមកយកទំនិញ ដែលខ្ចប់ទុកក្នុងថង់ខ្មៅរួចជាស្រេច ហើយប្រាប់ឲ្យដឹកយកទៅមណ្ឌលកុមារកំព្រា Fuzhou Children’s Welfare Institution  ប៉ុណ្ណោះ ដោយមិនការបញ្ជាក់អ្វីច្រើនឡើយ។

លុះធ្វើដំណើរបានត្រឹមពាក់កណ្តលផ្លូវ បុរសជាអ្នកដឹកទំនិញ ស្រាប់តែឭសូរសម្លេងក្មេងយំ រួចក៏ឈប់ស្រាយថង់ខ្មៅនោះមើល ក៏ប្រទះឃើញទារកទើបនឹងកើតម្នាក់នៅខាងក្នុង បែកញើសយ៉ាងសស្រាក់ ដោយសារហប់ខ្យល់  ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង។ ភ្លាមៗទារករងគ្រោះត្រូវបានគេប្រញាប់ប្រញាល់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យសុខភាពផងដែរ។

ទារករងគ្រោះ ដែលត្រូវបានម្តាយខ្ចប់ទុកក្នុងថង់​

បើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Weibo របស់ចិន អាជ្ញាធរក្នុងស្រុក Jin’an បានអះអាងឲ្យដឹងថា អត្តសញ្ញាណស្រ្តីជាម្តាយរបស់ទារក គឺមានអាយុ២៤ឆ្នាំ ត្រកូល Luo ត្រូវប៉ូលិសឃាត់ខ្លួនបានហើយ។  ក្រោយចុះឃាត់ខ្លួន ស្រ្តីជាម្តាយបានសារភាពថា ខ្លួនពិតជាបានបញ្ជូនកូនស្រីរបស់ខ្លួន តាមរយៈភ្នាក់ងារសេវាដឹកជញ្ជូន ទៅឲ្យខាងមណ្ឌលកុមារកំព្រាយ៉ាងពិតប្រាកដមែន។

ករណីបោះបង់ចោលកូនខ្លួនឯងនេះ  បច្ចុប្បន្នគឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងសាកសួរបន្ថែម។

ទោះបីជាយ៉ាងណា ករណីនេះបានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងអ៊ីនធើណែត បានសម្តែងការខឹងសម្បាយ៉ាងខ្លាំង ចំពោះទង្វើរបស់ស្រ្តីជាម្តាយរូបនោះ ហើយពួកគេបានអំពាវអំនាវ ឲ្យមានការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរផងដែរ។

គួរឲ្យដឹងថា បច្ចុប្បន្នទារករងគ្រោះ គឺស្ថិតក្នុងស្ថានភាពប្រសើរឡើងជាធម្មតាវិញហើយ ដោយទទួលបានការមើលថែទាំ យ៉ាងចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រួពេទ្យនៅមន្ទីរពេទ្យ៕ 

ទស្សនាវីដេអូខាងក្រោម៖

ទារករងគ្រោះ
បច្ចុប្បន្នទារករងគ្រោះ គឺស្ថិតក្នុងស្ថានភាពប្រសើរឡើងជាធម្មតា ដោយទទួលបានការមើលថែទាំ យ៉ាងចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រួពេទ្យ នៅមន្ទីរពេទ្យក្នុងទីក្រុងផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]