រាជធានី​ភ្នំពេញ ៖ បុរស​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ ត្រូវ​គេ​ចោទ​ថា​ចោរឆក់​ទូរ​ស័​ព​ដៃ ហើយ​វាយ​បែក​ចិញ្ចើម​ហូរ​ឈាម ខណៈ​ពេល​កំពុង​តែ​ឈប់​ចាំ​ម៉ូយ ឃើញ​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ឈ្លោះប្រកែក​គ្នា ជ្រុះ​ទូរស័ព្ទ បានរ​ត់ទៅ​រើស​ឲ្យ ត្រូវ​ម្ចាស់​ទូរស័ព្ទ​ចោទ​ថា​ចោរឆក់​ទៅ​វិញ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ចំណុច​ខាងលិច​រង្វង់​មូល​ចោម​ចៅ ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ជាប់ចោទ​ឈ្មោះ ទឹម ស៊ៀ​ង ហៅ​វៃ អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​រង្វង់​មូល​ចោម​ចៅ ស្នាក់​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ធ្លក់​យល់ ឃុំ​ពន្លៃ ស្រុក​អង្គ​បុរី ខេត្តតាកែវ ។ ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ អ៊ិ​ន សុ​ផា​នី ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ទូរស័ព្ទ​បាន​និយាយ​ថា ៖ មុន​ពេល​កើតហេតុ រូប​គាត់ និង​ប្អូនថ្លៃ​របស់​គាត់ និង​កូនប្រុស​ម្នាក់ ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​ខ្លួន ទៅ​ហូប​អាហារ​នៅ​ជិត​រង្វង់​មូល​ចោម​ចៅ លុះ​មក​ដល់​ចំណុច​កើតហេតុ រូប​គាត់​កំពុង​តែ​និយាយ​ទូរស័ព្ទ​ជាមួយ​ប្តី ត្រូវ​ជនសង្ស័យ​ឆក់​បាត់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​និយាយ​ថា ៖ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ជា​ម្ចាស់​ទូរស័ព្ទ បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក់​លេខ ជិះ​គ្នា​៣​នាក់​ប្តី​ប្រពន្ធ និង​កូនប្រុស ខណៈ​ពេល​ជិះ​នៅ​លើ​ម៉ូតូ​ឃើញ​រវល់​តែ​ឈ្លោះប្រកែក​គ្នា ហើយ​បាន​ធ្លាក់​ទូរស័ព្ទ​ដៃ ស្រប​ពេល​នោះ​ជនសង្ស័យ​ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ចត​នៅ​កន្លែង​កើតហេតុ​បាន​ដើរទៅ​រើស​ទូរស័ព្ទ​ឲ្យ បែរជា​ត្រូវ​ម្ចាស់​ទូរស័ព្ទ​ចោទប្រកាន់​ថា​ឆក់​ទូរស័ព្ទ​របស់​គាត់ មិនតែប៉ុណ្ណោះ​ស្ត្រី​ជា​ម្ចាស់​ទូរស័ព្ទ បាន​ដើរទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ ដោយ​ប្រាប់​ថា គាត់​ជិះ​ម៉ូតូ​ជាមួយ​ប្តី និង​កូនប្រុស​ម្នាក់ ស្រាប់តែ​ចោរឆក់​ទូរស័ព្ទ​ដៃ​របស់​គាត់ ហើយ​ប្តី​របស់​គាត់​មើល​តាម​កញ្ចក់​ម៉ូតូ​ឃើញ​ជនសង្ស័យ​ឆក់ ក៏​បាន​វាយ​ជនសង្ស័យ​ឲ្យ​បែក​ចិញ្ចើម រួច​ហើយ​ស្រាប់តែ​បុរស​ជា​ប្តី​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ បន្ទាប់​មក​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មក​ដល់ ត្រូវ​ស្ត្រី​រង​គ្រោះ​អះអាង​ថា ជា​ប្អូនថ្លៃ​របស់​គាត់ ដែល​គាត់​ជិះ​ម៉ូតូ​មក​ជាមួយ​ពេល​កើតហេតុ រីឯ​ប្តី​របស់​គាត់​នៅ​ឯ​ខេត្តព្រះវិហា​ទេ មិនមែន​នៅ​កន្លែង​កើតហេតុ​ទេ ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​បន្ត​ទៀត​ថា ៖ ពេល​កើតហេតុ​ភ្លាម​ៗ ស្ត្រី​រង​គ្រោះ​អះអាង​ថា ជិះ​ម៉ូតូ​ជាមួយ​ប្តី ភ្លាម​ៗ​នោះ​ពេល​ដែល​ស្ត្រី​ជា​ម្ចាស់​ទូរស័ព្ទ​ទៅ​ដាក់​ពាក្យបណ្តឹង បែរជា​ប្រាប់​ថា​ប្តី​របស់​គាត់ ដែល​ជា​អ្នក​វាយ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ ដែល​ជាប់ចោទ​ថា​ចោរឆក់​ទូរស័ព្ទ​នោះ នៅ​ខេត្តព្រះវិហារ ហើយ​គាត់​ជិះ​ម៉ូតូ​ជាមួយ​ប្អូនថ្លៃ​ទៅ​វិញ ។

ទោះបីជា​យ៉ាង ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ម្ចាស់​ទូរស័ព្ទ​បាន​ដាក់​ពាក់​បណ្តឹង ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ជនសង្ស័យ​ដែល​ជាប់ចោទ​ឈ្មោះ ទឹម ស៊ៀ​ង ហៅ​វៃ អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​រង្វង់​មូល​ចោម​ចៅ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]