តើអ្នកធ្លាប់មានអារម្មណ៍ច្រណែននឹងអ្នកដែលរៀនពូកែ ឬក៏អ្នកដែលរៀនរហ័សចាំដែរទេ? ការរៀនសូត្រមិនមែនពឹងផ្អែកទាំងស្រុង ទៅលើគុណភាពនៃខួរក្បាលរបស់មនុស្សប៉ុណ្ណោះទេ  តែក៏ត្រូវពឹងផ្អែកយ៉ាងខ្លាំងផងដែរទៅលើយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្ត។

ខាងក្រោមនេះគឹជាយុទ្ធសាស្ត្រចំនួន ៨ សម្រាប់ធ្វើឲ្យអ្នករៀនបានលឿនជាងមុន៖ 

១. ស្វែករកកន្លែងណាដែលមានបរិយាកាសសមស្របទៅនឹងការរៀន

បរិយាកាសនៅជុំវិញខ្លួនល្អ  អាចធ្វើឲ្យអ្នកមានអារម្មណ៍ផ្តោតលើមេរៀនបានយ៉ាងល្អ ប៉ុន្តែបរិយាកាសខ្លះវិញ អាចនឹងមិនស្របសម្រាប់ការរៀនទេ ហើយធ្វើឲ្យអ្នករៀនមិនចូលទៀតផង។  អ្នកខ្លះចូលចិត្តទៅហាងកាហ្វេ  បណ្ណាល័យ  នៅផ្ទះ  ឬក៏កន្លែងផ្សេងៗទៀត  ដូច្នេះបានសេចក្ដីថា អ្នកត្រូវដឹងពីខ្លួនឯងថា​ តើបរិយាកាសបែបណាទើបអាចឲ្យអ្នកផ្តោតអារម្មណ៍រៀនបានល្អ។ 

២. សរសេរមេរៀនទាំងនោះទុក

នៅពេលដែលអ្នកសរសេរមេរៀនទុក  នោះខួរក្បាលរបស់អ្នកអាចចាប់បានចំណុចមួយចំនួននៃមេរៀនផងដែរ។ លើសពីនេះទៅទៀត អ្នកគួរតែសរសេរមេរៀននោះទុកដើម្បីការពារការភ្លេចភ្លាំងថ្ងៃក្រោយ។ 

សរសេរមេរៀនទុក

៣. ព្យាយាមទន្ទិញមេរៀននោះតាមលំដាប់

ពេលខ្លះមេរៀនវែងពេក ឬក៏ច្រើនពេក គឺពិបាកយ៉ាងខ្លាំងក្នុងការចងចាំ។ ប៉ុន្តែបើសិនជាអ្នកបង្កើតប្លង់មួយសម្រាប់ទន្ទិញមេរៀនទាំងនោះតាមលំដាប់ នោះអ្នកអាចនឹងធ្វើការទាញភ្ជាប់ផ្នែកធំៗនៃមេរៀនចូលគ្នា ដើម្បីធ្វើការចងចាំបានយូរ។ 

៤. ព្យាយាមប្រើប្រាស់ខួរក្បាលឲ្យបានច្រើន

ទោះបីជាខួរក្បាលមិនមែនជាសាច់ដុំក៏ដោយ ក៏សមត្ថភាព និងគុណភាពរបស់វានឹងមានភាពប្រសើរឡើងផងដែរ បើសិនជាអ្នកប្រើប្រាស់វាឲ្យបានច្រើន។ វិធីសាស្រ្តមួយនេះនឹងធ្វើឲ្យខួរក្បាលរបស់អ្នក មានដំណើរការល្អជាងមុន នោះនៅពេលដែលអ្នកទន្ទិញមេរៀន  អ្នកនឹងអាចធ្វើការចងចាំលឿនជាងមុនផងដែរ។ 

៥. អានឲ្យបានច្រើន

បង្កើតទម្លាប់មួយដើម្បីធ្វើការអានឲ្យបានច្រើន ព្រោះថាអ្នកដែលអានជាប្រចាំនឹងអានបានលឿនហើយនិងយល់អំពីមេរៀនបានរហ័សជាងមនុស្សដែលមិនមានទម្លាប់អាន។ 

៦. អនុវត្តនូវអ្វីដែលអ្នកបានរៀន

ដើម្បីរៀនអ្វីមួយឲ្យបានរហ័ស ​អ្នកត្រូវអនុវត្តមេរៀននោះឡើងវិញ។ ឧទាហរណ៍ ដើម្បីរៀនភាសាថ្មីមួយ ឬក៏ការរៀនមេរៀនគណិតវិទ្យាឲ្យបានពូកែ នោះសិស្សត្រូវតែអនុវត្តនិយាយ សរសេរ ឬធ្វើលំហាត់ទាំងនោះឡើងវិញ។  

អនុវត្តនូវអ្វីដែលអ្នកបានរៀន

៧. រៀនក្នុងរបៀបណាមួយដែលមានប្រសិទ្ធភាពសម្រាប់អ្នក

មានវិធីសាស្ត្រនៅក្នុងការរៀនច្រើនណាស់ ប៉ុន្តែអ្នកត្រូវតែជ្រើសរើសវិធីណាមួយដែលមានប្រសិទ្ធភាពសម្រាប់អ្នកផ្ទាល់មិនមែនវិធី ដែលមានប្រសិទ្ធភាពសម្រាប់អ្នកដទៃនោះទេ។  អ្នកខ្លះចូលចិត្តរៀនដោយប្រើ រូបភាព ឬក៏ក្រាហ្វិក អ្នកខ្លះចូលចិត្តប្រើវិដេអូ អ្នកខ្លះវិញចូលចិត្តទន្ទិញមេរៀន ឬក៏វិធីជាដទៃទៀតផងដែរ។ ដូច្នេះអ្នកគួរតែជ្រើសរើសវិធីសាស្ត្រណាមួយ ដែលអាចឲ្យអ្នកមានភាពរលូនក្នុងពេលរៀន។ 

៨. ពន្យល់មេរៀនទៅអ្នកដទៃ

នៅពេលដែលអ្នកបង្រៀន ឬពន្យល់នរណាម្នាក់នូវអ្វីដែលអ្នកទើបតែបានរៀន  នោះអ្នកនឹងឃើញថាអ្នកបានទទួលរៀនមេរៀនទាំងនោះជាលើកទី២ផងដែរ។ លើសពីនេះទៅទៀត នៅពេលពន្យល់គេ អ្នកក៏អាចរកឃើញចន្លោះប្រហោងនៃការចងចាំមេរៀនរបស់អ្នកទៀតផង៕

ពន្យល់មេរៀនទៅអ្នកដទៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]