** ប្រលោមលោកខ្មែរឡូត **

ខ្ញុំធ្លាប់សួរខ្លួនឯងថាហេតុអ្វីបានជាម៉ាក់ប៉ារបស់ខ្ញុំបែកគ្នា? ខ្ញុំធ្លាប់សួរម៉ាក់ថាហេតុអ្វីបានជាម៉ាក់ប៉ាលែងលះគ្នា? ខ្ញុំធ្លាប់ខឹងនិងស្អប់ម៉ាក់ថា ហេតុអ្វី បានជាគាត់មិនអាចស៊ូទ្រាំរស់នៅជាមួយប៉ា និងអង្វរកប៉ាកុំឱ្យចាកចេញដើម្បីខ្ញុំដែលជាកូន? គាត់មានដឹងទេថាតាំងពីខ្ញុំដឹងក្តីមកខ្ញុំត្រូវបានគេមើលងាយប៉ុនណា? ត្រូវគេស្អប់ប៉ុនណា? ត្រូវបានគេធ្វើបាបប៉ុនណា? អាកូនអត់ឪជាពាក្យដែលធ្វើឱ្យខ្ញុំឈឺចាប់រាល់ពេលដែលត្រូវមិត្តនៅសាលានិងក្មេងៗនៅជុំវិញផ្ទះ ហៅគ្រប់ពេលនោះ។ គាត់ជាម្តាយជាឪពុកមានយល់អារម្មណ៍អ្នកដែលជាកូនឬអត់? ព្រោះតែរឿងរបស់ខ្លួនឯងផ្ទាល់ខ្លួនធ្វើឱ្យខ្ញុំរងទុក្ខបែបនេះ? បើគង់តែលែងលះគ្នាដដែលមិនគួរបង្កើតខ្ញុំដែលជាកូននោះទេ។

ខ្ញុំមិនដឹងថាពួកគាត់លែងលះគ្នាតាំងតែពេលណា តែថ្ងៃដែលគាត់ឈ្លោះប្រកែកគ្នា ជាពេល ដែលខ្ញុំរាងធំដឹងក្តីបន្តិចទៅហើយ វាបានក្លាយទៅជាការចងចាំដែលអាក្រក់បំផុតសម្រាប់ ក្មេងវ័យប៉ិនខ្ញុំនៅពេលនោះ។ របស់របរបែកខ្ចាត់ខ្ចាយ សំឡេងឈ្លោះប្រកែកជេរបញ្ចោរគ្នា សំឡេងទឹកភ្នែករបស់ម៉ាក់វាបានក្លាយទៅជាភាពភ័យខ្លាច និងតក់ស្លុតបំផុតរបស់ខ្ញុំ។ ប៉ាអូសវ៉ាលីសសម្លៀកបំពាក់ចេញពីក្នុងផ្ទះ ខ្ញុំរត់សំដៅទៅឱបប៉ាឃាត់គាត់កុំឱ្យចាកចេញ។ ខ្ញុំស្រលាញ់ប៉ា ខ្ញុំត្រូវការប៉ា គ្រួសារដែលពេញលក្ខណៈគឺមានម្តាយឪពុកកូន។ បើប៉ាចាក ចេញតើអាចហៅថាគ្រួសារបានទេ បើប៉ាទៅបាត់បានអ្នកណាមើលការខុសត្រូវគ្រួសាររបស់ យើង? បើប៉ាចាកចេញតើឱ្យខ្ញុំរស់នៅជាមួយម៉ាក់ដែលជាមនុស្សស្រីទន់ខ្សោយយ៉ាងម៉េច? 

រូបតំណាង

« កុំទៅអីប៉ា កុំទៅៗៗៗ»

ប៉ាធ្វើមុខធុញទ្រាន់បន្តិច រួចឱនមកនិយាយជាមួយខ្ញុំ

« លែងប៉ាទៅ ប៉ាត្រូវចេញទៅឥឡូវនេះ

« ប៉ា ប៉ាកុំទៅ ប៉ាយកខ្ញុំទៅផង ខ្ញុំមិនចង់រស់នៅជាមួយម៉ាក់ទេ » ប៉ាដកដង្ហើមទាំងធុញរួច និយាយពាក្យមួយឃ្លាដែលធ្វើឱ្យក្មេងដែលអស់សង្ឃឹមរបស់ខ្ញុំសប្បាយចិត្ត

« លែងប៉ាសិនទៅ ត្រូវធ្វើជាក្មេងល្អ បើឯងស្តាប់បង្គាប់...ប៉ានឹងមកវិញ ហើយយកឯងទៅនៅ ជាមួយណា»

«ប៉ានិយាយពិតមែន? សន្យាណាប៉ា »

« បានប៉ាសន្យា »

ខ្ញុំសម្លឹងមើលខ្នងប៉ាដែលចាកចេញទៅ។ ខ្ញុំធ្វើមុខខឹងដើរគេចចេញពីម៉ាក់ដែលកំពុងតែសម្លឹង មកខ្ញុំ។ ខ្ញុំស្អប់ម៉ាក់ ខ្ញុំមិនចង់នៅជាមួយម៉ាក់ទេ នៅជាមួយម៉ាក់ខ្ញុំប្រាកដជាគ្មានអនាគត។

ច្រើនថ្ងៃកន្លងផុតទៅក្លាយទៅជាខែ ប៉ាមិនដែលត្រលប់មកម្តងទៀត សូម្បីតែស្រមោល។ ខ្ញុំឃើញទឹកមុខឈឺចាប់របស់ម៉ាក់ដែលកំពុងសម្លឹងមកខ្ញុំហើយនិយាយ

« ឈប់ចាំទៅ ប៉ាឯងលែងត្រលប់មកវិញហើយ »

« ខ្ញុំមិនជឿ ម៉ាក់កុហក ប៉ាប្រាកដជាមកវិញ » ខ្ញុំស្រែកដាក់ម៉ាក់ហើយរត់ទៅបន្ទប់គេងហើយ យំរាប់ម៉ោងដោយមិនញ៉ាំបាយញ៉ាំទឹក។ 

រូបតំណាង

ហេតុអ្វីបានជាប៉ាមិនមកយកខ្ញុំ? ឬក៏មកពីខ្ញុំមិនមែន ជាក្មេងល្អគ្រប់គ្រាន់? បានខ្ញុំនឹងធ្វើជាក្មេងល្អឱ្យប៉ាមើល ពេលនោះប៉ាពិតជាមកយកខ្ញុំទៅនៅ ជាមួយយ៉ាងពិតប្រាកដ។ ចាប់ពីពេលនោះមកខ្ញុំខំរៀនណាស់ ធ្វើជាក្មេងល្អ សិស្សល្អ រហូត ដល់ក្លាយជាសិស្សឆ្នើមប្រចាំសាលាតែប៉ានៅមិនទាន់មកវិញ។ ខ្ញុំគ្រាន់តែដឹងថាអ្វីៗខ្ញុំធ្វើ ដើម្បីចង់ឱ្យប៉ាត្រលប់មកវិញ រឿងម៉ាក់ខ្ញុំមិនខ្វល់ទេ ថាគាត់ធ្វើអី ឬធ្វើការអ្វីខ្លះដែលអាចមាន លទ្ធភាពឱ្យខ្ញុំរៀនបាននោះព្រោះតែពួកយើងមិនដែលនិយាយគ្នា ហើយក៏គ្មានពេលនិយាយគ្នាដែរ។ ម៉ាក់តែងតែចេញពីផ្ទះពេលព្រឹក ហើយចូលផ្ទះវិញពេលយប់ តែខ្ញុំមិនខ្វល់ទេ សំខាន់គាត់មានលុយឱ្យខ្ញុំរៀន។  

រូបតំណាង

ច្រើនឆ្នាំកន្លងផុតទៅ ខ្ញុំក៏ធំពេញរូបពេញរាង មានលទ្ធភាពរៀនសាលាល្អ ហើយថែមទាំងមានការងារក្រៅម៉ោងនៅក្រុមហ៊ុនធំទៀត។ ម៉ាក់កាន់តែចាស់ ហើយទំនាក់ទំនងពួកយើងក៏នៅតែបែបនេះ។ ថ្ងៃមួយមានរឿងធ្វើឱ្យខ្ញុំខឹង និងហួសចិត្តយ៉ាងខ្លាំង ចំពោះ មនុស្សស្រីដែលមានឈ្មោះថាម៉ាក់។

ថ្ងៃនេះក្រុមហ៊ុនមានពិធីជប់លៀង ដូច្នេះពួកយើងក៏ចេញពីធ្វើការលឿនហើយជួបជុំគ្នាទៅ ញ៉ាំអីនៅភោជនីយដ្ឋានក្នុងសណ្ឋាគារដ៏ទំនើបមួយ។ពេលដែលខ្ញុំចេញពីបន្ទប់ទឹកស្រាប់តែឃើញស្រមោលខ្នងមនុស្សស្រីវ័យចំណាស់ម្នាក់ដើរ ចូលបន្ទប់សណ្ឋាគារនៅជិតនោះ។ ដៃខ្ញុំស្រាប់តែញ័រទទ្រើកពោរពេញដោយកំហឹង។ អ៊ីចឹងតើ បានជាព្រឹកចេញយប់ចូល គាត់បែរជាមកធ្វើការថោកទាបបែបនេះសោះ។ ខ្ញុំក្តាប់ដៃហើយ សម្រុកទ្វារចូលទៅទាំងកំហឹង។ អ្វីដែលខ្ញុំឃើញស្រាប់តែធ្វើឱ្យខ្ញុំស្រលាំងកាំងមែនទែន។

មនុស្សស្រីម្នាក់នេះកំពុងតែឱនងើបៗប្រមូលកម្រាលពូក និងខោអាវដាក់កន្ត្រក ហើយធ្វើភ្នែក ភ្ញាក់ផ្អើលពេលដែលឃើញវត្តមានរបស់ខ្ញុំ

« កូន......!»

និយាយមិនទាន់ចប់ក៏លេចចេញស្ត្រីស្លៀកពាក់ស្អាតបាតម្នាក់ចេញពីក្រោយដៃយូរថង់ រណេងរណោង

« ហ្ហាក!! អ្នកណាគេហ្នឹង? »

ម៉ាក់ក៏ស្ទុះមកអូសដៃរបស់ខ្ញុំចេញរួចនិយាយបន្លប់

«ភ្ញៀវច្រលំបន្ទប់ទេអ្នកស្រី»

គាត់អូសដៃខ្ញុំចេញពីបន្ទប់រួចនិយាយ

«ហេតុអីមកដល់ទីនេះបាន?»

« ខ្ញុំត្រូវសួរម៉ាក់វិញបានត្រូវហេតុអីក៏មកនៅទីនេះ? ដឹងថាទីនេះជាស្អីទហ្ហាស? » ខ្ញុំស្រែក ច្រលោតដាក់ម៉ាក់ទាំងខឹង

« ម៉ាក់....ម៉ាក់មកធ្វើការ...»

«ថាម៉េចមកធ្វើការ? គ្មានចំណេះរកការងារល្អជាងនេះទេ? បើមិត្តខ្ញុំដឹងខ្មាសគេស្លាប់ហើយ »

« តែវា..ក៏បានចិញ្ចឹមកូនមកដល់ពេលនេះដែរ..» ម៉ាក់និយាយទាំងទឹកភ្នែករលីងរលោង។ ស្រាប់តែលេចចេញស្ត្រីម្ចាស់បន្ទាប់មករួចហុចថង់មួយទៅម៉ាក់

« អូ នែភ្លេចថង់ម្ហូបហើយ »

« អ៎...អរគុណច្រើន»

« មិនអីទេ.....ម្ហូបខ្ញុំសល់ច្រើនណាស់ ចាក់ចោលក៏ស្តាយដែរ អូ អ្នកកំលោះមិនទាន់រកបន្ទប់ឃើញទេ? »

« មិនអីទេ អ្នកស្រីខ្ញុំជូនគេទៅហើយ» ស្ត្រីចំណាស់នោះក៏ចូលទៅបន្ទប់វិញបាត់។

« ក្រៅពីធ្វើឈ្នួលបម្រើគេហើយ ម៉ាក់នៅធ្វើជាអ្នកសុំទានទៀត? »

ផាច់...សំឡេងទះមួយកំភ្លៀងលាន់ឮយ៉ាងខ្លាំងពេលដែលខ្ញុំនិយាយសឹងមិនទាន់ចប់ មុខរបស់ខ្ញុំប្រែក្លាយទៅជាក្រហម ក្តៅភាយៗ

« ម៉ាក់....!!! ម៉ាក់វ៉ៃខ្ញុំ????»

« អឺ យើងវ៉ៃឱ្យឯងភ្ញាក់ដឹងខ្លួន...បើកុំតែការងារនេះឯងមានលុយឯណាទៅរៀន និងស្លៀកពាក់ បើកុំតែអាហារដែលគេញ៉ាំសល់រាល់ថ្ងៃឯងបានម្ហួបឯណាចិញ្ចឹមក្រពះ? ឯងនៅមិនភ្ញាក់ខ្លួនទៀតហ្ហេស? »

« ខ្ញុំមិនដែលឱ្យម៉ាក់ធ្វើបែបនេះ បាន...ពេលប៉ាមកវិញខ្ញុំខ្ញុំនឹងសងម៉ាក់គ្រប់យ៉ាង »

« ឯងដេកស្រមៃទៅថាប៉ាឯងមកវិញនោះ ប៉ាឯងទៅហើយ ទៅបាត់យូរហើយ ហើយក៏មាន គ្រួសារថ្មី កូនៗថ្មីដែរ ឈប់សង្ឃឹមទៀតទៅ....គេមិនដែលស្រលាញ់ឯងទេ »

« បិទមាត់ទៅ....ខ្ញុំមិនចង់ស្តាប់ »

ខ្ញុំក៏រត់ចេញពីទីនោះទាំងឈឺចាប់។

រូបតំណាង

ខ្ញុំបានដឹងខ្លួនខ្លះដែរថាប៉ាទៅបាត់យូរហើយ ហើយប៉ាមិនដែលត្រលប់មកវិញនោះទេ ប៉ុន្តែខ្ញុំនឹកប៉ានិងនៅតែត្រូវការប៉ា។ ពេលនោះខ្ញុំស្រាប់តែឃើញឡានទំនើបមួយបើកកាត់មុខរបស់ខ្ញុំ។

«ប៉ា....» ខ្ញុំនិយាយទាំងចិត្តរំភើប។ ទោះបែកគ្នាជិត ២០ ឆ្នាំខ្ញុំនៅតែចងចាំរូបរាងនិងមុខមាត់ របស់ប៉ាបានច្បាស់។ ខ្ញុំរត់ទៅគោះកញ្ចក់ឡានទាំងត្រកអរពេលដែលឡានរបស់ប៉ាចូល ចំណត។គាត់ស្រឡាំងកាំងនិងភាំងបន្តិច

« ឯង.....????»

« ខ្ញុំ....ខ្ញុំជាកូនរបស់ប៉ាណា ប៉ាចាំកូនបានទេ ប៉ានេះគឺខ្ញុំណា » ប៉ាធ្វើមុខឆ្ងល់បន្តិច ស្រាប់តែ កែវភ្នែករំលេចភាពសៅហ្មងមួយរំពេចរួចនិយាយ

« ហេតុអីឯងមករកយើង? »

« ខ្ញុំចាំពាក្យថាប៉ានឹងត្រលប់មករកខ្ញុំនោះអី »

« ឯងឆ្កួតទេហ្ហេស? ពាក្យកុហករាប់ឆ្នាំហើយឯងនៅចាំទៀត? មើលរូបរាងឯងចុះពិតជាល្ងង់ពិតមែន»

« ប៉ា...ប៉ា...ប៉ានិយាយពីអី? »

« យើងមិនដែលចង់មកយកឯងទេ រំងាប់អារម្មណ៍ទៅ ហើយឆាប់ចេញទៅប្រយ័ត្នកូន ប្រពន្ធរបស់យើងមកទាន់ ទៅៗៗៗ»

« ប៉ាកុហកខ្ញុំ? អត់ទេ ប៉ា..មិនមែនជារឿងពិតនោះទេមែនទេ»

« ឯងគិតថាយើងនឹងត្រលប់ទៅរកស្រីអ្នកក្រដូចជាម្តាយឯង និងឯងដែលជាមនុស្សល្ងង់ៗ បែបហ្នឹងដែរ? អស់សំណើចអស់...»

ប៉ាសើចរួចដកកាបូបទាញលុយដុល្លាប៉ុន្មានសន្លឹកហុចឱ្យខ្ញុំ

« ត្រូវការលុយមែនទេ? ណេះ! ហើយឆាប់ចេញពីឡានរបស់យើងភ្លាម »

ប៉ាក៏បើកឡានចេញទៅ ធ្វើឱ្យខ្ញុំរត់តាមទាំងដង្ហក់

« ប៉ា..ប៉ា.. ប៉ាមកវិញមក...» ខ្ញុំឈប់ហើយដកដង្ហើមដង្ហក់តាមមើលឡានប៉ាដែលឈប់ចាំមនុស្សស្រីវ័យកណ្តាលដ៏ស្រស់ស្អាត និងក្មេងៗប្រុសស្រីជំទង់២នាក់ចេញពីភោជនីយដ្ឋានទំនើបមួយ។ ការពិតវាបែបនេះសោះ ប៉ាកុហកខ្ញុំ ប៉ាបោកប្រាស់ខ្ញុំ។ តែខ្ញុំបែរជាចងចាំពាក្យសន្យាមួយនោះ ម្នាក់ឯងទៅវិញ។ ទឹកភ្នែកខ្ញុំស្រក់រហូតនិយាយមិនចេញ។

រូបតំណាង

ខ្ញុំដើរបណ្តើរគិតបណ្តើរទាំងក្រៀមក្រំ ស្រាប់តែហ្វូងមនុស្សអ៊ូអររោមស្រ្តីចំណាស់ដែលដេកដួលលើដីសុទ្ធតែឈាមនៅខាងមុខធ្វើឱ្យខ្ញុំបើកភ្នែកធំៗ

« ម៉ាក់..ម៉ាក់ខ្ញុំ..កើតអី? »

« ម៉ាក់ឯងហេ? គាត់ត្រូវឡានបុកពេលដែលឆ្លងថ្នល់មិញ បែបមិនសង្ឃឹមទេ»

«ម៉ាក់..ម៉ាក់...អត់ទេ» ម៉ាក់ញញឹមប្រើកម្លាំងចុងក្រោយហុចកូនសោរមួយឱ្យខ្ញុំរួចក៏ដាច់ខ្យល់ស្លាប់ទៅ។

ក្រោយពីពិធីបុណ្យសពរបស់ម៉ាក់ចប់សព្វគ្រប់ខ្ញុំក៏បានចូលទៅបន្ទប់ម៉ាក់ទាំងក្រោមក្រំ។ សោរមួយនេះហេតុអ្វីបានជាម៉ាក់ឱ្យខ្ញុំ? តើវាជាអ្វី? ខ្ញុំក៏រកឃើញកូនទូរតូចមួយនៅក្រោមគ្រែគេងរបស់ម៉ាក់។ ក្នុងទួរសុទ្ធតែលុយ និងក្រដាសស្នាមផ្សេងៗជាច្រើនដែលធ្វើឱ្យខ្ញុំបើកភ្នែក ធំៗភ្ញាក់ផ្អើល។ វាជាលុយសន្សំយ៉ាងច្រើន និងបណ្ណធានារ៉ាប់រងដែលដាក់ឈ្មោះរបស់ខ្ញុំ និងឈ្មោះរបស់ម៉ាក់។ ទឹកភ្នែកខ្ញុំស្រាប់តែស្រក់មកតក់ៗទាំងខ្លាចផ្សា

« សុំទោសម៉ាក់ដែលកូនមិនដែលបានធ្វើអ្វីសម្រាប់ម៉ាក់...បេះដូងដែលទាមទារប៉ាធ្វើឱ្យកូន ភ្លេចការឈឺចាប់ និងការលះបង់របស់ម៉ាក់កន្លងមក កូនសុំទោស »

ខ្ញុំក្រាបក្បាលលើពូកស្រែកយំខ្លាំងៗ។ ស្តាយក្រោយមិនអាចកែខែអ្វីៗដែលកន្លងហួសឱ្យល្អឡើងវិញទេ ទឹកភ្នែកក៏មិនអាចហៅរូបរាងកាយរបស់ម៉ាក់របស់ខ្ញុំមកវិញដែរ។ ខ្ញុំជាកូនមិនល្អ ជាកូនអកត្តញ្ញូ។ ការឈឺចាប់នៅតែបន្តហើយក្លាយជាវិប្បដិសារី ហើយខ្ញុំក៏មិនអាចអភ័យទោសឱ្យខ្លួនឯងអស់មួយជីវិត៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]