** ប្រលោមលោកខ្មែរឡូត **

ខ្ញុំនិងប្អូនខ្ញុំកាលពីតូចៗខ្លាច និងស្អប់សត្វដង្កូវណាស់ ព្រោះវាជាសត្វទន់ៗ ខ្លួនអាក្រក់គួរឱ្យខ្ពើមរអើម។ ប៉ុន្តែថ្ងៃមួយមានរឿងដែលបានផ្លាស់ប្តូរគំនិតរបស់ខ្ញុំនិងប្អូនរបស់ខ្ញុំ។

ចាំថាពេលនោះភ្លៀងរលឹមតិចៗ ខ្ញុំនិងប្អូនរបស់ខ្ញុំនាំគ្នាលេងនៅក្នុងបន្ទប់រហូតដល់ភ្លៀងរាំងក៏នាំគ្នាចេញមកលេងទឹកដែលដក់មុខផ្ទះរបៀបក្មេងៗ។ ស្រាប់តែពួកយើងបានឃើញសត្វដង្កូវមួយក្បាលដែលមានរូបរាងគួរឱ្យស្អប់ខ្ពើមកំពុងតែវារគើមៗនៅមុខផ្ទះរបស់យើង។ ខ្ញុំនិងប្អូនរបស់ខ្ញុំបានស្រែកយំឱបគ្នាទាំងភ័យខ្លាច។ ម៉ាក់បានរត់មករកពួកយើងហើយសួរ

« មានរឿងអីហ្នឹងហ្ហាស? »

« ដង្កូវ ដង្កូវម៉ាក់គួរឱ្យខ្លាច គួរឱ្យខ្ពើម ម៉ាក់យកវាចេញៗៗ »

« កូននេះវ៉ី ! គ្រាន់តែសត្វដង្កូវមួយក្បាលសោះ »

ម៉ាក់បានយកឈើមកឆ្កឹះដង្កូវនោះទៅដាក់លើមែកឈើនៅជិតនោះ ខ្ញុំនិងប្អូនខ្ញុំនាំគ្នាឆ្ងល់យ៉ាងខ្លាំង

« ម៉ាក់ហេតុអ្វីមិនសម្លាប់វាចោលទៅ? វាគួរឱ្យខ្ពើម និងគួរឱ្យខ្លាចណាស់ »

« វាជាសត្វ វាក៏មានជីវិតចង់រស់ដូចយើងដែរណាកូន ម្យ៉ាងបើវាងាប់មានមេអំបៅណាស្រស់ស្អាតឱ្យកូនលេងទៀតទៅ? »

«មេអំបៅ? មានអីទាក់ទងនឹងមេអំបៅដ៏ស្រស់ស្អាតនោះ? »

« មេអំបៅគឺកើតចេញពីដង្កូវដែលកូនស្អប់នោះហើយ »

« ពិតមែន? »

« ចា៎ ត្រូវហើយ...ដូច្នេះហើយ កូនមិនត្រូវស្អប់ឬខ្ពើមវាទៀតទេ ក្នុងខ្លួនដង្កូវមួយក្បាល វាមានភាពស្រស់ស្អាតរបស់មេអំបៅនៅខាងក្នុង របស់ផ្សេងៗក៏អ៊ីចឹងកូនមិនអាចយកភ្នែករបស់កូនមកមើលត្រឹមតែសម្បកក្រៅបានឡើយ »

ពួកខ្ញុំក៏ងក់ក្បាលតិចៗ ទោះយល់ខ្លះមិនយល់ខ្លះក៏ដោយព្រោះតែនៅជាក្មេងមិនទាន់ចេះគិតវែងឆ្ងាយ តែខ្ញុំក៏តែងតែចងចាំរឿងដែលម៉ាក់បានប្រាប់នោះក្នុងចិត្តរហូតដល់ធំពេញវ័យ។ ចាប់ពីថ្ងៃនោះមកទោះមានចិត្តនៅខ្លាចសត្វដង្កូវក៏ដោយ តែចិត្តដែលធ្លាប់ស្អប់សត្វដង្កូវក៏លែងមានតទៅទៀតព្រោះខ្ញុំដឹងថាថ្ងៃក្រោយវានឹងក្លាយជាសត្វមេអំបៅដ៏ស្រស់ស្អាតឱ្យខ្ញុំដេញចាប់លេង។  

រូបតំណាង

ក្រោយមកខ្ញុំក៏ដឹងថាពាក្យដែលម៉ាក់និយាយពិតជាត្រឹមត្រូវណាស់។ ធ្វើមនុស្សមិនគួរមើលអ្នកដទៃ ឬវិនិច្ឆ័យអ្នកណាម្នាក់ត្រឹមតែសម្បកក្រៅទេ។ អ្នកខ្លះស្អាត ថ្លៃថ្នូរ តែសម្បកក្រៅ តែចិត្តវិញខ្មៅកខ្វក់ ពិសពុល និងអាក្រក់យ៉ាងខ្លាំង តែអ្នកខ្លះវិញមិនមានទ្រព្យសម្បត្តិ មិនស្អាតតែចិត្តខាងក្នុងរបស់គេរមែងមានស្រមោលដ៏ស្រស់ស្អាតរបស់មេអំបៅនៅខាងក្នុងជានិច្ច។ 

រូបតំណាង

នីតាមិត្តរបស់ខ្ញុំជាក្មេងស្រីដែលមានបេះដូងជាសត្វមេអំបៅ។ អ្នកដទៃស្អប់ខ្ពើមនាងព្រោះតែនាងគ្រាន់តែជាស្រីស្រុកស្រែចំការកូនអ្នកក្រ ដែលបន្តការសិក្សានៅទីក្រុង ហើយការស្លៀកពាក់របស់នាងប្រៀបបីដូចជាដង្កូវមួយក្បាលដែលគ្រប់គ្នាស្អប់។ តែសម្រាប់នាង នាងជាមិត្តល្អម្នាក់សម្រាប់ខ្ញុំ។ ទោះនាងក្រ តែនាងមានចិត្តល្អ ចូលចិត្តជួយយកអាសារអ្នកដទៃ នាងតែងតែចែករំលែកអ្វីដែលនាងមានដល់មនុស្សជុំវិញខ្លួន ជាពិសេសស្នាមញញឹមនិងទង្វើស្មោះត្រង់របស់នាង។ នាងមានបេះដូងបរិសុទ្ធជាងអ្នកទីក្រុងអត្មានិយមមួយចំនួនផង ហើយខ្ញុំក៏ដឹងថាចរិតលក្ខណៈល្អរបស់នាង ភាពពូកែដែលលេចធ្លោពីក្នុងខ្លួនរបស់នាង ថ្ងៃក្រោយនាងនឹងក្លាយជាមេអំបៅពិតប្រាកដដ៏ស្រស់ស្អាតមួយរូប។ ស្រលាញ់ឯងណាស់ មេអំបៅមិត្តរបស់ខ្ញុំ។​​អរគុណម់ាក់ដែលផ្តល់មេរៀន និងនិទានល្អៗដល់កូនៗ ​ពេលនេះកូនបានយល់ពីតម្លៃ និងភាពស្រស់ស្អាតរបស់មនុស្សពិតប្រាកដហើយ។ រាប់អានមនុស្សគឺយកចិត្តមកមើល មិនមែនយកភ្នែកមកមើលដោយគ្មានការពិចារណានោះទេ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]