** ប្រលោមលោកខ្មែរឡូត **

« អូនស្អប់បងឯងណាស់ ទៅ ចេញឱ្យឆ្ងាយពីអូនទៅ »

« អឺ បាន!បងនឹងទៅ បងក៏មិនចេះរស់នៅជាមួយមនុស្សពូកែរករឿងដូចអូនឯងដែរ »

« បងឯងទៅកុំមកវិញឱ្យសោះ »

ខ្ញុំកញ្ឆក់សោរម៉ូតូហើយបើកម៉ូតូចេញយ៉ាងលឿន ដោយមិនខ្វល់ពីសំឡេងយំនិងឡូឡារបស់នាងនោះទេ។  យើងស្រលាញ់គ្នា ៣ ឆ្នាំហើយ វាក៏ល្មមថាគួរតែចេះយល់ពីគ្នា តែនេះអត់ទេ នាងជាមនុស្សស្រីឆេវឆាវ ពូកែខឹង ពូកែប្រចណ្ឌ ជាពិសេសគឺពូកែរអ៊ូ និងបបួលឈ្លោះគ្នា គ្រាន់តែខ្ញុំចេញទៅជួបមិត្តភក្តិនិងផឹកស៊ីតិចតួចរបៀបមនុស្សប្រុសសោះ ថាខ្ញុំលួចលាក់មានស្រីទៅវិញ។ បើដឹងថាមានសង្សារពិបាកបែបនេះ សុំកុំមានល្អជាង។ ថ្ងៃនេះក៏មិនខុសពីរាល់ដង គ្រាន់តែឃើញមានមិត្តភក្តិស្រីដែលជប់លៀងថ្ងៃមុនបង្ហោះរូបមានខ្ញុំនៅក្នុងនោះសោះ នាងឡូឡាបែកផ្សែង រករឿងដល់កន្លែងធ្វើការរបស់ខ្ញុំ។ ខ្ញុំខ្មាសគេមិនដឹងជាយកមុខទៅទុកឯណាទេ កាលពីមុន ដែលយើងស្រលាញ់គ្នាថ្មីៗនាងមិនមែនជាមនុស្សស្រីបែបនេះទេ។ មនុស្សស្រីដែលខ្ញុំស្រលាញ់កាលពីមុនជាមនុស្សស្រីស្អាតគួរឱ្យស្រលាញ់ សុភាពរាបសារ ទន់ភ្លន់ តែមើលពេលនេះចុះដូចបងប្អូនខ្លា។ ទោះជានិយាយគ្នាប៉ុន្មានដងក៏នាងមិនដែលកែទម្លាប់បែបនេះសោះ អាងអីនិយាយតែពាក្យស្រលាញ់នោះឯង។ 

រូបតំណាង

ជិះម៉ូតូបណ្តើរគិតបណ្តើរ បញ្ហានេះពិតជាចាក់ស្រេះពិតមែន ហេតុអ្វីមនុស្សស្រីពេលដែលមានស្នេហាទៅជាកើតរោគបែបនេះ? មិនមែនថាខ្ញុំមិនស្រលាញ់នាងតែនាងធ្វើបែបនេះជ្រុលហួសហេតុពេក ក៏ខ្ញុំពិបាកទ្រាំដែរ។ ស្រាប់តែមួយរំពេចនោះមានឡានមួយគ្រឿងបើកសំដៅចំពីមុខរបស់ខ្ញុំ។ ភ្លើងហ្វាឡានធ្វើឱ្យខ្ញុំចាំងភ្នែកមើលមិនឃើញអ្វីនៅហ្នឹងមុខ ហើយក៏រកកន្លែងគេចខ្លួនមិនបាន។ សំឡេងប៉ះទង្គិចផាំងធ្វើឱ្យខ្លួនខ្ញុំស្ទើរតែអណ្តែតឡើង។ ខ្ញុំនឹងត្រូវស្លាប់ឬ? 

រូបតំណាង

ខ្ញុំខំក្រោកទាំងត្រដាបត្រដួសងើបចេញពីម៉ូតូដែលកំពុងតែដេកដួលនៅគុម្ពស្មៅ។ សំណាងដែលខ្ញុំអាចរួចជីវិតមកបាន។ ឈាមហូរចេញពីក្បាលរបស់ខ្ញុំ និងដៃជើងដែលរលាត់។ ចិត្តរបស់ខ្ញុំស្រាប់តែនឹកដល់មនុស្សស្រីម្នាក់ដែលកំពុងតែយំស្រែកនៅឯផ្ទះ។ គិតសព្វទៅៗទោះជានាងពូកែរករឿង នាងសម្តីអាក្រក់ប៉ុន្តែខ្ញុំដឹងថានាងជាមនុស្សស្រីដែលស្រលាញ់ខ្ញុំជាងគេ ​ខ្វល់ពីខ្ញុំជាងគេ ​បារម្ភពីខ្ញុំជាងគេ។​​ទោះជាខឹងគ្នាយ៉ាងណានាងមិនដែលទុកឱ្យខ្ញុំអត់បាយស្លាប់​ដែរ ទោះជាខឹងគ្នាខ្លាំងយ៉ាងណាពួកយើងនៅតែត្រូវគ្នាវិញ ព្រោះតែបេះដូងរបស់យើងទាំងពីរបានដឹងថា ពួកយើងស្រលាញ់គ្នាណាស់ ហើយក៏មិនអាចរស់នៅដោយគ្មានគ្នាបានដែរ។ ពេលដែលគិតដល់មនុស្សស្រីដែលពូកែរករឿងម្នាក់នោះការឈឺចាប់តាមរាងកាយក៏អន់ថយ។ យ៉ាងច្រើនទៅផ្ទះវិញសុំទោសនាង ថើបនិងឱបលួងលោមបន្តិចទៅក៏លែងអី។ ពេលដែលកំហឹងបានរសាយ ខ្ញុំក៏បានដឹងថានាងពិតជាសំខាន់ចំពោះខ្ញុំយ៉ាងណាខ្លះ។ ខ្ញុំក៏ដើរឱបដៃ និងជើងទាំងញញឹមត្រលប់ទៅផ្ទះវិញ។ ខ្ញុំដឹងថាពេលដែលនាងឃើញសភាពខ្ញុំពេលនេះនាងប្រាកដជាស្រែកឡូឡា ប៉ុន្តែនាងក៏ប្រាកដជាបារម្ភខ្លាំង ហើយស្ទុះស្ទារលាងរបូស ឬនាំខ្ញុំទៅមន្ទីរពេទ្យជាមិនខាន។ បេះដូងខ្ញុំស្រាប់តែមានភាពផ្អែមល្ហែមនិងកក់ក្តៅឡើង។ គេថាបើចង់ស្រលាញ់មនុស្សស្រីល្អៗ ត្រូវរកមនុស្សស្រីដែលស្តីឱ្យយើង ស្រលាញ់យើង និងបារម្ភយើងដូចជាម៉ាក់។ ខ្ញុំដឹងថាខ្ញុំរកបានយូរមកហើយ គឺនាង..មនុស្សស្រីដែលរស់នៅជាមួយខ្ញុំសព្វថ្ងៃ។ 

រូបតំណាង

ពន្លឺដែលបំភ្លឺនៅមុខផ្ទះធ្វើឱ្យខ្ញុំកក់ក្តៅជាខ្លាំង នាងប្រហែលជាកំពុងតែក្រៀមក្រំណាស់ហើយ។ តែពេលបើកទ្វារឡើងខ្ញុំស្រាប់តែឃើញនាងអង្គុយយំសស្រាក់ដៃកាន់ទូរស័ព្ទ។ ពេលដែលឃើញសភាពនាងបែបនេះ ទើបខ្ញុំដឹងថាខ្ញុំពិតជាមានកំហុសខ្លាំង ណាស់។ ខ្ញុំធ្វើបាបចិត្តនាងពេកហើយមើលទៅ មិនអីទេខ្ញុំជាអ្នកសុំទោសមុនក៏បាន។

រូបតំណាង

« បងមកវិញហើយអូនសម្លាញ់ »

« ហ៊ឹកៗៗៗ មនុស្សឆ្កួត​»

ខ្ញុំដើរទៅឱបនាងហើយលួងលោម

« បងសុំទោស បងមកវិញហើយ បងខុសៗៗណា ឈប់យំទៅ ​»

« អូនស្អប់បង ហេតុអីបងធ្វើបែបនេះដាក់អូន អូនមិនយល់ ហេតុអ្វីបងបែរជាធ្វើបែបនេះដាក់អូន ហេតុអ្វីបានជាបងទុកអូនចោល » នាងក្រោកឡើងស្រែកយំមួយទំហឹង។

« ចុះពេលនេះបងមកវិញហើយតើ »

« បងខឹងអូន បងស្អប់អូន បងចង់យ៉ាងម៉េចក៏អូនមិនថា ហេតុអ្វីបងក្លាយទៅជាបែបនេះ មនុស្សអាក្រក់ហេតុអ្វីបានជាបងទៅចោលអូន »

« បងមិនបានធ្វើអីទេ ​ចិត្តត្រជាក់ កុំយំៗ អូនមានរឿងអីហា.....មានរឿងអី?​»

នាងស្រាប់តែយំហើយក្រាបលើដីស្រែកយំខ្លាំងៗ។ នេះកំហុសខ្ញុំពិតជាធំដល់ថ្នាក់នេះផង? ខ្ញុំគួរធ្វើយ៉ាងណាទៅ? ខ្ញុំមិនចង់ឃើញនាងយំបែបនេះទេ។ 

រូបតំណាង

« បង...បងសុំទោសណា​អូនកុំយំអី បងដឹងថាជាកំហុសបង បងមិនល្អ  បងជាប្រុសមិនយល់ពីចិត្តអូន មិនបាននៅកំដរអូន តែងតែទុកអូនចោល តែបងសន្យាបងលែងធ្វើដូចមុនទៀតហើយ អូនក៏ដឹងថាបងស្រលាញ់តែអូនម្នាក់ បែបនេះផ្តល់ឱកាសដល់បងម្តងទៀតបានទេ? » កំពុងតែនិយាយស្រាប់តែទ្វាររបើកឡើង លេចរូបបងប្រុសនាងរត់មកទាំងដង្ហក់។ នាងស្រាប់តែក្រោកឡើងយំរត់ទៅឱបបងប្រុសនាងទាំងស្រែកយំខ្លាំងៗ

« បងប្រុសៗៗ​គេទៅចោលខ្ញុំហើយមែនទេ? ហ៊ឹកៗៗ​បងកុហកខ្ញុំមែនទេ?  »

« មានរឿងអីហ្នឹង? នាំគ្នានិយាយពីអី?» ខ្ញុំស្រែកសួរទៅពួកគេវិញ តែពួកគេបែរជាធ្វើជាមិនចាប់អារម្មណ៍ខ្ញុំរួចនិយាយបន្ត

« ១ម៉ោងទៀតប៉ូលីសបញ្ចូនសាកសពគេមកហើយ កាត់ចិត្តខ្លះទៅអូន»

« អត់ទេៗៗៗ ខ្ញុំមិនជឿៗៗ ខ្ញុំមិនជឿថាគេទៅចោលខ្ញុំឆាប់បែបនេះទេ អត់ទេៗៗ »

នាងស្រែកយំរហូតសន្លប់។ បងប្រុសរបស់នាងក៏បីនាងទៅដាក់លើពូក ដើរកាត់ខ្លួនខ្ញុំទាំងមិនមានរឿងអ្វីកើតឡើង។ មានរឿងអីហេតុអ្វីក៏ទៅជាបែបនេះ? ខ្លួនខ្ញុំដៃខ្ញុំហេតុអ្វីក៏ក្លាយទៅជាបែបនេះ។ គ្មានអ្នកណាឃើញខ្ញុំទេ? អត់ទេ? នេះមានរឿងអ្វីកើតឡើង មានអ្នកណាអាចឆ្លើយប្រាប់ខ្ញុំបានទេ? មួយរំពេចនោះខ្ញុំក៏ក្រឡេកឃើញទូរស័ព្ទដៃនាងទុកចោល។ វាធ្វើឱ្យខ្ញុំស្ទើរតែគាំងបេះដូង។ រូបភាពគ្រោះថ្នាក់ចរាចរណ៍ សាកសពបុរសដែលបែកក្បាលស្លាប់ដោយស្នាដៃឡានកង់ដប់បង្ហាញច្បាស់ៗលើ អេក្រង់ទូរស័ព្ទ។

«​ទេមិនអាចទេ....មិនមែនខ្ញុំទេ....ខ្ញុំមិនទាន់ស្លាប់ទេ...ម៉េចរឿងនេះកើតឡើងបានទៅ?»

រូបតំណាង

ខ្ញុំស្រែកយំខ្លាំងៗស្តាយស្រណោះរឿងដែលបានកើតឡើង។ បើខ្ញុំមិនធ្វើឱ្យនាងខឹង បើយើងមិនឈ្លោះគ្នា បើខ្ញុំមិនចេញពីផ្ទះរឿងបែបនេះប្រាកដជាមិនបានកើតឡើងទេ។ បងសុំទោសដែលបងមិនអាចនៅថែរក្សាអូនទៀតបាន។ ទីបំផុតខ្ញុំក៏ស្លាប់ទាំងមិនអស់ចិត្ត ស្លាប់ទាំងមិនបានលាមនុស្សស្រីជាទីស្រលាញ់ជាលើកចុងក្រោយ ខ្ញុំពិតជាស្តាយក្រោយខ្លាំងណាស់។ វិញ្ញាណរបស់ខ្ញុំក៏រលាយក្លាយជាផ្សែងរសាត់ទៅ។

..................

គ្រាំង............

«​អូយស្អីហ្នឹង? »

ពេលខ្ញុំបើកភ្នែកម្តងទៀតស្រាប់តែឃើញមនុស្សស្រីពូកែរករឿងធ្វើមុខខឹងមួរម៉ៅនៅហ្នឹងមុខ

« អូន....អូន??? បងនៅទីណា?​អូយចង្កេះខ្ញុំត្រូវហ្នឹងស្អីហ្នឹងឈឺម្ល៉េះ »

« បងឯងឆ្កួតស្អីហា គេងរើនោះរើ ហ៊ឹស យំផងស្រែកផង អូនមានតែចាត់ការធាក់បងឯងទម្លាក់ពីលើគ្រែទៅ»

« បងគេង?? មមើរ? អូនឯងធាក់បង? »

« ចា៎»

« មិនរស់ទេអូនឯង »

ខ្ញុំក៏រត់ដេញប្រលែងគ្នាទាំងសប្បាយរីករាយ។ ការពិតជាសុបិនសោះ ខំតែភ័យ។ ស្នេហារបស់ខ្ញុំគឺបែបនេះឯងខឹងគ្នា ឈ្លោះគ្នា ​តែក៏ស្រលាញ់គ្នាណាស់ដែរ។ ខ្ញុំមិនចង់ឱ្យមានរឿងអាក្រក់កើតឡើងដូចសុបិនរបស់ខ្ញុំទេ។ ខ្ញុំស្រលាញ់នាងនិងចង់នៅក្បែរនាងរហូត។

« អូនហា យើងឈប់ឈ្លោះគ្នា យើងឈប់ខឹងគ្នា ងរគ្នាទៀតទៅណា »

« អ្នកណាទៅចង់ឈ្លោះជាមួយបងឯង មកពីបងឯងហ្នឹងដែលធ្វើឱ្យអូនខឹង ហើយបងឯងកើតអីមកនិយាយអីប្លែកៗម៉េះថ្ងៃនេះ? »

« បងស្រលាញ់អូន បងមិនចង់ទៅណាចោលអូន ហើយក៏មិនចង់បាត់បង់អូនដែរ បងសន្យាមិនធ្វើឱ្យអូនខឹងទៀតទេណា ​»

« បងឯងនេះថ្ងៃនេះរោគចិត្តទេ? ក៏ល្អដែរ អូនសប្បាយចិត្តណាស់ដែលបានឮបងនិយាយបែបនេះ។ អូនក៏ស្រលាញ់បងដែរ»

ពួកយើងសើចសប្បាយដាក់គ្នាហើយឱបគ្នាទាំងមានសុភមង្គល។  សុបិនម្តងនេះខ្ញុំពិតជាភ្ញាក់ខ្លួនបានច្រើនមែន។ ជាពិសេសបានដឹងរឿងរ៉ាវនិងមេរៀនដ៏មានតម្លៃមួយ។ មនុស្សយើងមិនគួរចំណាយពេលវេលាខឹងគ្នា ឈ្លោះគ្នានោះទេ​ ទាន់មានពេលវេលាឱ្យគ្នាគួរចេះក្តោបក្តាប់ឱកាសទុក ព្រោះយើងពិតជាមិនអាចដឹងទេថា វាសនានៅថ្ងៃស្អែកមានរឿងអ្វីកើតឡើងនោះ​ទេ។   ទាន់មានពាក្យដែលចង់និយាយគួរតែនិយាយឱ្យហើយ ទាន់មានមនុស្សដែលស្រលាញ់ហើយគួរតែចេះចាប់យកមកទុក និងថែរក្សាឱ្យបានល្អ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]