កាលពីដើមឆ្នាំ នៅក្នុងពិភពបច្ចេកវិទ្យាមានការជ្រួលច្របល់យ៉ាងខ្លាំង ព្រោះតែមេរោគ WannaCry បានវាយប្រហារតាមរយៈប្រព័ន្ធអ៊ីនធឺណែត ទៅលើកុំព្យូទ័រមួយចំនួន ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Microsoft Windows ។ 

មេរោគ WannaCry នេះទាមទារឲ្យមានការបង់ប្រាក់ពីម្ចាស់ក្រុមហ៊ុន ឬកុំព្យូទ័រ បើសិនជាពួកគេចង់បានទិន្នន័យ ដែលមាននៅលើកុំព្យូទ័រ ឬក៏ចង់ប្រើប្រាស់កុំព្យូទ័រនោះបានវិញ។

កុំព្យូទ័រដែលត្រូវបានវាយលុកដោយមេរោគ WannaCry ហើយវាកំពុងតែប្រាប់ពីរបៀបក្នុងការផ្ទេរប្រាក់

មួយរយៈក្រោយមក ក៏មានយុវជនម្នាក់បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ ដោយគាត់បានរកឃើញកន្លែង ដែលអាចបញ្ឈប់ដំណើរការនៃមេរោគ WannaCry ។

កន្លែងនៅក្នុងអក្សរកូដសម្រាប់បញ្ឈប់ដំណើរការមេរោគ WannaCry ដែលលោក Marcus Hutchins បានរកឃើញ

ប៉ុន្តែមកដល់ពេលនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមែនទែននោះ គឺយុវជនដែលត្រូវបានគេចាត់ទុកដូចជា វីរបុរសម្នាក់ពីសំណាក់ក្រុមហ៊ុន និងមនុស្សជាច្រើនរូបនេះ ត្រូវបានចាប់ខ្លួនដោយភ្នាក់ងារ FBI ដោយសារតែគាត់មានជាប់ពាក់ព័ន្ធ នៅក្នុងការចែកចាយមេរោគដែលត្រូវបានគេស្គាល់ឈ្មោះថា Kronos។

លោក Marcus Hutchins ដែលមានអាយុ ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងព្រលានយន្តហោះមួយ កំឡុងពេលដែលគាត់ចាកចេញពីសន្និសីទ Def Con hacking នៅក្នុងទីក្រុង Las Vegas។ 

លោក Marcus Hutchins

មេរោគ Kronos ដែលលោក Marcus បានបង្កើតគឺជាមេរោគមួយប្រភេទ ដែលអាចលួចប្រាក់នៅក្នុងកាតឥណទានរបស់ធនាគារ ហើយមេរោគនេះបានចាប់ផ្តើមវាយលុកតាំងពីឆ្នាំ ២០១៤ ផងដែរ។ មកដល់ពេលនេះ នៅតែមិនទាន់មានព័ត៌មានច្បាស់ណាមួយថាតើលោក Marcus នឹងត្រូវទទួលទោសយ៉ាងរបៀបណានៅឡើយទេ៕

ប្រភពពី៖ Techcrunch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]