** ប្រលោមលោកខ្មែរឡូត **

ពាក្យថាគ្រួសារពិតជាតម្លៃខ្លាំងណាស់ស្មើរនឹងជីវិតសម្រាប់មនុស្សស្រី។ សេចក្តីសុខរបស់មនុស្សស្រីដែលរៀបការហើយ ស្វាមីប្រៀបបីដូចជាដួងកែវជីវិត កូនៗប្រៀបបីដូចជាកែវភ្នែក។ ហើយពេលដែលមាននរណាម្នាក់មកបំផ្លាញមនុស្សជាទីស្រលាញ់ទាំងពីរនេះរបស់ខ្លួន វាប្រៀបបីដូចជាយកភ្លើងមកដុតកម្លោចបេះដូងរបស់នាងទាំងរស់យ៉ាងអ៊ីចឹងដែរ។

មិនខ្វល់ថារឿងកាលពីមុនមានប្រវត្តិយ៉ាងណាមនុស្សប្រុសដែលមានឈ្មោះថាស្វាមីពេញច្បាប់របស់នាងប្រាកដជាកម្មសិទ្ធផ្តាច់មុខរបស់នាងហើយ។ មិនថាមកមុន ឬក្រោយ មានតែភរិយាស្របច្បាប់ទេដែលមានសិទ្ធគ្រប់គ្រាន់។ នាងធ្លាប់បានដឹង និងឮរឿងខិលខូចមួយចំនួនរបស់ស្វាមីរបស់នាងមុនរៀបការ តែនាងតែងតែគិតថា វាគ្រាន់តែជារឿងអតីតកាលតែប៉ុណ្ណោះ។ បើគាត់សម្រេចចិត្តរៀបការជាមួយនាងទៅហើយ គាត់ប្រាកដជាគិតច្បាស់លាស់ក្នុងការកសាងអនាគតថ្មីជាមួយគ្នាជាមិនខាន។ ប៉ុន្តែអតីតវាបានចាប់ផ្តើមរំខានបច្ចុប្បន្នកាលរបស់ពួកនាង។  

រូបតំណាង

ជីវិតរៀបការបានចាប់ផ្តើមរង្គោះរង្គើរនៅពេលដែលពួកគេរៀបការបានត្រឹមតែរយៈពេល ៦ ខែ។ សង្សារចាស់របស់ប្តីនាងបានចាប់ផ្តើមបង្ហាញមុខនៅចំពោះមុខពួកនាង។ នាងបានព្យាយាមធ្វើជាមនុស្សស្រីរឹងមាំដើម្បីការពារគ្រួសារមួយនេះ។ តែស្រីកំណាន់ម្នាក់នោះនៅតែមិនឈប់ នៅតែមកទាមទារសិទ្ធជាប្រពន្ធម្នាក់ទៀត ហើយរឿងដែលធ្វើឱ្យនាងស្ទើរគាំងបេះដូងនោះគឺវត្តមានរបស់ក្មេងប្រុសអាយុ ៥ ឆ្នាំដែលនាងម្នាក់នោះអះអាងថាជាកូនរបស់ស្វាមីរបស់នាង។ អ្នកណាធ្វើចិត្តថ្មបាននោះពេលដែលមានរឿងបែបនេះកើតឡើង? តើអ្នកណាដឹងច្បាស់ទៅថាក្នុងជម្រៅចិត្តនាង យ៉ាងណា? តាមចិត្តក្តៅនាងពិតជាចង់សម្លាប់អ្នកដែលបំផ្លាញគ្រួសាររបស់នាង និងធ្វើឱ្យនាងឈឺចាប់ខ្លាំងណាស់។ ទឹកភ្នែកស្រក់រាល់រាត្រី ស្វាមីរបស់នាងក៏មិនអាចធ្វើការបកស្រាយណាមួយឱ្យនាងស្ងប់ចិត្តដែរ សូម្បីតែប្តីរបស់នាងក៏មិនប្រាកដចិត្តដែរ ថាក្មេងម្នាក់នោះជាកូនរបស់គេឬយ៉ាងណា។ តែនាងដឹងថាស្វាមីនាងស្រលាញ់ក្មេង និងចង់ឱ្យនាងមានកូនជាយូរណាស់មកហើយ គ្រាន់តែនាងមិនទាន់មានពេលវេលាសមស្របដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ តែវត្តមានរបស់ស្រីកំណាន់ម្នាក់នោះ និងវត្តមានរបស់ក្មេងប្រុសគួរឱ្យស្រលាញ់ម្នាក់នោះធ្វើឱ្យចិត្តរបស់ស្វាមីនាងស្ទាក់ស្ទើរ។ 

រូបតំណាង

ជម្លោះរវាងនាងនិងប្តីរបស់នាងបានចាប់ផ្តើមនៅពេលដែលនាងបានរករឿងប្តីរបស់នាងកាន់តែខ្លាំង ដើម្បីឱ្យគេជ្រើសរើសម្នាក់រវាងនាងនិងស្រីកំណាន់នោះ តែស្វាមីរបស់នាងបែរជាមិនអាចជ្រើសរើសបាន។ ទ្រូងក្តៅដូចភ្លើង ទឹកភ្នែកស្ទើរក្លាយជាឈាមរាល់វិនាទីដែលឃើញស្វាមីរបស់នាងស្រលាញ់ក្មេងនោះ និងស្និទ្ធស្នាលជាមួយមនុស្សស្រីដែលបំបែកបំបាក់គ្រួសារជាទីស្រលាញ់របស់នាង។ ភាពឈឺចាប់វារាលដាលរហូតក្លាយទៅជាជំងឺមហារីក ហើយវាបានធ្វើឱ្យនាងមានគំនិតយករបស់ជាទីស្រលាញ់របស់នាងមកវិញឱ្យទាល់តែបាន។

រឿងប្រពន្ធដើមចិត្តធម៌ចិត្តត្រជាក់វាគ្មាននៅលើលោកនេះទេ វាគ្រាន់តែជារឿងនិទានលួងលោមចិត្តមនុស្សស្រីតែប៉ុណ្ណោះ មានតែធ្វើដូចនាងទេទើបអាចដោះស្រាយបញ្ហា។ ទាល់តែចេះធ្វើជាមនុស្សស្រីអាក្រក់ខ្លះទើបអាចដណ្តើមយកស្វាមីត្រលប់មកវិញបាន។ 

នាងទម្លាក់ក្រដាសលែងលះនៅនឹងមុខស្វាមីនិងស្រីម្នាក់នោះ

« ចុះហត្ថលេខាទៅ ​»

« អូន...អូននិយាយអី? »

« គឺ ចុះហត្ថលេខាលែងលះគ្នាហ្នឹងណា  បងនៅមិនយល់ទៀត? »

« ក្រែងបងបានសុំឱកាសអូនមួយរយៈទៀតសិនហើយតើ កុំទាន់អាលចិត្តក្តៅអី »

« មានអីត្រូវនិយាយទៀត សូម្បីតែបងមិនច្បាស់ខ្លួនឯងផង»

«បង........»

ប្តីរបស់នាងបានចាប់ផ្តើមធ្វើខ្លួនមិនត្រូវ តែស្រីកំណាន់នោះញញឺមពេញចិត្តជាខ្លាំង

« ស៊ីញ៉េទៅបង នឹងបានចប់ឆាប់ៗនោះអី គ្រួសារម៉ាក់ប៉ាកូនយើង៣នាក់នឹងបានរស់នៅជុំគ្នា ​»

ខ្ញុំញញឺមមានជ័យជំនះរួចនិយាយ

« ល្អតើ....ជូនពរឱ្យមានសេចក្តីសុខជាមួយគ្នាចុះ ហើយកុំភ្លេចថាស៊ីញ៉េរួចបងគឺសល់តែខ្លួនប៉ុណ្ណោះ»

« អូន.!!!!!!»

« និយាយស្អី? » នាងម្នាក់នោះចាប់ផ្តើមភ័យតក់ស្លុត ខ្ញុំលួចសើចទាំងពិសពុល

« ច្បាប់គេមានឱ្យមើល ម៉េចមិនបើកភ្នែកមើល រឿងរ៉ាវស្នេហាផិតក្បត់ លួចលាក់ ទោះមុនរៀបការ ឬក្រោយរៀបការមានទោសដូចគ្នាព្រោះខ្ញុំជាប្រពន្ធស្របច្បាប់។ តែចាត់ទុកថាយល់ដល់មនោសញ្ចេនាប្តីប្រពន្ធកន្លងមក ខ្ញុំមិនប្តឹងបងទេ ​បងចុះចេញចុះ ​»

« នាងឯងឆ្កួតទេហ្ហេស? ប្តីប្រពន្ធរកជាមួយគ្នាពេលលែងលះវាគ្មានស្អីសោះវាមិនសម »

« មិនសុខចិត្តឡើងតុលាការទៅ ​ប្តឹងទៅចាំមើលនរណាឈ្នះនរណាចាញ់ »
នាងស្រីកំណាន់នោះឱបដៃស្វាមីរបស់នាងទាំងមុខក្រញ៉ូវនិយាយមិនចេញ។ ស្វាមីនាងព្យាយាមលួងលោមនាងឱ្យបញ្ឈប់គំនិតលែងលះ តែនាងនៅតែធ្វើចិត្តរឹង។​គេថាចិត្តដាច់ទើបធ្វើស្តេចបាន។ នាងមិនអាចចិត្តទន់បន្តទៀតទេ។ រឿងរ៉ាវវាគួរតែបញ្ចប់ត្រឹមពេលនេះ។

រូបតំណាង

ស្វាមីរបស់នាងត្រូវបានស្រីម្នាក់នោះអូសចេញពីក្នុងផ្ទះជាមួយវ៉ាលីសដ៏ធំ ដែលធ្លាប់ជាទីកន្លែងសុខសាន្តរបស់ពួកនាង។ នាងឈរសម្លឺងពួកគេទាំងអារម្មណ៍នឹងនល្អ។ នាងក៏ចាំមើលថាតើរឿងរ៉ាវបន្តពីនេះទៅជាយ៉ាងណា។ 

ក្រោយការចាកចេញរបស់ស្វាមីមិនបានប៉ុន្មានខែ នាងបានដឹងថាស្រីកំណាន់នោះបានបោកប្រាស់លុយដែលស្វាមីរបស់នាងមានយកទៅលេងល្បែង  និងចិញ្ចឹមប្រុស ក្មេង។ ចំណែកកូនដែលនាងនោះយកមកបន្លំក៏ត្រូវបានម្តាយពិតប្រាកដគេយកទៅវិញ។ អ្វីៗត្រូវបានលាតត្រដាងប្តីរបស់នាងមានតែការស្តាយក្រោយយ៉ាងខ្លាំង ដែលចាញ់បោកស្រីអាក្រក់ម្នាក់នោះ មិនជ្រើសយកប្រពន្ធល្អរបស់ខ្លួន។ ទឹកភ្នែកមនុស្សប្រុសស្រក់រឹមៗលាយឡំនឹងដំណាក់ទឹកភ្លៀងដែលធ្លាក់ចុះដូចជាសើចចំអកនូវជីវិតបរាជ័យរបស់គេ។ វាមិនខុសពីពាក្យចាស់ថាស្រលាញ់ស្រីរាសីដាក់ ស្រលាញ់ប្រពន្ធស្មោះស្ម័គ្រកើតមាសកើតប្រាក់នោះទេ។ ពេលនេះអ្វីក៏គេគ្មានដែរ ស្រីកំណាន់រត់ចោលគេ  ប្រពន្ធក៏សុំគេលែងលះ  ទ្រព្យសម្បត្តិក៏រលាយ ការងារក៏បាត់បង់។ គេចង់ត្រលប់ទៅសុំទោសប្រពន្ធវិញតែភាពខ្មាសអៀនខ្លួនឯងធ្វើឱ្យគេមិនហ៊ានប្រឈមមុខនឹងកំហុសរបស់ខ្លួន។ ស្រាប់តែពេលនោះពន្លឺហ្វាឡានដ៏ទំនើបបានឈប់នៅនឹងមុខរបស់គេ ​ជើងស្រឡូនស្អាតជាមួយសម្លៀកបំពាក់មានឋានៈឈានចេញពីក្នុងឡានជាមួយឆ័ត្រពណ៌ក្រហមមួយ។ កែវភ្នែកគេពោរពេញដោយការរំភើបពេលដែលឃើញ មុខប្រពន្ធរបស់គេដែលពោរពេញដោយស្នាមញញឹមលាយទឹកភ្នែក។ នាងដើរទៅរកគេហើយបាំងឆ័ត្រឱ្យគេជាមួយសម្តីអួលដើម-ក

« ត្រលប់ទៅផ្ទះរបស់យើងវិញណា ​»

គេក៏ស្រវាឱបប្រពន្ធដ៏សែនល្អរបស់គេ។ ក្រោយឆ្លងកាត់រឿងកន្លងទើបគេដឹងថា ទោះមានស៊ីអត់ស៊ី  មានទ្រព្យអត់ទ្រព្យ ខ្លួនឯងធ្លាក់ខ្លួនយ៉ាងណា ​ប្រពន្ធពេញច្បាប់របស់ខ្លួនមិនដែលបោះបង់គេចោលសូម្បីតែម្តងណានោះឡើយ។ កលល្បិចបញ្ចេញមុខមាត់កញ្ជ្រោងក្នុងខ្លួនស្រីកំណាន់របស់ប្តីនាងធ្វើឱ្យនាងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ វាបានក្លាយជាមេរៀនដ៏មានតម្លៃមួយសម្រាប់ប្តីរបស់នាង ហើយគេក៏បានយល់ដឹងច្រើនពីអត្ថន័យគ្រួសាររបស់ខ្លួនឯងដែរ។ 

គ្មានអ្នកណាមករួមសុខទុុក្ខជាមួយយើង ដូចជាប្រពន្ធរបស់យើងទេ។​ ភរិយា  ១០០ ទាំង ​១០០ សុទ្ធតែមានចិត្ត និងបេះដូងស្មោះស្ម័គ្របែបនេះជាមួយស្វាមីគ្រប់រូប។ ស្រីមិនមែនជាប្រពន្ធ ​ស្រីជាជនដែលរួមត្រឹមតែសេចក្តីសុខ ​តែប្រពន្ធស្របច្បាប់អាចកាន់ដៃអ្នករួមទាំងសុខរួមទាំងទុក្ខអស់មួយជីវិត៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]