ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ វេបសាយមួយដែលមានដាក់លក់ទំនិញដែលខុសច្បាប់រួមមាន ឧបករណ៍សម្រាប់ធ្វើការ hack កុំព្យូទ័រ គ្រឿងញៀន អាវុធ ឡាន លុយក្លែងក្លាយ និងទំនិញខុសច្បាប់ជាច្រើនមុខទៀត ដែលមានឈ្មោះថា AlphaBay ត្រូវបានបង្ក្រាប។

យ៉ាងណាមិញ នៅថ្ងៃទី២៤ កក្កដា ២០១៧ ប៉ូលិសថៃបានបញ្ជាក់អត្តសញ្ញាណម្ចាស់វេបសាយខាងលើថា ពិតជារបស់លោក Alexandre Cazes ដែលជាពលរដ្ឋកាណាដាម្នាក់មានអាយុ ២៥ឆ្នាំ និងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ កាលពីថ្ងៃទី៥ ខែកក្កដា ២០១៧ យោងតាមសំណើរបស់សហរដ្ឋអាមេរិក។

ប៉ូលិសថៃបានរឹបអូសទ្រព្យសម្បត្តិរបស់ Alexandre Cazes សរុបជាទឹកប្រាក់ចំនួន ៧០០លានបាត ឬប្រមាណ ២១លានដុល្លារ។

គួរបញ្ជាក់ថាការចាប់ខ្លួនលោក Alexandre និងបិទវេបសាយងងឹតនេះទទួលជោគជ័យទៅបាន ក៏ព្រោះតែមានការសហការគ្នារវាងសមត្ថកិច្ចចំនួន ៦ប្រទេស ក្នុងនោះមាន FBI អាមេរិក ប៉ូលិសហូឡង់ និងថៃផងដែរ។

ទោះយ៉ាងណា កាលពីថ្ងៃទី១២ ខែកក្កដា​ ២០១៧ ប៉ូលិសនៅក្នុងប្រទេសថៃបានប្រកាសថាលោក Alexandre ដែលជាម្ចាស់វេបសាយងងឹត AlphaBay បានទទួលមរណៈភាពនៅក្នុងគុកទីក្រុងបាងកកបាត់ទៅហើយ។ 

លោក Chalermkiat Sriworakan ស្នងការប៉ូលិសថៃបានឲ្យដឹងថា សាកសពលោក Alexandre Cazes ត្រូវបានគេប្រទះឃើញនៅក្នុងគុកនៃការិយាល័យបង្ក្រាបគ្រឿងញៀន មុនពេលដែលគាត់ត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក។ 

ប្រពន្ធលោក Alexandre មានឈ្មោះថា Sunisa Cazes គឺជាជនជាតិថៃម្នាក់ ដែលក្នុងពេលនេះកំពុងជាប់ឃុំខ្លួន ហើយក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទលាងលុយងងឹតផងដែរ។

វេបសាយ AlphaBay ត្រូវបានគេស្គាល់ថា ជាវេបសាយទីផ្សារងងឹតមួយដ៏ធំបំផុត សម្រាប់ជួញដូរគ្រឿងញៀន  អាវុធ  និងទំនិញខុសច្បាប់ជាច្រើនមុខទៀត ដែលមានចរន្តប្រតិបត្តិការទឹកប្រាក់ រាប់ពាន់ដុល្លារក្នុងមួយថ្ងៃ៕

សាកសពរបស់លោក Alexandre Cazes
លោក Alexandre Cazes កាលនៅរស់
លោក Alexandre Cazes និងប្រពន្ធ
ថ្នាំញៀននៅលើវេបសាយ AlphaBay
កាំភ្លើងខុសច្បាប់ដាក់លក់នៅលើវេបសាយ AlphaBay

ប្រភព៖ Reuters

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]