** ប្រលោមលោកខ្មែរឡូត **

នៅក្នុងមន្ទីរពេទ្យដ៏ធំមួយកំពុងតែដុតដៃដុតជើង លើកអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍មួយចេញពីរថយន្តសង្គ្រោះបន្ទាន់ ដោយមានបុរសក្មេងម្នាក់ដែលខ្លួនប្រឡាក់សុទ្ធតែឈាមជោគមកជាមួយ។ ដោយសារតែយកមកមន្ទីរពេទ្យយឺតពេលពេក បុរសចំណាស់ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះអស់ពីសមត្ថភាពហើយ តែក៏មិនអាចជួយស្រោចស្រង់ជីវិតបាន។ គ្រូពេទ្យបានរុញបុរសកម្សត់ចេញមកខាងក្រៅដើម្បីជួបសាច់ញាតិជាលើកចុងក្រោយ។ បុរសក្មេងដែលបានមកជាមួយ ត្រូវបានគ្រូពេទ្យហៅឱ្យមកមើលថែបុរសចំណាស់ម្នាក់នេះ។ បុរសក្មេងម្នាក់នោះបានកាន់ដៃបុរសចំណាស់ជាប់ផ្តល់កម្លាំងចិត្ត។ បុរសចំណាស់បំពាក់អុកស៊ីហ្សែននឹងច្រមុះ មានទឹកមុខស្លេកស្លាំង គ្មានកម្លាំងកំហែង តែប្រឹងញញឹមតិចៗទាំងមានទឹកភ្នែកហូររឹមៗ រួចក៏និយាយតិចៗ ។ បុរសក្មេងក៏ឱនត្រចៀកមកជិតស្តាប់សំឡេងខ្សាវៗរបស់បុរសចំណាស់។ បន្ទាប់ពីនោះមិនប៉ុន្មានម៉ោងបុរសចំណាស់ក៏លាចាកលោកនេះទៅ បន្សល់តែទឹកភ្នែករបស់បុរសវ័យក្មេង និងភាពក្តុកក្តួលរបស់ក្រុមគ្រូពេទ្យដែលតាមមើលសកម្មភាពរបស់បុរសចំណាស់និងបុរសក្មេងទាំងពីរ។ ក្រោយពីបុរសចំណាស់បានស្លាប់បាត់បង់ជីវិត គេឃើញបុរសក្មេងម្នាក់នោះដើរចេញពីមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ គ្រូពេទ្យស្រីម្នាក់ក៏រត់តាមរួចនិយាយ

« សូមលោកជួយបំពេញបែបបទរបស់ប៉ារបស់លោកសិនទៅ »

« ប៉ា??»

« ចា៎ ក្រែងអ្នកជំងឺដែលស្លាប់មុននេះជាប៉ារបស់លោក? »

« អូ អត់ទេ »

« ថាម៉េច? »

« ការពិតទៅខ្ញុំគ្រាន់តែជាអ្នកបានឃើញហេតុការណ៍គាត់មានគ្រោះថ្នាក់តែប៉ុណ្ណោះ តែដោយសារតែពេលវេលាប្រថុចញ៉ុចពេក ម្យ៉ាងគ្មានអ្នកហ៊ានស្ម័គ្រចិត្តនាំគាត់មកមន្ទីរពេទ្យបានជាខ្ញុំមកជាមួយទៅ »

« ចឹងលោកមិនមែនជាកូនគាត់ទេ?ហេតុអ្វីបានជាលោកនៅកំដរគាត់? »

« ខ្ញុំគ្រាន់តែដឹងថាគាត់គ្មានសាច់ញាតិ អ្វីទៀតខ្ញុំមិនដឹងទេ »

« ចុះហេតុផលអ្វីដែលធ្វើឱ្យលោកសុខចិត្តចំណាយពេលមួយថ្ងៃ គ្មានប្រយោជន៍ ដើម្បីតែអ្នកមិនស្គាល់គ្នាម្នាក់ទៅវិញ ? »

« អ្នកណាថាគ្មានប្រយោជន៍ ខ្ញុំសប្បាយចិត្តទៅវិញទេ»

« សប្បាយចិត្តរឿងអ្វី? »

« គឺពាក្យចុងក្រោយដែលគាត់បាននិយាយមុននឹងស្លាប់ »

« ពាក្យអ្វីបានជាលោកសប្បាយចិត្តយ៉ាងនេះ? តើគាត់នឹងផ្តល់ផលប្រយោជន៍អីចំពោះលោកមែនទេ? »

« គ្មានផលប្រយោជន៍អីទេ គឺត្រឹមតែជាពាក្យ អរគុណ »

« ថាម៉េច តែប៉ុណ្ណឹងទេ?? លោកឆ្កួតហើយ »

« តែវាមានតម្លៃសម្រាប់ខ្ញុំណាស់ ។ អ្នកនាងដឹងទេ ពេលដែលខ្ញុំបានធ្វើអំពើល្អ បានជួយមនុស្សដែលត្រូវការជំនួយ និងបានទទួលត្រឹមតែស្នាមញញឹមឬពាក្យអរគុណរបស់មនុស្សជុំវិញខ្លួន ខ្ញុំពិតជាមានមោទកភាពចំពោះខ្លួនឯងខ្លាំងណាស់ »

« មិនគិតថាធ្វើអ៊ីចឹងអ្នកផ្សេងគិតថាលោកល្ងង់ទេ? »

« ខ្ញុំមិនបានខ្វល់ផង សំខាន់ខ្ញុំសប្បាយចិត្ត ខ្ញុំធ្វើអ្វីដែលខ្លួនឯងចង់ធ្វើតែប៉ុណ្ណោះ» និយាយរួចបុរសក្មេងនោះក៏ដើរចេញ។ គ្រូពេទ្យស្រីនោះពេបមាត់ទាំងមិនពេញចិត្ត

« លើលោកនេះមានមនុស្សបែបនេះដែរ? »

និយាយរួចអ្នកគ្រូពេទ្យក៏រត់ទៅបន្ទប់ផ្ទាល់ខ្លួន រួចស្រែកយំខ្លាំងៗ។ នាងនឹកឃើញហេតុការណ៍ព្រឹកមិញពេលដែលនាងបើកឡានមកមន្ទីរពេទ្យទាំងប្រញាប់ប្រញាល់។ ព្រោះតែមានពិធីជប់លៀងកាលពីយប់មិញធ្វើឱ្យនាងក្រោកយឺត ហើយក៏បើកឡានយ៉ាងលឿនសំដៅមកមន្ទីរពេទ្យដោយមិនបានមើលឃើញបុរសចំណាស់ដែលដើររញីរញ័រឆ្លងថ្នល់។ ឡានបានបុកបុរសចំណាស់មួយទំហឹងខ្ទាតទៅម្ខាងសន្លប់ស្តូកស្តឹង។ នាងភ័យខ្លាំងណាស់ តែដោយឃើញផ្លូវស្ងាត់ផងនាងក៏បានបើកឡានចេញទៅយ៉ាងលឿនទាំងមិនបានចុះមើលអាការៈជនរងគ្រោះដែលមិនដឹងស្លាប់ឬក៏រស់។ នាងពិតជាមានវិប្បដិសារីយ៉ាងខ្លាំង ខ្លួនឯងជាគ្រូពេទ្យ ជាអ្នកជួយសង្គ្រោះអ្នកដទៃ តែដោយសារតែការប្រញាប់មួយពេល មិនគោរពច្បាប់ មិនមានទំនួលខុសត្រូវចំពោះទង្វើខ្លួនឯង បានជាមានរឿងរ៉ាវដល់ថ្នាក់នេះ។ បើនាងមិនមានពិធីជប់លៀងដល់យប់ជ្រៅ បើសិននាងមិនក្រោកយឺត បើសិននាងមិនបើកឡានដោយល្បឿនលើសកំណត់ ហើយបើសិនជានាងចុះមកជួយសង្គ្រោះបឋមបុរសចំណាស់ម្នាក់នោះ ហេតុការណ៍អាក្រក់ក៏មិនបានកើតឡើងដែរ។

ទីបញ្ចប់បុរសចំណាស់បានស្លាប់បាត់បង់ជីវិតទៅ ហើយក៏គ្មានអ្នកណាបានដឹងថា តើអ្នកណាដែលបង្កគ្រោះថ្នាក់មួយនេះដែរ។ រឿងក្តីរថយន្តបុកសម្លាប់មនុស្សត្រូវបានបិទ តែភាពសោកស្តាយ វិប្បដិសារី ការជេរស្តីចំពោះទង្វើរបស់ខ្លួនឯងមិនអាចរលុបចេញពីខួរក្បាលរបស់គ្រូពេទ្យស្រីនោះអស់មួយជីវិត៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]