រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៩ កក្កដា កីឡាការិនីហែមថុន វិទិនី បានទៅដល់ប្រទេសហុងគ្រីហើយ ជាទីដែលនាងត្រូវទៅប្រកួតហែលទឹកកម្រិតពិភពលោកដែលរៀបចំឡើងរៀងរាល់២ឆ្នាំម្ដង ដោយមានកីឡាករ-កីឡាការិនីហែលទឹកសុទ្ធសាធមកពីគ្រប់ទិសទីចូលរួមប្រកួត ខណៈកម្ពុជាបានចូលរួមជាលើកទី៣ហើយរាប់ទាំងលើកនេះ ។
មុនចាកចេញពីប្រទេសកម្ពុជា ហែមថុន វិទិនី និយាយថា រូបនាងនិងកីឡាករ២រូបទៀតមកពីខេត្តកំពង់ចាម ដែលសុទ្ធតែមានស្នាដៃក្នុងការប្រកួតថ្នាក់ជាតិនាពេលកន្លងមកត្រូវចាកចេញទៅប្រកួតនៅក្នុងប្រទេសហុងគ្រីក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះថា World Championship ដោយផ្ដោតតែលើវិញ្ញាសាហែលទឹកមួយមុខគត់ ។ បើយោងតាមប្រកាស គឺមានអ្នកចូលរួមមកពីជាង២០០ប្រទេស ប៉ុន្តែមិនដឹងថាប្រទេសណាខ្លះនោះទេ ។
នាងថា ការប្រកួតលើកនេះមានការបែងចែកជាក្រុមតែមិនទាន់ដឹងថានាងស្ថិតក្នុងក្រុមណាហើយមានចំនួនប៉ុន្មាននាក់នោះទេ ។ នាងបានចាកចេញពីប្រទេសកម្ពុជានៅវេលាម៉ោង១១យប់់ថ្ងៃទី១៩ កក្កដា ដោយការប្រកួតរបស់នាងគឺមានរយៈពេល២ថ្ងៃ គឺថ្ងៃ២៨ និងថ្ងៃ២៩ កក្កដា។
នាងមិនទាន់ដឹងថា ទទួលបានលទ្ធផល និងមេដាយពីការប្រកួតនេះឬយ៉ាងណានោះទេ ក្នុងពេលដែលការចូលរួមកាល២លើកមុននៅប្រទេសអីុតាលី និងរុស្ស៊ី គឺបានត្រឹមលេខ២ក្នុងក្រុមជម្រុះហើយមិនបានទៅប្រកួតយកមេដាយទាំងសោកស្ដាយ ។ នាងបានចំណាយពេលហ្វឹកហាត់ក្នុងស្រុកភាគច្រើនមុនការចាកចេញ ដោយសារតែក្រោយត្រឡប់មកពីប្រទេសហុងគ្រីនៅថ្ងៃទី៣០ កក្កដា ខាងមុខ នាងក៏នឹងត្រូវឡើងយន្តហោះទៅប្រកួតនៅប្រទេសម៉ាឡេសុីនៅអំឡុងថ្ងៃទី១៨ សីហា ក្នុងព្រឹត្តិការណ៍សុីហ្គេម ។ នាងប្រកាសពីការប្រឹងប្រែងបើទោះជាពេលកន្លងមកនៅមិនទាន់បានផ្កែផ្កាជាមេដាយមាសពីការប្រកួតកម្រិតអន្តរជាតិនៅឡើយក្ដី ។
ហែមថុន វិទិនី និយាយថា ការប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកនៅហុងគ្រីលើកនេះ មិនត្រឹមតែជាការប្រកួតដណ្ដើមមេដាយប៉ុណ្ណោះទេ តែក៏ជាការប្រកួតដណ្ដើមយកបេក្ខភាពប្រចាំទ្វីបទៅប្រកួតជម្រុះនៅ២ឆ្នាំបន្ទាប់ដើម្បីដណ្ដើមកៅអីនៅអូឡាំពិកឆ្នាំ២០២០ផងដែរ ។ អ្នកឈ្នះឬអ្នកមានលទ្ធផលល្អក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានឱកាសដោយស្វ័យប្រវត្តិទៅប្រកួតដណ្ដើមកៅអីអូឡាំពិកនៅ២ឆ្នាំបន្ទាប់ ទើបនាងយល់ថា នេះជាការប្រកួតសំខាន់មួយ។
ស្របគ្នាដែលនាងក៏ធ្លាប់បានទទួលជោគជ័យក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិកកាលពីឆ្នាំ២០១៦ផង ទើបនាងប្រកាសថា នឹងប្រឹងប្រកួតយកលទ្ធផលផ្លែផ្កាទៅប្រកួតក្នុង២ឆ្នាំខាងមុខ ដើម្បីមានឱកាសទៅប្រកួតអូឡាំពិកដោយស្របច្បាប់ ។ ការប្រកួតរបស់នាង និងកីឡាករ២រូបទៀតត្រូវធ្វើឡើងនៅថ្ងៃទី២៨ កក្កដា ទើបតាំងពីនាងទៅដល់គឺប្រឹងហ្វឹកហាត់ភ្លាមៗបន្ថែមពីលើបន្សាំខ្លួននឹងអាកាសធាតុ និងរបបអាហារ ។
ជាមួយនឹងការប្រកាសចេញប្រកួតនេះ ក៏គេឃើញមានការលើកទឹកចិត្តពីអ្នកគាំទ្ររបស់នាងច្រើនដែរ ជាពិសេសពីគូស្នេហ៍របស់នាងដែលតែងតែរង់ចាំផ្ដល់កម្លាំងចិត្តឱ្យនាងជានិច្ចតាំងពីបានបើកចំហស្នេហា ។ ហែមថុន វិទិនី ប្រកាសថា បន្ទុកចេញប្រកួតកម្រិតពិភពលោក និងការប្រកួតស៊ីហ្គេមបន្តបន្ទាប់គ្នានៅក្នុងប្រទេសម៉ាឡេសុី គឺជាអ្វីដែលនាងត្រូវការតាំងចិត្ត ហើយនេះក៏ជាការប្រកួតប៊ិៈនឹងជាន់ពេលគ្នាដែលកាន់តែធ្វើឱ្យនាងមមាញឹកនឹងរឿងហ្វឹកហាត់។
ជាក់ស្ដែង បើទោះជានៅលើហ្វេសប៊ុកមុនពេលចាកចេញ នាងបានបង្ហោះពីការលក់ផលិតផលនៅតាមអនឡាញក៏ពិតមែន តែនាងប្រកាសថានោះជារឿងឆ្លៀតពេលប៉ុណ្ណោះ ប៉ុន្តែធាតុពិតគឺនាងរវល់នឹងការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់២ព្រឹត្តិការណ៍ខាងលើដែលជាភារៈដ៏សំខាន់របស់នាងឯណោះទេ ។
នាងនៅតែមានជំនឿចិត្តថាទទួលបានថិរវេលាល្អជាងមុនបើធៀបនឹងការចេញប្រកួតក្នុងព្រឹត្តិការណ៍នេះកាលពី២លើកដូចគ្នា ប៉ុន្តែរឿងទទួលបានមេដាយណាមួយត្រឡប់មកវិញ គឺត្រូវចាំអ៊ុតសិន ដោយសារតែក្នុងព្រឹត្តិការណ៍នៅហុងគ្រី កីឡាការិនីជាបេក្ខភាពមកពីប្រទេសផ្សេងសុទ្ធតែល្បី ។ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ីខាងមុខ នាងហាក់សង្ឃឹមច្រើន ដោយសារបច្ចេកទេសក្នុងការហែលទឹកចុងក្រោយរបស់នាងគឺល្អជាងមុន ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]