** ប្រលោមលោកខ្មែរឡូត **

ខ្ញុំកំពុងតែឈរនៅមាត់បង្អួចបន្ទប់ Condo ច្រៀងគ្រហឹមតិចៗនូវចម្រៀងដែលខ្ញុំស្រលាញ់បំផុតទាំងបបូរមាត់ក្រហមឆ្អិនឆ្អៅញញឹមគយគន់ទេសភាពពីខាងលើអាកាសនៃទីក្រុងដ៏ស្រស់ស្អាតដូចជាឋានសួគ៌ា។ បន្ទាប់មកខ្ញុំក៏ដើរមកឈរចំពីមុខកញ្ចក់បែរខ្លួនចុះឡើងមើលរូបរាងដែលកំពុងតែគ្រងជាមួយរ៉ូបកូនក្រមុំវែងពណ៌ក្រហមដ៏ស្រស់ស្អាត។ វាជាក្តីស្រមៃរបស់ខ្ញុំហើយនិងគាត់។ ទោះខ្ញុំជាមនុស្សខុសគេ ទោះជាខ្ញុំគ្មានអ្នកណា ក៏គាត់នៅតែនៅក្បែរខ្ញុំនិងគាំទ្រខ្ញុំជានិច្ច។ ខ្ញុំដឹងថាមួយជីវិតនេះ ខ្ញុំមិនអាចរស់នៅដោយគ្មានគាត់បាននោះទេ។ ទីបំផុត ... ក្តីស្រលាញ់របស់យើងក៏បានមកដល់ចំណុចនេះ ថ្ងៃដែលខ្ញុំស្លៀកសំលៀកបំពាក់កូនក្រមុំសម្រាប់គាត់។ សន្យាគឺជាពាក្យសន្យា ខ្ញុំសន្យាថានឹងធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតបំផុតដើម្បីគាត់ ជាមួយនឹងរ៉ូប ស្បែកជើង និងក្រែមពណ៌ក្រហម ជាពណ៌ដែលគាត់ស្រលាញ់ជាទីបំផុត ហើយពេលនេះខ្ញុំក៏ធ្វើបាន។

ខ្ញុំទាញយកស្បែកជើងពណ៌ក្រហម ដែលជាកាដូថ្ងៃក្តីស្រលាញ់របស់យើងរយៈពេល ៥ ឆ្នាំ ចេញពីប្រអប់យកមកពាក់ទាំងញញឹម ហើយឈោងដៃយកទឹកអប់នៅលើតុដែលខ្ញុំស្រលាញ់ជាងគេ មកបាញ់ទាំងអារម្មណ៍ល្អស្រស់ស្រាយ។ វាជារបស់ដែលខ្ញុំចូលចិត្ត ហើយគាត់តែងតែទិញមកឱ្យខ្ញុំប្រើ ព្រោះគាត់ដឹងថាខ្ញុំស្រលាញ់ក្លិនបែបនេះ។ ប៉ុន្តែការពិតទៅរបស់អ្វីក៏ដោយ ឱ្យតែគាត់ទិញជូនខ្ញុំ ខ្ញុំពេញចិត្តទាំងអស់។ ពួកយើងតែងតែយល់ចិត្តគ្នា ដឹងចិត្តគ្នា ស្ទើរតែក្លាយជាមនុស្សតែមួយទៅហើយ អ្វីដែលខ្ញុំស្រលាញ់និងចូលចិត្ត គាត់ដឹងទាំងអស់ ហើយអ្វីដែលគាត់ចូលចិត្តនិងស្រលាញ់ខ្ញុំក៏ដឹងដូចគ្នា។ ខ្ញុំនឹកឃើញដល់ថ្ងៃដែលខ្ញុំទិញអាវ ឬរបស់ដែលគាត់ស្រលាញ់ជាងគេជូនគាត់ និងពេលដែលខ្ញុំលូកដៃជួយគាត់រាល់ពេលគាត់មានបញ្ហា គាត់ស្ទុះមកឱបនិងថើបថ្ងាសខ្ញុំហើយប្រាប់ថា ខ្ញុំជាមនុស្សស្រីដែលល្អ និងស្រលាញ់គាត់ជាងគេបំផុត។ ហើយខ្ញុំក៏នឹកឃើញដល់ថ្ងៃដែលមុខជំនួញរបស់គាត់បរាជ័យកាលពី បី ខែមុន គាត់ឱបខ្ញុំទាំងទឹកភ្នែក ហើយប្រាប់ខ្ញុំថា ខ្ញុំជានារីម្នាក់គត់ដែលតែងតែនៅក្បែរគាត់នៅពេលគាត់មានទុក្ខ មិនបោះបង់និងមិនដែលទៅណាចោលគាត់សូម្បីតែម្តង ។ គាត់សន្យាថានឹងល្អចំពោះខ្ញុំ និងមិនទៅណាចោលខ្ញុំជារៀងរហូត។

កំពុងតែឈរស្រមៃរាល់អនុស្សាវរីយ៍ទាំងឡាយរបស់ខ្ញុំនិងគាត់ ស្រាប់តែនាឡិកាបន្លឺត្រឹមម៉ោង៧គត់។ ខ្ញុំញញឹមទាំងរីករាយព្រោះវាដល់ពេលល្អហើយ គាត់ប្រាកដជាកំពុងតែរង់ចាំខ្ញុំ។ ខ្ញុំក៏ដើរចេញពីបន្ទប់សំដៅទៅជាន់ពិធីនៅជាន់ខាងលើ។ វាជាពិធីរៀបការដ៏ស្រស់ស្អាត ជាមួយនឹងគ្រឿងតុបតែង និងផ្កានៅក្នុងពិធីប្រណីតៗសុទ្ធតែជារបស់និងពណ៌ដែលខ្ញុំស្រលាញ់។ ខ្ញុំដឹងថា... អ្វីទាំងអស់គឺគាត់ធ្វើដើម្បីខ្ញុំតែម្នាក់គត់។ ខ្ញុំកំពុងតែឈរនៅអគារជាន់ខាងលើបំផុតនៃអគារ រួចសម្លឹងមើលមកកូនកំលោះរបស់ខ្ញុំទាំងទឹកមុខញញឹមញញែម។ ដល់ពេលហើយ...

« ចាំបន្តិចណា....អូននឹងចុះទៅរកបង....»

សំលេងធ្លាក់ខ្ពាកដូចផ្លែដូងធ្លាក់បែក...លាន់ឮពេញក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់កូនស្រីលោកឧត្តមសេនីយ៍ដែលជាមនុស្សមានអំណាចនិងឥទ្ធិពលនៅក្នុងប្រទេសថែមទាំងមានភាគហ៊ុនក្នុងជំនួញដែលមានទ្រព្យមហាសាល។ ភាពចលាចលកំពុងវឹកវរពេញក្នុងពិធី ឈាម និងសាច់បាចខ្ទេចខ្ទាតគ្រប់ទីកន្លែង។ នារីដ៏ស្រស់ស្អាតម្នាក់ដែលគ្រងដោយរ៉ូបរៀបការពណ៌ក្រហម និងស្បែកជើងក្រហមធ្លាក់ចុះមកពីខាងលើចំពីមុខកូនក្រមុំ និងកូនកំលោះដែលកំពុងតែដើរសំដៅមកកាន់ពិធីមង្គលការ។ បាតដៃនាងបន្សល់ដោយអក្សរដែលសរសេរដោយប៊ិចពណ៌ក្រហម។

« អូននឹងរស់នៅក្បែរបងជារៀងរហូត »

.......................................................................................

ទោះជារឿងរ៉ាវវាបានកន្លងផុតជិត ៣ ខែហើយក៏ដោយ តែស្រមោលរឿងដ៏រន្ធត់មួយនេះនៅតែដក់ជាប់នៅក្នុងចិត្តមនុស្សដែលចូលរួមនៅក្នុងពិធីមង្គលការពេលនោះ ជាពិសេសគឺប៉ះពាល់អារម្មណ៍របស់កូនកំលោះកូនក្រមុំរហូតដល់ពេលនេះ។

« លេបថ្នាំសិនទៅអូន » បុរសដែលគ្រប់គ្នាមើលតែសម្បកក្រៅថាជាបុរសមានសំណាង និងល្អគ្រប់ដប់កំពុងតែមើលថែប្រពន្ធដែលកំពុងតែគេងឈឺលើគ្រែ។ ប៉ុន្តែអ្នកណាក៏ដឹងដែរថា បុរសល្អម្នាក់នេះហើយដែលជាអ្នកបំផ្លាញអនាគតមនុស្សស្រីដ៏ស្លូតត្រង់ម្នាក់ ដើម្បីឈោងចាប់យកភាពមានបាននៅក្នុងសង្គមមួយនេះ។ រឿងក្តីការធ្វើអត្តឃាតរបស់មនុស្សស្រីស្លៀករ៉ូបឈុតក្រហមដ៏ស្រស់ស្អាត បានក្លាយជាប្រស្នាដែលស្រាយមិនរួច តែការពិតនៅតែជាការពិត ទោះគេដឹងថាមានមនុស្សម្នាក់ដែលជាដើមហេតុក្រោយខ្នងក្នុងការសម្លាប់ខ្លួនរបស់នាងក៏ដោយ តែច្បាប់ក៏គ្មានភស្តុតាងមួយណាអាចចាប់យកគេមកផ្តន្ទាទោសបានដែរ។

« យក....យកវាចេញទៅ ចេញទៅ យកវាចេញទៅ ខ្ញុំមិនផឹក វា....វាចង់សម្លាប់ខ្ញុំ វា.... ឯង ឯងចេញទៅ » កូនក្រមុំក្នុងពិធីរៀបការដ៏ស្រស់ស្អាតនៅថ្ងៃនោះស្រាប់តែពេលនេះមានរូបរាងកាយស្គមស្គាំង មុខស្លេកស្លាំង ភ្នែករូង សក់ក្បាលរញ៉េរញ៉ៃ បង្ហាញកាយវិការភិតភ័យដូចជាមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ

« គ្មានអីទេ បងនៅទីនេះ បងនៅទីនេះ គ្មានអ្នកណាធ្វើបាបអូនទេ កុំភ័យៗ » បុរសជាប្តីឱបប្រពន្ធដែលភ័យញ័រលួងលោម។

« វា....វាទៅបាត់ហើយ ? វា....វានឹងមកវិញ អូនខ្លាច ខ្លាចណាស់ »

« កុំភ័យ ផឹកថ្នាំនេះហើយលែងអីហើយ បងនៅជិតៗនេះទេ » ប្រពន្ធងាកមើលឆ្វេងស្តាំទាំងភិតភ័យ រួចក៏ងក់ក្បាលតិចៗផឹកថ្នាំដែលប្តីបញ្ចុក រួចសំងំគេង។

ពាក្យចចាមអារ៉ាមព្រលឹងខ្មោចដ៏កាចសាហាវរបស់កូនក្រមុំឈុតក្រហម បានក្លាយទៅជាប្រធានបទដែលគ្រប់គ្នានិយាយតៗគ្នា។ សំឡេងស្រែកយំរាល់រាត្រី សម្រិបជើងដើរពេញCondo និងសំឡេងចម្រៀងរងំៗបានក្លាយជារឿងដែលមនុស្សគ្រប់គ្នាទាំងបុគ្គលិក និងភ្ញៀវដែលស្នាក់នៅមានភាពភ័យខ្លាចរអា។ ប៉ុន្តែគ្មានអ្នកណាម្នាក់ធ្លាប់បានឃើញរូបរាងឬ ព្រលឹងខ្មោចស្រីនោះទេ លើកលែងតែកូនស្រីសណ្ឋាគារនៃ  Condo មួយនេះ។ សំឡេងស្រែកភ័យរន្ធត់រាល់យប់របស់នាងធ្វើឱ្យគេគ្រប់គ្នាភ័យខ្លាចជាងខ្មោចលងទៅទៀត

« ចេញទៅៗៗ កុំមកជិតយើង យើងខ្លាចហើយ» អ្នកបម្រើនិងបុរសជាប្តីបានចូលមកក្នុងបន្ទប់ទាំងស្លន់ស្លោ

« អូនៗៗៗ កើតអី? »

« បង.....បង....ជួយអូនផង.....វា...វាមកទៀតហើយ វាកំពុងតែបើកភ្នែកធំៗសម្លឹងមកអូន វា...វាស្លៀកឈុតក្រហមទៀតហើយ មុខវាកាចសាហាវណាស់ វាកំពុងតែនៅត្រង់នោះសម្លក់ពួកយើង ទេ...........!!! ចេញទៅៗៗៗ កុំសម្លាប់យើង » ភាពត្រជាក់ព្រឺឆ្អឹងខ្នងនៅក្នុងបន្ទប់ សំឡេងចម្រៀងគ្រហឹមតិចៗបានលាន់ឮល្វើយៗ ធ្វើឱ្យគ្រប់គ្នានៅក្នុងបន្ទប់ព្រឺសម្បុរខ្ញាកពេញ ដោយភាពភ័យខ្លាច

« កុំ....កុំនិយាយលេងសើចអីអ្នកស្រី ពួកខ្ញុំខ្លាច....»

« វា...វាកំពុងនៅត្រង់នោះ...វា...វាដើរចូលមកជិតយើងហើយ ចេញទៅ ខ្មោចចង្រៃចេញទៅ.. យើងមិនដឹងអីទេ កុំ...កុំចូលមកណា យើងខ្លាចហើយ »

« គ្មានអ្នកណាទេ អត់មានអ្នកណាទេធ្វើចិត្តឱ្យស្ងប់ណាអូន ផឹកថ្នាំសិនទៅ »

« អត់ទេ !!!!!!!.....» នាងជាប្រពន្ធស្រែកទាំងភិតភ័យគ្រវែងចានថ្នាំចោល រួចស្ទុះក្រោករត់ចេញទៅក្រៅបាត់។ ប្តីនិងអ្នកបម្រើស្ទុះរត់ទៅតាមទាំងរន្ធត់

« ចែកផ្លូវគ្នាទៅតាមអ្នកស្រីភ្លាម»

« ចា៎...» អ្នកបម្រើ២នាក់និយាយទាំងសំឡេងញ័រៗភិតភ័យក្រឡេកមើលបន្ទប់ជុំវិញទាំងព្រឺ សម្បុរខ្ញាក។

រាងកាយរបស់មនុស្សស្រីម្នាក់បានធ្លាក់ពីលើអគារមួយនេះនៅកន្លែងដដែលម៉ោងដដែល។ ព័ត៌មានពីការលោតសម្លាប់ខ្លួនរបស់កូនស្រីអ្នកមានឥទ្ធិពលម្នាក់នេះបានក្លាយជារឿងដែលគ្រប់គ្នានាំគ្នានិយាយវែកញែក។ អ្នកខ្លះនិយាយថានាងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរមកពីរឿងរ៉ាវចង្រៃដែលបានកើតឡើងនៅក្នុងពិធីមង្គលការរបស់ខ្លួន ប៉ុន្តែមានមនុស្សមួយចំនួនធំបាននិយាយថា វាជាអំពើរបស់ព្រលឹងខ្មោចកូនក្រមុំឈុតក្រហមដែលតែងតែតាមលងបន្លាចនាងរាល់ៗយប់ ជាពិសេសយប់កើតហេតុនៃការស្លាប់របស់នាង ជាថ្ងៃគម្រប់ការស្លាប់ ១០០ ថ្ងៃរបស់កូនក្រមុំឈុតក្រហម។ វាប្រាកដ ជាពេលវេលាដែលសាកសមបំផុតក្នុងការសងសឹកមនុស្សស្រីដែលបានឆក់យកមនុស្សជាទីស្រលាញ់ចេញពីនាង។

សំឡេងស្រែកយំរបស់ក្រុមគ្រួសារ និងភាពខ្សឹកខ្សួលរបស់បុរសជាប្តីធ្វើឱ្យពិធីបុណ្យសពកាន់តែមានភាពក្តុកក្តួលឡើង។ គេឃើញបុរសជាប្តីលុតជង្គង់មុខក្តាមឈូសប្រពន្ធឱនមុខចុះយំតិចៗទាំងសភាពគួរឱ្យសង្វេក។ ប៉ុន្តែប្រហែលជាគ្មានអ្នកណាអាចមើលដឹងនិងឃើញស្នាមញញឺមភាពជោគជ័យដែលនៅក្រោមទឹកមុខបុរសពិសពុលម្នាក់នេះឡើយ។

បោកប្រាស់ក្តីស្រលាញ់ លួងលោមយកទ្រព្យសម្បត្តិ ចុងក្រោយបញ្ជាឱ្យមនុស្សស្រីជាទីស្រលាញ់សម្លាប់ខ្លួន ដើម្បីឱ្យខ្លួនឯងរៀបការជាមួយមនុស្សស្រីដែលមានទ្រព្យ។ បង្កើតរូបភាពខ្មោចលងដ៏កាចសាហាវបន្លាច និងបោកប្រាស់មនុស្សទូទាំងប្រទេស។ ដាក់ថ្នាំបំពុលប្រពន្ធខ្លួនឯងឱ្យកើតជំងឺផ្លូវចិត្តឈានរហូតដល់សម្លាប់ខ្លួនឯង។ អ្វីៗទាំងអស់នេះជារឿងដែលនឹកស្មានមិនដល់ តែវាក៏បានកើតឡើងរួចមកហើយក្រោមស្នាដៃបុរសតិរច្ឆានម្នាក់នេះ។ កម្មពៀរពិតជាមានមែន ៥ឆ្នាំក្រោយមកប៉ូលីស បានបំបែកសំណុំរឿងក្តីមួយនេះ រហូតឈានដល់ការចាប់ខ្លួនបុរសដែលបានក្លាយជាមហាសេដ្ឋីមកពីស្នាដៃថោកទាបរបស់ខ្លួន យកមកដាក់គុកអស់មួយជីវិត ។ សំឡេងយំរាល់យប់ សម្រិបជើងដើរ សំឡេងចម្រៀងសោកសៅបានរលុបបាត់ពីការចងចាំរបស់មនុស្សទាំងអស់គ្នា។ យូរៗម្តងគេឃើញវត្តមានព្រលឹងខ្មោចកូនក្រមុំឈុតក្រហម និងរូបរាងមនុស្សស្រីស្គមស្ទាំងម្នាក់អង្គុយនៅលើដំបូលអគារមួយនេះដោយមិនបានលងបន្លាច ឬបង្ករភាពភ័យខ្លាចដល់អ្នកណានោះទេ។ ច្រើនឆ្នាំកន្លងផុតទៅព្រលឹងខ្មោចក៏លែងមាន តែអំពើអាក្រក់របស់បុរសម្នាក់នោះនៅតែមាននៅក្នុងការចងចាំរបស់ប្រជាជន ដែលពោរពេញដោយកំហឹងនិងការស្អប់ខ្ពើមជាទីបំផុត៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]